កសិករ​នៅ​ព្រំដែន​ខេត្ត​បាត់ដំបង​ត្អូញត្អែរ​ពី​តម្លៃផ្លែ​ស្វាយ​ចុះថោក​ដោយសារ​ថៃ​រឹត​បន្តឹង​ពន្ធ​

2018-05-08
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
កសិករ​កំពុង​ប្រមូល​ផល​ដំណាំ​ស្វាយ នៅ​ភូមិ​អង្គរ​បាន ឃុំ​អង្គរ​បាន ស្រុក​សំពៅលូន ខេត្ត​បាត់ដំបង។
កសិករ​កំពុង​ប្រមូល​ផល​ដំណាំ​ស្វាយ នៅ​ភូមិ​អង្គរ​បាន ឃុំ​អង្គរ​បាន ស្រុក​សំពៅលូន ខេត្ត​បាត់ដំបង។
រូបថត​​​ពលរដ្ឋ​​ផ្ដល់​​ឲ្យ ថត​ថ្ងៃ​ទី១៩ ខែ​មេសា ឆ្នាំ២០១៨។

ប្រជាកសិករ​នៅ​តំបន់​ព្រំដែន​ស្រុក​សំពៅលូន​ ខេត្ត​បាត់ដំបង ត្អូញត្អែរ​អំពី​តម្លៃ​ផ្លែ​ស្វាយ​ចុះថោក​ខ្លាំង​​ ធ្វើ​ឲ្យ​លក់​មិន​បាន​ប្រាក់​កម្រៃ​ដោះស្រាយ​ជីវភាព​គ្រួសារ​ប្រចាំ​ថ្ងៃ​ និង​សង​បំណុល​គេ ដែល​ពួក​គាត់​ខ្ចី​មក​ធ្វើ​អាជីវកម្ម​នោះ​ឡើយ។

កសិករ​លើក​ឡើង​ថា តម្លៃ​ផ្លែ​ស្វាយ​ចុះថោក​នេះ​ ដោយសារ​សមត្ថកិច្ច​ថៃ ​ប្រចាំ​នៅ​​ច្រកព្រំដែន​អន្តរជាតិ​ភ្នំដី បាន​យក​តម្លៃ​ពន្ធ​​ពី​ឈ្មួញ​ដឹក​កសិផល​របស់​ខ្មែរ​ច្រើន​​ជាង​ឆ្នាំ​មុន​​​ទ្វេដង។

ប្រជាកសិករ​នៅ​ស្រុក​សំពៅលូន​ លើក​ឡើង​ថា​ មូលហេតុ​ដែល​​ផ្លែ​ស្វាយ​កែវ​រមៀត​ចុះថោក​នេះ​ដោយសារ​គ្មាន​ទីផ្សារ​សម្រាប់​លក់​កសិផល​ ក្រៅ​អំពី​​ពឹងផ្អែក​ទៅ​​លើ​ទីផ្សារ​នៅ​ប្រទេស​ថៃ។ អ្នក​ភូមិ​អះអាង​ទៀត​ថា តម្លៃ​ស្វាយ​នឹង​បាន​ប្រសើរ​ឡើង​ជាង​ពេល​បច្ចុប្បន្ន​​​ ប្រសិន​អាជ្ញាធរ​ខ្មែរ​ជួយ​សម្រួល​ជា​មួយ​សមត្ថកិច្ច​ថៃ​ប្រចាំ​ច្រក​ព្រំដែន​នោះ។

កសិករ​ម្នាក់​នៅ​ភូមិ​អូរដា ឃុំ​ចក្រី ស្រុក​ភ្នំព្រឹក លោក ច្រឹក គីម៉េង ថ្លែង​ថា លោក​ដាំ​ស្វាយ​កែវ​រមៀត​ជាង ៤ហិកតារ ហើយ​ចំណាយ​អស់​ដើម​ទុន​ប្រហែល ១៥​លាន​រៀល (១៥.០០០.០០០)។ កសិករ​រូប​នេះ​អះអាង​ទៀត​ថា ក្នុង​នោះ​ថវិកា​ប្រមាណ ៦០​ភាគរយ​លោក​ខ្ចី​ពី​ស្ថាប័ន​មីក្រូហិរញ្ញវត្ថុ ដោយ​ធានា​នឹង​សង​គេ​វិញ​នៅ​ពេល​ប្រមូល​ផល​រួច។ ប៉ុន្តែ​លោក​ច្រឹក គីម៉េង​បន្ថែម​ថា ស្វាយ​ឆ្នាំ​នេះ​ហុច​ផល​ល្អ​ដែល​​អាច​លក់​បាន​ប្រាក់​កម្រៃ​ខ្លះ​ប្រសិន​បើ​តម្លៃ​សមរម្យ​ដូច​ឆ្នាំ​កន្លង​ទៅ​ ដែល​ស្វាយ​មួយ​គីឡូក្រាម​តម្លៃ​ពី ៨០០ ​ទៅ​ ១ពាន់​រៀល​នោះ ផ្ទុយ​ទៅ​វិញ​នៅ​ពេល​ប្រមូល​ផល​ស្រាប់​តែ​ផ្លែ​ស្វាយ​ធ្លាក់​មក​នៅ​ពី​៣០០ ទៅ​ ៤០០​រៀល​ក្នុង​មួយ​គីឡូក្រាម​ទៅវិញ ហើយ​តម្លៃ​នេះ​លក់​មិន​បាន​ប្រាក់​កម្រៃ​សង​ស្ថាប័ន​មីក្រូហិរញ្ញវត្ថុ​នោះ​ទេ៖ «មួយគីឡូ ៣០០​រៀល​អត់​ចំណេញ​ទេ ព្រោះ​ចំណាយ​អស់​ដើម​ច្រើន បើ​បាន ៥០០​រៀល​គ្រាន់​បាន​ចំណេញ​ខ្លះ​ តែ​ក៏​មិន​បាន​អី​ប៉ុន្មាន​ដែរ​ ព្រោះ​ដំណាំ​នេះ​នៅ​ខែ​វស្សា​ត្រូវ​ការ​ថែទាំ​វា​ខ្លាំង​ ដូច​ជា​ដាក់ជី​និង​បាញ់ថ្នាំ​លាង​ទឹក​ភ្លៀង​ជា​ដើម»

លោក ច្រឹក គី​ម៉េង បន្ថែម​ទៀត​ថា​ មូលហេតុ​ដែល​តម្លៃ​ស្វាយ​ចុះ​ថោក មិន​សូវ​មាន​ឈ្មួញ​ទិញ​ ព្រោះ​ឈ្មួញ​មួយ​ចំនួន​បាន​បោះបង់​មុខ​របរ ដោយសារ​សមត្ថកិច្ច​ថៃ​ប្រចាំ​ច្រក​ព្រំដែន​អន្តរជាតិ​ភ្នំដី ឬ​ហៅ​ច្រក​គីឡូ ១៣ ​ក្នុង​ស្រុក​សំពៅ​លូន​រឹត​បន្តឹង​ពន្ធ​ខ្ពស់​ហួសហេតុ ធ្វើ​ឲ្យ​ពួកគេ​យក​ទៅ​លក់​មិន​បាន​ប្រាក់​ចំណេញ​ ហើយ​ក៏​បោះបង់​អាជីព​នេះ​ចោល​តែ​ម្ដង។

ឈ្មួញ​ទិញ​ស្វាយ​ស្រុក​នៅ​សំពៅ​​លូន​លោក​ទៀ គឹមសេង មាន​ប្រសាសន៍​ថា លោក​ប្រមូល​ទិញ​ស្វាយ​ពី​កសិករ​លក់​ជា​រៀង​រាល់​ឆ្នាំ​ ហើយ​លោក​បាន​បោះបង់​មុខ​របរ​មួយ​នេះ​ចោល​ប្រមាណ​មួយ​សប្ដាហ៍​កន្លែង​ទៅ។ លោក ទៀ គឹម​សេង អះអាង​ទៀត​ថា មូលហេតុ​ដែល​លោក​មិន​ប្រកប​មុខ​របរ​នេះ​ទៀត ដោយសារ​ចាប់​ពី​ពង្រីក​ច្រក​របៀង​ភ្នំដី​ទៅ​ច្រក​ទ្វារ​ព្រំដែន​អន្តរជាតិ ​កាល​ដើម​ខែ​មេសា ​ឆ្នាំ​២០១៨​មក​ ខាង​សមត្ថកិច្ច​ថៃ​ប្រចាំ​ច្រក​ព្រំដែន​មួយ​នេះ​បាន​យក​ពន្ធ​លើ​ការ​នាំ​ផ្លែ​ស្វាយ​ទៅ​លក់​នៅ​ប្រទេស​ថៃ​តម្លៃ​ខ្ពស់​ជាង​ទ្វេដង បើ​ធៀប​នឹង​ឆ្នាំ​កន្លង​ទៅ​ដែល​មិន​ទាន់​បើ​ពង្រីក​ច្រក​ព្រំដែន​អន្តរជាតិ ដែល​បង់​ពន្ធ ២៥០​រៀល​ក្នុង​មួយ​គីឡូក្រាម​ ចំណែក​កាល​ពី​ឆ្នាំ​កន្លង​ទៅ​ប្រមាណ ៥០​រៀល​ក្នុង​មួយ​គីឡូក្រាម​ប៉ុណ្ណោះ៖ «ទំនិញ​ខាង​ថៃ​ស្អី​ក៏​ចេញ​បាន​ដែរ​ តែ​របស់​ខ្មែរ​គេ​មិន​ឲ្យ​ចេញ​ទៅ​លក់​នៅ​ស្រុក​គេ​ទេ ហើយ​កន្លង​មក​ខាង​អភិបាល​ស្រុក​និង​សមត្ថកិច្ច​ព្រំដែន​បាន​ទៅ​ប្រជុំ​ជា​មួយ​ថៃ​ដែរ​​ តែ​នៅ​ពេល​ខាង​ថៃ​គេ​ពន្យល់​មក​អាជ្ញាធរ​ខ្មែរ​យើង​ដូច​អត់​មាន​តវ៉ា​នឹង​ភាគី​ថៃ​ទេ។ ខ្ញុំ​យល់ឃើញ​ថា​មន្ត្រី​ព្រំដែន​ខ្មែរ​ដូច​ធ្វើ​បាប​កសិករ​ខ្មែរ​ពេក​ហើយ ព្រោះ​ពួកគាត់​មិន​ជួយ​តវ៉ា​ឲ្យ​ប្រជាកសិករ​ខ្មែរ»

លោក​ទៀ គឹម​សេង​បន្ថែម​ទៀត​ថា កាល​បុណ្យ​ចូលឆ្នាំ​ខ្មែរ​រួច​​លោក​គ្រោង​ធ្វើ​បាតុកម្ម​តវ៉ា​នៅ​មុខ​ច្រក​ទ្វារ​ព្រំដែន​មួយ​នេះ​ម្ដង​ហើយ​ ប៉ុន្តែ​អធិការ​នគរបាល​ស្រុក​ភ្នំព្រឹក​បាន​ទូរស័ព្ទ​​​ហៅ​លោក​ព្រមទាំង​តំណាង​កសិករ​មួយ​ចំនួន​ទៀត​ទៅ​ជួប​ពិភាក្សា​ហាម​​មិន​ឲ្យ​ធ្វើ​បាតុកម្ម​នោះ​ទេ​ ដោយ​សមត្ថកិច្ច​​​លើក​ឡើង​​ថា​ ការ​ធ្វើ​បាតុកម្ម​នាំ​ឲ្យ​មាន​ភាព​អនាធិបតេយ្យ នៅ​ច្រក​ព្រំដែន​ ម្យ៉ាង​ទៀត​​អាជ្ញាធរ​នឹង​បង្ក្រាប​ទៅ​លើ​អ្នក​ដែល​ធ្វើ​បាតុកម្ម​នោះ ហើយ​អាច​នឹង​ប្រឈម​ជាប់​គុក​​ទៀត​ផង។ ដូច្នេះ​លោក​ថា ​ក្រុម​កសិករ​នាំ​គ្នា​​​លុប​គម្រោង​ធ្វើ​បាតុកម្ម​នេះ​ចោល​ភ្លាមៗ។ ចំណែក​ឯ​រូប​​លោក​ក៏​ឈប់​ប្រកប​​របរ​ទិញ​ផ្លែ​ស្វាយ​នេះ​ដែរ​ ហើយ​ងាក​ទៅ​ប្រកប​របរ​ផ្សេង​វិញ​រហូត​មក​ទល់​សព្វ​ថ្ងៃ។

អាស៊ី​សេរី​ពុំ​អាច​ទាក់ទង​អធិការ​នគរបាល​ស្រុក​សំពៅ​លូន​ ដើម្បី​សុំ​អត្ថាធិប្បាយ​ជុំ​វិញ​បញ្ហា​នេះ​បាន​ទេ​នៅ​ថ្ងៃ​ទី​៧ ឧសភា។​

អភិបាល​ស្រុក​សំពៅ​លូន លោក ងាវ ប៊ុនយាង ទទួល​ស្គាល់​ថា ​ផ្លែ​ស្វាយ​កែវ​រមៀត​ពិតជា​ចុះថោក​ជាង​ឆ្នាំ​មុន​ៗ ប្រាកដ​មែន។ ប៉ុន្តែ​លោក​អះអាង​ថា អាជ្ញាធរ​បាន​ទាក់ទង​ទៅ​ខាង​ភាគី​ថៃ ​ដើម្បី​ឲ្យ​បន្ធូរបន្ថយ​ដល់​ការ​នាំ​ចេញ​កសិផល​របស់​កសិករ​ទៅ​លក់​នៅ​ប្រទេស​ថៃ​ដែរ តែ​មិន​ទទួល​បាន​លទ្ធផល​ទេ​ ដោយ​​ខាង​ថៃ​គេ​អនុវត្តន៍​ទៅ​តាម​ច្បាប់​របស់​ប្រទេស​គេ៖ «បើ​តាម​ប្រជាកសិករ​គាត់​លក់​និង​ទិញ​ដល់​កន្លែង​តែ​ម្ដង​មាន​តម្លៃ​៥០០​រៀល​និង​៣០០​រៀល​ដែរ​ ទៅ​តាម​គុណភាព​ស្វាយ។ បាទ​រឿង​តម្លៃ​នេះ​វា​អាច​ពាក់ព័ន្ធ​នឹង​ការ​យក​ពន្ធ​នឹង​ដែរ ប៉ុន្តែ​យើង​បាន​សម្របសម្រួល​ជា​មួយ​គេ​ហើយ​ គេ​ថា​ទី​មួយ​​យើង​ត្រូវ​មាន​ឯកសារ​បំពេញ​ខ្លះ​ទៅ​ដើម្បី​បាន​ទិញ​ពី​កសិករ​តម្លៃ​ខ្ពស់​វិញ​ ប៉ុន្តែ​ស្វាយ​យើង​វា​តិច​តួច​អត់​គ្រប់​គ្រាន់​ក្នុង​ការ​ធ្វើ​លិខិត​ស្នាម​ដើម្បី​ចូល​ទៅ​លក់​នៅ​ថៃ»

កសិករ​ដាំ​ស្វាយ​នៅ​ឃុំ​ចក្រី​ម្នាក់​ទៀត​ អះអាង​ថា សព្វ​ថ្ងៃ​លោក​និង​កសិករ​នៅ​តំបន់​ព្រំដែន​​បង្ខំ​ចិត្ត​​បេះ​ស្វាយ​លក់​ក្នុង​តម្លៃ​ថោក​មួយ​គីឡូក្រាម​ ៣០០​រៀល​ ដើម្បី​បាន​ប្រាក់​យក​ទៅ​សង​ស្ថាប័ន​មីក្រូហិរញ្ញវត្ថុ​បាន​ខ្លះ​ ប្រសើរ​ជាង​ទុក​ស្វាយ​ឲ្យ​ជ្រុះ​ចោល​ឥត​ប្រយោជន៍។ កសិករ​រូប​នេះ​បន្ថែម​ទៀត​ថា ប្រមាណ ២សប្ដាហ៍​ទៀត ទិន្នផល​ស្វាយ​នៅ​តំបន់​ព្រំដែន​ទើប​ប្រមូល​ផល​​អស់ ហើយ​បច្ចុប្បន្ន​កសិករ​សម្រុក​ប្រមូល​ផល​ស្វាយ​ ដើម្បី​យក​ទៅ​លក់​ឲ្យ​ឈ្មួញ​នាំ​ចេញ​ទៅ​ប្រទេស​ថៃ៖ «មាន​តែ​ជំពាក់​គេ​នឹង​ឯង​ដើម្បី​សង​ការ​ប្រាក់​គេ​វិញ​ប្រចាំ​ខែ​ទៅ​​។បើ​និយាយ​ទៅ​ស្វាយ​ល្អ​ ហើយ​គ្រប់គ្នា​នឹង​ខាង​នេះ​ បើ​កាល​មុន​ចូលឆ្នាំ​ខ្មែរ​បាន​ថ្លៃ​គ្រាន់​បើ​ដែរ​ ដល់​ចូល​ឆ្នាំ​ហើយ​ចុះ​ខ្លាំង​តែ​ម្ដង។ ស្វាយ​ពួក​ខ្ញុំ​នេះ​ឈ្មួញ​គេ​ទិញ​យក​ទៅ​លក់​នៅ​ថៃ​ចូល​តាម​ច្រក​ភ្នំដី​ ហើយ​បើ​តាម​ខ្ញុំ​សួរ​ទៅ​ឈ្មួញ​គាត់​ខាង​ថៃ​មិន​សូវ​ទិញ​ព្រោះ​ជា​រដូវ​ស្វាយ​នៅ​ស្រុក​គេ​ដែរ»

ប្រធាន​សម្ព័ន្ធ​សហគមន៍​កសិករ​កម្ពុជា​ លោក ថេង សាវឿន កត់សំគាល់​ថា​ ​នៅ​ពេល​ដល់​រដូវ​ប្រមូល​ផល​ម្ដងៗ គឺ​ដំណាំ​កសិផល​​របស់​ប្រជាកសិករ​គ្រប់​ប្រភេទ តែង​តែ​ជួប​បញ្ហា​រឿង​​តម្លៃ​ចុះថោក​ជា​រៀងរាល់​ឆ្នាំ។ លោក​អះអាង​ទៀត​ថា​ មូលហេតុ​ដែល​​តម្លៃ​កសិផល​ចុះថោក​មិន​ឈប់​ឈរ​នេះ​​ គឺ​ដោយសារ​ប្រព័ន្ធ​​រៀប​ចំ​ដំណោះ​ស្រាយ​នៅ​​ថ្នាក់​ជាតិ​មិន​ទាន់​បាន​ដំណើរ​​ល្អ​ប្រសើរ សម្រាប់​ជួយ​ដល់​កសិករ៖ «ហើយ​មួយ​វិញ​ទៀត​ការ​កែច្នៃ​ស្វាយ​និង​ផលិត​កសិផល​កសិកម្ម​នឹង​គឺ​ប្រទេស​យើង​មាន​តិចតួច​ណាស់​ ជា​ពិសេស​កសិករ​គាត់​មិន​មាន​រោងចក្រ​ក៏​ដូច​ជា​មិន​មាន​ថវិកា​គ្រប់គ្រាន់​ទិញ​ឧបករណ៍​សម្រាប់​ធ្វើ​ឧបករណ៍​កែច្នៃ​កសិផល​ទុក​រយៈ​ពេល​វែង។ ដូច្នេះ​កសិករ​ត្រូវ​បង្ខំចិត្ត​លក់​ក្នុង​តម្លៃ​ថោក​ដើម្បី​​ប្រមូល​បាន​ធនធាន​ និង​ថវិកា​ខ្លះ​ៗ​សម្រាប់​ដោះ​បំណុល​ដែល​ពួកគាត់​បាន​ខ្ចី​គេ»

តម្លៃ​ផ្លែ​ស្វាយ​បាន​ចុះ​ថោក​ខ្លាំង​ចាប់​ពី​ចុង​ខែ​កុម្ភៈ​រហូត​មក។កសិករ​អះអាង​ថា​តម្លៃ​ស្វាយ​ដែល​ពួក​គាត់​លក់​បាន​ប្រាក់​កម្រៃ​ខ្លះ​ ​ចាប់​ពី ​៨០០​រៀល​ក្នុង​មួយ​គីឡូក្រាម​ឡើង​ទៅ។

អភិបាល​ស្រុក​សំពៅ​លូន​ លោក ងាវ ប៊ុនយាង​ ឲ្យ​ដឹង​ថា ដំណាំ​ស្វាយ​នៅ​ស្រុក​ដែល​លោក​គ្រប់គ្រង​មាន​ជាង​មួយ​ពាន់​ហិកតារ ក្នុង​នោះ​ស្វាយ​ដែល​កសិករ​​កំពុង​ប្រមូល​ផល​មាន​មិន​តិច​ជាង​ ២០០​ហិកតារ​នោះ​ទេ។ ប្រជាកសិករ​នៅ​ស្រុក​ជាប់​ព្រំដែន​ថៃ​ដែល​និយម​ដាំ​ស្វាយ​រួម​មាន​​ស្រុក​ភ្នំព្រឹក​ សំពៅ​លូន​ ស្រុក​កំរៀង​ និង​ស្រុក​សំឡូត​ ដែល​​មាន​ផ្ទៃ​ដី​រាប់ពាន់​ហិកតារ ចំណែក​នៅ​ខេត្ត​ប៉ៃលិន ក៏​មាន​កសិករ​ដាំដំណាំមួយ​នេះ​ជាច្រើន​គ្រួសារ​ដែរ​ ហើយ​មាន​ផ្ទៃដី​​ប្រមាណ ​៣ពាន់ ​៥០០​ហិកតារ ដែល​ភាគ​ច្រើន​ជា​ស្វាយ​កែវ​រមៀត ក្នុង​នោះ​​​ស្វាយ​ដែល​កំពុង​ហុច​ផល​​មាន​ប្រហែល​២ពាន់​ហិកតារ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (0)
Share
គេហទំព័រ​ទាំងមូល