ឯកអគ្គរដ្ឋទូតចប់អាណត្តិរបស់សហភាពអឺរ៉ុបប្រចាំកម្ពុជា លោក ចច អេដហ្ការ (George Edgar) ប្រាប់អាស៊ីសេរី តាមសារអេឡិចត្រូនិកនៅថ្ងៃអង្គារ ទី ១២ មីនា ថា គណៈកម្មការអឺរ៉ុប នឹងត្រូវធ្វើសេចក្ដីសម្រេចចិត្តជាថ្មីបន្ថែមទៀត ក្នុងរឿងយកពន្ធលើអង្ករកម្ពុជា បន្ទាប់ពីហួសរយៈពេលគិតពន្ធ ៣ ឆ្នាំដំបូង ដែលសហភាពអឺរ៉ុបទើបបានដាក់ចេញ។ លោក ចច អេដហ្ការ បដិសេធឆ្លើយតបនឹងសំណួរអាស៊ីសេរីថា តើលោកពិតជាបានសម្ដែងការសោកស្តាយចំពោះរឿងសហភាពអឺរ៉ុបសម្រេចយកពន្ធលើអង្ករកម្ពុជានេះ ដូចតាមការផ្សាយរបស់សារព័ត៌មានក្នុងស្រុកមែនដែរឬទេ ក្នុងជំនួបជម្រាបលារវាងលោក ជាមួយរដ្ឋមន្ត្រីកសិកម្ម លោក វេង សាខុន កាលពីថ្ងៃទី១១ មីនា។
យ៉ាងណាក៏ដោយ លោក ចច អេដហ្ការ គូសបញ្ជាក់ថា ក្នុងជំនួបនោះ ភាគីទាំងពីរ ពិតជាបានកត់សម្គាល់ ពីករណីដាក់ចេញវិធានការការពាររបស់សហភាពអឺរ៉ុប តាមរយៈការគិតពន្ធលើការនាំចូលអង្ករកម្ពុជា និងមីយ៉ាន់ម៉ា ឬភូមា ជាផ្លូវការ ចាប់ពីថ្ងៃទី១៨ មករា ឆ្នាំ ២០១៩ តទៅ។ លោកថា វិធានការការពាររយៈពេលបីឆ្នាំដំបូងនេះ ធ្វើឡើងស្របតាមបទប្បញ្ញត្តិរបស់សហភាពអឺរ៉ុបស្ដីពី ប្រព័ន្ធអនុគ្រោះពន្ធទូទៅ GSP បន្ទាប់ពីមានបណ្ដឹងពីរដ្ឋសមាជិករបស់អឺរ៉ុប ដោយសារតែមានការគំរាមកំហែងធ្ងន់ធ្ងរដល់សមត្ថភាពប្រកួតប្រជែងនៅទីផ្សារអឺរ៉ុប។ លោក ចច អេដហ្ការ បន្ថែមថា ក្នុងជំនួបនោះភាគីទាំងពីរក៏បានពិភាក្សាគ្នាជុំវិញសមិទ្ធផលនានាដែលក្រសួងសម្រេចបានក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ក្រោមកម្មវិធីកិច្ចសហប្រតិបត្តិការយូរអង្វែងរវាងសហភាពអឺរ៉ុប និងក្រសួងកសិកម្ម។
កម្ពុជា ត្រូវខាតបង់យ៉ាងហោចណាស់ជាង ៥០លានដុល្លារក្នុងមួយឆ្នាំៗ ពីការតម្រូវឱ្យបង់ពន្ធលើការនាំចូលអង្ករទៅកាន់សហភាពអឺរ៉ុប៕
