ប្រទេសអារ៉ាប់រួម អេមីរ៉ាត (United Arab Emirates) សន្យាផ្ដល់ឥណទានកម្ចី ៥០០លានដុល្លារអាមេរិកដល់កម្ពុជា សម្រាប់ទិញផលិតផលពីប្រទេសនេះ និងការវិនិយោគលើវិស័យប្រេង ឧស្ម័ន ពាណិជ្ជកម្ម និងហិរញ្ញវត្ថុ។
ជំនួយការផ្ទាល់របស់លោក ហ៊ុន សែន គឺលោក អៀង សុផលល្លែត បានប្រាប់ក្រុមអ្នកសារព័ត៌មានថា ព្រះអង្គម្ចាស់អាមេដ ដាល់ម៉ុក អាល់ម៉កទុម (Amed Dalmook Al Maktoum) សមាជិកនៃរាជវង្សរបស់ប្រទេស អារ៉ាប់រួម ក្នុងជំនួបជាមួយមេដឹកនាំរបបក្រុងភ្នំពេញ ហ៊ុន សែន កាលពីថ្ងៃទី៦ ខែវិច្ឆិកាថា ព្រះអង្គម្ចាស់ចាប់អារម្មណ៍វិនិយោគ លើវិស័យប្រេង ឧស្ម័ន ពាណិជ្ជកម្ម និងហិរញ្ញវត្ថុ។
លោក អៀង សុផលល្លែត បន្តថា ទាក់ទងនឹងវិស័យហិរញ្ញវត្ថុ ព្រះអង្គបានបញ្ជាក់ច្បាស់ថា ឥណទានកម្ចី ៥០០លានដុល្លារនេះ គឺសម្រាប់ប្រើប្រាស់ដើម្បីទិញផលិតផលនានា ពីប្រទេសអារ៉ាប់រួម។
លោក ហ៊ុន សែន ស្វាគមន៍ចំពោះការផ្តល់ប្រាក់កម្ចីនេះ ហើយលោកនឹងពិភាក្សាជាមួយស្ថាប័នពាក់ព័ន្ធ ដើម្បីពិនិត្យមើលពីលទ្ធភាព ក្នុងការចាប់ផ្ដើមប្រើប្រាស់ថវិកានេះ។ លោក ហ៊ុន សែន បន្តថា ការវិនិយោគផ្នែកឧស្ម័ននេះ នឹងជួយឲ្យកម្ពុជាកាត់បន្ថយ ការប្រើប្រាស់ឧសធ្យូង ដើម្បីរក្សាការពារធនធានព្រៃឈើ៕
