មជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា (CCHR) ចេញព្រឹត្តិបត្រព័ត៌មានជារូបភាពមួយ ដើម្បីប្រារព្ធទិវាយុត្តិធម៌សង្គមរបស់ពិភពលោក ថ្ងៃទី ២០ ខែ កុម្ភៈ ដោយរំលេចនូវបញ្ហាប្រឈមនានាក្នុងវិស័យការងារ នៅកម្ពុជា ជាពិសេសបញ្ហាការងារនៅកម្ពុជាជាង ៩០ ភាគរយ (៩៣ ភាគរយ) ជាការងារផ្នែកសេដ្ឋកិច្ចក្រៅប្រព័ន្ធ។ នេះមានន័យថា អ្នកធ្វើការងារផ្នែកសេដ្ឋកិច្ចក្នុងប្រព័ន្ធ មានមិនដល់ ១០ ភាគរយ (៧ ភាគរយ)។ ស្របពេលដែលនៅលើពិភពលោក អ្នកធ្វើការងារផ្នែកសេដ្ឋកិច្ចក្នុងប្រព័ន្ធនេះ មានជិត ៤០ ភាគរយ (៣៩ភាគរយ)។ តួលេខទាំងនេះ ផ្អែកលើរបាយការណ៍របស់អង្គការអន្តរជាតិខាងការងារ (ILO) សម្រាប់ឆ្នាំ ២០២០។
នៅកម្ពុជា កម្មករផ្នែកសេដ្ឋកិច្ចក្រៅប្រព័ន្ធ រួមមានអ្នកលក់ដូរនៅតាមផ្សារ អ្នកលក់ដូរតាមដងផ្លូវ បុគ្គលិកបម្រើការផ្នែកសេវាកម្សាន្ត អ្នកប្រមូលសំរាម អ្នករត់ម៉ូតូឌុប អ្នកបើកបររថយន្តឈ្នួល អ្នកធាក់ស៊ីក្លូ កសិករ កម្មករសំណង់ កម្មករឡឥដ្ឋ អ្នកបម្រើតាមផ្ទះ និងអ្នករើសអេតចាយជាដើម។ ខុសពីអ្នកធ្វើការផ្នែកសេដ្ឋកិច្ចក្នុងប្រព័ន្ធ អ្នកធ្វើការផ្នែកសេដ្ឋកិច្ចក្រៅប្រព័ន្ធ មិនទទួលបានប្រាក់ចំណូលស្ថិតស្ថេរ មិនមានលក្ខខណ្ឌការងារសមរម្យ ពុំទទួលបានកិច្ចគាំពារសង្គមនិងសេដ្ឋកិច្ច និងគ្មានតំណាងសហជីព។
មជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជាបង្ហាញថា ការបាត់បង់អត្ថប្រយោជន៍ សិទ្ធិ និងឱកាសទាំងអស់នេះ ធ្វើឲ្យកម្មករផ្នែកសេដ្ឋកិច្ចក្រៅប្រព័ន្ធ ត្រូវគេមើលរំលង ឬមើលមិនឃើញ និងបន្តស្ថិតក្នុងភាពក្រីក្រ ព្រមទាំងប្រឈមនឹងការកេងប្រវ័ញ្ចការងារខ្ពស់។ ទាំងនេះប៉ះពាល់ដល់យុត្តិធម៌សង្គម ព្រោះយុត្តិធម៌សង្គម គឺសំដៅលើការមានលក្ខខណ្ឌការងារសមរម្យ ឱកាសទទួលបានការងារស្មើភាពគ្នា ការគោរពសេរីភាពជាមូលដ្ឋាន សមភាពនិងការមិនរើសអើង ការលុបបំបាត់ភាពក្រីក្រ និងការគោរពសិទ្ធិមនុស្សពីសំណាក់ធុរកិច្ច។
មជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា បង្ហាញទៀតថា ជាទូទៅកម្មករមិនចង់ជ្រើសរើសយកការងារក្នុងវិស័យសេដ្ឋកិច្ចក្រៅប្រព័ន្ធទេ។ ប៉ុន្តែ មានកត្តាផ្សេងៗជាច្រើន ដែលនាំឲ្យពួកគេធ្វើការងារក្នុងផ្នែកនេះ។ កត្តាទាំងនោះ រួមមាន ភាពក្រីក្រ ការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គមមានកម្រិត ការអប់រំថ្នាក់ឧត្តមសិក្សាមានកម្រិត ឱកាសទទួលបានការងារផ្នែកសេដ្ឋកិច្ចក្នុងប្រព័ន្ធមានកម្រិត ដោយសារកំណើនសេដ្ឋកិច្ចមិនគ្រប់គ្រាន់ និងនីតិវិធីចុះបញ្ជីអាជីវកម្មស្មុគស្មាញ និងចំណាយច្រើន ធ្វើឲ្យប៉ះពាល់ដល់ការចុះបញ្ជីអាជីវកម្មក្នុងប្រព័ន្ធ។
មជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជាបន្ថែមថា ការផ្លាស់ប្ដូរការងារពីក្រៅប្រព័ន្ធទៅក្នុងប្រព័ន្ធ មានសារសំខាន់ខ្លាំង ដើម្បីកាត់បន្ថយភាពក្រីក្រ និងវឌ្ឍនភាពយុត្តិធម៌សង្គមកម្ពុជា។ ដើម្បីសម្រេចបាន កម្មករសេដ្ឋកិច្ចក្រៅប្រព័ន្ធ ត្រូវការកិច្ចការពារផ្នែកសង្គម និងលក្ខខណ្ឌការងារល្អប្រសើរ។
ទិវាយុត្តិធម៌សង្គមពិភពលោក ប្រារព្ធធ្វើជារៀងរាល់ឆ្នាំ តាំងពីឆ្នាំ ២០១៧។ ប្រធានបទឆ្នាំនេះ គឺផ្តោតលើការសម្រេចបានយុត្តិធម៌សង្គមតាមរយៈការងារក្នុងប្រព័ន្ធ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
