កម្ពុជា និងហុងកុង បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងមួយ ក្នុងគោលបំណងបញ្ចៀសការបង់ពន្ធទ្វេដង ដើម្បីសម្រួលដល់ក្រុមហ៊ុនវិនិយោគខ្មែរនិងហុងកុង ក្នុងការនាំទំនិញឆ្លងដែនទៅវិញទៅមក។
ប្រភពព័ត៌មានរដ្ឋបាលហុងកុង ឱ្យដឹងថា ក្រោមកិច្ចព្រមព្រៀងនេះ ការបង់ពន្ធរបស់ក្រុមហ៊ុនចិនហុងកុងនៅកម្ពុជា នឹងមិនចាំបាច់បង់ពន្ធបន្ថែម ដល់រដ្ឋាភិបាលហុងកុង ចំពោះប្រាក់ចំណូលដូចគ្នានោះទេ។ ចំណែកក្រុមហ៊ុនរបស់កម្ពុជាវិញ ក៏ដូចគ្នាដែរ គឺចំនួនទឹកប្រាក់ដែលបង់ពន្ធដល់រដ្ឋបាលពន្ធដារហុងកុងហើយ គឺអាចកាត់បន្ថយទឹកប្រាក់ដែលជាតម្រូវការបង់ពន្ធនៅកម្ពុជា លើចំនួនប្រាក់ចំណូលដូចគ្នានេះដែរ។
ប្រភពដដែលបន្តថា កិច្ចព្រមព្រៀងនេះ ក៏នឹងជួយកាត់បន្ថយការលើកលែងបង់ពន្ធ និងការចែករំលែកព័ត៌មានគ្នាទៅវិញទៅមកដោយតម្លាភាព និងដើម្បីប្រឆាំងការគេចពន្ធរបស់ក្រុមហ៊ុនវិនិយោគជាដើម។
កិច្ចព្រមព្រៀងនេះ នឹងចាប់ផ្ដើមអនុវត្ត ក្រោយពីសភាកម្ពុជា និងហុងកុង ផ្ដល់សច្ចាប័ន។ ភាគីហត្ថលេខី សង្ឃឹមថា កិច្ចព្រមព្រៀងនេះ គឺជាការផ្ដល់ឱកាសដើម្បីលើកទឹកចិត្តឱ្យមានក្រុមហ៊ុនវិនិយោគកាន់តែច្រើន និងពង្រឹងពង្រីកទំនាក់ទំនងសេដ្ឋកិច្ចរវាងកម្ពុជា និងហុងកុង ផងដែរ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។