អ្នក​ជំនាញ​កសិកម្ម​ថា​ កម្ពុជា​មិន​ទាន់​មាន​លទ្ធភាព​​នាំ​អង្ករ​ចំនួន​ ២​ លាន​តោន​ទៅ​កាន់​ប្រទេស​ចិន​ដូច​ការ​រំពឹង​ទុក​បាន​ទេ

ហេង រស្មី
2020-11-18
Share
Rice-Export ស្រ្តីកសិករខ្មែរកំពុងដកសំណាប នៅជាយក្រុងភ្នំពេញ កាលពីថ្ងៃទី ២២ ខែ មិថុនា ឆ្នាំ ២០១៨
AP Photo

អ្នក​ជំនាញ​កសិកម្ម​ លោក​បណ្ឌិត​ យ៉ង សាំងកុមារ​ ប្រាប់​អាស៊ីសេរី​ថា​ កម្ពុជា​នៅ​ មានកត្តា​​មួយ​ចំនួន ​​​ដែល​មិន​អាច​នាំ​ចេញ​អង្ករ​ទៅ​កាន់​ប្រទេស​ចិន​ឱ្យ​ បាន​ដល់​ ២ លាន​តោន​ គឺ​ទី​មួយ​ដោយ​សារ​តែ​ ប្រទេស​ចិន​ជា​ប្រទេស​មួយ​ផលិត​ស្រូវ​អង្ករ​ច្រើន ហើយ​តម្រូវ​ការ ទិញ​អង្ករ​ពី​កម្ពុជា​​អាច​មាន​ការ​ប្រែប្រួល​ ជា​ពិសេស​ទាក់ទិន​ស្រូវ​ពូជ​ និង​គុណ​ភាព​របស់​អង្ករ​។​

លោកបន្ត​ថា​ លើសពីនេះ ប្រទេស​ជិត​ខាង​កម្ពុជា​ ដូច​ជា​ប្រទេស​វៀតណាម​ និង​ប្រទេស​ថៃ ក៏​ជា​ប្រទេស​ផលិត​ស្រូវ​អង្ករ​សម្រាប់​នាំ​ចេញ​ផង​ដែរ។ ​ប្រទេស​ទាំង​ពីរ​កំពុង​ចរចា​ ​ក្រោម​កិច្ច​ព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​ក្នុង​ការ​នាំ​អង្ករ​ចេញ​ ទៅ​កាន់​ប្រទេស​ចិន​ ហេតុដូច្នេះ​ហើយ​កម្ពុជា​ និង​ប្រឈម ក្នុង​ការ​ប្រកួត​ប្រជែង​ជាមួយ​ប្រទេស​ជិត​ខាង​៖«​ដូច​ក្នុង​ស្ថានភាព​បច្ចុប្បន្ន​សមត្ថភាព​ប្រកួត​ប្រជែង​ យើង​ទាប​ណាស់​ ជា​ពិសេស​ថ្លៃ​ដើម​ផលិត​ ថ្លៃ​ដើម​កែច្នៃ​ ថ្លៃ​ដើម​ដឹក​ជញ្ជូន​នាំ​ចេញ​។​ អញ្ចឹង​ស្ថាន​ភាព​បច្ចុប្បន្ន​ ខ្ញុំ​មិន​សូវ​មាន​សង្ឃឹម​ថា​ យើង​ នឹង​អាច​នាំ​អង្ករ​រហូត​ដល់​ ២​ លាន​តោន​បាន​ទេ​។​ គ្រាន់​តែ​ពេល​បច្ចុប្បន្ន​ យើង​នាំ​តែ​១​ លាន​តោន​ គឺ​អត់​ទាន់​បាន​ជោគជ័យ​ផល​ ហើយ​យោង​ពឹង​ពាក់​វៀតណាម​ ស្រូវ​ហូរ​ចេញ​ទៅ​វៀតណាម​ ក្នុង​១​ ឆ្នាំៗ​ប្រហែល​ ២​ លាន​តោន​ ហើយ​ វៀតណាម​ កែច្នៃ​ជា​អង្ករ​នាំ​ចេញ​ និង​នាំ​ចូល​មក​ខ្មែរ​វិញ​ផង។​»

កាល​ពី​ថ្ងៃ​ទី​ ៦​ ខែ​វិច្ឆិកា​ កន្លង​ទៅ​នេះ​ប្រធាន​រាជបណ្ឌិត​សភា​កម្ពុជា​លោក​ សុខ ទូច​ មាន​ប្រសាសន៍​នៅ​ក្នុង​កម្មវិធី​សម្ពោធ​អោយ​ប្រើប្រាស់ សៀវភៅ​ដែល​មាន​ចំណង​ជើង​ថា​«​ មាគ៌ា​ ត្រឹមត្រូវ​សម្រាប់​ប្រទេស​កម្ពុជា​ ដើម្បី​ថែរក្សា​សន្តិភាព​ និង​ឆ្ពោះ​ទៅ​រក​ការ​អភិវឌ្ឍន៍​ឆ្នាំ​២០០៨-២០១៨។»​ បាន​អំពាវ​នាវ​កុំ​ឱ្យ​កសិករ​លក់​ដី​ស្រែ ដោយ​សារ​តែ​នៅ​ថ្ងៃ​អនាគត​ប្រទេស​ចិន​ អាច​នឹង​ទិញ​អង្ករ​ចំនួន​២​ លាន​តោន​ពី​កម្ពុជា​ ហើយ​អាច​នឹង​ផ្ដល់​ផល​ចំណេញ​ដល់​កសិករ​ខ្មែរ​។​

លោក​ សុខ ទូច​ ប្រាប់​អាស៊ីសេរី​ថា​ ប្រទេស​ចិន​ពិត​ជា​មាន​គម្រោង​ទិញ​អង្ករ​ចំនួន​២​ លាន​តោន​ពី​កម្ពុជា​ពិត​ប្រាកដ​មែន​។​លោក​ថា​ ក្នុង​ពេល​បច្ចុប្បន្ន​នេះ​ មាន​ឈ្មួញ​ចាប់​ផ្ដើម​ប្រមូល​ទិញ​ដី​កសិកម្ម​ ហេតុ​ដូច្នេះ​ហើយ​បាន​ជា​ក្នុងនាម​លោក​ ជា​អ្នក​ស្រាវជ្រាវ​ បាន​ស្នើ​សុំ​កុំ​ឱ្យ​ប្រជា​ពលរដ្ឋ​លក់​ដី​ស្រែ​គឺ​ទុក​ដីស្រែ​សម្រាប់​ជួល​ ឬ​ទុក​ធ្វើ​កសិកម្ម​ខ្លួនឯង​វិញ​ ប្រសើរ​ជាង​។​

លោក​បន្ថែម​ថា​ កសិករ​ខ្មែរ​មិន​ចូល​ចិត្ត​ធ្វើ​ស្រែ​ទេ នៅ​ក្នុង​ពេល​បច្ចុប្បន្ន​នេះ​​ គឺ​ចង់​បាន​ប្រាក់​លឿន​ដើម្បី​ទិញ​ផ្ទះ​ និង​រថយន្ត​។

ទាក់​ទិន​និង​បញ្ហា​នេះ​ ប្រធាន​សមាគម​​សម្ព័ន្ធ​សហគមន៍​កសិករ​កម្ពុជា​លោក​ ថេង សារឿន ​មាន​បញ្ជាក់​ថា​ ដើម្បី​នាំ​អង្ករ​ចេញ​រហូត​បាន​ដល់​២​ លាន​តោន​ទៅ​ប្រទេស​ចិន​លុះត្រាតែ​មាន​ការ​ជួយ​គាំពារ​ពី​រាជរដ្ឋាភិបាល ការ​រៀប​ចំ​ប្រមូល​ទិញ​ស្រូវ​ពី​កសិករ​ អោយ​បាន​ត្រឹម​ត្រូវ​ដើម្បី​ធានា​ថា​ ផលប្រយោជន៍​ទាំង​អស់​ បាន​ដល់​ដៃ​កសិករ​ខ្មែរ​។​

លោក​ថា​ កន្លង​មក​រដ្ឋាភិបាល​ចាប់​ផ្ដើម​ បង្កើត​គោលការណ៍​ប្រមូល​ទិញ​ស្រូវ​ពី​ប្រជាកសិករ​ ​តែ​នៅ​មិន​ទាន់​បាន​ទូលំទូលាយ​នៅ​ឡើយ​ ដើម្បី​ឱ្យ​សមស្រប​ទៅ​នឹង​ទំហំ​ នៃ​ការ​នាំ​ចេញ​អង្ករ​ទៅ​ក្រៅ​ប្រទេស៖«​ការ​នាំ​អង្ករ​មិន​ថា​ ប្រទេស​ចិន​ ឬ​ប្រទេស​នៅ​លើ​ពិភព​លោក​ទេ​។រដ្ឋាភិបាល​មាន​តួនាទី​ក្នុង​ការ​ស្វាត់ ស្វែង​រក​ពាណិជ្ជកម្ម​ ដើម្បីទាញ​ផល​ប្រយោជន៍​ដល់​ប្រជាពលរដ្ឋ​។ អញ្ចឹង​ខ្ញុំ​ចង់​ឱ្យ ដំណើរ​ការ​នៃ​ការ​ធ្វើ​ពាណិជ្ជកម្ម​ ធ្វើ​យ៉ាង​ណា​គិត​ផល​ប្រយោជន៍​ដល់​ប្រជាពលរដ្ឋ​ ឱ្យ​បាន​ច្រើន​ ជាជាង​ផ្ដល់​ផល​ប្រយោជន៍​ដល់​ឈ្មួញ​កណ្ដាល​ ឬ​មួយ​ក៏​ក្រុម​ហ៊ុន។»

​អាស៊ីសេរី​បាន​ទាក់​ទង​លោក​ស្រី វុទ្ធី​ អ្នក​នាំ​ពាក្យ​ក្រសួង​កសិកម្ម​តែ​មិន​អាច​ទាក់ទង​បាន​ទេ​។

ទោះជាយ៉ាងណា ក្រសួង​កសិកម្ម​ ​ឲ្យដឹង​ថា​ ​ក្នុងរយៈពេល​៨​ខែ​ឆ្នាំ​២​០​២​០​ កន្លងទៅ​នេះ​ ​កម្ពុជា​បាន​នាំ​អង្ករ​ចេញ​ចំនួន ​៥​៨​ ប្រទេស​នៅ​លើ​ពិភពលោក​ ក្នុង​នោះ​ប្រទេស​ចិន ​បាន​ឈរ​លំដាប់​លេខមួយ​ ​គឺ​មាន​ចំនួន​​ ជិតមួយសែន ប្រាំមួយម៉ឺនតោន ​​( ​១​៥​៩​,២​៥​៣​តោន)​​។​ ​ប្រទេស​បារាំង​ ​ឈរ​លំដាប់​លេខ​ពីរ ​គឺ​មាន​ចំនួន​ជិត​ ៥៧ ពាន់​ តោន​( ​​៥​៦​,៩​៦​៤​តោន) ​និង​ប្រទេស​ ២​៨​ទៀត​ ​មាន​ចំនួន​សរុប​ជិតប្រាំបីម៉ឺនតោន ( ​៧​៨​,​១​៦​៨ តោន)​​។

​ក្នុង​របាយការណ៍​របស់​​​ក្រសួង​កសិកម្ម​អោយ​ដឹង​ថា​ ​អង្ករ​ដែល​កម្ពុជា​នាំចេញ​ទៅក្រៅ​ប្រទេស​រួម​មាន​អង្ករ​ក្រអូប​ ​អង្ករ​ ​ស​ ​អង្ករ​ចំហុយ​ ​អង្ករ​ ​ក្រហម​ ​និង​អង្ករ​រំដួល​។​

ចំណែក​របាយការណ៍​របស់​អគ្គនាយកដ្ឋាន​កាំ​កុងត្រូល​ ​បាន​បញ្ជាក់​ថា​ ​ទំហំ​ពាណិជ្ជកម្ម​ទ្វេភាគី​រវាង​ចិន​ ​និង​កម្ពុជា​ ​ក្នុង​ឆ្នាំ​២​០​១​៨​ ​និង​ ​ឆ្នាំ​២​០​១​៩ ​កន្លងទៅ​ ​មាន​ចំនួន​ជាង៦​ ពាន់​លាន​ដុល្លា  ( ៦១៤​៨​ លាន​ដុល្លារ)​។​

​ប្រទេស​កម្ពុជា​ ​បាន​នាំចេញ​ទំនិញ​កសិកម្ម​ ​និង​ទំនិញ​ផ្សេងៗ​ទៀត​ ​ទៅកាន់​ប្រទេស​ចិន​ ​សរុប​​ទឹក ប្រាក់​ចំនួន​ជិត​ ៩​រយ​លាន​ដុល្លារ​ខណៈ​ប្រទេស​ចិន​នាំ​ទំនិញ​ចូល​មក​កម្ពុជា​វិញ​ ​មាន​ទឹកប្រាក់​​រហូត ដល់ ជាង​៦​ ពាន់លាន​ដុល្លា​។ ​បើ​ប្រៀបធៀប​ចំនួន​នេះ​ ​បង្ហាញ​ថា​ការ​ចេញ​ទំនិញ​របស់​កម្ពុជា​ ​ទៅ កាន់​ប្រទេស​ចិន​តិច​ជាង​៧​ដង​ ​នៃ​ទំនិញ​របស់​ប្រទេស​ចិន​នាំចូល​មក​កម្ពុជា៕

 

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (0)

មើល​មតិ​ទាំង​អស់.

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។

គេហទំព័រ​ទាំងមូល