ពលរដ្ឋ និង​សង្គម​ស៊ីវិល​ស្នើ​រដ្ឋាភិបាល​បង្ហាញ​ចំណូល​ពី​វិស័យ​រ៉ែ​ជា​សាធារណៈ

0:00 / 0:00

ប្រជាពលរដ្ឋ​នៅ​ក្បែរ​អាជីវកម្ម​រ៉ែ​ស្នើ​ដល់​រដ្ឋាភិបាល​ទទួលខុស​ត្រូវ​ចំពោះ​ការ​ផ្ដល់​សិទ្ធិ​ដល់​ក្រុមហ៊ុន​រុករក​អាជីវកម្ម​រ៉ែ​ណា ដែល​បំផ្លិចបំផ្លាញ​ដីស្រែ​ចម្ការ និង​ទាមទារ​ឱ្យ​រដ្ឋាភិបាល​បង្ហាញ​ចំណូល​ពី​វិស័យ​រ៉ែ​ទាំងនោះ​ជា​សាធារណៈ។ មន្ត្រី​សង្គម​ស៊ីវិល​ថា ចំណូល​ដែល​បាន​មក​វិស័យ​រ៉ែ​កន្លងមក​ហាក់​មិន​មាន​ភាព​ប្រក្រតី​ប្រៀបធៀប និង​ធនធាន​រ៉ែ​ដែល​បាត់បង់។

ពលរដ្ឋ និង​សង្គម​ស៊ីវិល​ស្នើ​ដល់​រដ្ឋាភិបាល​បង្ហាញ​ចំណូល​ដែល​បាន​មក​វិស័យ​រ៉ែ​ជា​សាធារណៈ និង​បែងចែក​ចំណូល​ដែល​បាន​ពី​វិស័យ​នេះ អភិវឌ្ឍន៍​ទៅ​លើ​សហគមន៍​មូលដ្ឋាន​ដែល​អ្នកការពារ​ធនធាន​ទាំងនោះ។

ពលរដ្ឋ​នៅ​ជិត​ក្រុមហ៊ុន​ជីក​យក​រ៉ែ​មាស​ឌែលខម (Del com Cambodia) ខេត្ត​ព្រះវិហារ លោកស្រី យឹម សុផាន លើក​ឡើង​ថា អស់​រយៈពេល​ជាង​២០​ឆ្នាំ​មក​ហើយ​ដែល​ក្រុមហ៊ុន​ចិន​នេះ​បាន​ឈូស​ឆាយ​ទៅ​លើ​ដី​សហគមន៍​ជនជាតិ​កួយ​ជាង ៥០​គ្រួសារ ហើយ​អាជ្ញាធរ​មិន​បាន​ស្វែងរក​ដំណោះស្រាយ​ដល់​ពលរដ្ឋ​រហូត​ដល់​បច្ចុប្បន្ន។

ជនជាតិ​ដើម​កួយ លោកស្រី យឹម សុផាន បន្ត​ថា សហគមន៍​ដែល​បាត់បង់​ដីធ្លី​កំពុង​រស់នៅ​ទាំង​វេទនា​ដោយសារតែ​ពួកគាត់​មិន​មាន​ស្រែចម្ការ​ធ្វើ​ដូច​មុន និង​សូម្បីតែ​អនុផល​ព្រៃឈើ​ដែល​ពួកគាត់​រកបាន​ដូចជា​ដំឡូង ក្ដួច និង​បន្លែ​ព្រៃ ក៏​ក្រុមហ៊ុន​បាន​បំផ្លាញ​ទាំងស្រុង​នោះ​ដែរ។ «»

ចំណែក​ប្រជាពលរដ្ឋ​រស់នៅ​ក្បែរ ក្រុមហ៊ុន​ក្រុមហ៊ុន ឡេត ចេង ម៉ាញនីង ឌីវេឡុបមិន (LATE CHENG MINING DEVELOPMENT CO.,LTD) ខេត្ត​កំពង់ធំ ដែល​កំពុង​ធ្វើ​អាជីវកម្ម​រ៉ែ​មាស ដោយ​សុំ​មិន​បញ្ចេញ​ឈ្មោះថា​ក្រុមហ៊ុន​ចិន​នេះ​បំផ្លាញ​ផលដំណាំ​របស់​ប្រជាពលរដ្ឋ​ដែល​រស់នៅ​ជុំវិញ និង​បង្ហូរទឹក​កង្វក់​ទៅកាន់​អូរ​ដែល​ប្រជាពលរដ្ឋ​ប្រើប្រាស់។

លោក​ថា ក្រុមហ៊ុន និង​មន្ត្រី​ពាក់ព័ន្ធ​គួរតែ​សិក្សា​ពី​ផល​ប៉ះពាល់​ជាមុន និង​គួរតែ​ផ្ដល់​ថវិកា​ខ្លះ​សម្រាប់​អភិវឌ្ឍ​មូលដ្ឋាន​ដែល​កំពុង​ខ្វះខាត​សាលារៀន មន្ទីរពេទ្យ ជាដើម។ «»

វិទ្យុ​អាស៊ីសេរី​មិនទាន់​អាច​សុំ​ការ​ឆ្លើយ​តប​រឿង​នេះ​ពី​អ្នកនាំពាក្យ​ក្រសួង​រ៉ែ និង​ថាមពល លោក ជៀប សួរ និង​រដ្ឋមន្ត្រីក្រសួង​រ៉ែ និង​ថាមពល លោក កែវ រតនៈ បាន​ទេ នៅ​ថ្ងៃទី៨ ខែ​កញ្ញា។

សេចក្ដីព្រាង​ហិរញ្ញវត្ថុ​ឆ្នាំ​២០២៣ ថា ចំណូល​ដែល​បាន​មក​ពី​សម្បទាន​រ៉ែ​ក្នុង​ឆ្នាំ​២០២២ ទទួល​បាន​ចំនួន​ជាង​១៣៦ ពាន់​លាន​រៀល (១៣៦.២០៤,៥​លាន​រៀល​) ឬ​ជាង​៣២​លាន​ដុល្លា​អាមេរិក។

ប្រធាន​អង្គការ​សម្ព័ន្ធ​គណនេយ្យភាព​សង្គម​កម្ពុជា លោក សន ជ័យ មានប្រសាសន៍ថា​ការបាត់បង់​ធនធានធម្មជាតិ និង​ធនធាន​រ៉ែ មិន​សមាមាត្រ​ទៅ​នឹង​ប្រាក់ចំណូល​ដែល​រដ្ឋាភិបាល​ទទួល​បាន​នោះ​ទេ។ លោក សន ជ័យ ថា រដ្ឋាភិបាល​ត្រូវតែ​បង្ហាញ​ចំណូល​ពី​វិស័យ​នេះ​ជា​សាធារណៈ និង​ចាត់វិធានការ​ផ្លូវច្បាប់​លើ​ក្រុមហ៊ុន​មិន​ចុះបញ្ជី ឬ​រំលោភបំពាន​លើ​សិទ្ធិ​ពលរដ្ឋ។ «»

លោក សន ជ័យ បន្ត​ថា រដ្ឋាភិបាល​គួរតែ​មាន​កញ្ចប់​ផែនការ​ជាក់លាក់​សម្រាប់​ការ​អភិវឌ្ឍ​ដល់​សហគមន៍​មូលដ្ឋាន និង​ជនជាតិ​ដើម ដែល​ជា​អ្នកការពារ​ធនធាន​ទាំងអស់​នេះ ខណៈ​កន្លងមក​លោក​សង្កេតឃើញ​ថា​ពលរដ្ឋ​តាម​មូលដ្ឋាន​មិន​ទទួល​បាន​ការ​យក​ចិត្ត​ទុកដាក់​ពី​រដ្ឋាភិបាល៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។