អ្នកឃ្លាំមើលសង្គមទាមទារឱ្យរបបក្រុងភ្នំពេញយកថវិកា ដែលបានរឹបអូសបានពីឧក្រិដ្ឋជនចំនួន ៧លានដុល្លារ នៅក្នុងទីក្រុងភ្នំពេញ និងខេត្តសៀមរាប ពីជនជាតិចិន-កូរ៉េនោះ យកមកប្រើផលប្រយោជន៍សាធារណៈ ដូចជា សាងសង់ ស្ពាន ផ្លូវ សាលារៀន ដើម្បីប្រជាពលរដ្ឋប្រើប្រាស់។
មន្ត្រីរដ្ឋាភិបាលថា ថវិកាទាំងនោះកំពុងស្ថិតនៅក្នុងធនាគារ ជាតិនៅឡើយដោយរង់ចាំសេចក្ដីសម្រេចពីតុលាការ។
ប្រធានអង្គការសម្ព័ន្ធគណនេយ្យភាពសង្គមកម្ពុជា លោក សន ជ័យ មានប្រសាសន៍ថា ប្រសិនបើរដ្ឋាភិបាលយកថវិកាដែលរឹបអូសពីឧក្រិដ្ឋជនយកមកប្រើប្រាស់ដើម្បីផលប្រយោជន៍សាធារណៈនោះជាការល្អប្រសើរ។
លោកលើកឡើងបែបនេះដោយសារប្រទេសកម្ពុជាបច្ចុប្បន្នមានការខ្វះខាតលើការ អភិវឌ្ឍន៍វិស័យសាធារណៈ និងទឹកស្អាតសម្រាប់សិស្សប្រើប្រាស់ជាដើម៖ « លុយនេះបើប្រើប្រាស់ឲ្យចំគោលដៅទៅ វាគួរតែជាការប្រើប្រាស់សម្រាប់តម្រូវការជាអាទិភាពមួយចំនួនដែលមានភាពចាំបាច់របស់រដ្ឋ។អាចថាយកវាទៅធ្វើស្ពាន ធ្វើ ថ្នល់ អាចយកទៅប្រើប្រាស់សម្រាប់កសាង ហេដ្ឋារចនាសម្ព័ន្ធ សាលារៀន បង្គន់អនាម័យអោយកូនសិស្សប្រើនៅតំបន់ជនបទដាច់ស្រយាល។ខ្ញុំគិតថា វាអត់មានអ្វីដែលអាក្រក់ទេ » ។
ការលើកឡើងរបស់លោក សន ជ័យ បានកើតមានឡើងក្រោយពីមន្ត្រីជាន់ខ្ពស់ក្រសួងមហាផ្ទៃបានថ្លែងប្រាប់ក្រុមអ្នកកាសែតថា ថវិកាដែលបានរឹបអូសពីឧក្រិដ្ឋជន កំពុងស្ថិតនៅក្រោមការគ្រប់គ្រងរបស់ធនាគារជាតិនៅឡើយ។
នាយឧត្ដមសេនីយ៍ គៀត ច័ន្ទថារិទ្ធិ អគ្គនាយក នៃអគ្គនាយកដ្ឋាន នគរបាលអន្តោប្រវេសន៍ ធ្លាប់បានអះអាងថា អាជ្ញាធរមានសមត្ថកិច្ចបានរឹបអូសលុយចំនួនជាង ៧លានដុល្លារពីជនជាតិចិន-កូរ៉េ កាលពីឆ្នាំ២០១៩ នៅវាលយន្តអន្តរជាតិភ្នំពេញ និងសៀមរាប ហើយបានយកទៅតម្កល់ទុក នៅធនាគារជាតិ នៃកម្ពុជា។
អ្នកនាំពាក្យក្រសួងមហាផ្ទៃលោក ខៀវ សុភ័គ ថ្លែងប្រាប់សន្និសីទកាសែតនៅទីស្ដីការគណៈរដ្ឋមន្ត្រីនៅថ្ងៃទី១២ មីនាថា រដ្ឋាភិបាលកំពុងរង់ចាំសេចក្ដីសម្រេចពីតុលាការដើម្បីយកលុយចំនួនជាង៧ លានដុល្លារ (៧.៧៨៦.១៧៩,៣៥ដុល្លារ) ដែលរឹបអូសបានពីឧក្រិដ្ឋជនយកទៅប្រើប្រាស់ជាលុយស្របច្បាប់វិញ។ប៉ុន្តែលោកបានបញ្ជាក់ថា តុលាការនឹងប្រកាសសាលក្រមឲ្យប្រើប្រាស់ថវិកាទាំងនេះនៅពេលណានោះទេ៖ « ប្រាក់ស្ថិតនៅក្រោមការគ្រប់គ្រងរបស់ធនាគារជាតិយើងទេឥឡូវយើងរង់ចាំមើលសវនាការរបស់តុលាការ។លោកសម្រេចថាម៉េចមុននឹងអនុវត្តន៍ បើសិនជាប្រាក់ទាំងអស់ហ្នឹងថា ទេជាប្រាក់ហិរញ្ញប្បទានជាប្រាក់ដែលខ្មៅ រឹបអូសជាទ្រព្យសម្បត្តិរបស់ជាតិ អាហ្នឹងជាប្រាក់សងវិញ ជាទ្រព្យសម្បត្តិរបស់យើង។មានន័យថា ចំនួនទាំងអស់ហ្នឹងដូចបានជម្រាបជូននៅក្នុងរបាយការណ៍មុនហ្នឹងបន្តិចថាមានចំនួន៧លានដុល្លារ » ។
អគ្គនាយក នៃអគ្គនាយកដ្ឋាននគរបាលអន្តោប្រវេសន៍ គឺនាយឧត្ដមសេនីយ៍ គៀត ច័ន្ទថារិទ្ធ បានថ្លែងនៅក្នុងសន្និបាតបូកសរុបលទ្ធផលប្រចាំឆ្នាំ២០១៩ និងទិសដៅការងារឆ្នាំ២០២០ របស់អគ្គនាយកដ្ឋានអន្តោប្រវេសន៍ កាលពីខែមករា ឆ្នាំ ២០២០ថា សមត្ថកិច្ចចាប់បានជនសង្ស័យចំនួន៩នាក់ពាក់ព័ន្ធការនាំលុយគ្មានប្រភពច្បាស់ ហើយបច្ចុប្បន្នជនសង្ស័យកំពុងឃុំខ្លួនបណ្ដោះអាសន្នដើម្បីរង់ចាំជំនុំជម្រះទោសពាក់ព័ន្ធ និងការនាំចូលលុយខ្មៅ ឬលុយក៏ខ្វក់ ដែលជាប្រាក់បានមកដោយគ្មានប្រភពច្បាស់លាស់ហើយនាំចូលមកប្រទេសកម្ពុជា។
អ្នកឃ្លាំមើលការលាងលុយកខ្វក់ទូទាំងពិភពលោកដែលមានឈ្មោះថា ក្រុមការងារសកម្មភាពហិរញ្ញវត្ថុ (FATF) បានដាក់ចំណាត់ថ្នាក់ប្រទេសកម្ពុជាក្នុងបញ្ជីតាមដានរបស់ខ្លួនកាលពីចុងឆ្នាំ២០១៩ដោយសារស្ថាប័នមួយនេះចាត់ទុកថា កម្ពុជានៅតែមានការព្រួយបារម្ភ ដោយករណីនេះ អាចងាយរងគ្រោះខ្លាំងចំពោះការលាងលុយកខ្វក់។
ក្រុមការងារសកម្មភាពហិរញ្ញវត្ថុ (FATF)បានដាក់ប្រទេសកម្ពុជាក្នុង "បញ្ជីប្រផេះ" ដែលនឹងត្រូវប្រកាសនៅទីក្រុងប៉ារីសទំនងជាកាត់បន្ថយលំហូរហិរញ្ញវត្ថុវិនិយោគ និងពាណិជ្ជកម្មអន្តរជាតិមកពីប្រទេសទៅកាន់អាស៊ីអាគ្នេយ៍៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។