ប្រជា​ពលរដ្ឋ​ខ្មែរ​ចាត់​ទុក​ថា ទំនិញ​គ្រប់​ប្រភេទ​នាំចូល​ពី​ប្រទេស​ចិន​គ្មាន​គុណភាព

0:00 / 0:00

ប្រជាពលរដ្ឋ​អះអាង​ថា ពួកគេ​ពុំ​ជឿជាក់​លើ​គុណភាព​ទំនិញ ចិន លក់​ក្នុង​ទីផ្សារ ប៉ុន្តែ​ដោយសារតែ​តម្លៃ​ថោក​នឹង​គ្មាន​ជម្រើស ទើប​ដាច់ចិត្ត​ទិញ​យក​មក​ប្រើប្រាស់។ ទោះបីជា​យ៉ាងណា មន្ត្រី​រដ្ឋាភិបាល​បញ្ជាក់​ថា រាល់​មុខទំនិញ​ទាំងអស់​ដែល​លក់​ក្នុង​ប្រទេស សុទ្ធ​សឹង​ឆ្លងកាត់​ការ​ត្រួតពិនិត្យ​ត្រឹមត្រូវ។

ប្រជាពលរដ្ឋ​ខ្មែរ​លើកឡើង​ថា ដោយសារតែ​បញ្ហា​ជីវភាព រក​ចំណូល​មិនសូវ​បាន​ទើប​ដាច់ចិត្ត​ទិញ​ទំនិញ​នាំចូល​ពី​ប្រទេស​ចិន​យក​មក​ប្រើ​ប្រាស់។

អ្នករត់​ផាស​អាប់​(PassAp) លោក ហា សំអាន បញ្ជាក់​ថា លោក​ដឹង​ថា ទំនិញ​នាំចូល​ពី​ប្រទេស​ចិន​មក​លក់​ក្នុង​ទីផ្សារ​កម្ពុជា​បច្ចុប្បន្ន​នេះ​គ្មាន​គុណភាព​ទេ ប៉ុន្តែ​ដោយសារតែ​លោក​គ្មាន​ជម្រើស ណាមួយ​មានតម្លៃ​ថោក​លោក​ក៏​សម្រេចចិត្ត​ទិញ​យក​មក​ប្រើប្រាស់។

លោក សំអាន និយាយថា លោក​យូរ​ម្តង​បាន​ទិញ​គ្រឿង​កំប៉ុង និង មី​កញ្ចប់ នាំចូល​ពី​ប្រទេស​ចិន​សម្រាប់​បរិភោគ​។ លោក​ដឹង​ថា លោក​ទទួលទាន​ទៅ​មិនសូវ​ឆ្ងាញ់ តែ​ដោយសារ​តែ​លោក​រក​ប្រាក់​ចំណូល​មិន​គ្រប់គ្រាន់​ក្នុង​ការ​ចំណាយ ទើប​លោក​សម្រេចចិត្ត​ទិញ​ទំនិញ​ទាំងនោះ។

លោក​សង្កេត​ឃើញ​ថា នៅ​តាម​ទីផ្សារ​នានា​ក្នុង​ទីក្រុង​ភ្នំពេញ ទំនិញ​នាំចូល​ពី​ប្រទេស​ចិន​បាន​ដាក់​លក់​លាយឡំ​ជាមួយ​ទំនិញ​នាំចូល​ពី​ប្រទេស​ថៃ វៀតណាម និង​ប្រទេស​ផ្សេងៗ ។​លោក​និយាយ​ថា អាជ្ញាធរ​មិន​សូវ​មាន​ការ​ត្រួតពិនិត្យ​អំពី​បញ្ហា​គុណភាព​ប៉ុន្មាន​ទេ ហើយ​ទាំង​លោក និង​ប្រជាពលរដ្ឋ​នាំគ្នា​ទិញ​ដោយសារតែ​តម្លៃ​ថោក បើ​ទោះ​បី​ជា​ដឹង​ថា គ្មាន​គុណភាព​ក៏ដោយ៖ «ខ្ញុំ​និយាយ​ឱ្យ​ចំ​ទៅ​ខ្ញុំ​អត់​ចូលចិត្ត​សោះ។ ប៉ុន្តែ​ដោយសារតែ​ជីវភាព​បង្ខំ បើ​យើង​មិន​ប្រើ​មិនកើត។ គ្រាន់តែ​ប្រេងម៉ាស៊ីន​មួយ សព្វថ្ងៃ​ប្រេង​ណា​ដែល​ថោក​ជាងគេ។ ​គេ​និយម​ប្រើ​ហើយ​ដោយសារ​គាត់​អត់​លុយ ប្រេងម៉ាស៊ីន​ល្អ​ក៏​គេ​មិន​ហ៊ាន​ប្រើ​ដែរ។ អ៊ីចឹង​របស់​ដែល​គេ​នាំ​ចូល​មក កាលណា​របស់​ដែល​មាន​គុណភាព​នាំចូល​មក​បើ​លក់​ថ្លៃ​លក់​អត់​ដាច់។ អ៊ីចឹង​ភាគច្រើន​របស់​ដែល​អត់​ទាំងអស់»។

របាយការណ៍​របស់​អគ្គ​នាយកដ្ឋាន​កាំកុងត្រូល​បាន​ចេញ​ផ្សាយ​ថា ទំនិញ​នាំចូល​ពី​ប្រទេស​ចិន​មកកាន់​ទីផ្សារ​កម្ពុជាស​ព្វ​ថ្ងៃនេះ មាន​ទូរស័ព្ទ សាច់​ស្រស់ ផល​នេសាទ ទឹកដោះគោ បន្លែស្រស់ ផ្លែឈើ​ស្រស់ ស្រូវ​សាលី ចំណី​សត្វ ថ្នាំជក់ បារី ឧស្ម័ន ឱសថ ជី​កសិកម្ម សម្ភារៈ​សម្រាប់​រោងចក្រ​កាត់ដេរ ស្បែក​ជើង វត្ថុធាតុដើម​ធ្វើ​ពី​ស្បែក សម្ភារៈ​សំណង់ រថយន្ត ម៉ូតូ និង​ផលិតផល​ផ្សេងៗ​មួយ​ចំនួន​ទៀត។

របាយការណ៍​របស់​អគ្គ​នាយកដ្ឋាន​កាំកុងត្រូល បាន​បញ្ជាក់​ថា ទំហំ​ពាណិជ្ជកម្ម​ទ្វេភាគី​រវាង​ចិន និង​កម្ពុជា ក្នុង​ឆ្នាំ​២០១៨ និង ឆ្នាំ​២០១៩​កន្លងទៅ មាន​ចំនួន​ជាង​៧​ពាន់​លាន​ដុល្លារ។

ប្រទេស​កម្ពុជា បាន​នាំចេញ​ទំនិញ​កសិកម្ម និង​ទំនិញ​ផ្សេងៗ​ទៀត ទៅកាន់​ប្រទេស​ចិន សរុប​ជា​ទឹកប្រាក់​ចំនួន​ជិត​៩ រយ​លាន​ដុល្លារ (៨៦៤​លាន​ដុល្លារ​) ខណៈ​ប្រទេស​ចិន​នាំ​ទំនិញ​ចូល​មក​កម្ពុជា​វិញ មាន​ទឹកប្រាក់ រហូតដល់​ជាង​៦​ពាន់​លាន​ដុល្លារ (៦.១៤៨​លាន​ដុល្លារ​អាមេរិក)។

បើ​ប្រៀបធៀប​ចំនួន​នេះ បង្ហាញ​ថា ការ​ចេញ​ទំនិញ​របស់​កម្ពុជា ទៅកាន់​ប្រទេស​ចិន​តិច​ជាង ៧​ដង នៃ​ទំនិញ​របស់​ប្រទេស​ចិន​នាំ​ចូល​មក​កម្ពុជា។

បើ​ទោះបី​ទំនិញ​ចិន​នាំ​ចូល​មក​កម្ពុ​ជាមាន​ចំនួន​ច្រើនយ៉ាង​ណា​​ក៏ដោយ ក៏​អាជីវករ​ម្នាក់ នៅ​សង្កាត់​ដង្កោ ខណ្ឌ​ដង្កោ ក្រុងភ្នំពេញ និយាយ​ក្នុង​លក្ខខណ្ឌ​មិន​បញ្ចេញ​ឈ្មោះ​ប្រាប់​អាស៊ីសេរី​ថា សព្វថ្ងៃ​ទំនិញ​របស់​ប្រទេស​ចិន​លក់​មិន​សូវ​ដាច់​ប៉ុន្មាន​ទេ បើ​ប្រៀបធៀប​ទំនិញ​នាំចូល​ពី​ប្រទេសជិតខាង​។​

លោក​បញ្ជាក់​ថា សម្រាប់​អ្នកមាន​ជីវភាព​ធូរធារ​ទិញ​ទំនិញ​ណា​ដែល​មាន​គុណភាព​ប៉ុណ្ណោះ​តែ​សម្រាប់​អ្នក​គ្មាន​ជម្រើស​ទើប​ទិញ​ទំនិញ​ចិន​យក​ទៅ​ប្រើប្រាស់។ អាជីវករ​រូប​នោះ​សព្វថ្ងៃ​លក់ទំនិញ​ចម្រុះ​គ្រប់មុខ មាន​ទាំង​មី​កញ្ចប់ និង ភេសជ្ជ​ជាដើម។ លោក​និយាយ​ថា ប្រជាពលរដ្ឋ​ភាគច្រើន​មិន​ចូលចិត្ត​ទិញ​ទំនិញ​មកពី​ប្រទេស​ចិន​ទេ។ ដោយសារ​ពួកគេ​គិត​ថា ឱ្យ​តែ​ឮ​ទំនិញ​មកពី​ចិន​ដឹង​ថា របស់​ទាំងនោះ​គ្មាន​គុណភាព៖ «ធ្លាប់​យក​របស់​អី​លក់​យើង​យក​តែ​របស់​អ្នកលក់​ទៅ​ខ្លាច​ខុស​ពី​ម៉ាក​ហ្នឹង​គេ​អត់​ទិញ​នៅសល់ ហួស​កាលបរិច្ឆេទ​វា​ខាត​យើង​។ បើ​តាម​ខ្ញុំ​គិត​ទៅ របស់​ចិន​គេ​មក​សួររក​មួយៗ​ដែរ។ អ្នកខ្លះ​គេ​ចង់បាន​របស់​នេះ របស់​នោះ​គេ​អត់​ចង់​បាន​របស់​ចិន»។

មន្ត្រី​កាំកុងត្រូល​កម្ពុជា​កាល​ពី​ឆ្នាំ​២០១៩ បាន​រក​ឃើញ និង​ដុត​កម្ទេច​ចោល ខ្ទឹមស គ្រាប់​ធញ្ញជាតិ និង​ថ្នាំ​សម្រាប់​ការពារ​សត្វល្អិត​បំផ្លាញ​ដំណាំ ចំនួន​ជាង​២៥​តោន (២៥.៣តោន​) នាំចូល​ពី​ប្រទេស​ចិន តាម​ច្រក​កំពង់ផែ នៅ​ក្នុង​ខេត្ត​ព្រះសីហនុ។

លោក ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រី​ក្រសួង​ពាណិជ្ជកម្ម បាន​លើក​ឡើង​ក្នុង​ពិធី​ដុត​កម្ទេច​ទំនិញ​ផ្ទុក​សារធាតុ​គីមី​ថា ទំនិញ​នាំចូល​ពី​ប្រទេស​ចិន​ទាំងនោះ​អាច​បង្ក​ផល​ប៉ះពាល់​ដល់​ប្រព័ន្ធ​សរសៃប្រសាទ ដូចជា​ធ្វើ​ឱ្យ​អ្នក​បរិភោគ​ក្អួត រាគ ញ័រ ប្រកាច់ ភ្នែក​រួម​តូច និង​ពិបាក​ដកដង្ហើម ហើយ​ក្នុង​ករណី​ធ្ងន់ធ្ងរ​អាច​បណ្ដាល​ឱ្យ​អ្នកជំងឺ​ស្លាប់​បាន។

អាស៊ីសេរី​បាន​ទាក់ទង​ទៅ​ស្ថានទូត​ចិន​ប្រចាំ​ប្រទេស​កម្ពុជា​តែ​មិន​មាន​អ្នក​លើក​ទូរស័ព្ទ។ ចំណែក​ប្រធាន​សម្ព័ន្ធ សហគម​ខ្មែរ​-​ចិន​លោក ពុង ឃាវសែ ត្រូវ​អ្នក​លើក​ទូរស័ព្ទ​ថា លោក​ជាប់រវល់​ប្រជុំ​។​

ប្រធាន​សមាគម​ប្រជាធិបតេយ្យ​នៃ​សេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ​លោក វន់ ពៅ មាន​ប្រសាសន៍​ថា រដ្ឋាភិបាល​ត្រូវ​ត្រួតពិនិត្យ​ឱ្យ​បាន​ត្រឹមត្រូវ​រាល់​មុខទំនិញ​គ្រប់​ប្រភេទ​ដែល​នាំ​មកពី​ក្រៅ​ប្រទេស​ជាពិសេស​នាំចូល​ពី​ប្រទេស​ចិន ដោយសារ​គុណភាព និង​ទំនិញ​ផ្ទុក​សារធាតុ​គីមី​អាច​ប៉ះពាល់​ដល់​សុខភាព​ប្រជាពលរដ្ឋ៖ «ខ្ញុំ​មិន​ដឹង​ដែរ អានេះ​អាច​មកពី​ទំនាក់ទំនង​រវាង​កម្ពុ​ជា និង​ចិន ពី​ព្រោះ​កម្ពុជា​មាន​គោលនយោបាយ​បើកចំហ​ជើងមេឃ​។ អ៊ីចឹង​ចិន​នាំចូល​អ្វី​ក៏បាន​ដែរ​។ ទំនាក់ទំនង​រវាង​នយោបាយ​ចិន​នឹង​កម្ពុជា​វា​ស៊ី​សង្វាក់ វា​ស្អិត​រមួត​គ្នា​។ អ៊ីចឹង​ហើយ​ទំនិញ​ទាំងអស់​ភាគច្រើន​ចិន​នាំចូល»។ទោះបីជា​យ៉ាងណា អ្នកនាំពាក្យ​ក្រសួងពាណិជ្ជកម្ម​លោក សៀង ថៃ បញ្ជាក់​ថា ទំនិញ​គ្រប់​ប្រភេទ​មិន​ថា​មកពី​ប្រទេស​ណា​ទេ ត្រូវតែ​ពិនិត្យ​គុណភាព​ជា​មុន​សិន មុននឹង​អនុញ្ញាត​ឱ្យ​នាំ​ចូល​មក​ក្នុង​ប្រទេស​កម្ពុជា។ លោក​បញ្ជាក់​ថា មន្ត្រី​កាំកុងត្រូល​សព្វថ្ងៃ​កំពុងតែ​ពិនិត្យមើល​តាម​ទីផ្សារ​បើ​រក​ឃើញ​ថា ទំនិញ​មាន​សារធាតុ​គីមី ឬមួយ​ខូចគុណភាព​ត្រូវ​ដកហូត​សម្រាប់​យក​ទៅ​បំផ្លាញ​ចោល៖ «ដែល​វា​មាន​ជាតិគីមី ជាតិពុល​អី​នៅ​ក្នុង​ហ្នឹង​គឺ​អត់​ទេ ក្រសួងពាណិជ្ជកម្ម​យើង​ធ្វើ​កិច្ចការ​ហ្នឹង​ផ្ទាល់​គឺ​យើង​មាន​មន្ទីរ​ពិសោធន៍​ពិនិត្យ​ច្បាស់លាស់។ បើសិនជា​របស់​ហ្នឹង​ជ្រុល​មកដល់​ទីផ្សារ​ក្នុងស្រុក​ហើយក៏​ដោយ ក៏​ត្រូវ​ដកចេញ កម្ទេច​វា​ចោល របស់​ដែល​ហួស​កាលបរិច្ឆេទ​អ្វី​អត់​បាន​ទេ។ មិន​ថា មក​ពី​ខាង​ណា​ទេ»។

អគ្គនាយកដ្ឋាន​កាំកុងត្រូល កាល​ពី​ឆ្នាំ​២០១៨ បាន​ដកហូត​ទំនិញ​ខូច​គុណភាព និង​ម្ហូបអាហារ​ពុំ​មាន​សុវត្ថិភាព ទម្ងន់​សរុប​ចំនួន ៦៦​តោន ដែល​រួមមាន បន្លែ ផ្លែឈើ គ្រឿង​កំប៉ុង គ្រឿង​សមុទ្រ និង​សាច់​ស្រស់​មាន​ផ្ទុក​សារធាតុ​គីមី​ហាមឃាត់ ឬ​សំណល់​ថ្នាំ​កសិកម្ម ទៅ​ដុត​កម្ទេច​ចោល ហើយ​ភាគច្រើន​ទំនិញ​ទាំងនោះ​នាំចូល​ពី​ប្រទេស​ចិន៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។