ធនាគារ​ជាតិ​ចេញ​សារាចរ​ឱ្យ​ពន្យារពេល​សង​បណ្ដោះអាសន្ន​ដល់​អ្នក​រង​ផល​ប៉ះពាល់​ដោយសារ​កូវីដ

0:00 / 0:00

ធនាគារ​ជាតិ​នៃ​កម្ពុជា បាន​ដាក់​ចេញ​វិធានការ​មួយ​ចំនួន​ណែនាំ​ឱ្យ​ស្ថាប័ន​ធនាគារ និង​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ អនុវត្ត​ឥណទាន​រៀបចំ​ឡើងវិញ ឬ​ពន្យារពេល​សង​បណ្ដោះអាសន្ន ដើម្បី​សម្រាល​ការ​លំបាក​ដល់​ពលរដ្ឋ ដែល​ធ្លាក់​ចុះ​ប្រភព​ចំណូល​។ ខ្លឹមសារ​សារាចរ​ផ្ដោត​សំខាន់ រក្សា​ស្ថិរភាព​ហិរញ្ញវត្ថុ និង​គាំទ្រ​សកម្មភាព​សេដ្ឋកិច្ច ក្នុង​អំឡុង​ពលរដ្ឋ​ជួប​វិបត្តិ​ជំងឺ​រលាក​ផ្លូវ​ដង្ហើម​កូ​វីដ​-១៩​។ មន្ត្រី​សង្គម​ស៊ីវិល​ជំរុញ ឱ្យ​រដ្ឋាភិបាល​ពិនិត្យ និង​ដោះស្រាយ​បញ្ហា​នេះ ឱ្យ​បាន​ច្បាស់លាស់ ចំពោះ​អ្នក​ដែល​រង​ផល​ប៉ះពាល់​ជាក់ស្ដែង។

ទេសាភិបាល​ធនាគារ​ជាតិ​នៃ​កម្ពុជា លោក ជា ចាន់តូ បាន​ណែនាំ​ឱ្យ ស្ថាប័ន​ធនាគារ និង​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ ត្រូវ​រៀបចំ​ឥណទាន​ឡើងវិញ ឬ​ពន្យារពេល​សង​បណ្ដោះអាសន្ន ក្នុងអំឡុងពេល​មាន​វិបត្តិ​ជំងឺ​កូ​វីដ​-១៩​។ លោក​ជំរុញ​ឱ្យ​គ្រឹះស្ថាន​ធនាគារ និង​ហិរញ្ញវត្ថុ​យកចិត្តទុកដាក់​ចំពោះ​អតិថិជន​ដែល​រង​ផល​ប៉ះពាល់​ជាក់ស្ដែង​ក្នុង​វិស័យ​ចំនួន​៤ រួមមាន​៖ ទេសចរណ៍ វិស័យ​កាត់ដេរ វិស័យ​សំណង់ និង​វិស័យ​ដឹកជញ្ជូន។

ខ្លឹមសារ​សារាចរ ផ្សាយ​កាលពី​ថ្ងៃ​ទី២៧ មីនា បញ្ជាក់​ថា គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ និង​ធនាគារ ត្រូវ​កំណត់​ឱ្យ​ច្បាស់ ចំពោះ​អតិថិជន​កំពុង​ជួប​ការ​​លំបាក​ផ្នែក​ហិរញ្ញវត្ថុ​មុន​ពេល​ផ្តល់​ការ​អនុគ្រោះ ហើយ​ការ​រៀបចំ​ឥណទាន​ឡើងវិញ ឬ​ពន្យារពេល​សង​បណ្ដោះអាសន្ន​នេះ ត្រូវ​ផ្តល់​ជូន​អតិថិជន​ណា ដែល​ទូទាត់​សង​ការប្រាក់ ឬ​/​និង​ប្រាក់​ដើម មិន​លើស​ពី​៣០​ថ្ងៃ (​ប្រភេទ​ឥណទាន​ដំណើរការ​) ។ លើស​ពី​នេះ អតិថិជន​ជួបប្រទះ​ការ​លំបាក​ផ្នែក​ហិរញ្ញវត្ថុ និង​ការ​ទូទាត់​សង​តែ​ក្នុង​រយៈពេល​បណ្ដោះអាសន្ន​ប៉ុណ្ណោះ ដែល​មាន​សុពលភាព​ត្រឹម​ថ្ងៃ​ទី​៣១ ខែ​ធ្នូ ឆ្នាំ​២០២០។

ប្រធាន​សមាគម​មីក្រូហិរញ្ញវត្ថុ លោក ផល វ៉ាន់ឌី មិន​ទាន់​អធិប្បាយ​ករណី​នេះ​បាន​ភ្លាមៗ​នោះ​ទេ ដោយ​លោក​ជំរុញ​ឱ្យ​អាស៊ីសេរី​ផ្ញើ​សំណួរ​មក​លោក ហើយ​សមាគម​របស់​លោក នឹង​ផ្ញើ​ចម្លើយ​ទៅវិញ ក៏ប៉ុន្តែ​រហូតដល់​ល្ងាច ថ្ងៃទី ២៨ ខែមីនា លោក​នៅ​មិនទាន់​ឆ្លើយ​សំណួរ​របស់​អាស៊ីសេរី​នៅឡើយ​ទេ​។ តែ​យ៉ាងណា លោក វ៉ាន់ឌី ធ្លាប់​ប្រាប់​អាស៊ីសេរី​ថា សមាគម​មីក្រូហិរញ្ញវត្ថុ និង សមាគម​ធនាគារ គាំទ្រ​សេចក្ដីថ្លែងការណ៍​របស់​រដ្ឋាភិបាល​ក្នុងការ​អនុវត្ត វិធានការ​ទប់ទល់​នឹង​ផល​ប៉ះពាល់​សេដ្ឋកិច្ច និង​សង្គម ដែល​កើត​ចេញ​មកពី វិបត្តិ​ជំងឺ​កូវីដ១៩ (COVID-19) ។ លោក​ថា សមាគម​បាន​ស្នើ​ឱ្យ​សមាជិក​របស់​ខ្លួន គប្បី​រក្សា​ភាព​ទន់ភ្លន់ និង​ពិនិត្យ​តាម​លទ្ធភាព​ជាក់ស្ដែង​ក្នុង​ការ​ដោះស្រាយ​បំណុល​យឺតយ៉ាវ ដែល​បណ្ដាល​មកពី​ផល​ប៉ះពាល់​នៃ​ជំងឺ​នេះ៖ «សមាគម​នឹង​មាន​កិច្ចប្រជុំ​ជាមួយ​សមាជិក​យើង​បន្ថែម​ទៀត​អំពី លទ្ធភាព​ចាំបាច់ ប្រឹង​ឱ្យ​អស់​លទ្ធភាព​ក្នុង​ការ​អនុវត្ត​កិច្ចការ​នេះ​ដោយ ស្មារតី​យោគយល់​ចំពោះ​អតិថិជន​ដែល​រង​ផល​ប៉ះពាល់»។

ពលរដ្ឋ​រស់នៅ​ខេត្ត​សៀមរាប លោក ប៉ក់ ថូរ សាទរ នៅ​ពេល​រដ្ឋាភិបាល​ចាត់វិធានការ​ដោះស្រាយ​រឿ​ងនេះ ក៏ប៉ុន្តែ​លោក​អំពាវនាវ​ឱ្យ​រដ្ឋាភិបាល​មាន​យន្តការ​តាមដាន និង​ដោះស្រាយ​ការអនុវត្ត​ជាក់ស្ដែង​ឱ្យ​ច្បាស់លាស់​។ លោក​ថា ក្រោយពី​ផ្ទុះ​ជំងឺ​កូវីដ​១៩ ភ្ញៀវ​ទេសចរ​ក្នុង​ខេត្ត​សៀមរាប បាន​ផ្ដើម​ស្ងប់ស្ងាត់​ពុំ​ធ្លាប់​មាន ធ្វើ​ឱ្យ​ជី​ភាព​ពលរដ្ឋ​ធ្លាក់​ចុះ​ខ្លាំង ពលរដ្ឋ​រាប់​ពាន់​នាក់​បាត់បង់​ការងារ​ធ្វើ និង​គ្មាន​ប្រាក់​សង​ម្ចាស់​បំណុល​៖ «បាត់បង់​ចំណូល​ទាំងស្រុង ខាង​ផ្នែក​វិស័យ​ទេសចរណ៍ ការ​ដឹកជញ្ជូន​ភ្ញៀវ​ទេសចរ គឺ​មិន​អាច​រកចំណូល​បាន​ទេ​។ អ៊ីចឹង​ខ្ញុំ ទទួលរង​ផល​ប៉ះពាល់​ធ្ងន់ធ្ងរ​ណាស់ ទី​១ គ្មាន​ប្រាក់ចំណូល ទី​២ ខ្វះខាត​ការ​ចំណាយ​ការទិញ​ស្បៀង​អាហារ​ហូប​ប្រចាំថ្ងៃ ទី​៣ បញ្ហា​ប្រឈម​ធំ​បំផុត គឺ​អត់​មាន​ថវិកា​ក្នុង​ការ​បង​សង​ទៅ​គ្រឹះស្ថាន​ទៅ​មីក្រូហិរញ្ញវត្ថុ​ឯកជន​មួយ ដែល​ខ្ញុំ​បាន​ខ្ចី​ហ្នឹង»។​

ប្រធាន​មជ្ឈមណ្ឌល​ប្រជាពលរដ្ឋ ដើម្បី​អភិវឌ្ឍន៍ និង​សន្តិភាព លោក យង់ គិមអេង ចាត់​ទុក​វិធានការ​នេះ​ជា​រឿង​ល្អ ដើម្បី​សម្រាល​ការ​លំបាក​របស់​ពលរដ្ឋ​ដែល​កំពុង​ជួប​វិបត្តិ​សេដ្ឋកិច្ច​ជា​ប្រព័ន្ធ​នេះ ប៉ុន្តែ​លោក​ជំរុញ​ស្ថាប័ន​ពាក់ព័ន្ធ​របស់​រដ្ឋាភិបាល គួរ​មាន​យន្តការ​តាមដាន ត្រួតពិនិត្យ ចំពោះ​ការអនុវត្ត​ជាក់ស្ដែង​ឱ្យ​បាន​ឌិត​ដល់។ លោក​ថា រដ្ឋាភិបាល​គួរតែ​ប្រើ​លេខ​ទូរស័ព្ទ​ពិសេស សម្រាប់​អន្តរាគមន៍ ដើម្បី​ជួយ​ដោះស្រាយ​បញ្ហា​បន្ទាន់​ជូន​ពលរដ្ឋ ក្នុង​ករណី​ដែល​ស្ថាប័ន​ផ្តល់​ប្រាក់​កម្ចី​ណាមួយ មិន​អនុវត្ត​សារាចរ​នេះ​៖ «ពន្យារ​ពេលនេះ វា​មាន​លក្ខណៈ​ល្អ​ប្រសើរ​មួយ ប៉ុន្តែ​ខ្ញុំ​នៅ​បារម្ភ​ថា តើ​ការអនុវត្ត​យ៉ាងម៉េច​ដែរ​ ? នេះ​ជា​ការ​រឿង​សំខាន់ ប្រសិនជា​មីក្រូហិរញ្ញវត្ថុ​មួយ​ចំនួន មិន​អនុវត្ត​ប្រសើរ​ទេ អាហ្នឹង​ធ្វើ​ឱ្យ​កើតមាន​ទំនាស់​។ បញ្ហា​ហ្នឹង​ត្រូវ​មាន​វិធានការ​ត្រួតពិនិត្យ​ឱ្យ​បាន​ច្បាស់លាស់»។

អគ្គនាយក​បច្ចេកទេស​នៃ​ធនាគារ​ជាតិ អ្នកស្រី ជា សិរី បាន​ថ្លែង​ក្នុង​ទំព័រ​ហ្វេសបុក​របស់​ខ្លួន​កាល​ពី​ថ្ងៃ​ទី ១៨ ខែ​មីនា​ថា ការ​ទាមទា​ឱ្យ​មាន​វិធានការ​ទូទៅ​ដោយ​មិន​រើសមុខ ក្នុង​ការ​ពន្យារ​ពេល យក​ការប្រាក់ ឬ​ប្រាក់​ដើម ក៏​មិន​អាច​ធ្វើ​បាន​ដែរ ព្រោះ​ត្រូវ​ចំណាយ​ធនធាន​ធំ​ណាស់​ដើម្បី​ធ្វើ​ការងារ​នេះ​។ ទន្ទឹម​នឹង​នេះ ធនាគារ​ទទួល​ប្រាក់​បញ្ញើ​ពី​សាធារណជន រួចហើយ​យក​ប្រាក់​នោះ​ឱ្យ អតិថិជន​ខ្ចី​បន្ត​។ លោកស្រី​បន្ថែមថា ប្រសិនបើ​វិបត្តិ​នេះ​អូស​បន្លាយពេល ធនាគារ​នឹង​ជួយ​អ្នក​ដែល​ជួប​បញ្ហា​ពិតប្រាកដ និង​ធ្ងន់ធ្ងរ ព្រោះ​ធនាគារ​ក៏​មាន​ធនធាន​មាន​កម្រិត​ដែរ​។ លោកស្រី​បញ្ជាក់​ថា ប្រសិនបើ អតិថិជន​ណាមួយ​ជួប​វិបត្តិ​ពិតប្រាកដ ដោយសារ​ជំងឺ​កូ​វីដ​-១៩ នោះ ពួកគេ​នឹង​ជួយ លើស​ពី​ការ​ស្នើ​របស់​អាជ្ញាធរ​រដ្ឋាភិបាល។ ក៏ប៉ុន្តែ​ប្រសិនបើ ក្រុមហ៊ុន និង​អតិថិជន ជួប​បញ្ហា​នៅមុន​ពេល​ជំងឺ​កូវីដ-១៩ វាយលុក ធនាគារ​ក៏​មិន​ស្រោចស្រង់​រួច​ដែរ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។