អ្នកធ្វើការ​ជាមួយ​កសិករ​បារម្ភ​ពី​ផល​ប៉ះពាល់​ធ្ងន់ធ្ងរ​ដល់​កសិករ​ខ្នាត​តូច​បើ​សហភាព​អឺរ៉ុប​គិត​ពន្ធ​អង្ករ

ដោយ មាន ឫទ្ធិ
2018.12.06
អង្ករ ៦២២ ២០១៨ អង្ករ​ដែល​ត្រូវ​បាន​គេ​ដាក់​លក់​នៅ​លើ​ទីផ្សារ​មួយ ក្នុង​រាជធានី​ភ្នំពេញ កាល​ពី​អំឡុង​ខែ​មករា ឆ្នាំ​២០១៨។
RFA

អគ្គលេខាធិការ​សម្ព័ន្ធ​សហគមន៍​កសិករ​កម្ពុ​ជា ( CCFC ) លោក ថេង សាវឿន សម្ដែង​ក្តី​កង្វល់​ខ្លាំង​ពី​ផល​ប៉ះពាល់​ធ្ងន់ធ្ងរ​ដល់​កសិករ​ខ្នាត​តូច​នៅ​តាម​ជនបទ ដែល​នឹង​ត្រូវ​ប្រឈម​នឹង​បញ្ហា​ជាច្រើន ពិសេស​ការ​ធ្លាក់​ចុះ​តម្លៃ​កសិផល​ស្រូវ អង្ករ ប្រសិនបើ​សហភាព​អឺរ៉ុប សម្រេច​យកពន្ធ​លើ​ការ​នាំចូល​អង្ករ​ពី​កម្ពុជា។ ក្តី​បារម្ភ​នេះ កើតមានឡើង​ស្រប​ពេល​ដែល​គណៈកម្មការ​អឺរ៉ុប ដែល​ជា​ស្ថាប័ន​គ្រប់គ្រង​លើ​គោលនយោបាយ​ពាណិជ្ជកម្ម​របស់​សហភាព​អឺរ៉ុប នឹង​ធ្វើ​សេចក្ដី​សម្រេច​ចុងក្រោយ​នៅមុន​ដំណាច់​ឆ្នាំ​២០១៨ នេះ ថា​តើ​ត្រូវ​គិត​ពន្ធ​ពី​ការ​នាំ​អង្ករ​ចូល ពី​កម្ពុជា ដែរ​ឬ​យ៉ាងណា​នោះ ក្រោយពី​មាន​សំណើ​ពី​ប្រទេស​អ៊ីតាលី។

លោក ថេង សាវឿន ថ្លែង​ប្រាប់​អាស៊ីសេរី កាលពី​ថ្ងៃទី៦ ធ្នូ ថា ក្នុងចំណោម​បញ្ហា​ជាច្រើន​ដែល​កសិករ​ខ្នាត​តូច​នៅ​តាម​តំបន់​ជនបទ​នឹង​ត្រូវ​ប្រឈម រួមមាន​ការ​ធ្លាក់​ចុះថោក​តម្លៃ​កសិផល​ស្រូវ​អង្ករ ការបាត់បង់​ទីផ្សារ​អង្ករ និង​ការ​កើនឡើង​ការប្រកួតប្រជែង​កាន់តែ​ខ្លាំង​ឡើងៗ​ពី​ប្រទេសជិតខាង ប្រសិនបើ​សហភាព​អឺរ៉ុប​សម្រេច​គិត​ពន្ធ​លើ​ការ​នាំចូល​អង្ករ​ពី​កម្ពុជា ចាប់ពី​ឆ្នាំ​២០១៩ ទៅ​មែន​នោះ។ លោក​ថា បើ​ទោះ​ជា​បច្ចុប្បន្ន កម្ពុជា​មាន​ទីផ្សារ​ធំ​សម្រាប់​នាំចេញ​អង្ករ​ទៅកាន់​ទីផ្សារ​សហភាព​អឺរ៉ុប​ដោយ​ឥត​គិត​ពន្ធ​ក៏ដោយ​នោះ កសិករ​ខ្មែរ​មួយ​ចំនួន​ធំ​នៅតែ​ត្អូញត្អែរ​ពី​រឿង​កង្វះ​ទីផ្សារ​នាំចេញ​ផលិតផល​អង្ករ​របស់​ខ្លួន​ទៅ​ហើយ ព្រមទាំង​កង្វះខាត​ទុន និង​បច្ចេកទេស​វេច​ខ្ចប់​ជាដើម។ ដូច្នេះ លោក​ថា ទម្រាំ​ដល់ពេល​សហភាព​អឺរ៉ុប សម្រេច​ដាក់​ពន្ធ​លើ​អង្ករ​កម្ពុជា​នា​ពេល​ដ៏​ខ្លី​ខាងមុខនេះ នោះ​ហេតុការណ៍​នេះ នឹង​រឹតតែ​បង្កើន​បន្ទុក​កាន់តែ​ខ្លាំង​ដល់​កសិករ​ខ្មែរ​បន្ថែម​ទៀត៖ «បច្ចុប្បន្ន​យើង​មាន​ទីផ្សារ​ធំ​សម្រាប់​លក់​ទៅ​បរទេស​ហើយ​យើង​នៅតែ​មាន​កង្វល់​ទៅលើ​ទីផ្សារ ពិសេស​គឺ​នៅ​ពេល​ដែល​ប្រជាពលរដ្ឋ​ដែល​ជា​អ្នក​ផលិត​ស្រូវ​អង្ករ គាត់​នៅ​មាន​ទីផ្សារ​ថោក​នៅឡើយ ហើយ​គាត់​នៅ​ពេល​ប្រមូល​ផល​គាត់​លក់​មកវិញ បាន​មិន​រួច​ថ្លៃដើម​នៃ​ការ​ចំណាយ​ទៅលើ​ថវិកា​របស់​គាត់​ក្នុង​ការ​ប្រកប​មុខរបរ​កសិកម្ម​ទេ។ ហើយ​ប្រសិនបើ​មានការ​បាត់បង់​ទីផ្សារ​ដ៏​ធំ​ទៀត​នេះ គឺ​វា​ជា​បញ្ហា​ធំ​មែនទែន​សម្រាប់​ប្រជាពលរដ្ឋ។ ហើយ​ប្រជាពលរដ្ឋ​ទាំងនោះ គាត់​ខ្ចីបុល​ពី​មីក្រូហិរញ្ញវត្ថុ និង​ធនាគារ​ឯកជន។ ប្រសិនបើ​ទីផ្សារ​ចុះថោក ហើយ​យើង​បាត់បង់​ទីផ្សារ​ទៀត ធម្មតា​ឈ្មួញ​គាត់​អាច​រកស៊ី ឬ​នាំចេញ​បាន​ដោយសារ​គាត់​មាន​ទីផ្សារ​ទូលំទូលាយ​។ ប៉ុន្តែ​ប្រសិនបើ​ទីផ្សារ​ត្រូវ​បាន​រឹតត្បិត ផល​ប៉ះពាល់​ធំជាង​គេ គឺ​កសិករ​ខ្នាត​តូច ដែល​គាត់​ខ្ចី​ពី​ធនាគារ​ហិរញ្ញវត្ថុ»។លោក ថេង សាវឿន បន្ត​ថា ប្រទេសជិតខាង​កម្ពុជា រួមមាន ថៃ និង​វៀតណាម ជាដើម អាច​នឹង​សម្រុក​បង្កើន​ទំនាក់ទំនង​ពាណិជ្ជកម្ម​ជាមួយ​សហភាព​អឺរ៉ុប ដើម្បី​ដណ្ដើម​ទីផ្សារ​អង្ករ​ពី​កម្ពុជា​ផង​ដែរ នៅ​ពេល​សហភាព​អឺរ៉ុប​ចាប់ផ្ដើម​គិត​ពន្ធ​លើ​អង្ករ​កម្ពុជា​នោះ ដែល​ការណ៍​នេះ នឹង​ធ្វើ​ឲ្យ​សមត្ថភាព​ប្រកួតប្រជែង​អង្ករ​កម្ពុជា​ប្រឈម​កាន់តែ​ខ្លាំង។

ក្តី​កង្វល់ និង​ការ​លើក​ឡើង​របស់​អ្នកធ្វើការ​ជាមួយ​កសិករ​នេះ ធ្វើឡើង​ស្រប​ពេល​ដែល​គណៈកម្មការ​អឺរ៉ុប នឹង​ធ្វើ​សេចក្ដី​សម្រេច​ចុងក្រោយ​នៅមុន​ដំណាច់​ឆ្នាំ ២០១៨ នេះ ពី​ការ​ត្រូវ​គិត​ពន្ធ​នាំ​អង្ករ​ចូល​ពី​កម្ពុជា ក្រោយពី​មាន​សំណើ​ពី​ប្រទេស​អ៊ីតាលី។ ការសម្រេច​នេះ គឺ​ក្រោយ​ពេល​ដែល​ក្រុម​ប្រទេស​ទាំង ២៨ ដែល​ជា​សមាជិក​របស់​សហភាព​អឺរ៉ុប បាន​បរាជ័យ​បោះឆ្នោត​ផ្អែក​តាម​មតិ​ភាគច្រើន ក្នុង​ការ​អនុម័ត​លើ «​វិធានការណ៍​ការពារ» ដែល​ជា​សំណើ​របស់​ប្រទេស​អ៊ីតាលី ឲ្យ​សហភាព​អឺរ៉ុប​គិត​ពន្ធ​លើ​អង្ករ​នាំចូល​ពី​កម្ពុជា និង​មីយ៉ាន់ម៉ា ឬ​ភូមា។

កាលពី​ថ្ងៃ​ទី១៦ កុម្ភៈ ឆ្នាំ​២០១៨ ប្រទេស​អ៊ីតាលី បាន​ដាក់​សំណើ​តវ៉ា​នេះ ផ្អែក​តាម​មាត្រា ២៤ នៃ​ច្បាប់​ស្ដីពី​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​របស់​អឺរ៉ុប (GSP) ដោយសារតែ​ប្រទេស​នេះ​យល់ថា បរិមាណ ឬ​តម្លៃ​អង្ករ​នាំចូល​ពី​ប្រទេស​ទាំងពីរ​នេះ បង្ក​ជា​ការ​គំរាមកំហែង​ធ្ងន់ធ្ងរ​ដល់​សមត្ថភាព​ប្រកួតប្រជែង​ដោយ​ផ្ទាល់​របស់​ខ្លួន ខណៈ​ប្រទេស​ទាំងពីរ​នេះ​ទទួល​បាន​នូវ​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​ពិសេស «​គ្រប់​មុខទំនិញ​ទាំងអស់​លើកលែងតែ​អាវុធ ឬ EBA»

ប្រសិនបើ​គណៈកម្មការ​អឺរ៉ុប សម្រេច​យកពន្ធ​លើ​ការ​នាំចូល​អង្ករ​កម្ពុជា និង​មីយ៉ាន់ម៉ា​មែន​នោះ នោះ​ប្រទេស​ទាំងពីរ ត្រូវ​បង់ពន្ធ​ក្នុង​អត្រា​ជិត ២០០ ដុល្លារ​អាមេរិក (១៩៨,៣១ដុល្លារ) ក្នុង​អង្ករ​មួយ​តោន សម្រាប់​ឆ្នាំ​ដំបូង ២០១៩ ។ អត្រាពន្ធ​នេះ នឹង​ធ្លាក់​ចុះ​មក​នៅ​ត្រឹម​ជាង ១៧០ ដុល្លារ ក្នុង​អង្ករ​មួយ​តោន ក្នុង​ឆ្នាំ ២០២០ និង ជាង ១៤១ ដុល្លារ ក្នុង​អង្ករ​មួយ​តោន នៅ​ឆ្នាំ​២០២១។

អង្ករ​នាំ​ចេញពី​កម្ពុជា និង​មីយ៉ាន់ម៉ា ទៅ​សហភាព​អឺរ៉ុប បាន​កើន​ឡើង​ខ្លាំង ពី ៩​ពាន់​តោន ក្នុង​ឆ្នាំ ២០១២ ដល់ ៣ សែន ៦ ម៉ឺន​តោន ក្នុង​ឆ្នាំ​២០១៧ ដែល​ហេតុការណ៍​នេះ​បាន​បណ្ដាល​ឲ្យ​តម្លៃ​អង្ករ​នៅ​សហភាព​អឺរ៉ុប ប្រឈម​នឹង​ការ​ធ្លាក់ចុះ​យ៉ាង​គំហុក និង​បង្ក​ឲ្យ​មានការ​ខឹង​សម្បារ​យ៉ាង​ខ្លាំង​ពី​កសិករ​តាម​បណ្ដា​ប្រទេស​សហភាព​អឺរ៉ុប ជាពិសេស​នៅ​ប្រទេស​អ៊ីតាលី និង​អេស្ប៉ាញ។

សំណើ​ឲ្យ​គិត​ពន្ធ​លើ​អង្ករ​កម្ពុជា និង​មីយ៉ាន់ម៉ា​នេះ គឺជា​សំណុំរឿង​ដាច់ដោយឡែក​មួយទៀត ពី​រឿង​ដែល​សហភាព​អឺរ៉ុប​កំពុង​ពិចារណា​លើ​នីតិវិធី​ដកហូត​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ «​គ្រប់​មុខទំនិញ​លើកលែងតែ​អាវុធ ឬ EBA » ពី​កម្ពុជា ដោយសារ​ក្រុម​មេដឹកនាំ​របប​ក្រុងភ្នំពេញ បាន​គាស់​រម្លើង​ប្រព័ន្ធ​ប្រជាធិបតេយ្យ​ជា​ស្ថាពរ ដែល​នេះ​មានន័យថា កម្ពុជា ប្រឈម​នឹង​ការ​យក​ពន្ធ​ពី​សហភាព​អឺរ៉ុប​លើ​គ្រប់​មុខទំនិញ​ទាំងអស់ បូករួម​ទាំង​អង្ករ​ផង។

លោក ថេង សាវឿន យល់ថា របប​លោក ហ៊ុន សែន ជា​អ្នកដើរ​តួនាទី​សំខាន់​ក្នុង​ការ​ដោះស្រាយ​បញ្ចៀស​នូវ​បញ្ហា​នេះ តាមរយៈ​ការ​ស្តារ​ប្រជាធិបតេយ្យ និង​ងាក​មក​គោរព​សិទ្ធិមនុស្ស​ឡើងវិញ ដើម្បី​កុំ​ឲ្យ​សហភាព​អឺរ៉ុប​មើល​មក​កម្ពុជា​ក្នុង​ក្រសែ​ភ្នែក​កាន់តែ​អាក្រក់ បន្ថែម​ពីលើ​រឿង​គិត​ពន្ធ​លើ​អង្ករ​កម្ពុជា​នេះ។ លោក​ចង់​ឃើញ​របប​នេះ ជួយ​បន្ត​ពង្រឹង​បន្ថែម​ទៀត​ទៅលើ​ការ​គាំទ្រ​ដល់​កសិករ​តាមរយៈ​ការ​ផ្តល់​ហិរញ្ញប្បទាន ជាដើម​ទន់ អត្រា​ការប្រាក់​ទាប ការ​ស្តារ​ប្រព័ន្ធ​ធារាសាស្ត្រ​ដើម្បី​ផ្គត់ផ្គង់​ទឹក និង​ការ​ផ្តល់​បច្ចេកទេស​ក្នុង​ការ​វេច​ខ្ចប់ រួម​ទាំង​សម្រួល​ឃ្លាំង​ស្តុក​ទុក​កសិផល​ស្រូវ​ដល់​កសិករ​ជាដើម។ លោក​ក៏​ចង់​ឃើញ​របប​នេះ គិតគូរ​ថវិកា​ទុក​ដើម្បី​ជួយ​ទិញ​ស្រូវ​ស្តុក​ទុក​របស់​កសិករ​ផង​ដែរ ដើម្បី​សម្រួល​បន្ទុក​របស់​កសិករ​ខ្មែរ​ដែល​ភាគច្រើន​កំពុង​ជាប់​បំណុល​មីក្រូហិរញ្ញវត្ថុ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។