កសិករ​ជា​ច្រើន​នៅ​ខេត្ត​កណ្ដាល​ថា ខ្លួន​ឈប់​ចិញ្ចឹម​ជ្រូក​ដោយ​សារ​តម្លៃ​ធ្លាក់​ចុះ

កសិករ​នៅ​ខេត្ត​កណ្ដាល​ជា​ច្រើន​ឈប់​ចិញ្ចឹម​ជ្រូក​ដោយ​សារ តម្លៃ​ធ្លាក់​ចុះ​ធ្វើ​ឲ្យ​ពួក​គេ​មិន​អាច​ទប់ទល់​នឹង​ថ្លៃ​ចំណាយ​ប្រចាំខែ ខណៈ​ចំណី​ថ្នាំ​ជ្រូក​វិញ​កំពុង​ឡើង​ថ្លៃ​ខ្ពស់។ អ្នក​ជំនាញ​យល់ឃើញ​ថា បញ្ហា​នេះ​បាន​កើត​មាន​ឡើង​ទូទាំង​ប្រទេស ដោយសារ​មាន​ការ​នាំ​ចូល​​ជ្រូក និង​សាច់​ជ្រូក​បង្កក​ពី​ប្រទេស​ជិត​ខាង។

កសិករ​ដែល​មាន​កសិដ្ឋាន​ចិញ្ចឹម​ជ្រូក​ជា​ច្រើន​នាក់​នៅ​ខេត្ត​កណ្ដាល ត្អូញត្អែរ​ស្រដៀង​គ្នា​ថា ពួកគេ​កំពុង​ប្រឈម​មុខ​បិទ​ទ្វារ​ឈប់​ចិញ្ចឹម​ជ្រូក ដោយសារ​មិន​អាច​រក​ប្រាក់​ដើម្បី​ទប់ទល់​និង​ថ្លៃ​ចំណាយ​ប្រចាំ​ខែ​បាន។ រីឯ​អ្នក​ខ្លះ​ទៀត​ពុំ​អាច​រក​ប្រាក់​បាន ដើម្បី​សង​ធនាគារ និង​​បង្ខំ​ចិត្ត​លក់ ដី ស្រែចម្ការ យក​លុយ​ទៅ​ដោះ​បំណុល​គេ។

កសិករ​នៅ​ក្រុង​សំពៅពូន ខេត្ត​កណ្ដាល លោក សៅ ចក់ អះអាង​ប្រាប់​វិទ្យុ​អាស៊ីសេរី នៅ​ថ្ងៃ​ទី​៣០ ខែ​សីហា ថា រូប​លោក​ប្រកប​មុខ​របរ​ចិញ្ចឹម​ជ្រូក​នេះ​ជា​ច្រើន​ឆ្នាំ​មក​ហើយ ប៉ុន្តែ​មួយ​រយៈ​ចុង​ក្រោយ​នេះ​លោក​សង្កេត​ឃើញ​ថា តម្លៃ​ជ្រូក​ធ្លាក់​ចុះ​ខុស​ពី​សព្វ​មួយ​ដង ដោយ​ពីមុន​លក់​បាន​តម្លៃ​១ម៉ឺន​រៀល​ក្នុង ១គីឡូ​ មក​ដល់​បច្ចុប្បន្ន​នេះ ក្នុង​១គីឡូក្រាម​ឈ្មួញ​ទិញ​តែ​ជាង​៧​ពាន់​រៀល​ប៉ុណ្ណោះ។ រីឯ​ចំណី​សម្រាប់​ចិញ្ចឹម​វិញ​ កំពុង​ឡើង​ខុស​ពី​ធម្មតា ​ពោល​គឺ​តម្លៃ​២ម៉ឺន ទៅ​៣ម៉ឺន​រៀល​ក្នុង ១បាវ​(៣០គីឡូក្រាម) ចំណែក​ឯ​តម្លៃ​ពី​មុន ១​បាវ(៣០គីឡូក្រាម) ១​ម៉ឺន​រៀល។

លោក សៅ ចក់៖ «សូម​រដ្ឋាភិបាល​ជួយ​ដោះស្រាយ​ឱ្យ​បាន​ជ្រូក​ឡើង​ថ្លៃ តុល្យភាព​ជា​មួយ​នឹង​ការ​ចិញ្ចឹម​មាន​ចំណេញ​មាន​អី​ខ្លះ​អ៊ីចឹង​ណា៎ ប្រជា​ពលរដ្ឋ​យើង​មាន​កម្លាំង​ចិញ្ចឹម ដល់​ខាត​អ៊ីចឹង​បិទ​ទ្រង់​ បាន​ឡើង​ថ្លៃ​ក្រែង​បាន​ចំណេញ​អី​ខ្លះ​ខ្ចី​គេ​ចិញ្ចឹម​ដែរ​ហ្នឹង។

ស្រដៀង​គ្នា​នេះ​ដែរ កសិករ​ម្នាក់​​រស់នៅ ស្រុក​កោះធំ​ គឺ​លោកស្រី ជី ភី រៀបរាប់​ថា លោកស្រី​កំពុង​ពិបាក​ចិត្ត មិន​ដឹង​ទៅ​រក​លុយ​មក​ពី​ទីណា ដើម្បី​យក​ទៅ​សង​ម្ចាស់​បំណុល​វិញ​នោះ​ទេ ដោយសារ ជ្រូក​ប្រមាណ ៣០​ក្បាល​ដែល​ត្រូវ​លក់​ចេញ ឈ្មួញ​ឲ្យ​តម្លៃ​ទាប​ពេក​មិន​អាច​គ្រប់គ្រាន់​នឹង​ថ្លៃ​ចំណាយ។ លោកស្រី​ថា កំពុង​ដាក់​លក់​ដី​ចម្ការ​ជិត ១ហិកតារ ដើម្បី​យក​ប្រាក់​ទៅ​សង​ម្ចាស់​បំណុល។

លោកស្រី ជី ភី៖ «កូន​មួយ​ ១៦​ម៉ឺន​ដែល​ហើយ​ហើយ​ដល់​ពេល​ចំណី​ថ្លៃ ចំណី​ជាង ១០​ម៉ឺន មួយ​ស្បោង ៣០​គីឡូ ជូន​ងាប់​មួយ​អី​ខាត ស្គម​ឈឺ​ងាប់​ឈឺ​ងាប់ ឈឺ​អី​ផង​ចិញ្ចឹម​លក់​ទៅ​អត់​បាន​ថ្លៃ​ទៀត តស៊ូ​ហា៎ ប៉ុន្តែ​ចិញ្ចឹម​ខាត​រហូត ឥឡូវ​ជិត​អស់​ដី​ហើយ​លោក​គ្រូ រក​លក់​មួយ​ដុំ​ទៀត​ហើយ​មើល​ទៅ​សង​គេ​ខាត​រហូត»។

ចំណែក​ឯ​លោកស្រី ស្តើង ណារី ដែល​កំពុង​ចិញ្ចឹម​ជ្រូក​ជាង ១០០​ក្បាល រៀបរាប់​ដែរ​ថា លោក​ស្រី​សម្រេច​ចិត្ត​កាត់​បន្ថយ​​ប្រើប្រាស់​ចំណី​ថ្នាំ ដោយសារ​តម្លៃ​ថ្លៃ​មិន​អាច​រក​ប្រាក់​ទិញ​ចំណី​ដើម្បី​ផ្គត់ផ្គង់​បាន​នោះ​ទេ។ លោក​ស្រី​បន្ថែម​ថា ការ​ធ្វើ​បែប​នេះ​វា ប៉ះ​ពាល់​ដល់​ការ​លូតលាស់​របស់​ជ្រូក​នឹង​មិន​មាន​សាច់​ល្អ ហើយ​មិន​អាច​លក់​បាន​ថ្លៃ​ឡើយ។

​លោកស្រី ស្តើង ណារី៖ «ចិញ្ចឹម​តែ​វា​អត់​ធំ​ម៉េច​លោក​គ្រូ ដឹង​យើង​ឱ្យ​វា​ស៊ី​ចំណី​អត់​ដល់​ម៉េច​លាយ​កន្ទក់​ពាក់​កណ្ដាល ចំណី​ពាក់​កណ្ដាល​ចំណី​វា​ថ្លៃ​ពេក លោកគ្រូ​វា​ឡើង​រហូត​អ៊ីចឹង​យើង​លាយ​កន្ទក់​លាយ​អ៊ីចឹង​ខ្លះ​វា​អត់​សូវ​ធំ​ដូច​ថា​លឿន»។

កសិករ​នៅ​ខេត្ត​កណ្ដាល​ភាគ​ច្រើន​ប្រកបរបរ​ធ្វើ​ស្រែចម្ការ ​ដាំដំណាំ និង​ចិញ្ចឹម​សត្វ ជាពិសេស​ជ្រូក​ដើម្បី​ផ្គត់ផ្គង់​ជីវភាព​គ្រួសារ។ ប៉ុន្តែ​បច្ចុប្បន្ន កសិករ​បាន​លះបង់​មុខ​របរ​ពួក​គាត់​ជា​បន្ត​បន្ទាប់​ដោយសារ​តែ​កសិផល​មិន​មាន​ទីផ្សារ និង​តម្លៃ​សម​រម្យ​ កសិករ​ទាំង​នោះ​ប្រឈម​មុខ​នឹង​ធ្វើ​ចំណាក​ស្រុក ដើម្បី​ស្វែង​រក​ការងារ​ធ្វើ​នៅ​ក្រៅ​ប្រទេស​ ដោយ​អ្នក​ខ្លះ​បង្ខំ​ចិត្ត​បញ្ជូន​កូន​ទៅ​ធ្វើ​ការ​នៅ​ប្រទេស​ថៃ។

ជុំវិញ​រឿង​នេះ វិទ្យុ​អាស៊ីសេរី​មិន​អាច​ទាក់ទង​ប្រធាន​អង្គភាព​អ្នកនាំពាក្យ​រដ្ឋាភិបាល លោក ប៉ែន បូណា និង​អ្នក​នាំ​ពាក្យ​ក្រសួង​កសិកម្ម រុក្ខា​ប្រមាញ់ និង នេសាទ អ្នកនាង អ៊ឹម រចនា បាន​ទេ នៅ​ថ្ងៃ​ទី​៣០ ខែ​សីហា។

ទាក់ទង​នឹង​បញ្ហា​នេះ​ប្រធាន​ក្រុមប្រឹក្សាភិបាល​អ្នក​ចិញ្ចឹម​សត្វ​កម្ពុជា លោក លី ឡាវីល យល់​ឃើញ​ថា ការ​ចិញ្ចឹម​ជ្រូក​មិន​អាច​រក​ប្រាក់​ចំណេញ​ ដោយសារ​តម្លៃ​ធ្លាក់​ចុះ​​នេះ​មិន​មែន​កើត​ឡើង​នៅ​ខេត្ត​កណ្ដាល​ប៉ុណ្ណោះ​ទេ បញ្ហា​នេះ​បាន​កើត​ឡើង​ទូទាំង​ប្រទេស។លោក​ថា បញ្ហា​នេះ ដោយសារ​តែ​មាន​ការ​នាំ​ជ្រូក ចូល និង​សាច់​ជ្រូក​បង្កក ពី​ប្រទេស​ជិត​ខាង។

លោក លី ឡាវីល៖ «ស្នើ​សូម​ទៅ​ក្រសួង​ពាក់ព័ន្ធ​ពិសេស​ក្រសួង​កសិកម្ម​ហ្នឹង​ប៉ុន្តែ​ក្រសួង​កសិកម្ម​គាត់​ក៏​អត់​មាន​ដំណោះស្រាយ​អ្វី​ដែរ បាន​ន័យ​ថា មាន​​តែ​អង្គុយ​មើល​ទាំង​អស់​គ្នា​អ៊ីចឹង វា​អត់​ធ្វើ​អ្វី​កើត ចង់​និយាយ​អ៊ីចឹង ព្រោះ​នេះ​វា​បើ​មក​ស្រប​ច្បាប់ ខ្ញុំ​ជឿ​ថា រដ្ឋាភិបាល​វា​មាន​មក​ស្រប​ច្បាប់ គេ​ឱ្យ​កូតា ១ពាន់​តោន ហ្នឹង​គឺ​មក​ស្រប​ច្បាប់​ហើយ ក៏​ប៉ុន្តែ​មិន​ស្របច្បាប់​នោះ​ទេ មិន​ដឹង​យ៉ាង​ណា ឱ្យ​១ពាន់ មក​១​ម៉ឺន​ក៏​យើង​មិន​ដឹង»។

របាយការណ៍​របស់​សមាគម​អ្នក​ចិញ្ចឹម​សត្វ​កម្ពុជា​បាន​ឲ្យ​ដឹង​ថា ​បច្ចុប្បន្ន​ប្រទេស​កម្ពុជា​ត្រូវ​ការ​ជ្រូក​ប្រមាណ ១​ម៉ឺន​ក្បាល ក្នុង​ថ្ងៃ​ដើម្បី​ផ្គត់ផ្គង់។ របាយការណ៍​នេះ​​បញ្ជាក់​​ថា កម្ពុជា​បាន​នាំ​ចូល​ជ្រូក​ពី​ក្រៅ​ប្រទេស​ទើប​ធ្វើ​ឱ្យ​តម្លៃ​ជ្រូក​ក្នុង​ស្រុក​ធ្លាក់​ ពោល​គឺ​ចាប់​តាំង​ពី​ខែ​កញ្ញា ឆ្នាំ​២០២២ ភាគ​ច្រើន​ការ​​នាំ​ចូល​ពី​ប្រទេស​វៀតណាម ថៃ និង​បណ្ដា​ប្រទេស​ផ្សេងៗ​ទៀត​តាមរយៈ​កំពង់ផែ​ខេត្ត​ព្រះសីហនុ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។