សមាគមថៅកែរោងចក្រ មិន​ជឿ​ថា សហភាព​អឺរ៉ុប ផ្ដាច់​​ការ​​អនុគ្រោះ​ពន្ធ​នាំចូល (EBA) លើ​​របប​ក្រុង​ភ្នំពេញ​ទេ

ដោយ ស្ងួន អមរា
2018-08-15
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
រូប​សញ្ញា​សមាគមរោងចក្រ​កាត់ដេរ​នៅ​កម្ពុជា (GMAC)។
រូប​សញ្ញា​សមាគមរោងចក្រ​កាត់ដេរ​នៅ​កម្ពុជា (GMAC)។
រូប៖ GMAC

សហជីព ស្និទ្ធ​របបក្រុងភ្នំពេញ និង​សមាគមថៅកែរោងចក្រ​ កម្មករ និង​សហជីពឯករាជ្យ មានមតិផ្ទុយគ្នាជុំវិញ​ការកាត់ផ្តាច់ការអនុគ្រោះពន្ធនាំចូល លើកលែងតែអាវុធ ហៅកាត់ថា អ៊ីប៊ីអេ (EBA) ពី​កម្ពុជា​ក្រោយ​ព្រឹត្តិការណ៍​ថ្ងៃ​ទី២៩ ខែ​កក្កដា​ទទួល​ការ​បាន​ការ​រិះគន់​គ្រប់​ទិស​ទី​ជុំវិញ​ពិភពលោក។

កម្មករ និង​​សហជីពសម្ដែងក្ដីបារម្ភថា សហភាព​អឺរ៉ុបនឹងកាត់ផ្ដាច់ការអនុគ្រោះពន្ធនាំចូលនៅកម្ពុជា នៅពេល​ឆាប់ៗ ខាងមុខនេះ ដោយសារតែវិបត្តិនយោបាយ និងការបាត់លទ្ធិប្រជាធិបតេយ្យនៅកម្ពុជា។ ពួកគេបន្ដថា អ្នក​ដែល​ប៉ះពាល់​ផ្ទាល់ គឺ​ជា​ក្រុម​កម្មករ​រោងចក្រ នឹង​ត្រូវអត់ការងារ ដែលអាចប​ង្ក​អសន្ដិសុខនឹងកើតឡើង​ពាសពេញប្រទេស ឯអ្នកដែលទទួលរង​ផល​ប៉ះពាល់ដោយប្រយោល គ្រួសាររបស់កម្មករ ដែលកម្មករតែផ្ញើប្រាក់ទៅផ្គត់ផ្គងរៀងរាល់ខែ ប្រជា​ពលរដ្ឋទូទៅ រួម​ទាំង​មន្ត្រី​រាជការ​ផង ដែល​ទទួល​ផល​ពី​កម្មករ​​តាម​រយៈ​ការប្រមូលពន្ធ និង​ការ​ជួលផ្ទះ ទិញ​ទំនិញ​ជាដើម។

កម្មការិនីម្នាក់ បម្រើការងារនៅរោងចក្រ វីអូលែត (Violet) នៅ​រាជ​​ធា​នីភ្នំពេញ អ្នកស្រី អ៊ុង ចាន់ធឿន ប្រាប់អាស៊ីសេរីថា ក្រុមកម្មករ បារម្ភអំពីនិរន្តរភាព​ការងារ​ណាស់ នៅពេលលឺថា សហភាពអឺរ៉ុបអាចនឹងកាត់ផ្ដាច់ការលើកលែងការអនុគ្រោះពន្ធ ដោយសារ​តែ​កត្តានយោបាយនៅកម្ពុជា។ កម្មកររូបនេះ ចង់ឲ្យអ្នកនយោបាយ បញ្ឈប់សកម្មភាពឈ្លោះគ្នាដូច​សព្វថ្ងៃនេះ ព្រោះសកម្មភាពចម្រូងចម្រាស់ដាក់គ្នា ធ្វើឲ្យមានច្របូកច្របល់ដូចសព្វថ្ងៃនេះ នឹងនាំ​ក្ដី​វេទនា​ឲ្យ​កម្មករ​នៅ​ថ្ងៃ​ខាង​មុខ​មិន​ខាន៖ «»

ការអនុគ្រោះពន្ធនាំចូលសហភាពអ៊ឺរ៉ុប ពីកម្ពុជា ហៅថា អ្វីៗគ្រប់យ៉ាងលើកលែងតែអាវុធ ឬ អ៊ីប៊ីអេ (Everything But Arms-EBAs) ត្រូវបានអនុម័ត ដោយ​ក្រុមប្រឹក្សាសហភាពអឺរ៉ុប កាលពីថ្ងៃទី២៨ ខែ​កុម្ភៈ ឆ្នាំ២០០១ (លេខ No.416/2001)។ ការអនុគ្រោះពន្ធនាំចូលនេះ ឬ អ៊ីប៊ីអេ (EBA) គឺជាគំនិត​ផ្តួច​ផ្តើម របស់សហភាព​អឺរ៉ុប ដែល​អនុញ្ញាត​ឱ្យ ការនាំចូលទំនិញទាំងអស់ លើកលែងតែសព្វាវុធ ទៅ​សហភាពអឺរ៉ុបពី​ប្រទេស​​អភិវឌ្ឍន៍​តិចតួច​ទទួល​នូវ​ការ​អនុគ្រោះ​ដោយ​មិន​ជាប់​ពន្ធ​នាំ​ចូល។ អ៊ីប៊ី​អេ (EBA) ជាផ្នែក​នៃ​ប្រព័ន្ធអនុគ្រោះ​ទូទៅរបស់សហភាពអឺរ៉ុប ដែលបានចូលជាធរមាន ចាប់តាំង​ពី​ថ្ងៃ​ទី០៥ ខែមីនា ឆ្នាំ​២០០១ និងគ្មានកំណត់ពេលវេលាបញ្ចប់ទេ។

អត្ថបទរបស់ នាយកដ្ឋានអឺរ៉ុប មជ្ឈឹមបូព៌ា និង​អាហ្វ្រិក នៃ​ក្រសួង​ពាណិជ្ជកម្ម​កម្ពុជា ដែល​ផ្សាយ​នៅ​លើ​គេហទំព័រ​ខ្លួន ចុះ​ផ្សាយ​ថ្ងៃ​ទី២៩ ខែមករា ឆ្នាំ២០១៥ បង្ហាញថា ទំនិញនាំចូលទាំងអស់ នឹង​​ត្រូវ​ទទួល​បាននូវការអនុគ្រោះ មិនជាប់ពន្ធនាំចូល និងកូតា ប្រសិនបើអនុលោមទៅតាមវិ​ធាន​ប្រភព​ដើម​ទំនិញ និងបណ្តាវិធានពាក់ព័ន្ធដទៃទៀត។ ប្រទេសអភិវឌ្ឍន៍តិចតួចចំនួន៤៨ រួម​ទាំង​កម្ពុជា​ផង ទទួល​បាន​ការ​អនុគ្រោះ​ពី​គំនិត​ផ្តួចផ្តើម​នេះ។ ពន្ធគយ ដែល​ត្រូវ​បាន​លើក​លែង​ចូល​សហភាព​អឺរ៉ុប មាន​​​ប្រមាណ ៧.២០០​មុខ ឬ​ហៅ​ថា បន្ទាត់​ពន្ធគយ។ ក្រសួង​ពាណិជ្ជកម្ម​បន្ដ​ថា ចំ​ពោះ​កម្ពុជា EBA ផ្តល់​ផល​ប្រយោជន៍​យ៉ាង​ខ្លាំងដល់​វិស័យ​កសិកម្ម ជា​ពិសេស អង្ករ និង​ផលិត​ផល​សក្តានុពល​មួយ​ចំនួន​ទៀត។ ជាក់ស្តែង ក្នុងរយៈ​ពេល​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ កម្ពុជា​បាន​បង្កើន​ការ​នាំ​ចេញ​អង្ករ​យ៉ាង​ច្រើន​ទៅ​សហភាព​អឺរ៉ុប ជាពិសេស​ប្រទេស​បារាំង អ៊ីតាលី​ជា​ដើម។ ដូចគ្នាដែរ ការ​នាំ​ចេញ​សំលៀក​បំពាក់​ទៅ​សហភាព​អឺរ៉ុប​ក៏​កើន​ឡើង គួរ​ឱ្យ​កត់​សម្គាល់​ដែរ។ ការ​នាំ​ចេញ​អាច​ប្រព្រឹត្ត​​ទៅ​បាន ដោយ​សារ​តែ​ការ​បន្ធូរបន្ថយ​លើ​វិធាន​ប្រភព​ដើម​ទំនិញ ដែល​កំណត់​ធាតុ​ផ្សំ​ក្នុង​ស្រុក (local content) ត្រឹម​តែ ៣០​ភាគ​រយ​ប៉ុណ្ណោះ។

រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម លោក ប៉ាន សូរស័ក្ដិ ផ្ញើ​លិខិត​ទៅ​លោក ហ៊ុន សែន កាល​ថ្ងៃទី​៤ ខែធ្នូ ឆ្នាំ២០១៧ បាន​បង្ហាញ​ទំហំ​ប្រាក់​ការ​នាំ​ចេញ​សរុប​របស់​កម្ពុជា​ទៅ​ទីផ្សារ EU ក្នុង​ឆ្នាំ​២០១៦ មាន​ទឹក​ប្រាក់​ចំនួន ៦.២៥៩​លាន​ដុល្លារ​អាមេរិក។ កម្ពុជា​ទទួល​បាន​ការ​អនុគ្រោះ​ពន្ធ​ទាំង​​ស្រុង​​ពី​ទីផ្សារ​នេះ។ រដ្ឋមន្ត្រី​ក្រសួង​ពាណិជ្ជកម្ម លោក ប៉ាន សូរស័ក្តិ ប្រាប់​ទៅ​លោក ហ៊ុន សែន ថា បើ​មិន​ទទួល​បាន​ការ​អនុគ្រោះ​ពន្ធ​ទេនោះ កម្ពុជា​ត្រូវ​បង់ពន្ធ​ចំនួន ៦៧៦​លាន​ដុល្លារ។ ទំនិញ​ដែល​កម្ពុជា​នាំ​ចេញ​ទៅ​ទីផ្សារ​មួយ​នេះ មិន​មែន​មាន​តែ​សំលៀក​បំពាក់ ស្រោម​ជើង ស្បែក​ជើង​ទេ គឺ​នៅ​មាន​អង្ករ គ្រាប់​ធញ្ញ​ជាតិ វត្ថុ​ធ្វើ​ពី​ស្បែក កៅស៊ូ និង​ទោ​ចក្រ​យាន​ជាដើម។

រីឯ​ការនាំ​ចេញទៅ​សហរដ្ឋ​មេរិក​វិញ គឺ​មាន​ទំហំ​ប្រាក់ ២.៩១៦​លាន​ដុល្លារ ក្នុង​ឆ្នាំ​២០១៦។ ទឹក​ប្រាក់​ដែល​កម្ពុជា​បាន​បង់ពន្ធ​ឲ្យ​រដ្ឋាភិបាល​អាមេរិក​មាន​ប្រមាណ​ជាង ៣០០​លាន​ដុល្លារ (ក្នុង​អត្រា​ពន្ធ​​មធ្យម ១២​ភាគរយ)។ រដ្ឋមន្ត្រី​ក្រសួង​ពាណិជ្ជកម្ម អះអាងថា ការ​នាំ​ចេញ​របស់​កម្ពុ​ជា​ទៅ​កាន់​អាមេរិក​បាន​បង់ពន្ធ​ស្ទើរ​ទាំងស្រុង លើក​លែង​តែ​ផលិតផល traveling goods ដែល​រដ្ឋាភិបាល​អាមេរិក​អនុគ្រោះ​ដល់​កម្ពុជា​កាលពី​ចុងឆ្នាំ​២០១៦។ បើសិន​កម្ពុជា​ត្រូវ​បង់ប្រាក់​ពន្ធ​លើ​ទំនិញ​នេះ គឺ​មាន​ទឹកប្រាក់​ប្រមាណ ១០​លាន​ដុល្លារ (​ក្នុង​អត្រាពន្ធ ៥​ភាគរយ​)​។ ផលិតផល​របស់​កម្ពុ​ជា​ចូល​ទីផ្សារ​សហរដ្ឋអាមេរិក ​រួមមាន សំលៀកបំពាក់ ស្រោម​និង​ស្បែកជើង ប្រដាប់​ក្មេង​លេង វត្ថុ​ធ្វើ​ពី​ស្បែក ស្រោមពូក និង​គ្រឿង​សង្ហា​រឹម ជាដើម​។

កាលណោះ លោក ប៉ាន សូរស័ក្ដិ បាន​ផ្ដល់យោបល់ឲ្យ​លោក ហ៊ុន សែន ថា ​ដើម្បី​ទប់ស្កាត់​ការ​សម្រេច​ព្យួរ​សម្បទាន​ពន្ធគយ​លើ​គ្រប់មុខ​ទំនិញ​ដោយ​សភា​អឺរ៉ុប ជា​យថាហេតុ កម្ពុជា​គួរ​បញ្ចុះ​បញ្ចូល​បណ្ដា​ប្រទេស​ជា​មិត្ត​ ជា​សមាជិក​សហភាព​អឺរ៉ុប តាម​រយៈ​បណ្តាញ​ការ​ទូត និង​ពាណិជ្ជ​កម្ម ព្រោះ​សហភាព​អឺរ៉ុប​ច្រើន ​មាន​ភាព​ទន់ភ្លន់ និង​យោគយល់​ដល់​ស្ថានភាព​របស់​កម្ពុជា។

ក្រៅពីយោបល់របស់រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម របប​ក្រុងភ្នំពេញ​បានបញ្ជូនគណៈប្រតិភូ​មួយ​ក្រុម ​ទៅ​កាន់​សហភាព​អឺរ៉ុប​ដោយ​ស្ងាត់ៗ ដើម្បី​ទៅ​បញ្ចុះបញ្ចូល​សហភាព​អឺរ៉ុប កុំ​ឱ្យ​ដក​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​ផ្នែក​ពាណិជ្ជកម្ម​ពី​កម្ពុជា។ មេដឹកនាំ​របប​ក្រុងភ្នំពេញ លោក ហ៊ុន សែន បាន​ចាត់តាំង​ឱ្យ លោក សុក ស៊ីផាណា ទីប្រឹក្សា និង​ជា​អ្នក​ជំនាញ​ខាង​ការ​ទូត ឱ្យ​ដឹកនាំ​បេសកកម្ម​បញ្ចុះបញ្ចូល​សហភាព​​អឺរ៉ុប តាំង​ពី​ថ្ងៃ​ទី១៨ ខែ​មិថុនា ហើយ​បញ្ចប់​នៅ​ថ្ងៃ​ទី១ ខែ​កក្កដា។

ដំណឹងស្ដីពីការបញ្ជូន​ក្រុម​គណៈ​ប្រតិភូ​ទៅ​បញ្ចុះបញ្ចូល​សហភាព​អឺរ៉ុប ត្រូវ​បាន​ក្រសួង​ការ​បរទេស​នៃ​របប​ក្រុង​ភ្នំពេញ ចេញ​សេចក្តី​ប្រកាស​កាល​ពី​ថ្ងៃ​ទី​២៨ ខែមិថុនា គឺ​តែ​ប៉ុន្មាន​ថ្ងៃ មុន​បេសកម្ម​ត្រូវ​បញ្ចប់ និង​ដល់​ពេល​មន្ត្រី​សហភាព​អឺរ៉ុប ចុះ​ទៅ​ពិនិត្យ​មើល​រក​ការ​ពិត​នៅ​កម្ពុជា។ ដំណឹង​នេះ ក៏​ត្រូវ​បាន​អ្នក​តាម​ដាន​នយោបាយ បង្ហាញ​ការ​ភ្ញាក់​ផ្អើល ព្រោះ​តែ​លោក ហ៊ុន សែន ក្រុម​មេ​ទាហាន ក្រុម​មេ​ដឹក​នាំ​របប​ក្រុង​ភ្នំពេញ រួម​ទាំង​អ្នក​នាំ​ពាក្យ​ឲ្យ​របប​មួយ​នេះ សុទ្ធតែ​ប្រកាស​ជំហរ​នៅ​មុខ​​កម្មករ នៅ​មុខ​ពលរដ្ឋ​នៅ​ពេល​ចុះ​ឃោសនា​រក​សំឡេង​ឆ្នោត​នៅ​មូលដ្ឋាន​ថា មិន​ព្រួយ​បារម្ភ​ពី​សម្ពាធ ទណ្ឌកម្ម ឬ​ការ​កាត់​ផ្ដាច់​ការ​អនុគ្រោះ​ពន្ធ​នាំ​ចូល​ទៅ​សហភាព​អឺរ៉ុប ឬ​ទៅ​ទីផ្សារ​អន្ដរជាតិ។

ដើម​ខែ​កក្កដា មុន​ពេល​របប​ក្រុង​ភ្នំពេញ​រៀបចំ​ឲ្យ​មាន​ព្រឹត្តិការណ៍​បោះ​ឆ្នោត ថ្ងៃ​ទី២៩ ខែ​កក្កដា មន្ត្រី​របស់​​​សហភាព​អឺរ៉ុប បាន​ធ្វើ​បេសកកម្ម​ស៊ើប​អង្គេត​ស្វែង​រក​ការ​ពិត​នៅ​កម្ពុជា ហើយ​ជួប​សម្ភាសន៍​​ភាគី​ពាក់​ព័ន្ធ មាន​មេ​ដឹក​នាំ​របប​ក្រុង​ភ្នំពេញ ក្រុម​អង្គការ​សង្គម​ស៊ីវិល អ្នក​វិភាគ អ្នក​ស្រាវ​ជ្រាវ គណបក្ស​នយោបាយ និង​សហជីព​ឯករាជ្យ សហជីព​ស្និទ្ធ​របប​ក្រុង​ភ្នំពេញ​ជាដើម ដើម្បី​ស្វែង​រក​ការ​ពិត ជុំវិញ​ស្ថានភាព​នៅ​កម្ពុជា។

កាលពីថ្ងៃទី១០​ ខែកក្កដា សហជីព​ស្និទ្ធ​នឹង​របប​ក្រុង​ភ្នំពេញ​ចំនួន៥ គឺ​សភា​សម្ព័ន្ធ​សហជីព​ជាតិ​កម្ពុជា សហភាព​កម្ពុជា​ពន្លឺ​កម្មករ សហភាព​ជាតិ​កម្ពុជា​ការពារ​កម្មករ សហភាព​សហជីព​ជាតិ​ឯករាជ្យ​កម្ពុជា និង​សហភាព​សហជីព​យុវជន​ការពារ​សិទ្ធិ​កម្មករ​កម្ពុជា បាន​ដាក់​ញ្ញត្តិ​ទៅ​គណៈ​ប្រតិភួ​សហ​ភាព​អឺរ៉ុប ដើម្បី​កុំ​ឲ្យ​កាត់​ផ្ដាច់​ការ​អនុគ្រោះ​ពន្ធ​នាំ​ចូល​ពី​កម្ពុជា។

ក្រោយ​បញ្ចប់​បេសកម្ម​បាន​មួយ​ថ្ងៃ គឺ​នៅ​ថ្ងៃ​ទី១២ ខែ​កក្កដា ក្រុម​ការងារ​របស់​អឺរ៉ុប ថ្លែង​ថា បើ​មិន​អាច​ស្តារ​ក្ដី​ព្រួយ​បារម្ភ​បាន​ទេ គឺ​ជម្រើស​ចុង​ក្រោយ សហភាព​អឺរ៉ុប​នឹង​ព្យួរ​​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​នៅ​កម្ពុជា។ ទោះ​យ៉ាង​ណា មក​ដល់​ពាក់​កណ្ដាល​ខែ​សីហា​នេះ សហភាព​អឺរ៉ុប​នៅ​មិន​ទាន់​សម្រេច​បែប​ណា​នៅ​ឡើយ​ទេ។

ទោះបីមានក្តីបារម្ភពីរបបលោក ហ៊ុន សែន និង​កម្មករ​ទូទៅ​ពី​វិបត្តិ​កាត់​ការ​អនុគ្រោះ​ពន្ធ​នៅ​ក្នុង​វិស័យ​កាត់​ដេរ​សំលៀកបំពាក់ និង​ស្បែក​ជើង​ក៏ដោយ ប៉ុន្តែ​សមាគម​ថៅកែ​រោងចក្រ​នៅ​កម្ពុជា និង​សហជីព​ស្និទ្ធ​របប​ក្រុង​ភ្នំពេញ បង្ហាញ​ភាព​ជឿ​ជាក់​ថា សហ​ភាពអឺរ៉ុប​នឹង​កាត់​សេចក្តី​ច្បាស់លាស់ ដោយ​មិន​សម្រេច​កាត់ផ្ដាច់ការលើកលែង​ការអនុ​គ្រោះ​ពន្ធ​នាំ​ចូល​ពីកម្ពុជា ដោយសារ​តែ​ស្ថានភាព​នយោបាយ​ទេ។

អគ្គលេខាធិការសមាគមរោងចក្រ​កាត់ដេរ​នៅ​កម្ពុជា លោក ខេន លូ (Ken Loo) ថា កាល​ពី​កំឡុង​ខែ​កក្កដា សមាគម​ថៅកែ​រោងចក្រ បាន​ជួប​ជជែក​ជាមួយ ក្រុម​ស្វែង​រក​ការ​ពិត​នៅ​កម្ពុជា​របស់​សហភាព​អឺរ៉ុប និង​បាន​ពន្យល់​ប្រាប់​យ៉ាង​ច្បាស់​ថា ស្ថានភាព​នយោបាយ​មិន​អាច​ជា​កត្តា ដែល​ត្រូវ​សម្រេច​កាត់​ផ្ដាច់​ការ​អនុគ្រោះ​ពន្ធ​នាំ​ចូល​ពី​កម្ពុជា​ទេ។ លោក ខេន លូ ពន្យល់​ថា មូលហេតុ​ដែល​ធ្វើ​ឲ្យ​សហភាព​អឺរ៉ុប កាត់​ផ្ដាច់​ការ​អនុគ្រោះ​ពន្ធ​នាំ​ចូល មាន ២៧ចំណុច ហើយ​បើ​គ្រាន់​តែ​រឿង​ស្ថានភាព​នយោបាយ​មួយ​ចំនុច នឹង​មិន​អាចធ្វើ​ឲ្យ​សហភាព​អឺរ៉ុប​កាត់​ផ្ដាច់​ការ​អនុគ្រោះ​ពន្ធ​នាំ​ចូល​ទេ៖ «»

ចំណែក​​អនុប្រធានសហព័ន្ធ​សហជីព​ស្មារតី​ខ្មែរ លោក ហ៊ីង ប៊ុនធឿន ដែល​មាន​និន្នាការ​គាំទ្រ​របប​លោក ហ៊ុន សែន យល់​ថា សហភាព​អឺរ៉ុប មិន​គួរ​មើល​តែ​ជ្រុង​នយោបាយ​តែ​មួយ​ទេ ព្រោះ​ថា នៅ​ពេល​ដែល សហភាព​អឺរ៉ុប​បញ្ឈប់​ការ​អនុគ្រោះ​ពន្ធ​នាំ​ចូល​មែន មិន​មែន​តែ​កម្មករ​ទេ ដែល​ទទួល​រង​ផល​ប៉ះពាល់៖ «»

ទោះ​បី​ជា​យ៉ាង​ណា​ក៏​ដោយ សហជីព​ឯករាជ្យ​មាន​ទស្សនៈ​ផ្សេង​វិញ។ សហភាព​សហជីព​កម្ពុជា (CCU) កាល​ថ្ងៃ​ទី៧ ខែសីហា ចេញ​សេចក្តី​ថ្លែង​ការណ៍​ជំរុញ​ឲ្យអ្នក​នយោ​​បាយនៅ​គណ​បក្ស​​កាន់​អំណាច និង​គណបក្ស​ប្រឆាំង បន្ទន់​ឥរិយាបថ​ចរចារ​គ្នា​រក​ដំណោះ​ស្រាយ​នយោបាយ ដើម្បី​បញ្ចៀស​កលិយុគ​នៅ​កម្ពុជា។ ប្រធាន​សហជីព លោក រ៉ុង ឈុន ជា​អតីត​ប្រធាន​សមាគម​គ្រូ​បង្រៀន​ឯករាជ្យ និង​ជា​អតីត​សមាជិក​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះ​ឆ្នោត ពន្យល់​ថា នៅ​ពេល​ដែល​កម្មករ​គ្មាន​ការងារ​ធ្វើ អ្នក​ដែល​រងគ្រោះ​មិន​ត្រឹមតែ​កម្មករ​ទេ គឺ​ពល​រដ្ឋ​ទាំង​អស់​នឹង​រង​គ្រោះ។ លោក រ៉ុង ឈុន បន្ដថា នៅ​ពេល​ដែល​កម្មករ​រាប់​លាន​នាក់ គ្មាន​ការងារ​ធ្វើ របប​ក្រុង​ភ្នំពេញ មិន​អាច​ប្រមូល​ពន្ធ​បាន​គ្រប់គ្រាន់ ក៏​មិន​អាច​មាន​ប្រាក់​បៀវត្សរ៍​គ្រប់គ្រាន់ បើក​ឲ្យ​​មន្ត្រី​រាជ​ការ ហើយ​កើត​អំពើ​ចោរកម្ម អសន្ដិសុខ ធ្វើ​ឲ្យ​សង្គម​ច្រួលច្របល់។

អគ្គលេខាធិការ​សហព័ន្ធ​សហជីព​កម្ពុជា លោក ម៉ៃ សុភត្រា យល់​ថា សហភាព​អឺរ៉ុប​អាច​នឹង​ដក​កម្ពុជា ចេញ​ពី​ប្រទស​ដែល​ត្រូវ​អនុគ្រោះ​ពន្ធ​នាំ​ចូល​ទៅ​អឺរ៉ុប ហើយ​ប្រសិន​បើ​សហភាព​អឺរ៉ុប​បញ្ឈប់​ការ​អនុគ្រោះ​ពន្ធ​ពិត​មែន សហជីព​រូប​នេះ​យល់​ថា មិន​មែន​ជា​កំហុស​របស់​កម្មករ ឬ​ពលរដ្ឋ​ទេ នេះ​ជា​​កំហុស​របស់​អ្នក​ដឹក​នាំ​រដ្ឋ៖ «»

អ្នកវិភាគនយោបាយ ព្រមានថា បើស្ថានភាពនៅតែបន្ដចម្រូងចម្រាស់បែបនេះទៀត មិន​មែន​មានតែ​សហ​ភាព​អ៊ឺរ៉ុប​ទេ ដែលបញ្ឈប់ការអនុគ្រោះពន្ធនាំចូល ហើយសូម្បីតែសហរដ្ឋអាមេរិក និង ប្រទេស​ប្រជាធិបតេយ្យ​ផ្សេង​​ទៀត ក៏​អាច​បញ្ឈប់​ការ​នាំ​ចូល ឬ​លែងនាំចូលតែម្ដង។ ពល​រដ្ឋ ព្រមានថា នៅ​ពេល​ដែលកម្មកររងគ្រោះ ផលប៉ះ​ពាល់​មិនមែនត្រឹមតែពលរដ្ឋ មន្ត្រី​រាជ​កា​រ​ទេ សូម្បី​គ្រួសារ​របស់​របស់​ក្រុមមេដឹកនាំរបបក្រុងភ្នំពេញ ក៏​ត្រូវ​​ទទួល​រង ពីផលប៉ះពាល់នេះដែរ។ កម្មករ និងសហជីព​ ជំរុញ​​​ឲ្យ​ក្រុមមេដឹកនាំរបបក្រុងភ្នំពេញ គិតគូរពីសុខទុក្ខរបស់​កម្មករ​ តាមរយៈការបញ្ឈប់​​សកម្មភាព​រឹត​ត្បិតសេរីភាព និងស្ដារលទ្ធិប្រជាធិតេយ្យ តាមការចង់បានរបស់​សហភាព

អឺរ៉ុបឡើង​វិញ​៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (0)
Share
គេហទំព័រ​ទាំងមូល