ចិន​ផ្ដល់​ជំនួយ​និង​កម្ចី​ជាង​២០០​លាន​ដុល្លារ​ដល់​របប​ក្រុង​ភ្នំពេញ

ដោយ សន ចាន់រដ្ឋា
2018-12-13
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
រដ្ឋមន្ត្រី​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ លោក អូន ព័ន្ធមុនីរ័ត្ន (ស្ដាំ) និង​លោក ដេង បូហ្ស៊ី (Deng Boqing) (ឆ្វេង) អនុប្រធាន​នៃ​ទីភ្នាក់ងារ​ចិន​សម្រាប់​កិច្ច​សហប្រតិបត្តិការ ក្នុង​ពិធី​ចុះ​ហត្ថលេខា ដែល​ចិន​ផ្ដល់​ជំនួយ និង​កម្ចី​ជាង​២០០​លាន​ដុល្លារ​ដល់​របប​ក្រុង​ភ្នំពេញ កាល​ពី​ថ្ងៃ​ទី១៣ ខែ​ធ្នូ ឆ្នាំ​២០១៨។
រដ្ឋមន្ត្រី​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ លោក អូន ព័ន្ធមុនីរ័ត្ន (ស្ដាំ) និង​លោក ដេង បូហ្ស៊ី (Deng Boqing) (ឆ្វេង) អនុប្រធាន​នៃ​ទីភ្នាក់ងារ​ចិន​សម្រាប់​កិច្ច​សហប្រតិបត្តិការ ក្នុង​ពិធី​ចុះ​ហត្ថលេខា ដែល​ចិន​ផ្ដល់​ជំនួយ និង​កម្ចី​ជាង​២០០​លាន​ដុល្លារ​ដល់​របប​ក្រុង​ភ្នំពេញ កាល​ពី​ថ្ងៃ​ទី១៣ ខែ​ធ្នូ ឆ្នាំ​២០១៨។
រូបភាព៖ ហ្វេសប៊ុក​ក្រសួង​សេដ្ឋកិច្ច

រដ្ឋាភិបាល​ចិន បាន​ផ្ដល់​​ជំនួយ​ឥត​សំណង និង​ប្រាក់កម្ចី​ដល់​របប​ក្រុងភ្នំពេញ ជិត​២​ពាន់​លាន​យ័ន (.៨២២.០០០.០០០) ដែល​ស្មើ​ប្រមាណ ២​រយ​លាន​ដុល្លារ​សហរដ្ឋអាមេរិក លើ​កិច្ចព្រមព្រៀង​ចំនួន​ពីរ។

ក្នុង​ដំណើរ​ទស្សនកិច្ច​របស់​ប្រតិភូ​ចិន​នៅ​កម្ពុជា ចាប់ពី​ថ្ងៃទី១២ ដល់​ថ្ងៃ​ទី១៥ ធ្នូ ប្រតិភូ​ចិន​បាន​ចុះហត្ថលេខា​ផ្ដល់​ថវិកា​លើ​កិច្ចព្រមព្រៀង​ពីរ រួមមាន​កិច្ចព្រមព្រៀង​ស្ដីពី​កិច្ច​សហប្រតិបត្តិការ​សេដ្ឋកិច្ច និង​បច្ចេកទេស ដោយ​ផ្ដល់​ហិរញ្ញប្បទាន​ឥត​សំណង​ចំនួន មួយ​ពាន់ ពីរ​រយ​លាន​យ័ន (.២០០.០០០.០០០) ស្មើ​ប្រមាណ មួយ​រយ​ចិតសិប​បួន​លាន​ដុល្លារ (១៧៤.០០០.០០០) និង​កិច្ចព្រមព្រៀង​មួយទៀត​សម្រាប់​គម្រោង​អភិវឌ្ឍន៍​អាងទឹក រក្សា​ក្នុង​ខេត្ត​ព្រះវិហារ ដោយ​ផ្ដល់​ប្រាក់​ចំនួន ប្រាំមួយ​រយ ម្ភៃ​ពីរ លាន​យ័ន (៦២២.០០០.០០០) ដែល​ស្មើ​ប្រមាណ ៩០​លាន​ដុល្លារ។

ការ​ផ្តល់​ថវិកា ដល់​របប​ក្រុងភ្នំពេញ​នេះ​ធ្វើឡើង​នៅ​ក្នុង​ជំនួប​មួយ នៅ​ថ្ងៃទី១៣ ខែ​ធ្នូ រវាង​រដ្ឋមន្ត្រី​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ លោក អូន ព័ន្ធមុនីរ័ត្ន ជាមួយ​នឹង​ប្រតិភូ​របស់​ចិន លោក ដេង បូហ្ស៊ី (Deng Boqing) ដែល​ជា​អនុប្រធាន​នៃ​ទីភ្នាក់ងារ​ចិន​សម្រាប់​កិច្ច​សហប្រតិបត្តិការ។

គិត​មកដល់​ចុង​ឆ្នាំ ២០១៨​នេះ រដ្ឋាភិបាល​ចិន​បាន​ផ្ដល់​ជំនួយ​ជា​ថវិកា​ដល់​របប​ក្រុងភ្នំពេញ​ជិត​ប្រាំមួយ​ពាន់​លាន​ដុល្លារ​សហរដ្ឋអាមេរិក (.៨០០.០០០.០០០) ក្នុង​នេះ​ថវិកា​សរុប​ជាង​បួន​ពាន់​លាន​ដុល្លារ (.៤០០.០០០.០០០) គឺជា​លុយ​ជំពាក់​ដែល​មាន​ការប្រាក់​ទាប។

របប​ក្រុងភ្នំពេញ​បាន​ចាត់​ទុក​ការ​ចុះ​ហត្ថលេខា ផ្ដល់​ថវិកា​បន្ថែម​របស់​ចិន​នេះ ថា ជា​ការ​បង្ហាញ​ឱ្យ​ឃើញ​នូវ​កិច្ច​សហប្រតិបត្តិការ​ល្អ ក្នុង​ក្របខ័ណ្ឌ​ដៃគូ​យុទ្ធសាស្ត្រ​គ្រប់​ជ្រុងជ្រោយ​កម្ពុជា-ចិន។

ចំណែក​អ្នកវិភាគ​ផ្នែក​គោលនយោបាយ​ការបរទេស​លោក អៀ សុផល វិញ បាន​សម្ដែង​ការ​ព្រួយបារម្ភ ចំពោះ​ការដែល​របប​ក្រុងភ្នំពេញ​ទទួល​ជំនួយ​ដ៏​ច្រើន​លើសលប់​ពី​រដ្ឋាភិបាល​ចិន ដោយសារតែ​បំណុល​នេះ​គឺ​ស្មើ​ប្រមាណ ២០​ភាគរយ នៃ​ផលិតផល​ក្នុងស្រុក​របស់​កម្ពុជា។

ស្រដៀង​គ្នា​នេះ​ដែរ អត្ថបទ​ស្រាវជ្រាវ​ដែល​ធ្វើឡើង​ដោយ​សាកលវិទ្យាល័យ​មួយ​នៅ​សហរដ្ឋអាមេរិក ក៏បាន​ព្រមាន​ចំពោះ​បណ្ដា​ប្រទេស​ទាំងអស់​ដែល​ទទួល​ប្រាក់​ជំនួយ​ពី​ប្រទេស​ចិន ឲ្យ​ប្រុងប្រយ័ត្ន​ចំពោះ​គ្រោះថ្នាក់ នៃ​អន្ទាក់​បំណុល​ចិន ដែល​បំណុល​ទាំងនេះ​អាច​នាំ​ឱ្យ​ប្រទេស​ជា​ម្ចាស់បំណុល ប្រើប្រាស់​ចំណង​នៃ​បំណុល ដើម្បី​សម្រេច​គោលដៅ​យុទ្ធសាស្ត្រ​របស់​ខ្លួន៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (0)
Share
គេហទំព័រ​ទាំងមូល