ក្រសួងសាធារណការ និងដឹកជញ្ជូន នៅថ្ងៃទី១០ មេសា ដាក់ឱ្យដំណើរការសាកល្បងខ្សែរថភ្លើងពីស្ថានីយ៍រថភ្លើងក្រុងភ្នំពេញទៅព្រលានយន្តហោះអន្តរជាតិភ្នំពេញ។ ក្នុងដំណើរការបណ្តោះអាសន្ននេះ ពលរដ្ឋអាចធ្វើដំណើរតាមខ្សែរថភ្លើងនេះដោយឥតគិតថ្លៃ ចាប់ពីថ្ងៃទី១០ មេសា រហូតដល់ថ្ងៃទី៣១ ខែកក្កដាខាងមុខ។
រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូនលោក ស៊ុន ចាន់ថុល ថ្លែងថា រថភ្លើងដែលត្រូវដាក់ឱ្យដំណើរការនៅពេលនេះមានចំនួន ៣គ្រឿង ហើយលោករំពឹងថា ការដឹកជញ្ជូនតាមផ្លូវដែកថ្មីនេះអាចនឹងជួយសម្រួលដល់អ្នកដំណើរទៅព្រលានយន្តហោះ មិនមានការបារម្ភអំពីការកកស្ទះចរាចរណ៍ ឬគ្រោះថ្នាក់ចរាចរណ៍ឡើយ។ លើសពីនេះទៅទៀត ក្រសួងបានរៀបចំឱ្យមានជាបញ្ជរត្រួតពិនិត្យទំនិញ (Check-In) សម្រាប់អ្នកធ្វើដំណើរតាមយន្តហោះនៅស្ថានីយ៍រថភ្លើងតែម្តង ដោយមិនចាំបាច់ត្រូវទៅត្រួតពិនិត្យទំនិញនៅព្រះលានយន្តហោះទៀតឡើយ។
ខ្សែរថភ្លើងថ្មីនេះ អាចផ្ទុកអ្នកដំណើរបានប្រមាណ ១០០នាក់ និងចំណាយពេលប្រហែល ៣០នាទី ក្នុងការធ្វើដំណើរពីស្ថានីយ៍ទៅព្រលានយន្តហោះ ហើយពលរដ្ឋដែលចង់ធ្វើដំណើរពីព្រះលានយន្តហោះអន្តរជាតិភ្នំពេញទៅស្ថានីយ៍រថភ្លើងវិញ ក៏បានដូចគ្នា។ កាលពីសប្ដាហ៍មុន ក្រសួងសាធារណការ និងដឹកជញ្ជូនក៏បានដាក់ឲ្យដំណើរការសាកល្បងរថភ្លើងមួយខ្សែដែរ រវាងក្រុងប៉ោយប៉ែត និងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
