កម្ពុជាស្នើឲ្យបារាំងពិនិត្យឡើងវិញចំពោះការប្រឆាំងការនាំអង្ករកម្ពុជាទៅលក់នៅទីផ្សារអឺរ៉ុប។កាសែតគាំទ្ររបបលោក ហ៊ុន សែន សរសេរកាលពីថ្ងៃទី១៨ ធ្នូ ថា សំណើនេះធ្វើឡើងក្នុងជំនួបមួយរវាងលោក ហោ ណាំហុង ឧបនាយករដ្ឋមន្ដ្រី ជាមួយអនុប្រធានរដ្ឋសភាបារាំង លោក ស៊ីសវ៉ាំង វ៉ាសឺម៉ង់ (SYLVAIN WAERMAN) នៅរាជធានីភ្នំពេញ។ ក្នុងជំនួបនោះលោក ហោ ណាំហុង បានស្នើសុំឲ្យភាគីបារាំងពិចារណាឡើងវិញចំពោះការបោះឆ្នោតយល់ព្រមជាមួយបណ្ដាលប្រទេសនៃសហភាពអឺរ៉ុប ១៨ទៀត ដែលបានបោះឆ្នោតប្រឆាំងការនាំអង្ករកម្ពុជាទៅលក់នៅទីផ្សារអឺរ៉ុប។
គម្រោងដកការលើកលែងពន្ធចំពោះអង្ករកម្ពុជានេះ ក្រោយពីប្រទេសអ៊ីតាលី និងប្រទេសអេស្ប៉ាញ ដែលជាសមាជិកនៃសហភាពអឺរ៉ុប ក៏បានតវ៉ាថា អង្ករកម្ពុជាដែលនាំចូលដោយមិនមានយកពន្ធទៅ EU បានធ្វើឲ្យប៉ះពាល់ទៅដល់ទីផ្សារ និងផលិតកម្មស្រូវ នៅប្រទេសរបស់ពួកគេ។
កាសែតគាំទ្រលោក ហ៊ុន សែន ដកស្រង់សម្ដី លោក ហោ ណាំហុង ថា ប្រទេសអ៊ីតាលី និងប្រទេសអេស្ប៉ាញ ជាប្រទេសដែលលក់អង្ករនៅក្នុងសហគមន៍អឺរ៉ុប ប្រជែងជាមួយអង្កររបស់កម្ពុជា ដូច្នេះហើយទើបប្រទេសទាំងពីរនេះស្នើឲ្យសហគមន៍អឺរ៉ុប ហាមមិនឲ្យអង្ករកម្ពុជាដាក់លក់នៅក្នុងសហគមន៍អឺរ៉ុបនោះទេ។
ក្រុមប្រទេសទាំង២៨ ដែលជាសមាជិករបស់សហភាពអឺរ៉ុប កាលពីដើមខែធ្នូ បានបរាជ័យបោះឆ្នោតផ្អែកតាមមតិភាគច្រើន ក្នុងការអនុម័តលើ «វិធានការណ៍ការពារ» ដែលជាសំណើរបស់ប្រទេសអ៊ីតាលី ឲ្យសហភាពអឺរ៉ុបគិតពន្ធលើអង្ករនាំចូលពីកម្ពុជា។
គណៈកម្មការអឺរ៉ុប នឹងធ្វើសេចក្ដីសម្រេចចុងក្រោយនៅមុនដំណាច់ឆ្នាំ ២០១៨ នេះ ពីការត្រូវគិតពន្ធនាំអង្ករចូលពីកម្ពុជា ក្រោយពីមានសំណើពីប្រទេសអ៊ីតាលី។
ក្នុងរយៈពេល ១០ខែ ឆ្នាំ២០១៨នេះ កម្ពុជាបាននាំចេញអង្ករចំនួន ជាង៤៣ម៉ឺនតោន ក្នុងនោះប្រភេទអង្ករក្រអូបមានជិត ៨០ភាគរយ ហើយសហគមន៍អឺរ៉ុបទិញអង្កររបស់កម្ពុជាជិត៥០ភាគរយ៕