អ្នក​ជំនាញ​ថា ពលករ​ខ្មែរ​នៅតែ​ធ្វើ​ចំណាកស្រុក​ទៅ​ក្រៅ​ប្រទេស​ដោយ​ភាព​ប្រថុយប្រថាន​នៅ​ឡើយ

ដោយ សុ ជីវី
2019-03-12
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
ពលករ​ខ្មែរ ដែល​សមត្ថកិច្ច​ថៃ​ចុះ​ចាប់​​បាន​​នៅ​ផ្សារ​ស៊ី​មុមមឿង ខេត្ត​ប៉ាក់ថុមថានី​ ជាប់​ទីក្រុង​បាងកក​ កាល​ពី​ថ្ងៃ​ទី​៦ ខែវិច្ឆិកា ឆ្នាំ ២០១៨។
ពលករ​ខ្មែរ ដែល​សមត្ថកិច្ច​ថៃ​ចុះ​ចាប់​​បាន​​នៅ​ផ្សារ​ស៊ី​មុមមឿង ខេត្ត​ប៉ាក់ថុមថានី​ ជាប់​ទីក្រុង​បាងកក​ កាល​ពី​ថ្ងៃ​ទី​៦ ខែវិច្ឆិកា ឆ្នាំ ២០១៨។
Provided photo

កម្ពុជា​ជា​ប្រទេស​សម្បូរ​ដោយ​កម្លាំង​ពលកម្ម ដែល​ពលរដ្ឋ​គ្រប់​អាយុ​ធ្វើការ​មាន​ប្រមាណ​ជិត ១០ លាន​នាក់។ ក្រសួង​ការងារ​អះអាង ថា ក្នុងចំណោម​កម្លាំង​ពលកម្ម​ទាំងនេះ ប្រមាណ​ជា ជាង ១ លាន​នាក់ កំពុង​ធ្វើ​ការ​​នៅ​ក្រៅ​ប្រទេស និង​បាន​ផ្ញើ​ប្រាក់​មក​ឱ្យ​គ្រួសារ​របស់​ពួកគេ​ជាង ២ ពាន់​លាន​ដុល្លារ​អាមេរិក ក្នុង​មួយ​ឆ្នាំ។ អ្នកការពារ​សិទ្ធិ​ពលករ​ចំណាកស្រុក​អះអាង​ថា ថវិកា​ទាំងនេះ​មិនមែន​ជា​រឿង​គួរ​ឱ្យ​មាន​មោទនភាព​នោះ​ឡើយ ពីព្រោះ​ពលករ​ចំណាកស្រុក​នៅតែ​ប្រឈម​បញ្ហា​ជាច្រើន ដែល​តម្រូវ​ឱ្យ​របប​ក្រុងភ្នំពេញ​ជួយ​ដល់​ពួកគេ​បន្ថែម​ទៀត។

អ្នក​ជំនាញ​ផ្នែក​សិទ្ធិ​ការងារ​អះអាង​ថា ពលរដ្ឋ​ខ្មែរ​នៅតែ​ធ្វើ​ចំណាកស្រុក​ដោយ​ភាព​ប្រថុយប្រថាន​នៅឡើយ ពោល​គឺ​មានន័យថា បើ​ពួកគេ​ធ្វើការ​ចំ​កន្លែង​ដែល​និយោជក​គោរព​សិទ្ធិ​ការងារ ពួកគេ​ទទួល​បាន​អត្ថប្រយោជន៍​ច្រើន ប៉ុន្តែ​បើ​ប៉ះចំ​និយោជក​មិនល្អ ពួកគេ​ត្រូវ​រង​ការ​រំលោភ​បំពាន​សិទ្ធិ និង​ទទួល​បាន​ផលប្រយោជន៍​តិចតួច​ពី​ការងារ​របស់​ខ្លួន។

មន្ត្រី​កម្មវិធី​នៃ​មជ្ឈមណ្ឌល​សម្ពន្ធភាព​ការងារ និង​សិទ្ធិមនុស្ស (CENTRAL) លោក ឌី ថេហូយ៉ា ថ្លែង​ថា បើ​ប្រៀបធៀប​នឹង​ប្រទេស​ក្នុង​តំបន់ ដូចជា វៀតណាម ថៃ និង​ហ្វីលីពីន ជាដើម ពលករ​ចំណាកស្រុក​ខ្មែរ​មាន​ជំនាញ​ទាប​ជាងគេ។ លោក​ប៉ាន់​ស្មានថា ចន្លោះ​ពី ៨០% ទៅ ៩០% នៃ​កម្មករ​ចំណាកស្រុក​របស់​កម្ពុជា គឺជា​ប្រភេទ​កម្មករ​គ្មាន​ជំនាញ និង​មាន​ជំនាញ​តិចតួច ដែល​ធ្វើ​ឱ្យ​ពួកគេ​ងាយ​ប្រឈម​នឹង​ការរំលោភ​សិទ្ធិ​ការងារ និង​ការ​ជួញដូរ​កម្លាំង​ពលកម្ម។ លោក​មើល​ឃើញ​ថា មូលហេតុ​ដែល​ពលករ​ខ្មែរ​ភាគច្រើន មិន​មាន​ជំនាញ និង​មាន​ជំនាញ​ទាប​បែបនេះ ដោយសារតែ​ពួកគេ​មិន​ទទួល​បាន​ការ​បណ្ដុះបណ្ដាល​ជំនាញ​បច្ចេកទេស​ឱ្យ​បាន​ច្បាស់លាស់ មុននឹង​ចេញទៅ​ធ្វើការ​នៅ​បរទេស៖ «ដោយសារ​អត់​មានការ​ងារ​ធ្វើ​នៅ​កន្លែង​នេះ អ៊ីចឹង​គាត់​ទៅ​រក​ការងារ​ធ្វើ​ដោយ​ប្រើប្រាស់​កម្លាំង​សុទ្ធសាធ ដែល​មិនបាន​ឆ្លងកាត់​វគ្គ​បណ្ដុះបណ្ដាល ឬ​មាន​សាលា​វិជ្ជាជីវៈ​ដូច​នៅ​ស្រុក​គេ​ទេ។ ដូច្នេះ​ហើយ​កម្មករ​ដែល​គ្មាន​ជំនាញ​នេះ មាន​បញ្ហា​ច្រើន បើ​ប្រៀបធៀប​នឹង​កម្មករ​ជំនាញ​។ ទីមួយ​គាត់​ចំណាកស្រុក​ដោយ​មិន​មាន​ឯកសារ ទៅ​ច្រក​ដែល​មិន​ផ្លូវការ​។ គាត់​ប្រឈម​នឹង​ការ​ចាញ់បោក​គេ​។ គាត់​ទៅដល់​កន្លែង​ធ្វើ​ការ​ហើយ គេ​ធ្វើបាប​គាត់ គាបសង្កត់​គាត់ មិន​បើក​ប្រាក់ខែ​ឱ្យ​គាត់ ឬមួយ​គាត់​អាច​ប្រឈម​នឹង​ការលក់ដូរ ជួញដូរ​ចុះទូក (នេសាទ) ជាដើម»

តួលេខ​របស់​ក្រសួង​ការងារ​បង្ហាញ​ថា ពលករ​ចំណាកស្រុក​ដែល​កំពុង​ធ្វើ​ការ​នៅ​បរទេស​មាន​ជាង ១ លាន ២ សែន​នាក់ ក្នុង​នោះ​ស្រី​មាន​ជិត ៥០ ម៉ឺន​នាក់​។ ប្រទេស​ថៃ​មាន​ពលករ​ខ្មែរ​ធ្វើការ​ច្រើន​ជាងគេ គឺ​ជាង ១ លាន ១ សែន​នាក់ ខណៈ​កូរ៉េខាងត្បូង មាន​ប្រមាណ​ជា​ជិត ៥ ម៉ឺន​នាក់​។ ចំណែក​នៅ​ប្រទេស​ម៉ាឡេស៊ី​វិញ ពលករ​ខ្មែរ​មាន​ចំនួន​ជាង ៣ ម៉ឺន​នាក់ ខណៈ​ប្រទេស​ជប៉ុន​មាន​ជិត ១ ម៉ឺន​នាក់ និង​សិង្ហបុរី​ជាង ៨ រយ​នាក់។ រីឯ​នៅ​ហុងកុង​វិញ ពលករ​ខ្មែរ​មាន​ជាង ៥០ នាក់ និង​នៅ​អារ៉ាប់ប៊ីសាអូឌីត​ចំនួន ១៦ នាក់​។ ក្រៅ​ពី​នេះ របប​ក្រុងភ្នំពេញ​ក៏​គ្រោង​បញ្ជូន​ពលករ​រាប់ពាន់​នាក់​ផ្សេងទៀត​ទៅ​ប្រទេស​ប នៅ​តំបន់​មជ្ឈិមបូព៌ា​ផង​ដែរ រួមមាន​ប្រទេស​កាតា (Qatar) គុយវ៉ែត (Kuwait) និង​ប្រទេស​លីបង់ (Lebanon)

រដ្ឋមន្ត្រី​ក្រសួង​ការងារ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ លោក អ៊ិត សំហេង បាន​អះអាង​ថ្មីៗ​នេះ​ថា ពលករ​ខ្មែរ​នៅ​បរទេស​ទទួល​បាន​កិច្ច​គាំពារ​តាម​ផ្លូវ​ច្បាប់ និង​ការ​អន្តរាគមន៍​ជួយសង្គ្រោះ នៅ​ពេល​មាន​បញ្ហា​កើតឡើង ជាពិសេស​ពួកគេ​ទទួល​បាន​ការ​អនុគ្រោះ មិន​បង់ថ្លៃ​លើ​លិខិត​ធ្វើដំណើរ​។ លោក​ឱ្យ​ដឹង​ទៀត​ថា ក្នុង​ឆ្នាំ​២០១៨ កន្លងទៅ ពលរដ្ឋ​ខ្មែរ​ដែល​ធ្វើការ​នៅ​បរទេស បាន​ផ្ញើ​ថវិកា​មក​ឱ្យ​ក្រុម​គ្រួសារ​របស់​ពួកគេ បាន​ជាង ២ ពាន់ ៣ រយ​លាន​ដុល្លារ​អាមេរិក និង​ទទួល​បាន​មុខជំនាញ​វិជ្ជាជីវៈ​បន្ថែម ដើម្បី​រួមចំណែក​អភិវឌ្ឍ​ជាតិ នៅ​ពេល​ពួកគេ​ត្រឡប់មកវិញ​ផង​ដែរ។

ទោះជា​យ៉ាងណា អ្នកការពារ​សិទ្ធិ​ពលករ​ចំណាកស្រុក​អះអាង​ថា ក្នុង​ចំណោម​ពលករ​ចំណាកស្រុក មានតែ​កម្មករ​នៅ​ប្រទេស​កូរ៉េខាងត្បូង​មួយ​ប៉ុណ្ណោះ ដែល​ទទួល​បាន​ការ​បំពាក់​បំប៉ន​ជំនាញ​បន្ថែម និង​បាន​ធ្វើ​ការ​ក្នុង​រោងចក្រ​ឧស្សាហកម្ម ក្រៅ​ពី​នេះ​ពលករ​ខ្មែរ​បន្ត​ធ្វើ​ការ​ដោយ​ប្រើ​កម្លាំង​សុទ្ធសាធ​។ លើស​ពី​នេះ ពលករ​ខ្មែរ​ត្រូវ​ចំណាយ​ប្រាក់​ផ្ទាល់ខ្លួន​ជាច្រើន ទៅ​ឱ្យ​ភា្នក់​ងារ​បញ្ជូន​ពលករ និង​ការ​ចំណាយ​លើ​ឯកសារ​ផ្លូវច្បាប់​នានា ទម្រាំ​បាន​ចេញ​ទៅ​ធ្វើ​ការ​នៅ​ក្រៅ​ប្រទេស​។

យុវជន ឯក ចេស្តា អាយុ​២៦ ឆ្នាំ គឺជា​ពលករ​ចំណាកស្រុក​ម្នាក់​ដែល​កំពុង​ធ្វើការ​ឱ្យ​រោងចក្រ​ឧស្សាហកម្ម​មួយ​នៅ​ប្រទេស​កូរ៉េខាងត្បូង។ លោក​ថ្លែងប្រាប់​អាស៊ីសេរី​ថា មុននឹង​បាន​មក​ធ្វើការ​នេះ លោក​ត្រូវ​ចំណាយ​ថវិកា​អស់​ជាង ៣​ពាន់​ដុល្លារ​អាមេរិក ចំណែក​មិត្តភ័ក្ដិ​របស់​លោក​វិញ ចំណាយ​អស់​ចន្លោះ​ពី ៧ ទៅ ៨ ពាន់​ដុល្លារ ដោយសារ​ពួកគេ​ឱ្យ​ភ្នាក់ងារ​បញ្ជូន​ពលករ​ជា​អ្នក​រៀបចំ​ឱ្យ។ លោក​ឱ្យ​ដឹង​ទៀត​ថា ពលករ​ម្នាក់ៗ​ជា​អ្នករ៉ាប់រង​ការ​ចំណាយ​ដោយ​ខ្លួនឯង ហើយ​ពួកគាត់​ត្រូវ​ខ្ចី​បុល​គេ​ដើម្បី​បង្គ្រប់​ការ​ចំណាយ​។ លោក​ថ្លែង​ទៀត​ថា មុន​ចាក​ចេញពី​កម្ពុជា ពួក​លោក​បាន​ទទួល​ការអប់រំ​ពី​មន្ត្រី​ខ្មែរ​តែ​ទៅលើ​រឿង​របៀបរបប និង​សីលធម៌​រស់នៅ​ក្នុង​ប្រទេស​គេ​ប៉ុណ្ណោះ ដោយឡែក​ខាង​ជំនាញ​បច្ចេកទេស​វិញ គ្មាន​ការ​បង្រៀន​នោះ​ឡើយ ទាល់តែ​ពូក​លោក ទៅដល់​ប្រទេស​កូរ៉េខាងត្បូង ទើប​ភាគី​ក្រុមហ៊ុន​បាន​បណ្ដុះបណ្ដាល​ពួក​លោក។ ពលករ​រូប​នេះ​បញ្ជាក់​ថា រយៈពេល​ជិត​ពីរ​ឆ្នាំ​ដែល​លោក​បាន​ធ្វើការ​នៅ​ប្រទេស​កូរ៉េខាងត្បូង មិនដែល​ឃើញ​មន្ត្រី​ខ្មែរ​ណា​ម្នាក់​ចុះទៅ​សួរសុខទុក្ខ​ពួក​លោក​ឡើយ លុះ​ត្រា​ណា​តែ​មាន​កម្មវិធី​របស់​បក្ស ទើប​មានការ​កៀរគរ​ឱ្យ​ពលករ​ចូលរួម៖ «ធ្វើការ​នៅ​ស្រុក​ខ្មែរ​បាន​ប្រាក់ខែ​តិច មិន​អាច​ទូទាត់​ថ្លៃ​ការ​ចំណាយ​ផ្សេងៗ​ប្រចាំថ្ងៃ សរុប​ដល់​ខែ​ក៏​អស់​លុយ។ ទាំង​គេ ទាំង​ខ្ញុំ​ទទួលយក​មិនបាន ដោយសារ​ប្រាក់ខែ​វា​តិច​ពេក ហើយ​តម្លៃ​ទីផ្សារ​វា​ឡើងថ្លៃ​ជា​រៀងរាល់​ឆ្នាំ​។ មិន​ដឹង​ថា​ដល់​កុងត្រា ឬមួយ​ក៏​អត់​នោះ​ទេ ព្រោះ​ខ្ញុំ​ត្រូវ​ចាក​ចេញទៅ​មាតុភូមិ​វិញ ព្រោះ​អត់​ដែល​មាន​គិត​ថា ចង់​នៅ​ធ្វើ​អន្តោប្រវេសន៍​នៅ​ប្រទេស​គេ​ទេ​។ យើង​ចង់​ទៅ​រស់នៅ​ប្រទេស​កំណើត​របស់​យើង យកចំណេះ​ជំនាញ​ដែល​យើង​ធ្លាប់​ទទួល​បាន​បទ​ពិសោធន៍​នៅ​ប្រទេស​កូរ៉េ​ទៅ​អភិវឌ្ឍ​ខ្លួន​នៅ​ប្រទេស​កំណើត​វិញ»

ពលករ​ចំណាកស្រុក​ដែល​ធ្វើ​នៅ​ប្រទេស​កូរ៉េខាងត្បូង​ទទួល​បាន​ប្រាក់ខែ​អប្បបរមា​ជាង ១ ពាន់ ៣ រយ​ដុល្លារ​អាមេរិក ក្នុង​មួយ​ខែ ខណៈ​ប្រទេស​ថៃ​ដែល​មាន​ពលករ​ខ្មែរ​ច្រើន​ជាងគេ​នោះ​វិញ ទទួល​បាន​ចំណូល ប្រមាណ ៣ រយ​ដុល្លារ​អាមេរិក ក្នុង​មួយ​ខែ។

អាស៊ីសេរី​បាន​ព្យាយាម​ទាក់ទង​អ្នកនាំពាក្យ​ក្រសួង​ការងារ​លោក ហេង សួរ ជាច្រើន​ដង តាំងពី​ថ្ងៃ​ទី​០៦ មីនា ដើម្បី​សុំ​ប្រតិកម្ម​ជុំវិញ​រឿង​នេះ ក៏ប៉ុន្តែ​លោក​មិនដែល​ទទួល​ទូរស័ព្ទ​។ អាស៊ីសេរី​ក៏​ព្យាយាម​សុំ​ការ​ឆ្លើយ​តប​រឿង​នេះ​ពី​អ្នកនាំពាក្យ​របប​ក្រុងភ្នំពេញ​លោក ផៃ ស៊ីផាន ដែរ នៅ​ថ្ងៃទី១១ និង ១២ មីនា តែ​លោក​មិន​លើក​ទូរស័ព្ទ​ដូចគ្នា។

ចំណែក​អ្នកនាំពាក្យ​គណបក្ស​កាន់អំណាច លោក សុខ ឥសាន វិញ ថ្លែង​ដោយ​មោទនភាព​ថា ចំនួន​ពលរដ្ឋ​ខ្មែរ​ដែល​ចេញទៅ​ធ្វើការ​នៅ​បរទេស​នេះ គឺ​ដោយសារតែ​ស្រុកទេស​មាន​សន្តិភាព។ លោក​បន្ត​ថា ការ​ធ្វើ​ចំណាកស្រុក ផ្ដល់​ផលប្រយោជន៍​ដល់​ប្រទេសជាតិ និង​ដល់​ពលករ​ខ្លួនឯង​ផ្ទាល់​។ លោក​ថា ផលប្រយោជន៍​នោះ គឺ​ពលករ​បាន​ប្រាក់ចំណូល​ផ្គត់ផ្គង់ និង​លើកកម្ពស់​ជីវភាព​គ្រួសារ ដែល​នេះ​ជា​ការ​រួមចំណែក​ដល់​សេដ្ឋកិច្ច​ជាតិ​។ លោក​បន្ថែម​ថា ការ​បញ្ជូន​ពលករ​ទៅ​ធ្វើ​ការ​នៅ​ក្រៅ​ប្រទេស​នេះ គឺជា​គោលនយោបាយ​ជួយ​រក​ការងារ​ធ្វើ​ឱ្យ​ប្រជាពលរដ្ឋ ក៏ប៉ុន្តែ​អ្នកនាំពាក្យ​រូប​នេះ​មិន​បកស្រាយ​ឡើយ​ពី​បញ្ហា​ប្រឈម​ទាំងឡាយ​របស់​ពលករ​ចំណាកស្រុក និង​ថា​តើ​កម្ពុជា​គូរ​ធ្វើ​យ៉ាងណា​បង្កើត​ការងារ​ដែល​មាន​ប្រាក់ខែ​សមរម្យ​ឱ្យ​បាន​ច្រើន​ដើម្បី​កាត់បន្ថយ​ពលករ​ចំណាកស្រុក​នោះ​ទេ។

ចំណែក​អ្នកការពារ​សិទ្ធិ​ពលករ​ចំណាកស្រុក លោក ឌី ថេហូយ៉ា វិញ​ថ្លែង​ថា មិនមែន​ជា​រឿង​ដែល​រដ្ឋាភិបាល​គួរ​មាន​មោទនភាព​នោះ​ទេ នៅ​ពេល​ពលរដ្ឋ​របស់​ខ្លួន ក្លាយ​ជា​កម្មករ​ចំណាកស្រុក​ដែល​គ្មាន​ជំនាញ និង​មាន​ជំនាញ​ទាប​បែបនេះ​។ ផ្ទុយទៅវិញ នេះ​ជា​រឿង​ដែល​រដ្ឋាភិបាល​ត្រូវ​គិតគូរ​ដោះស្រាយ​។ ម្យ៉ាងវិញទៀត លោក​ថា រដ្ឋាភិបាល​ត្រូវ​ពង្រឹង​យន្តការ​ជួយ​ការពារ​សិទ្ធិ​ពលករ​ចំណាកស្រុក ដោយ​កុំ​រង់ចាំ​ពួកគេ​មក​រាយការណ៍​ប្រាប់​ដល់​ទី​កន្លែង៖ «បើ​គាត់​ចំណាកស្រុក​ក្នុង​ន័យ​ប្រថុយប្រថាន​ទៅ​ទេ គាត់​ជួប​មនុស្ស​ល្អ ក៏​ល្អ គាត់​ជួប​មនុស្ស​អាក្រក់ គេ​ធ្វើបាប​គាត់ អត់​មាន​យន្តការ​រដ្ឋ​ណា​ធានា​ទេ អា​ហ្នឹង​វា​មិនមែន​ជា​រឿង​ដែល​គួរ​មោទនភាព​ទេ។ ប្រាក់ចំណូល​ជា​ផ្នែក​មួយ​ហើយ ប៉ុន្តែ​បើ​យើង​ឱ្យ​ស៊ីជម្រៅ មោទនភាព​របស់​យើង គឺ​ពលរដ្ឋ​យើង​ទៅ​បម្រើ​ការងារ​គេ​ដោយ​សេចក្ដី​ថ្លៃថ្នូរ មិន​ត្រូវ​បាន​គេ​រំលោភ​សិទ្ធិ ហើយ​ពលករ​ខ្មែរ​យើង​ត្រូវ​បាន​គ្រប់គ្រង ការពារ​ដោយ​រដ្ឋ មាន​បញ្ហា​អ្វី រដ្ឋ​ចុះ​ជួយ​ទប់ស្កាត់​បាន​ទាន់​ពេល​វេលា»

តាម​ការ​ប៉ាន់ស្មាន​ក្រៅផ្លូវការ​របស់​អង្គការ​សង់ត្រាល់ (CENTRAL) ចំនួន​ពលករ​ខ្មែរ​ដែល​កំពុង​ធ្វើការ​នៅ​បរទេស មាន​ជាង​២ លាន​នាក់ ដែល​ក្នុង​នោះ​ចន្លោះ​ពី ១ លាន ៨ សែន ទៅ ២ លាន​នាក់ កំពុង​ធ្វើការ​ងារ​នៅ​ប្រទេស​ថៃ ទាំង​ស្របច្បាប់ និង​មិន​ស្របច្បាប់។

អ្នក​សិក្សា​ស្រាវជ្រាវ​អះអាង​ថា កត្តា​ដែល​ធ្វើ​ឱ្យ​ពលរដ្ឋ​ខ្មែរ​បន្ត​ធ្វើ​ចំណាកស្រុក គឺ​ការ​ទៅ​ធ្វើ​ការងារ​តាម​គ្នា កង្វះខាត​ព័ត៌មាន​ទីផ្សារ​ការងារ​នៅ​ក្នុង​ស្រុក ការ​រំពឹង​ថា​នឹង​ទទួល​បាន​ប្រាក់ចំណូល​ខ្ពស់ បញ្ហា​បំណុល និង​ភាព​ក្រីក្រ ជាដើម។

អ្នក​ជំនាញ​ខាង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ លោក ង៉ែត ជូ ថ្លែង​ថា ជាច្រើន​ឆ្នាំ​មកនេះ ពលករ​ខ្មែរ​ដែល​ចេញទៅ​ធ្វើការ​នៅ​ក្រៅ​ប្រទេស នៅតែ​ជា​កម្លាំង​ពលកម្ម​ដែល​គ្មាន​ជំនាញ ឬ​មាន​ជំនាញ​ទាប​ដដែល ដោយ​មិនទាន់​ឃើញ​មានការ​ផ្លាស់ប្ដូរ​ទៅ​រក​ភាព​ប្រសើរឡើង​នៅឡើយ​។ ហេតុដូច្នេះ​លោក​ថា ក្តី​រំពឹង​ដែល​ថា កម្លាំង​ពលកម្ម​ទាំងនោះ​នឹង​ត្រឡប់មកវិញ​ជាមួយ​នឹង​ជំនាញ​បច្ចេកទេស​ក្នុង​ការ​ជួយ​អភិវឌ្ឍ​ជាតិ​នោះ ទំនងជា​មិន​អាច​ទៅ​រួច​ឡើយ​។ លោក​កត់សម្គាល់​ថា នៅ​ពេល​ផុត​កិច្ចសន្យាការងារ កម្មករ​ចំណាកស្រុក​បាន​ត្រឡប់​មក​កម្ពុជា​វិញ រួច​អ្នកខ្លះ​ក៏​រក​ការងារ​ធ្វើ​នៅ​ក្នុង​ស្រុក ក៏ប៉ុន្តែ​មួយ​ចំនួនធំ​បាន​ត្រឡប់​ទៅ​ធ្វើ​ការ​ជា​ពលករ​នៅ​ក្រៅ​ប្រទេស​វិញ​ដដែល៖ «ធម្មតា​យើង​ទៅ​បំពាក់​ជំនាញ​ដែល​នឹង​អាច​ជួយ​អភិវឌ្ឍ​ប្រទេសជាតិ​បាន លុះត្រាតែ​មុននឹង​ចេញទៅ យើង​មាន​វគ្គ​បំពាក់បំប៉ន​ជំនាញ​មូលដ្ឋាន​សិន។ ជារួម​យើង​អត់​មាន​ទេ​។ បើ​គាត់​ត្រូវ​ទៅ​ថៃ គាត់​ទៅ​ឆៅ​តែម្ដង អត់​មានការ​បណ្ដុះបណ្ដាល អត់​មានអី​ទេ​។ ទៅ​កូរ៉េ​អ៊ីចឹង យើង​រៀន​ភាសា​កូរ៉េ​តិចតួច ហើយ​យើង​ទៅ​ធ្វើ​ការ​ដូចជា​កម្មករ​ខាង​វេច​ខ្ចប់ ផ្នែក​ខាង​កសិកម្ម ផ្នែក​ឧស្សាហកម្ម​មាន​ដូចជា ការ​លើកដាក់ វាយ​កេះ ជាដើម​។ អ៊ីចឹង​វា​មិនមែន​ជា​ជំនាញ​បច្ចេកទេស​ដែល​អាច​ត្រឡប់មកវិញ ជួយ​កសាង​សង្គមជាតិ​ឱ្យ​បាន​ដូច​អ្វី​ដែល​ជា​អ្នក​ជំនាញ​បច្ចេកទេស​រឹងមាំ​នោះ គឺ​អត់​ទេ»

អ្នក​ជំនាញ​រូប​នេះ​បន្ត​ថា អនាគត​កូនចៅ​ពលករ​ចំណាកស្រុក​ក៏​ជា​រឿង​សំខាន់​ដែល​រដ្ឋាភិបាល​ត្រូវ​យកចិត្តទុកដាក់​ផង​ដែរ។ លោក​ថា ក្រៅ​តែ​ពី​ប្រព័ន្ធ​អប់រំ​នៅ​សាលា​រដ្ឋ មិន​ឃើញ​មានការ​ដាក់​ចេញ​នូវ​គោលនយោបាយ​គាំពារ​ថ្នាក់​ជាតិ​ដល់​កូនចៅ​ជន​ចំណាកស្រុក​ឡើយ ខណៈ​ពួកគេ​ខ្លះ​បាន​បោះបង់ចោល​ការសិក្សា និង​ខ្លះ​ទៀត​ធ្វើ​ចំណាកស្រុក​ទៅតាម​ឪពុកម្ដាយ​។ លោក​បន្ថែម​ថា បើ​បញ្ហា​នេះ​មិន​ត្រូវ​បាន​គិតគូរ​ទេ វា​នឹង​ក្លាយ​ជា​បន្ទុក​ដ៏​ធ្ងន់​សម្រាប់​រដ្ឋាភិបាល​ទៅ​ថ្ងៃ​អនាគត ដោយសារ​កូនចៅ​ជន​ចំណាកស្រុក​ទាំងនោះ នឹង​ក្លាយ​ជា​កម្លាំង​ពលកម្ម​ដែល​ខ្វះ​ជំនាញ ក្នុង​បរិបទ​នៃ​ការប្រកួតប្រជែង​ខាង​សេដ្ឋកិច្ច និង​ការ​អភិវឌ្ឍ​តាម​បែប​បច្ចេកវិទ្យា៖ «ការផ្ទេរ​សាច់ប្រាក់​ក្នុង​មួយ​ឆ្នាំ​ជាង ២ ពាន់​លាន​នេះ បើ​យើង​មើល​ទៅ គឺ​ស្មើនឹង ១០% នៃ​ទំហំ​សេដ្ឋកិច្ច​របស់​កម្ពុជា ២០ ពាន់​លាន អ៊ីចឹង​វា​ធំ​ដែរ យើង​ទទួលស្គាល់​។ ប៉ុន្តែ​មិនមែន​ជា​មធ្យោបាយ និង​ជា​ដំណោះស្រាយ​ដែល​អាច​ឱ្យ​កម្ពុជា​មាន​ភាព​ប្រកួតប្រជែង​នៅ​ក្នុង​តំបន់​នា​ពេល​អនាគត​នោះ​ទេ ពីព្រោះ​រយៈពេល​វែង គឺ​យើង​មានការ​ខាតបង់​សេដ្ឋកិច្ច​ច្រើន។ កម្លាំង​ពលកម្ម​របស់​គេ គេ​ធ្វើ​ការងារ​ដែល​មាន​តម្លៃ​ខ្ពស់ ចំណែក​ឯ​យើង​គ្រាន់តែ​ជា​អ្នក​ជួយ​ការងារ​ដែល​មាន​តម្លៃ​ទាប អ៊ីចឹង​យើង​ហាក់បីដូចជា រុញច្រាន​សមត្ថភាព​ប្រកួតប្រជែង​របស់​គេ​ឱ្យ​កាន់តែ​ឡើង​ខ្ពស់ ហើយ​សមត្ថភាព​ប្រកួតប្រជែង​របស់​យើង​ហ្នឹង​មិនសូវ​ខ្ពស់​នោះ​ទេ»

អ្នក​ជំនាញ​ផ្តល់​យោបល់​ថា ក្នុង​រយៈពេល​ខ្លី រដ្ឋាភិបាល​ត្រូវ​ពង្រឹង​យន្តការ​គាំពារ និង​ជំនួយ​ផ្នែក​ច្បាប់​បន្ថែម​ទៀត​ដល់​ពល​ករ​ចំណាកស្រុក​នៅ​គ្រប់​ប្រទេស​ទាំងអស់ ចំណែក​ក្នុង​រយៈពេល​វែង​វិញ រដ្ឋាភិបាល​ត្រូវ​ខិតខំ​បណ្ដុះបណ្ដាល​ជំនាញ​បច្ចេកទេស​ដល់​ពលរដ្ឋ និង​បង្កើត​ការងារ​ក្នុងស្រុក​ឱ្យ​បាន​ច្រើន​បន្ថែម​ទៀត ដើម្បី​ស្រូប​យក​កម្លាំង​ពលកម្ម​ដែល​បន្ត​កើន​ឡើងជា​លំដាប់៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (0)
Share
គេហទំព័រ​ទាំងមូល