លោក សម រង្ស៊ី ស្នើ​ឱ្យ​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​ជាតិ និង​អន្តរជាតិ ឈប់​កេងប្រវ័ញ្ច​ញើស​ឈាម​ពលរដ្ឋ​ខ្មែរ

អតីត​រដ្ឋមន្ត្រី​ក្រសួង​ហិរញ្ញវត្ថុ និង​បច្ចុប្បន្ន​ជា​ប្រធាន​ស្តីទី​គណបក្ស​សង្គ្រោះ​ជាតិ លោក សម រង្ស៊ី ស្នើ​ឱ្យ​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​ជាតិ និង​អន្តរជាតិ ឈប់​កេងប្រវ័ញ្ច​ញើស​ឈាម​ពលរដ្ឋ​ខ្មែរ។

នៅ​ក្នុង​អត្ថបទ​របស់​លោក ដែល​ចុះផ្សាយ​ក្នុង​សារព័ត៌មាន​អន្តរជាតិ ឌឹ ជីអូផល្លីធីកស៍ (the Geopolitics) កាលពី​ថ្ងៃ​ទី៣ ខែ​កក្កដា លោក សម រង្ស៊ី លើក​យក​ធនាគារ​អេស៊ីលីដា មក​ពិភាក្សា ដោយសារ​ធនាគារ​នេះ ដំបូង​ជា​អង្គការក្រៅរដ្ឋាភិបាល​មិន​រក​ប្រាក់​កម្រៃ ដែល​ទទួល​មូលនិធិ​ពី​អង្គការ​សហប្រជាជាតិ (UNDP) ប៉ុន្តែ​បច្ចុប្បន្ន​បាន​ប្រែ​ក្លាយ​ខ្លួន ទៅជា​ស្ថាប័ន​ផ្ដល់​ប្រាក់កម្ចី​ដើម្បី​យក​ការ​ប្រាក់ និង​ចំណេញ​កប់​ក្ដោង​ពី​រាស្ត្រ​ខ្មែរ ដែល​ជំពាក់​បំណុល​ធនាគារ​វ័ណ្ឌក។

លោក​បន្ត​ថា ធនាគារ​អេស៊ីលីដា មាន​ម្ចាស់​ជា​ខ្មែរ ប៉ុន្តែ មាន​ម្ចាស់​ភាគហ៊ុន​ជា​បរទេស​ជាច្រើន រួមមាន​សាជីវកម្ម​ធនាគារ​នៃ​ប្រទេស​ជប៉ុន (Sumitomo Mitsui Banking Corporation of Japan and Orix Corporation of Japan) ស្ថាប័ន​ធនាគារ​នៃ​ប្រទេស​បារាំង (Cofibred, France) និង​ហុល្លង់ (Triodos Bank, the Netherlands)​។ សព្វថ្ងៃ​ពលរដ្ឋ​ជំពាក់​បំណុល​ធនាគារ​នេះ គិត​ជា​ទឹកប្រាក់​ជាង ៣ ពាន់​លាន​ដុល្លារ ដែល​ក្នុង​នោះ ជាង ១​ពាន់ ៦​រយ​លាន​ដុល្លារ ជា​កម្ចី​ខ្នាត​តូច។

លោក សម រង្ស៊ី យោង​របាយការណ៍​នៃ​ការសិក្សា​របស់​សហព័ន្ធ​សហជីព​កម្ពុជា អង្គការ​សង់ត្រាល់ និង​អង្គការ​លីកាដូ ក្រោម​ចំណងជើង​ថា " ​ធ្វើ​ការងារ​រហូត​ជំពាក់​បំណុល​វ័ណ្ឌក ​" ដែល​រក​ឃើញ​ថា អ្នក​ខ្ចី​ប្រាក់​ធនាគារ ជាពិសេស​កម្មករ​រោងចក្រ មាន​ជីវភាព​មិន​ប្រសើរ​ទេ គឺ​មាន​តែ​យ៉ាប់​ជាង​មុន​ទៅទៀត​។ ដូច្នេះ​លោក សម រង្ស៊ី ថា​អ្វី​ដែល​ពលរដ្ឋ​ខ្មែរ​ត្រូវ​ការ​ចាំបាច់​បំផុត​នៅ​ពេល​នេះ គឺ​ការ​ជួយ​បន្ធូរ​បន្ទុក​បំណុល។

ដោយហេតុ​នេះ​ហើយ ទើប​លោក សម រង្ស៊ី ស្នើ​ឱ្យ​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​អន្តរជាតិ​ជា រួម​ទាំង​ដៃគូ​របស់​ធនាគារ​អេស៊ីលីដា និង​ភ្នាក់ងារ​ធនាគារ​បរទេស​ឯទៀត ទទួលខុសត្រូវ ក្នុង​ការ​ដាក់​សម្ពាធ​សហ​ភាគហ៊ុន​របស់​ខ្លួន​នៅ​កម្ពុជា ឱ្យ​ប្រព្រឹត្ត​ប្រកប​ដោយ​ក្រមសីលធម៌ និង​ជួយ​ពលរដ្ឋ​ម្ចាស់​បំណុល ឱ្យ​រួច​ផុត​ពី​ការ​ជំពាក់​បំណុល​វ័ណ្ឌក​នេះ។

អាស៊ីសេរី មិនទាន់​អាច​សុំ​ការ​បំភ្លឺ​ពី​ធនាគារ​អេស៊ីលីដា ជុំវិញ​ការ​លើកឡើង​របស់​លោក សម រង្ស៊ី​នេះ​បាន​នៅ​ឡើយ​ទេ។

ប៉ុន្តែ កាលពី​ថ្ងៃ​ទី២ ខែ​កក្កដា ធនាគារ​នេះ ចោទ​អង្គ​ការដែល​រក​ឃើញ​បញ្ហា​បំណុល​វ័ណ្ឌក​នោះ ថា​ជា​ការ​បំភ្លៃ​បំភ័ន្ត និង​បង្ក​ចលាចល​ក្នុង​សង្គម និង​អំពាវនាវ​ឱ្យ​អាជ្ញា​ធរមាន​សមត្ថកិច្ច ចាត់ការ​តាម​ផ្លូវ​ច្បាប់៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។