ម៉ាឡេស៊ីគ្រោងវិនិយោគដាំដុះឫស្សីនៅកម្ពុជា
ក្រសួងកសិកម្ម មានផែនការជំរុញការដាំដើមឫស្សី នៅខេត្តចំនួន៩ ក្រោយពីបានចុះអនុស្សរណៈនៃការយោគយល់គ្នា (MOU) ជាមួយក្រុមហ៊ុនម៉ាឡេស៊ី ស្តីពីការអភិវឌ្ឍន៍ឫស្សីនៅកម្ពុជា។
កាសែតក្នុងស្រុក ផ្សាយកាលពីថ្ងៃព្រហស្បតិ៍ ទី៨ វិច្ឆិកា ឲ្យដឹងថា កិច្ចព្រមព្រៀងគ្នានេះ ធ្វើឡើងរវាងរដ្ឋមន្ត្រីក្រសួងកសិកម្ម លោក វេង សាខុន ជាមួយមូលនិធិច្នៃប្រឌិតសកល និងសហគ្រិនភាពនៃប្រទេសម៉ាឡេស៊ី នៅទីស្តីការក្រសួងកសិកម្ម កាលពីថ្ងៃទី៨ ខែវិច្ឆិកា។
លោក វេង សាខុន បញ្ជាក់ថា ក្រសួងកសិកម្មនឹងជំរុញឲ្យសហគមន៍ព្រៃឈើជាអ្នកដាំដុះឫស្សី ក្នុងគោលបំណងបង្កើនគម្របព្រៃឈើ និងបង្កើនចំណូលដល់សមាជិកនៃសហគមន៍ព្រៃឈើ តាមរយៈការលក់ឫស្សីដល់ក្រុមហ៊ុនម៉ាឡេស៊ី ដែលជាអ្នកប្រមូលទិញ ដើម្បីកែច្នៃដើមឫស្សីនោះ យកទៅធ្វើជាឧបករណ៍ សំភារៈប្រើប្រាស់នៅក្នុងផ្ទះ ក្នុងការិយាល័យ និងគ្រឿងសង្ហារិមផ្សេងៗ។ ចំពោះប្រជាពលរដ្ឋដែលមានធនធានឫស្សីវិញ ពួកគេនឹងបង្កើនប្រាក់ចំណូលសំរាប់គ្រួសារ ដោយកាត់បន្ថយការពឹងអាស្រ័យផល និងអនុផលព្រៃឈើ ការបរបាញ់ និងកាត់បន្ថយចំណាកស្រុក។
ក្រសួងកសិកម្មមានផែនការដាំឫស្សី នៅខេត្តក្រចេះ ស្ទឹងត្រែង មណ្ឌលគីរី រតនគីរី សៀមរាប ព្រះវិហារ ឧត្តរមានជ័យ បាត់ដំបង និងខេត្តកោះកុង៕