អ្នកវិភាគថា ការខំប្រឹងបង្វែងស្ថានការណ៍រឿងទណ្ឌកម្មការអនុគ្រោះពន្ធអឺរ៉ុប EBA ដែលលោក ហ៊ុន សែន កំពុងធ្វើនៅពេលនេះ គឺកំពុងតែនាំគ្រោះថ្នាក់កាន់តែខ្លាំង ដល់ពលរដ្ឋទូទៅ ព្រោះកម្ពុជាពិតជាមិនអាចទាន់ត្រៀមខ្លួន រួចរាល់ផ្នែកសេដ្ឋកិច្ចនៅឡើយទេ។
អ្នកវិភាគនយោបាយ និងសង្គម លោក គឹម សុខ ចាត់ទុកការអះអាងរបស់នាយករដ្ឋមន្ត្រី នៃរបបឯកបក្សគឺលោក ហ៊ុន សែន ដែលប្រាប់ប្រជាពលរដ្ឋខ្មែរ ថាកម្ពុជាមិនស្លាប់ ទោះគ្មានផ្នែកពាណិជ្ជកម្ម ដែលមានទំហំទឹកប្រាក់ជិត ៧០ដុល្លារ ក្នុងមួយឆ្នាំ នៅពេលសហភាពអឺរ៉ុប លែងផ្ដល់ឱ្យកម្ពុជានេះ។ ប្រការនេះ ធ្វើឱ្យលោក ហ៊ុន សែន ពិបាកដោះស្រាយនៅចំពោះមុខ ទើបប្រើចិត្តសាស្ត្រ បង្វែងដានបែបនេះ។
ក្នុងស្ថានភាពគ្រោះថ្នាក់ ដែលអាចកើតមានជាយថាហេតុ ប៉ុន្តែបែរជាលោក ហ៊ុន សែន ប្រឹងថា មិនអីទេ និងមិនប្រឹងស្ដារសិទ្ធិមនុស្ស និងប្រជាធិបតេយ្យឡើងវិញបែបនេះ លោក គឹម សុខ ថាជាគ្រោះថ្នាក់ខ្លាំងដល់ពលរដ្ឋខ្មែរទូទៅ ដែលទទួលបានព័ត៌មាន មិនត្រឹមត្រូវពីថ្នាក់ដឹកនាំប្រទេស៖ «ដូច្នេះវាមិនមែនជាបញ្ជាក់ថា ការដក EBA ហ្នឹងវាធ្វើឱ្យជាការបើកឱកាសថ្មី សម្រាប់ក្រុមលោក ហ៊ុន សែន សម្រាប់គាត់ធូរស្រាលនោះទេ»។
ប្រតិកម្មរបស់អ្នកវិភាគរូបនេះ ធ្វើឡើងក្រោយលោក ហ៊ុន សែន ថ្លែងក្នុងពិធីបិទសន្និបាតបូកសរុបការងារឆ្នាំ២០១៨ និងទិសដៅការងារឆ្នាំ២០១៩ របស់ក្រសួងមហាផ្ទៃ កាលពីថ្ងៃទី១៤ ខែកុម្ភៈ ដោយអះអាងថា ទោះអត់ EBA ក៏មិនធ្វើឱ្យកម្ពុជាស្លាប់ ហើយបើនៅមាន EBA ក៏កម្ពុជាមិនក្លាយជាអ្នកមាននោះដែរ។ លោកអះអាងបន្ថែមទៀត ថាបើកម្ពុជាត្រូវបង់ពន្ធ ក្នុងការនាំទំនិញចេញទៅទីផ្សារអឺរ៉ុប គឺធ្វើឱ្យកម្ពុជាថ្លៃថ្នូរជាងបច្ចុប្បន្នទៅវិញ។ លោកចោទ អ្នកនិយាយអំពីផលប៉ះពាល់នៃ EBA នេះ ថាជាអ្នកចង់ឃើញកម្ពុជាស្លាប់ និងអំពាវនាវឱ្យកម្មករ និងមន្ត្រីរាជការទូទៅ កុំខ្វល់ពីអ្នកណាថាអ្វី ឱ្យគេថាទៅ៖ «ជនរួមជាតិ ជាពិសេសកម្មករកម្មការនី បើនៅតែមានមុខរបរ មានការងារធ្វើ មានប្រាក់ចំណូល សូមកុំខ្វល់ពីអ្នកណានិយាយពីអ្វី។ មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ និងនិវត្តជន បើនៅតែទទួលបានប្រាក់បៀវត្សរ៍ពីរសប្ដាហ៍ម្តង សូមកុំខ្វល់ពីអ្នកណានិយាយពីអ្វី។ ត្រូវបន្តតាមពាក្យ "ឆ្កែចេះតែព្រុស មនុស្សចេះតែដើរ»។
លោក ហ៊ុន សែន អះអាងបន្ថែមទៀតថា គ្រាន់តែចំណូលពន្ធគយ អាចយកមកបើកប្រាក់ខែមន្ត្រីរាជការ បានពេញមួយឆ្នាំ បើបាត់ចំណូលពីការអនុគ្រោះពន្ធ EBA នេះ។
ទោះជាយ៉ាងនេះក្តី លោកមិនបានបញ្ជាក់ថា ថាតើបានចំណូលពីណា មកទប់ទល់ និងបន្តបើកប្រាក់ខែកម្មកររោងចក្រកាត់ដេរ រាប់សែននាក់ ដែលអាចបាត់បង់ការងារធ្វើ ដោយសារតែការបិទរោងចក្រ នោះឡើយ។ លោក ហ៊ុន សែន ក៏មិនបានបញ្ជាក់ថា តើក្រោយពីការប្រមូលពន្ធគយ សម្រាប់បើកប្រាក់ខែរាជការទូទៅ បានមួយឆ្នាំនេះ ថាតើឆ្នាំក្រោយៗបន្តទៅទៀត តើបានប្រាក់ពីណាមកបើកបន្ត នោះឡើយ។
ម្យ៉ាងទៀត លោក ហ៊ុន សែន ក៏មិនបានបញ្ជាក់ ថាតើការប្រមូលពន្ធគយនេះ អាចបន្តប្រមូលបានដូចអ្វីដែលលោកអះអាងដដែលនេះ ដែរឬយ៉ាងណា នៅពេលដែលទំហំពាណិជ្ជកម្ម ជាពិសេសការនាំចេញផលិតផលទៅទីផ្សារអឺរ៉ុប ចាប់ផ្ដើមធ្លាក់ចុះ ដែលជាការបាត់បង់ចំណូលពន្ធរដ្ឋមួយយ៉ាងធំនោះ។
មិនតែប៉ុណ្ណោះ សូម្បីតែការប្រមូលពន្ធ ដូចអ្វីដែលលោកបានអះអាងក្នុងពេលបច្ចុប្បន្ន ក៏ប្រទេសកម្ពុជាត្រូវការខ្ចីលុយបរទេស ជិតពីរពាន់លានដុល្លារមួយឆ្នាំៗ សម្រាប់យកមកផ្គត់ផ្គង់នៅក្នុងថវិកាជាតិរៀងរាល់ឆ្នាំ។
នេះនៅមិនទាន់ គិតដល់ការដកប្រពន្ធអនុគ្រោះពន្ធទូទៅ ពីសហរដ្ឋអាមេរិក ប្រសិនបើរដ្ឋាភិបាលប្រទេសនេះ ធ្វើតាមសហភាពអឺរ៉ុបដែរ ព្រោះតំណាងរាស្ត្រសហរដ្ឋអាមេរិក បានស្នើច្បាប់ឱ្យដកការអនុគ្រោះពន្ធនេះដែរហើយ។ ស្របពេលជាមួយគ្នាដែរ ទោះបីជាលោក ហ៊ុន សែន អះអាងថា លោកនឹងធ្វើកំណែទម្រង់សេដ្ឋកិច្ចស៊ីជម្រៅ ដើម្បីទប់ទល់នឹងស្ថានការណ៍អាក្រក់នេះ តើកម្ពុជាត្រៀមខ្លួន រួចឬនៅ ជាពិសេសនៅចុងខែ មីនា នេះ ប្រទេសអង់គ្លេសនឹងដកខ្លួនចេញពីសហគមន៍អឺរ៉ុប ដែលធ្វើឱ្យកម្ពុជា នឹងបាត់បង់ការនាំចេញទៅប្រទេសនេះ ប្រហែល ៧.៧ភាគរយដែរ។អ្នកវិភាគថា វិធីដែលល្អប្រសើរបំផុត គឺលោក ហ៊ុន សែន ត្រូវស្គារសិទ្ធិមនុស្ស និង ប្រជាធិបតេយ្យឡើងវិញ ដើម្បីបញ្ចៀសការដាក់ទណ្ឌកម្ម និងស្ដារទំនាក់ទំនងល្អរបស់កម្ពុជា ជាមួយប្រទេសប្រជាធិបតេយ្យនៅជុំវិញពិភពលោក ជាជាងប្រឹងថ្លែងសារលួងចិត្ត ប្រជាពលរដ្ឋ កុំឱ្យក្រោកតវ៉ា ដោយសារផលប៉ះពាល់សេដ្ឋកិច្ច ដល់ជីវភាពប្រចាំថ្ងៃរបស់ពួកគាត់៕
