កម្ពុជា និងអូស្ត្រាលីប្ដេជ្ញាជំរុញការដោះដូរពាណិជ្ជកម្មនិងបង្កើនការវិនិយោគទុន នៃប្រទេសទាំងពីរ។
ឯកអគ្គរាជទូតអូស្ត្រាលីថ្មី ប្រចាំនៅកម្ពុជា លោក ប៉ាប្លូ ជីហូ កង (Pablo Chiho Kang) និងប្រធានសភាពាណិជ្ជកម្មកម្ពុជា លោក គិត ម៉េង បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងបង្កើនការដោះដូរពាណិជ្ជកម្មរវាងប្រទេសទាំងពីរ កាលពីថ្ងៃទី១ ខែកក្កដា។
លោក Pablo Chiho Kang ត្រូវបានកាសែតភ្នំពេញប៉ុស្តិ៍ ដកស្រង់សម្ដី កាលពីថ្ងៃ២ ខែកក្កដា ឱ្យដឹងថា លោកយល់ស្របក្នុងការលើកកម្ពស់ទំនាក់ទំនងសេដ្ឋកិច្ចជាមួយនឹងកម្ពុជា តាមរយៈការចូលរួមជាមួយសភាពាណិជ្ជកម្មកម្ពុជា។ លោកក៏គ្រោងដឹកនាំក្រុមពាណិជ្ជករ និងក្រុមវិនិយោគិនអូស្ត្រាលី ដើម្បីមកស្វែងរកឱកាសធ្វើពាណិជ្ជកម្ម និងវិនិយោគនៅកម្ពុជាផងដែរ ជាពិសេសលើវិស័យថាមពលកកើតឡើងវិញ។
ទំហំពាណិជ្ជកម្មរវាងប្រទេសទាំង ២ កាលពីឆ្នាំ២០១៩ មានចំនួនជិត ២រយលានដុល្លារអាមេរិក (១៩៧លាន) គឺកើនឡើង ជាង ៣២% បើប្រៀបធៀបកាលពីឆ្នាំ២០១៨។
ស្ថានទូតអូស្ត្រាលីបង្ហាញទិន្នន័យថា កម្ពុជា បាននាំចេញផលិតផលសំលៀកបំពាក់និងស្បែកជើង ទៅលក់នៅប្រទេសអូស្ត្រាលី មានតម្លៃសរុប ចំនួនទឹកប្រាក់ ១៥៥ លានដុល្លារ កើនឡើង ជិត៣៥% ខណៈការនាំចូលទំនិញពីអូស្ត្រាលី ដែលភាគច្រើនជាស្រូវសាឡី គឺមានតម្លៃសរុបជាង ៤២ លានដុល្លារ (៤២,១៩ លាន) កើនឡើងជិត២៥%៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
