អាជ្ញាធររបបក្រុងភ្នំពេញបានផ្ញើលិខិតស្នើសុំទិញអគ្គិសនីពីបណ្ដាប្រទេសមួយចំនួន រួមមាន តួកគី វៀតណាម ថៃ និង ឡាវ ដើម្បីផ្គត់ផ្គង់បញ្ហាខ្វះខាតអគ្គិសនីនៅកម្ពុជា ដែលកំពុងមានវិបត្តិធ្ងន់ធ្ងរ។
ក្នុងវេទិការវាងរដ្ឋាភិបាល និងវិស័យឯកជន នៅវិមានសន្តិភាព នាព្រឹកថ្ងៃទី២៩ ខែមីនា នេះ លោកហ៊ុន សែន ថា កម្ពុជាបានស្នើទិញម៉ាស៊ីនភ្លើងពីប្រទេសតួកគី ដែលអាចផ្គត់ផ្គង់អគ្គិសនី បាន២០០មេហ្កាវ៉ាត់។ ហើយរដ្ឋាភិបាលតួកគី អាចនឹងបញ្ជូនម៉ាស៊ីននោះ មកកម្ពុជា ក្នុងរយៈពេល ៥សប្ដាហ៍ ខាងមុខទៀត។
ចំពោះប្រទេសវៀតណាមវិញ កម្ពុជាស្នើសុំឱ្យជួយផ្គត់ផ្គង់អគ្គិសនី ចន្លះពី ៥០ ទៅ ១០០មេហ្កាវ៉ាត់ បន្ថែមទៀត ខណៈបច្ចុប្បន្ន វៀតណាមបានផ្គត់ផ្គង់ប្រមាណជា ២០០មេហ្កាវ៉ាត់។ ចំណែកប្រទេសថៃ ជួយផ្គត់ផ្គង់ ៨០មេហ្កាវ៉ាត់បន្ថែម និងប្រទេសឡាវ ផ្គត់ផ្គង់បន្ថែម ១០មេហ្កាវ៉ាត់ទៀត។
អ្នកនាំពាក្យអគ្គិសនីកម្ពុជា លោក វុចទ័រ ហ្សូនា ប្រាប់សារព័ត៌មានក្នុងស្រុកថា មូលហេតុធំៗពីរយ៉ាង ដែលបណ្ដាលឱ្យកម្ពុជា ជួបបញ្ហាខ្វះខាតអគ្គិសនី គឺដោយសារគ្រោះរាំងស្ងួត និងការកើនឡើងវិស័យសំណង់។ លោកបន្តថា គ្រាន់តែរយៈពេលប៉ុន្មានខែ ដើមឆ្នាំ២០១៩នេះ វិស័យសំណង់ បានកើនឡើងដល់ទៅប្រមាណ ៧០០% បើប្រៀបធៀបរយៈពេលដូចគ្នាកាលពីឆ្នាំ២០១៨។
អគ្គិសនីកម្ពុជាឱ្យដឹងថា កម្ពុជាខ្វះខាតអគ្គិសនី ប្រមាណ ៤០០មេហ្កាវ៉ាត់ ដែលនឹងអូសបន្លាយរហូតដល់ចុងខែឧសភា ឆ្នាំ២០១៩៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។