ក្រុម​យុវជន​ចូលរួម​សម្ដែង​របាំ​ប្រជាប្រិយ​ខ្មែរ​នៅ​សៀមរាប

0:00 / 0:00

សាស្ត្រាចារ្យ​វិចិត្រ​សិល្បៈ​មួយ​ចំនួន បាន​ឱ្យ​ដឹង​ថា ជាច្រើន​ឆ្នាំ​មក​ហើយ​នៅ​ពេល​បុណ្យ​ចូល​ឆ្នាំ​ខ្មែរ​ម្ដងៗ យុវវ័យ​ជំនាន់​ក្រោយ​បាន​បំភ្លេច​ចោល​នូវ​ល្បែង និង​របាំ​ប្រជាប្រិយ ដែល​ជា​ឫស​គល់​នៃ​វប្បធម៌​ជាតិ​ស្ទើរ​តែ​ទាំង​ស្រុង។ ក៏ប៉ុន្តែ នៅ​ក្នុង​ឱកាស​បុណ្យ​ចូល​ឆ្នាំ​ថ្មី​ប្រពៃណី​ជាតិ​ខ្មែរ​ឆ្នាំ​នេះ ពួក​គាត់​ជា​មនុស្ស​ចាស់ មាន​ការ​សប្បាយ​ចិត្ត​ជា​ខ្លាំង ដោយ​មាន​ក្រុម​យុវជន​ជាច្រើន​ចង់​លេង​ល្បែង​ប្រជាប្រិយ​ខ្មែរ ដើម្បី​អបអរ​សាទរ​ថ្ងៃ​មហា​សង្ក្រាន្ត​នៅ​ឯ​ខេត្ត​សៀមរាប ដែល​ជា​តំបន់​ទាក់ទាញ​អ្នក​ទេសចរ​បរទេស​ដ៏​សំខាន់​បំផុត​នោះ។

ក្រុម​យុវជន​វ័យ​ក្មេង​ជា​និស្សិត​នៃ​សកលវិទ្យាល័យ និង​ជា​សិស្ស​វិទ្យាល័យ ចំនួន​ជាង ៥០០​នាក់ មក​ពី​ខេត្ត​តាកែវ ទីក្រុង​ភ្នំពេញ និង​ខេត្ត​សៀមរាប កំពុង​នាំ​គ្នា​ហ្វឹកហាត់​លេង​ល្បែង​ប្រជាប្រិយ​ខ្មែរ​ជាច្រើន​ប្រភេទ និង​ហាត់​រាំ​កម្សាន្ត​តាម​ចង្វាក់​ខ្មែរ​ផង ដើម្បី​ត្រៀម​ខ្លួន​ចូលរួម​ប្រារព្ធ​ពិធី​អង្គរ​សង្ក្រាន្ត​ដ៏​ធំ​មួយ ជា​លើក​ដំបូង នៅ​ទឹក​ដី​ខេត្ត​សៀមរាប។

«សំឡេង​ប្របកៃ»

ល្បែង​កម្សាន្ត​ប្រជាប្រិយ​ខ្មែរ​ជាច្រើន​ប្រភេទ និង​ការ​រាំ​លេង​កម្សាន្ត​តាម​ចង្វាក់​ខ្មែរ​នេះ នឹង​បង្ហាញ​វត្តមាន​រយៈពេល ៣​ថ្ងៃ ដើម្បី​ឱ្យ​មហាជន ភ្ញៀវ​ទេសចរ​ជាតិ និង​អន្តរជាតិ បាន​ចូលរួម​សប្បាយ និង​កម្សាន្ត​ជាមួយ​គ្នា។

ក្រុម​យុវវ័យ​ខ្លះ បាន​ឱ្យ​ដឹង​ថា ពួក​គេ​មាន​អារម្មណ៍​សប្បាយ​រីករាយ នៅ​ពេល​ពួក​គេ​បាន​លេង​ល្បែង​ប្រជាប្រិយ​ខ្មែរ ដែល​ល្បែង​ខ្លះ​គេ​ពុំ​ធ្លាប់​ស្គាល់​ពី​មុន​មក​ផង​នោះ។

កញ្ញា យ៉ាំ បញ្ញា ជា​និស្សិត​មក​ពី​សកលវិទ្យាល័យ​ភ្នំពេញ ដែល​កំពុង​ហាត់​លេង​ល្បែង​ចោល​ឈូង​ជាមួយ​មិត្តភក្ដិ​ជាច្រើន​ទៀត នាង​បាន​មាន​ប្រសាសន៍​ថា នៅ​ពេល​ចូល​ឆ្នាំ​ខ្មែរ​ម្ដងៗ នាង​ធ្លាប់​លេង​ល្បែង​ប្រជាប្រិយ​ខ្មែរ​ខ្លះ​នៅ​តាម​វត្ត​អារាម ក៏ប៉ុន្តែ នេះ​គឺ​ជា​លើក​ដំបូង​ដែល​នាង​ទើប​តែ​បាន​ចូលរួម​នៅ​ក្នុង​ពិធី​ដ៏​ធំ៖ «រយៈពេល​ប៉ុន្មាន​ថ្ងៃ​ហ្នឹង គឺ​មាន​អារម្មណ៍​សប្បាយ​រីករាយ​មែន​ទែន ព្រោះ​បំណង​ខ្ញុំ​ធំ ទី​មួយ គឺ​ផ្សារភ្ជាប់​ទំនាក់ទំនង​ជាមួយ​យុវជន​ដទៃ​ទៀត។ មួយ​ទៀត គឺ​មក​លេង​នេះ ក្នុង​គោល​បំណង​ស្វែង​យល់ ព្រោះ​ថា​ខ្ញុំ​ក៏​អត់​ស្គាល់​ពី​ល្បែង​ប្រពៃណី​ទាំងអស់​នេះ​ច្បាស់​ដែរ ស្គាល់​មួយ​ចំនួន។ អីចឹង ពេល​ដែល​ខ្ញុំ​មក គឺ​ទឹក​ចិត្ត​ស្រឡាញ់ ព្រោះ​វប្បធម៌​ខ្មែរ​យើង​មាន​ការ​រីក​ចម្រើន​តាំង​ពី​សម័យ​អង្គរ រហូត​មក​ដល់​បច្ចុប្បន្ន។ ដោយសារ​ថ្នាក់​ដឹកនាំ​លោក​អត់​ចង់​ឱ្យ​វប្បធម៌ អរិយធម៌​ខ្មែរ​យើង​បាត់បង់ អីចឹង​គឺ​លោក​ចង់​បន្ត​ថែ​រក្សា និង​បណ្ដុះ​គំនិត​យុវជន​ជា​អ្នក​បន្ត​វេន​ពី​ចាស់​ព្រឹទ្ធាចារ្យ ដែល​លោក​ចាស់​ទៅ គឺ​ពួក​ខ្ញុំ​នេះ​ហើយ​ជា​អ្នក​បន្ត​វេន»

រយៈពេល ៤-៥​ថ្ងៃ​កន្លង​មក​ហើយ យុវជន​ជាច្រើន​ក្រុម​បាន​ប្រមូល​ផ្តុំ​គ្នា​នៅ​ក្រោម​ម្លប់​ឈើ​ខាង​ក្រៅ​បរិវេណ​ប្រាសាទ​អង្គរវត្ត ហើយ​នាំ​គ្នា​ហ្វឹកហាត់​លេង​ល្បែង​ប្រជាប្រិយ​ខ្មែរ ជាមួយ​សំណើច​ក្អាកក្អាយ ដោយ​មាន​សាស្ត្រាចារ្យ​នៃ​សកលវិទ្យាល័យ​វិចិត្រ​សិល្បៈ ព្រម​ទាំង​មន្ត្រី​ក្រសួង​វប្បធម៌ និង​វិចិត្រ​សិល្បៈ ខ្លះ​ទៀត ជួយ​បង្ហាត់​បង្ហាញ​ផង។

«សំឡេង​វាយ​ក្អម»

ការ​ប្រារព្ធ​អង្គរ​សង្ក្រាន្ត​ដ៏​ធំ​មួយ​នៅ​ក្នុង​ខេត្ត​សៀមរាប រយៈពេល ៣ថ្ងៃ ដែល​ពុំ​ធ្លាប់​មាន​ពី​មុន​មក​នោះ គឺ​ក្រុម​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា ដែល​មាន​កូន​ប្រុស​របស់​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ជា​អ្នក​ដឹកនាំ​គ្រោង​រៀបចំ​ឡើង ចាប់​ពី​ថ្ងៃ​ទី១៤ រហូត​ដល់​ថ្ងៃ​ទី១៦ ខែ​មេសា។

អ្នក​នាំ​ពាក្យ​របស់​សហភាព​សហព័ន្ធ​យុវជន និង​ជា​អ្នក​ទទួល​បន្ទុក​ការ​លេង​ល្បែង​ប្រជាប្រិយ គឺ​លោក សុខ សប្បាយណា បាន​មាន​ប្រសាសន៍​ថា មាន​សិស្ស​វិទ្យាល័យ និង​និស្សិត​ប្រមាណ​ជាង ៥០០​នាក់ មក​ពី​ខេត្ត​តាកែវ ទីក្រុង​ភ្នំពេញ និង​ខេត្ត​សៀមរាប បាន​ត្រៀម​ខ្លួន​ចូលរួម​លេង​ល្បែង​ប្រជាប្រិយ​ខ្មែរ​ក្នុង​ឱកាស​ប្រារព្ធ​អង្គរ​សង្ក្រាន្ត​នៅ​ពេល​ឆាប់ៗ​នេះ។ លោក សុខ សប្បាយណា បាន​បញ្ជាក់​ថា គោល​បំណង​នៃ​ការ​រៀបចំ​ប្រារព្ធ​អង្គរ​សង្ក្រាន្ត​ឡើង គឺ​ដើម្បី​ប្រមូល​ផ្ដុំ​ប្រជាពលរដ្ឋ​ឱ្យ​បាន​អបអរ​សាទរ​ឆ្នាំ​ថ្មី​ទាំងអស់​គ្នា។ ទីពីរ គឺ​ចង់​ឱ្យ​យុវជន​ទាំងអស់ ដែល​មក​ពី​កន្លែង​ផ្សេង​គ្នា ចេះ​ធ្វើ​សហការ និង​ធ្វើ​ការ​ជា​ក្រុម​ជាមួយ​គ្នា ហើយ​ជាពិសេស ក៏​ជា​ការ​ចាប់​ផ្ដើម​ផ្សព្វផ្សាយ​វប្បធម៌​ខ្មែរ​តាម​រយៈ​ល្បែង​ប្រជាប្រិយ ដើម្បី​ទាក់ទាញ​ភ្ញៀវ​ទេសចរ​បរទេស ឱ្យ​ចូល​មក​ទស្សនា​កម្ពុជា កាន់​តែ​ច្រើន​ឡើង​ថែម​ទៀត​ដែរ។ ល្បែង​ប្រជាប្រិយ​ខ្មែរ​ដែល​គេ​គ្រោង​លេង​នៅ​ក្នុង​ពិធី​ប្រារព្ធ​សង្ក្រាន្ត​នោះ គឺ​មាន​ទាំងអស់​ចំនួន ១៧​ប្រភេទ។

លោក សុខ សប្បាយណា៖ «ដូច​មាន​ជា​អង្គញ់ ឈូង ចាប់​កូន​ខ្លែង លាក់​កន្សែង ស្ដេច​ចង់ ឬ​អៀវ ខាំ​ប៉ិកួៈ វាយ​ក្អម ប្រណាំង​កង់​យឺត សំខាន់​ជា​ទី​បំផុត​ទាត់​សី។ យើង​បាន​សហការ​ជាមួយ​ក្រសួង​វប្បធម៌ សិក្សា​ស្រាវជ្រាវ​ច្បាស់​លាស់​ឈ្មោះ​ល្បែង​របៀប​លេង​ល្បែង​និមួយៗ បង្ហាញ​ដល់​យុវជន​យើង ដើម្បី​ឱ្យ​គាត់​ចេះ​ស្វែង​យល់ យល់​ដឹង ស្រឡាញ់ ការពារ ហើយ​ផ្សព្វផ្សាយ​វប្បធម៌​យើង​តាម​រយៈ​ល្បែង​ប្រជាប្រិយ​ជូន​ដល់​ភ្ញៀវ​ជាតិ និង​អន្តរជាតិ»

សាស្ត្រាចារ្យ​មួយ​ចំនួន​ផ្នែក​វប្បធម៌ និង​សិល្បៈ​ខ្មែរ បាន​សម្ដែង​អារម្មណ៍​សប្បាយ​ចិត្ត នៅ​ពេល​ដែល​យុវវ័យ​ជំនាន់​ក្រោយ បាន​ងាក​មក​រក​កិច្ច​ការពារ និង​ថែ​រក្សា​វប្បធម៌​ដែល​ស្ទើរ​តែ​បាត់បង់​ទៅ​ហើយ ឱ្យ​គង់វង្ស​ឡើង​វិញ​នោះ។

អតីត​សាស្ត្រាចារ្យ​ផ្នែក​នាថ​សាស្ត្រ គឺ​លោក យ៉ាន់ បូរិន្ទ បាន​មាន​ប្រសាសន៍​ថា លោក​បាន​មក​ចូលរួម​បង្ហាត់​ក្រុម​យុវវ័យ​មួយ​ចំនួន ឱ្យ​ចេះ​លេង​ឈូង និង​ច្រៀង​ចម្រៀង​មួយ​ចំនួន ដែល​ស្ទើរ​តែ​បាត់បង់​ទៅ​ហើយ។ លោក​សាស្ត្រាចារ្យ​បាន​មាន​ប្រសាសន៍​ថា ពេល​ដែល​រូប​លោក​មាន​វ័យ​កាន់​តែ​ចាស់ ហើយ​ឃើញ​ក្រុម​យុវវ័យ​ជំនាន់​ក្រោយ​មាន​ការ​ចាប់​អារម្មណ៍​លើ​ល្បែង​ប្រជាប្រិយ និង​ទំនុក​ច្រៀង​ខ្មែរ​ដូច​នេះ គឺ​លោក​សប្បាយ​ចិត្ត​យ៉ាង​ខ្លាំង។ លោក​នឹង​ខិតខំ​បង្ហាត់​បង្រៀន​ដល់​ពួក​គេ ឱ្យ​អស់​នូវ​អ្វី​ដែល​លោក​មាន។

លោក យ៉ាន់ បូរិន្ទ ឱ្យ​ដឹង​ថា រយៈពេល ៤-៥​ថ្ងៃ​មក​នេះ គឺ​លោក​បាន​បង្ហាត់​ពួក​គេ​ឱ្យ​លេង​ឈូង ឱ្យ​ចេះ​ច្រៀង​បទ​ចំរៀង​ខ្លះ ដូច​ជា​បទ​សាវតារ​ខ្មែរ ហើយ​និង​មាន​កំណាព្យ​មួយ​ទៀត ដែល​ចង់​រំលឹក​អំពី​ល្បែង​របាំ​ប្រជាប្រិយ​ខ្មែរ ដែល​ចង់​ធ្វើ​ឱ្យ​កេរ​ដំណែល​នេះ​រស់​ឡើង​វិញ៖ «ខ្ញុំ​ចង់​អំពាវនាវ​បង​ប្អូន​ជនជាតិ​ខ្មែរ​ទាំងអស់ នៅ​ទូទាំង​សកលលោក​តែ​ម្ដង ឱ្យ​តែ​ខ្មែរ កុំ​ឱ្យ​បំភ្លេច​នូវ​អត្តសញ្ញាណ​ជាតិ នូវ​អរិយធម៌​វប្បធម៌​ទាំង​រូបិយ អរូបិយ​របស់​ជាតិ ពីព្រោះ​ទាំង​នេះ​នៅ​ប្រទេស​ណា​ក៏ដោយ ក៏​គេ​គិត​ណាស់ ជា​តម្លៃ​អមតៈ​របស់​ជាតិ។ អីចឹង ទោះ​បី​បរទេស​ប៉ុណ្ណា យើង​យក​ចុះ ប៉ុន្តែ​គំនិត​ដើម​របស់​យើង គឺ​នៅ​ក្នុង​ការ​គោរព​ការ​ស្រឡាញ់​វប្បធម៌​ខ្មែរ»

អ្នក​ទេសចរ​បរទេស​ខ្លះ ដែល​មក​ទស្សនា​ប្រាសាទ​អង្គរ មាន​ការ​ចាប់​អារម្មណ៍​ចំពោះ​ការ​លេង​ល្បែង​ប្រជាប្រិយ​ខ្មែរ​នេះ។

បុរស​បរទេស​ម្នាក់​ដែល​យក​ម៉ាស៊ីន​មក​ថត​រូបភាព​នៃ​ការ​លេង​ល្បែង​ប្រជាប្រិយ​នោះ បាន​មាន​ប្រសាសន៍​ថា វា​ពិត​ជា​វិសេស​បំផុត​សម្រាប់​រូប​គាត់ ដែល​បាន​មក​កម្ពុជា លើក​ដំបូង ហើយ​បាន​ជួប​ព្រឹត្តិការណ៍​ដូច​នេះ៖ «ល្អ​ខ្លាំង​ណាស់។ នេះ​ជា​លើក​ដំបូង​ដែល​ខ្ញុំ​បាន​មក​ទី​នេះ»

អាជ្ញាធរ​រដ្ឋាភិបាល រំពឹង​ថា ការ​សម្ដែង​របាំ និង​ល្បែង​ប្រជាប្រិយ​ខ្មែរ​នៅ​ក្នុង​ពិធី​អង្គរ​សង្ក្រាន្ត គឺ​គេ​អាច​នឹង​ទទួល​ប្រជាពលរដ្ឋ​ខ្មែរ និង​អ្នក​ទេសចរ​បរទេស​ប្រមាណ ១០​ម៉ឺន​នាក់ ឱ្យ​ចូលរួម​សប្បាយ​ជាមួយ​គ្នា​បាន៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។