ប្រជាពលរដ្ឋនៅព្រំដែនស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យមានរាប់រយនាក់ ដោយអ្នកខ្លះធ្វើដំណើរតាមគោយន្តនិងម៉ូតូជាច្រើនគ្រឿង នៅព្រឹកថ្ងៃទី៩ វិច្ឆិកាបាននាំគ្នាចូលទៅទិញទំនិញប្រើប្រាស់ប្រចាំថ្ងៃនៅក្នុងផ្សារប្រទេសថៃនៅជាប់ព្រំដែនឃុំអូរបីជាន់ ហើយកកស្ទះនៅច្រកព្រំដែន ដោយសារតែទំនិញថៃមានតម្លៃថោក ហើយមានគុណភាពល្អ។
ប្រជាពលរដ្ឋនៅព្រំដែនស្រុកអូរជ្រៅលោក ផល សារ៉ន ឲ្យដឹងនៅថ្ងៃទី៩ វិច្ឆិកាថា ជាទូទៅពលរដ្ឋនៅជាប់ព្រំដែនក្នុងស្រុកមួយនេះ និងមួយចំនួនទៀត មកពីខេត្តបន្ទាយមានជ័យ តែងនាំគ្នាឆ្លងដែនទៅទិញទំនិញនៅផ្សារក្នុងទឹកដីថៃក្នុងមួយសប្ដាហ៍ម្ដងជារៀងរាល់ថ្ងៃសុក្រ។ ពលរដ្ឋរូបនេះអះអាងទៀតថា ចំពោះថ្ងៃស្រុកទី៩ វិច្ឆិកានេះ សមត្ថកិច្ចថៃបើកឲ្យពលរដ្ឋខ្មែរឆ្លងដែនទៅទំនិញប្រហែលនៅម៉ោង ១០កន្លះព្រឹក ដែលខុសពីពេលមុនៗ ដែលថៃតែងតែបើកច្រកឲ្យឆ្លងដែនតាំងពីម៉ោង ៧ព្រឹក។ ដូច្នេះធ្វើឲ្យគោយន្ត និងម៉ូតូជាច្រើនគ្រឿងបានចតបន្តកន្ទុយគ្នា ហើយកកស្ទះនៅច្រកព្រំដែនអូរបីជាន់៖ « ចូលទៅទិញរបស់ប្រើប្រាស់នឹងដូចជាពូកដេក ហើយខ្លះក៏ទិញជីដាក់ស្រូវ ហើយមានចានឆ្នាំកន្ទេលខ្នើយគ្រប់បែបយ៉ាង។ផ្សារគេនឹងធំដីប្រហែលមួយហិកតារ ហើយមានលក់តែមួយថ្ងៃនៅថ្ងៃសុក្រនឹងទេ ជនជាតិថៃគេរៀបចំលក់ឲ្យខ្មែរយើង » ។
លោក ផល សារ៉ន បន្ថែមទៀតថា មូលហេតុដែលពួកគាត់ចូលទៅទិញទំនិញនៅផ្សារថៃ ដោយសារទំនិញមានគុណភាពល្អ និងមានតម្លៃថោកជាងទំនិញ ដែលឈ្មួញនាំចូលមកលក់នៅក្នុងស្រុកប្រមាណពី១៥ ទៅ ២០ភាគរយឯណោះ។ ដូច្នេះទិញនៅថៃចំណេញជាងទិញនៅក្នុងស្រុក។
មេឃុំអូរបីជាន់លោក តុល សំរិទ្ធ មានប្រសាសន៍ថា ទំនិញដែលពលរដ្ឋចូលទៅទិញក្នុងផ្សារថៃ ភាគច្រើនជារបស់សម្រាប់ប្រើប្រាស់ប្រចាំថ្ងៃ ដូចជា ប្រេង ខ្លាញ់ ត្រីខកំប៉ង់ នំចំណី និងរបស់កសិកម្មរួមមានជីដាក់ដំណាំ និងថ្នាំសម្លាប់សត្វល្អិតជាដើម។ លោកអះអាងថា ទំនិញទាំងនេះពលរដ្ឋទិញសម្រាប់តែប្រើប្រចាំសប្ដាហ៍ ឬប្រចាំខែមិនមែនទិញសម្រាប់យកទៅលក់ដូរនោះទេ ហើយពេលប្រើអស់ទើបពួកគាត់ទៅទិញសាជាថ្មីទៀត៖ « គេហៅផ្សារណាត់មានតែថ្ងៃសុក្រទេ ហើយខែធ្វើស្រែពលរដ្ឋគាត់អាចចូលទៅទិញជីមកបានប្រហែល ៣ការ៉ុងអីទៅ ព្រោះគេឲ្យគោយន្តចូលទៅបាន ហើយកាលពីមុនគេឲ្យឡានចូលទៅបាន តែក្រោយមកគេឈប់ឲ្យចូលដោយសារពលរដ្ឋខ្លះបានបើកឡានចូលទៅឆ្ងាយហួសពីកន្លែងកំណត់ ហើយខាងថៃគេចាប់បានម្ដង ក៏ឈប់ឲ្យចូលតែម្ដង » ។
លោកបន្ថែមទៀតថា រដូវនេះមិនសូវអ្នកចូលទៅផ្សារថៃច្រើនដូចរដូវធ្វើស្រែ និងរដូវដាំដុះនោះទេ ព្រោះទំនិញមួយចំនួន ដូចជា ជី និងថ្នាំសម្លាប់សត្វល្អ មិនមានតម្រូវការច្រើនដូចកាលពីដើមរដូវវស្សានោះទេ។
មន្ត្រីសម្របសម្រួលសមាគមការពារសិទ្ធិមនុស្ស អាដហុក (Adhoc) ខេត្តបន្ទាយមានជ័យ លោក ស៊ុំ ច័ន្ទគា ដែលបានឆ្លងកាត់តំបន់ព្រំដែនស្រុកអូរជ្រៅនោះ លើកឡើងថា លោកភ្ញាក់ផ្អើលយ៉ាងខ្លាំងនៅពេលឃើញពលរដ្ឋរាប់រយនាក់សម្រុកឆ្លងដែនទៅទិញទំនិញនៅផ្សារថៃ ព្រោះនាំឲ្យខាតសេដ្ឋកិច្ចជាតិ ដោយសារពលរដ្ឋបានយកប្រាក់ទៅចាយវាយនៅក្រៅប្រទេស ដែលរបស់មួយចំនួនខ្មែរផលិតបានហើយលក់មិនសូវដាច់។ មន្ត្រីសង្គមស៊ីវិលរូបនេះ បន្ថែមទៀតថា នៅតាមព្រំដែនអាជ្ញាធរគួរតែមានផ្សារដែលអាចទាក់ទាញឲ្យជនជាតិថៃចូលមកទិញទំនិញខ្មែរឲ្យបានច្រើនទើបល្អ ព្រោះជួយឲ្យពលរដ្ឋនៅតាមព្រំដែនមានការងារធ្វើ និងធ្វើឲ្យសេដ្ឋកិច្ចមានការរីកចំរើន៖ « ថាតើខ្មែរយើងត្រូវធ្វើយ៉ាងណា ដើម្បីឲ្យអតិថិជនរបស់ខ្មែររក្សានៅក្នុងប្រទេសហើយមានទំនិញគ្រប់គ្រាន់ឲ្យពួកគាត់ទិញ ឬក៏យើងគ្រាន់តែបញ្ចេញសាច់ដុំអួតរឿងឈ្លោះគ្នាអួតរឿងវាយគ្នាទើបជាការប្រសើរ ? យើងគួរតែខ្មាសប្រទេសជិតខាងផង ព្រោះយើងគិតថាគ្រាន់តែជាទំនិញប៉ុន្តែការផលិតមិនមានធ្វើនៅក្នុងស្រុក ហើយប្រទេសមានសន្តិភាពជិត ៤០ឆ្នាំហើយ តើកម្ពុជារីកចម្រើនបានប៉ុណ្ណា មិនមែនយើងពឹងផ្អែកតែទំនិញរបស់គេហើយប្រទេសជិតខាងគេចំណេញកប់ក្ដោងទេ » ។
មេឃុំអូរបីជាន់លោក តុល សារិទ្ធ ឲ្យដឹងថា ផ្សារថៃដែលពលរដ្ឋទៅទិញទំនិញនេះមានចំងាយប្រមាណ ៤គីឡូម៉ត្រពីព្រំដែនខ្មែរ និងមានពលរដ្ឋប្រមាណ ៥០០នាក់ក្នុងមួយថ្ងៃចូលទៅទិញទំនិញក្នុងផ្សារនេះ។ លោកថា ពលរដ្ឋនៅឃុំអូរបីជាន់អាចជិះម៉ូតូ ឬបើកគោយន្តចូលទៅដល់ផ្សារដោយមិនបាច់មានសំបុត្រនោះទេ ហើយចំពោះពលរដ្ឋ ដែលមកពីតំបន់ផ្សេងត្រូវធ្វើសំបុត្រពីសាលាឃុំអូរបីជាន់ទើបអាចឆ្លងដែនទៅបាន៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
