មន្ត្រីសង្គមស៊ីវិល ជំរុញឱ្យអាជ្ញាធរនៃរបបលោក ហ៊ុន សែន បើកការស៊ើបអង្កេតគួរឱ្យជឿទុកចិត្តបាន ទៅលើក្រុមហ៊ុនចិននៅតំបន់សេដ្ឋកិច្ចពិសេសខេត្តព្រះសីហនុ ដែលសហរដ្ឋអាមេរិករកឃើញថា បានប្រើឈ្មោះកម្ពុជានាំទំនិញចេញទៅដាក់លក់នៅលើទីផ្សារសហរដ្ឋអាមេរិក ដើម្បីគេចវេះពីការបង់ពន្ធ។ ក្រុមហ៊ុនចិនដែលគ្រប់គ្រងតំបន់សេដ្ឋកិច្ចពិសេសខេត្តព្រះសីហនុ បានចេញមុខបដិសេធព័ត៌មាននេះ ស្របពេលដែលរដ្ឋាភិបាលខ្មែរ នៅមិនទាន់បង្ហាញចំណាត់ការជាក់លាក់ណាមួយចំពោះបញ្ហានេះនៅឡើយ។
ប្រធានអង្គការសម្ព័ន្ធគណនេយ្យភាពសង្គមកម្ពុជា លោក សន ជ័យ ថ្លែងប្រាប់អាស៊ីសេរីតាមទូរស័ព្ទកាលពីថ្ងៃទី២១ មិថុនា ថា ប្រសិនបើពិតជាមានករណីបែបនេះដូចតាមការរកឃើញរបស់សហរដ្ឋអាមេរិកមែននោះ នោះរឿងរ៉ាវនេះជាការប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់កេរ្តិ៍ឈ្មោះ និងអធិបតេយ្យរបស់កម្ពុជា ព្រមទាំងប៉ះពាល់ដល់អត្ថប្រយោជន៍របស់ប្រជាពលរដ្ឋខ្មែរម្ចាស់ស្រុកផង។ ដូច្នេះ លោកថា រដ្ឋាភិបាល មិនគួរនៅសម្ងំស្ងៀមស្ងាត់ ហើយមិនព្រមចាត់វិធានការណ៍បើកការស៊ើបអង្កេតណាមួយនោះទ៖ «អ៊ីចឹងរឿងដែរល្អបំផុតនោះ គឺនៅពេលដែលមានប្រភពច្បាស់លាស់ពីបណ្ដាប្រទេសមួយចំនួនដូចជាអាមេរិកគេមានការស្រាវជ្រាវបែបនេះ នោះការស៊ើបអង្កេតគួរតែកើតមាន ហើយប្រតិកម្មទាំងឡាយណាដែលមានលក្ខណៈមួយឆាប់រហ័សពេក លឿនពេក ខ្ញុំគិតថា ដូចជាពុំសូវមានប្រយោជន៍ឬពុំសូវមានការផ្ដល់នូវគុណសម្បត្តិនៃការជឿជាក់អីទៅលើសមត្ថកិច្ចរបស់អ្នកស៊ើបអង្កេតហ្នឹងប៉ុន្មានទេ»។
លោក សន ជ័យ ហៅករណីដែលក្រុមហ៊ុនចិនអាចយកឈ្មោះកម្ពុជាធ្វើជាប្រភពនាំចេញទំនិញរបស់ខ្លួនដើម្បីចំណេញកប់ក្ដោងពីការមិនបង់ពន្ធនៅអាមេរិក ឬប្រទេសលោកសេរីដទៃទៀតនោះ គឺជាការលូកដៃចូល ឬជាទម្រង់នៃការយាយី ឬយកកម្ពុជាធ្វើជាឈ្នាន់ ដើម្បីបម្រើអត្ថប្រយោជន៍សេដ្ឋកិច្ចរបស់ចិន ដែលអាចជាការធ្វើអាណានិគមសេដ្ឋកិច្ចបែបថ្មីរបស់ចិនមកលើកម្ពុជា៖ «ភាពចំណេញបែបនេះ គេហៅថា ជាប្រភេទ ជាទម្រង់មួយ ជាឥទ្ធិពលនៃការប្រើប្រាស់ទឹកដី ឬឈ្មោះកម្ពុជា ដែលគេអាចថា ជាទម្រង់នៃអាណានិគមសេដ្ឋកិច្ចបែបថ្មីក៏បានដែរ។ ពីព្រោះអីគេមានឥទ្ធិពលលើយើង គេខ្ចីខោខ្ចីអាវយើងស្លៀក ដើម្បីចំណេញផ្ទាល់ខ្លួនរបស់គេ»។
ការលើកឡើងរបស់មន្ត្រីសង្គមស៊ីវិលរូបនេះ កើតមានឡើងក្រោយពេលដែលក្រុមហ៊ុនសេដ្ឋកិច្ចពិសេសខេត្តព្រះសីហនុ បានចេញមុខបដិសេធលើព័ត៌មានដែលថា ទីភ្នាក់ងារគយ និងការពារព្រំដែន នៃក្រសួងសន្តិសុខជាតិអាមេរិកបានរកឃើញ និងបានផាកពិន័យក្រុមហ៊ុនចិនមួយចំនួន ដែលបានប្រើប្រាស់ប្រភពពីតំបន់សេដ្ឋកិច្ចពិសេសនៃប្រទេសកម្ពុជា ដើម្បីគេចពន្ធពេលនាំទំនិញទៅលក់នៅអាមេរិក។ កាលពីថ្ងៃទី២០ មិថុនា ក្រុមហ៊ុនតំបន់សេដ្ឋកិច្ចពិសេសខេត្តព្រះសីហនុ គ្រប់គ្រងដោយចិន បានប្រកាសនៅលើគេហទំព័រផ្លូវការរបស់ខ្លួន ដោយហៅព័ត៌មាននេះថា ជាសកម្មភាពនៃការបង្ខូចកេរឈ្មោះរបស់ខ្លួន និងជាព័ត៌មានមិនពិត។ ក្រុមហ៊ុនសេដ្ឋកិច្ចពិសេសខេត្តព្រះសីហនុ សរសេរថា ខ្លួនបានយកចិត្តទុកដាក់ខ្ពស់ ទៅលើសេចក្តីរាយការណ៍អំពីបញ្ហានេះ ហើយបានបើកការស៊ើបអង្កេតជាបន្ទាន់លើករណីមួយនេះ។ ជាលទ្ធផល ក្រុមហ៊ុនថា ក្រុមហ៊ុនទាំង ២៩ របស់ខ្លួនដែលមានវត្តមាននៅក្នុងតំបន់សេដ្ឋកិច្ចពិសេសខេត្តព្រះសីហនុនេះ ហើយមានផលិតផលនាំចេញទៅសហរដ្ឋអាមេរិក មិនមានក្រុមហ៊ុនណាមួយរបស់ខ្លួនត្រូវបានធ្វើការស៊ើបអង្កេត ឬផាកពិន័យដោយភ្នាក់ងារគយរបស់សហរដ្ឋអាមេរិកនោះទេ។ សេចក្ដីថ្លែងការណ៍ដដែលអះអាងថា ក្នុងនាមខ្លួនជាគម្រោងចម្បងមួយនៃកិច្ចសហប្រតិបត្តិការរវាងចិន និងកម្ពុជា ក្រោមគំនិតផ្ដួចផ្ដើម ខ្សែក្រវាត់ និងផ្លូវ ក្រុមហ៊ុនតំបន់សេដ្ឋកិច្ចពិសេសខេត្តព្រះសីហនុ តែងតែទទូចឱ្យមានឡើងនូវការបង្កើត និងការគ្រប់គ្រងលើតំបន់នេះ ស្របតាមច្បាប់ និងបទប្បញ្ញត្តិនានា ហើយថាខ្លួនប្រឆាំងដាច់ខាត ចំពោះសកម្មភាពខុសច្បាប់ណាមួយនោះ។
ការចេញមុខមកបដិសេធរបស់ក្រុមហ៊ុនតំបន់សេដ្ឋកិច្ចពិសេសខេត្តព្រះសីហនុនេះ គឺផ្ទុយគ្នាស្រលះទៅនឹងអ្វីដែលអ្នកនាំពាក្យស្ថានទូតសហរដ្ឋអាមេរិកបានផ្តល់ព័ត៌មានឱ្យអាស៊ីសេរី កាលពីថ្ងៃទី១៩ មិថុនា កន្លងទៅ។ កាលណោះ អ្នកនាំពាក្យស្ថានទូតអាមេរិកប្រចាំក្រុងភ្នំពេញ លោក អេរិន ឆ្វាតជេស (Arend Zwartjes) ប្រាប់អាស៊ីសេរីថា ក្រសួងសន្តិសុខជាតិរបស់សហរដ្ឋអាមេរិកបានផាកពិន័យក្រុមហ៊ុនចិនមួយចំនួន ដែលបានប្រើប្រាស់ប្រភពនាំចេញពីកម្ពុជា ដើម្បីគេចវេះការបង់ពន្ធទំនិញទៅសហរដ្ឋអាមេរិក។ លោកថា ក្រុមហ៊ុនចិនទាំងនោះមានទីស្នាក់ការក្នុងតំបន់សេដ្ឋកិច្ចពិសេសខេត្តព្រះសីហនុតែលោកមិនបានបញ្ចេញឱ្យដឹងលម្អិតអំពីឈ្មោះរបស់ក្រុមហ៊ុនចិនទាំងនោះនោះទេ។
គិតត្រឹមយប់ថ្ងៃទី២១ មិថុនា អាស៊ីសេរី នៅមិនទាន់អាចទាក់ទងអ្នកនាំពាក្យរដ្ឋាភិបាល លោក ផៃ ស៊ីផាន ដើម្បីសុំការពន្យល់អំពីជំហររបស់រដ្ឋាភិបាលជុំវិញបញ្ហានេះ និងថាតើរដ្ឋាភិបាលអាចនឹងចាត់វិធានការណ៍បើកការស៊ើបអង្កេតណាមួយដែរឬយ៉ាងណានោះ ទៅលើក្រុមហ៊ុនចិននៅក្នុងតំបន់សេដ្ឋកិច្ចពិសេសខេត្តព្រះសីហនុនេះ។ ក៏ប៉ុន្តែ កាលពីពេលកន្លងទៅ លោកថា កម្ពុជាស្វាគមន៍ចំពោះការស៊ើបអង្កេតរបស់អាមេរិក និងបានហៅទង្វើប្រើប្រាស់ឈ្មោះកម្ពុជា ថាជាបទឧក្រិដ្ឋ និងថាកម្ពុជាមិនបានចូលរួមពាក់ព័ន្ធនោះទេ។
ស្ថិតនៅចម្ងាយ ១២គីឡូម៉ែត្រពីកំពង់ផែទឹកជ្រៅក្រុងព្រះសីហនុ និង ៣គីឡូម៉ែត្រពីព្រលានយន្តហោះអន្តរជាតិខេត្តព្រះសីហនុ តំបន់សេដ្ឋកិច្ចពិសេសខេត្តព្រះសីហនុនេះ ត្រូវបានបង្កើតឡើងកាលពីដើមឆ្នាំ២០០៨ នៅលើផ្ទៃដីទំហំជាង ១ ពាន់ហិកតារ (១.១១៣ ហិកតារ) ស្ថិតក្នុងឃុំបិតត្រាំង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ។ តំបន់សេដ្ឋកិច្ចពិសេសខេត្តព្រះសីហនុនេះ បង្កើតឡើងដោយសហគ្រាសចិន និងកម្ពុជាជាការបណ្ដាក់ទុនរួមគ្នា ក្នុងនោះភាគីចិន កាន់កាប់ភាគហ៊ុន ៤៩ ភាគរយ ឯភាគីកម្ពុជាកាន់កាប់ភាគហ៊ុន ៥១ភាគរយ។ លោកឧបនាយករដ្ឋមន្ត្រី ហោ ណាំហុង ធ្លាប់សរសើរថា តំបន់សេដ្ឋកិច្ចពិសេសនេះ ជាតំបន់គំរូមួយ និងហៅតំបន់នេះថាជា កូនបង្កើតរបស់រដ្ឋាភិបាលកម្ពុជា និងចិនក្រោមក្របខ័ណ្ឌគម្រោងគំនិតផ្ដួចផ្ដើមខ្សែក្រវាត់ និងផ្លូវរបស់មហាយក្សចិន។ បច្ចុប្បន្ន ក្រុមហ៊ុនតំបន់សេដ្ឋកិច្ចពិសេសខេត្តព្រះសីហនុនេះ កំពុងត្រៀមរៀបចំបោះផ្សាយដាក់លក់មូលបត្រកម្មសិទ្ធិជាសាធារណៈរបស់ខ្លួន ឬហៅថា IPO និងចុះបញ្ជីនៅលើផ្សារមូលបត្រកម្ពុជាផង។ ទិន្នន័យរបស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ឱ្យដឹងថា ក្នុងឆ្នាំ២០១៨ នេះ ក្រុមហ៊ុនតំបន់សេដ្ឋកិច្ចពិសេសខេត្តព្រះសីហនុ បាននាំចេញផលិតផលសរុបតម្លៃ ៣៧២ លានដុល្លារអាមេរិក ភាគច្រើនជាផលិតផលវាយនភណ្ឌ ស្បែកជើង ផលិតផលទេសចរណ៍ ផលិតផលអេឡិចត្រូនិក កង់ឡាន គ្រឿងបន្លាស់យានយន្ត គ្រឿងសង្ហារឹម គ្រឿងបរិក្ខារការិយាល័យ និងឧបករណ៍កីឡាជាដើម៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
