រដ្ឋាភិបាលអាល្លឺម៉ង់បានផ្ដល់ជំនួយទឹកប្រាក់ប្រមាណ ៥លានអឺរ៉ូ ឬស្មើជិត៦លានដុល្លារសហរដ្ឋអាមេរិក សម្រាប់គម្រោងសហប្រតិបត្តិការរួមគ្នារវាងសង្គមស៊ីវិល និងរដ្ឋាភិបាលកម្ពុជាក្រោមក្របខ័ណ្ឌនៃគម្រោងគណនេយ្យភាពសង្គម (Integrated Social Accountability Framework)។ គម្រោងនេះនឹងអនុញ្ញាតឱ្យឱ្យរដ្ឋាភិបាលកម្ពុជា និងសង្គមស៊ីវិល ធ្វើការរួមគ្នាដើម្បីរកដំណោះស្រាយរួមក្នុងវិស័យសុខាភិបាល និងអប់រំ។ សេចក្ដីថ្លែងការណ៍របស់ស្ថានទូតអាល្លឺម៉ង់ចេញកាលពីថ្ងៃទី២៦ កុម្ភៈថា គម្រោងនេះ ក៏ជាវេទិកាដ៏សំខាន់មួយផងដែរ សំរាប់ការសន្ទនារវាងរាជរដ្ឋាភិបាលកម្ពុជា និងសង្គមស៊ីវិល។
ការផ្តល់ថវិកានេះ ត្រូវបានប្រកាសធ្វើឡើងក្នុងអំឡុងពេលនៃដំណើរទស្សនកិច្ចរបស់សមាជិកសភាសហព័ន្ធអាល្លឺម៉ង់ដឹកនាំដោយលោក ន័រប៊ែរ បាហ្សល (Norbert Barthle) សមាជិកសភានិងរដ្ឋលេខាធិការក្រសួងសហប្រតិបត្តិការ សេដ្ឋកិច្ច និងអភិវឌ្ឍន៏នៃប្រទេសអាល្លឺម៉ង់ មកកាន់ប្រទេសកម្ពុជា កាលពីថ្ងៃទី២៥ ខែកុម្ភៈ។ លោក ន័រប៊ែរ បាហ្សល បានថ្លែងថា កំណើនសេដ្ឋកិច្ចសំខាន់ ប៉ុន្តែវាមិនទាន់គ្រប់គ្រាន់ទេ ពោលសង្គមស៊ីវិលដ៏រស់រវើក ជាកម្លាំងចលករដែលរុញច្រានឱ្យមានការផ្លាស់ប្ដូរនិងការអភិវឌ្ឍន៍។ អាល្លឺម៉ង់គាំទ្រកម្ពុជាក្នុងការធ្វើឱ្យប្រសើរឡើងនៃវិស័យសុខភាពសារធារណៈ ជំរុញការអភិវឌ្ឍជនបទ និងជួយកម្ពុជាក្នុងដំណើរការវិមជ្ឈការថ្នាក់មូលដ្ឋាន។ អាល្លឺម៉ង់ក៏នឹងបន្តការគាំទ្ររបស់ខ្លួនសម្រាប់វិស័យដោះមីននៅក្នុងប្រទេសកម្ពុជាផងដែរ៕
