អ្នកវិភាគ​ថា រដ្ឋាភិបាល​គួរ​ពង្រីក​ពាណិជ្ជកម្ម​ជាមួយ​ថៃ​ក្នុង​ពេល​នាយករដ្ឋមន្ត្រី​ថៃ​ទស្សនកិច្ច​កម្ពុជា

0:00 / 0:00

អ្នកឃ្លាំមើល​ស្ថានការណ៍​សង្គម លើកឡើង​ថា រដ្ឋាភិបាល​គួរតែ​រក​ឱកាស​ពង្រីក​ពាណិជ្ជកម្ម​ជាមួយ​ថៃ​ឱ្យ​បាន​ច្រើន​បន្ថែម​ទៀត ខណៈ​ដែល​ទំហំ​ពាណិជ្ជកម្ម​ថៃ​មានប្រៀប​លើ​កម្ពុ​ជាច្រើន។ ការ​លើកឡើង​នេះ ស្រប​ពេល​ដែល​នាយករដ្ឋមន្ត្រី​ថៃ​ថ្មី គ្រោង​ធ្វើ​ទស្សនកិច្ច​ទៅ​កម្ពុជា​លើក​ដំបូង​នៅ​ថ្ងៃទី​២៨ កញ្ញា។

អ្នកឃ្លាំមើល​ស្ថានការណ៍​សង្គម​លើកឡើង​ថា នាយករដ្ឋមន្ត្រី​ថៃ​ធ្វើ​ទស្សនកិច្ច​មក​កម្ពុជា​ជា​រឿង​ល្អ​ដែល​ប្រមុខ​រដ្ឋាភិបាល​ខ្មែរ​គួរតែ​ឆក់​ឱកាស​នេះ​ពង្រីក​ពាណិជ្ជកម្ម​ឱ្យ​បាន​ទូលំទូលាយ​ជាមួយ​ប្រទេស​ជិតខាង​មួយ​នេះ។

អ្នកជំនាញ​ផ្នែក​វិទ្យាសាស្ត្រ​នយោបាយ លោក ឯម សុវណ្ណារ៉ា ប្រាប់​វិទ្យុ​អាស៊ីសេរី​នៅ​ថ្ងៃទី​២៧ កញ្ញា​ថា ដំណើរ​ទស្សនកិច្ច​របស់​នាយករដ្ឋមន្ត្រី​ថៃ លោក សេដ្ឋា ធ្វីថាវីស៊ីន (Srettha Thvisin) មក​កម្ពុជា រដ្ឋាភិបាល​ប្រទេស​ទាំងពីរ​គួរតែ​សហការ​គ្នា​ដើម្បី​ផ្ដល់​អត្ថប្រយោជន៍​ឱ្យ​គ្នា​ទៅវិញទៅមក​ឱ្យ​បាន​ច្រើនជាង​បច្ចុប្បន្ន ក្នុង​នោះ​រួមមាន​បញ្ហា​សន្តិសុខ រឿង​ទេសចរ។ លោក​បញ្ជាក់​ថា កន្លង​មក​ថៃ​តែងតែ​មាន​ប្រៀប​ជាង​កម្ពុជា​លើ​ការ​ដោះដូរ​ពាណិជ្ជកម្ម។

លោក ឯម សុវណ្ណារ៉ា៖ «វា​មានរឿង​ខ្លះ​ដែល​កម្ពុជា​គួរតែ​បង្ហាញ ឬក៏​មាន​ទស្សនៈ​ឱ្យ​ភាគី​ថៃ​ជួយ​ទប់ស្កាត់ ឧទាហរណ៍​រឿង​ចិន​ដែល​ថត​ឡើង​ថ្មីៗ​នេះ ដែល​ពាក់ព័ន្ធ​ទៅ​នឹង​ការ​ដាក់​បន្ទុក​ទៅ​ដល់​កម្ពុជា និង​ភូមា​ថា ជា​ប្រទេស​ដែល​ចាប់​ជម្រិត។ ហើយ​អ្វី​ដែល​កម្ពុជា​សង្ឃឹម​មែន​ទែន​នោះ គឺ​ភ្ញៀវ​នៅ​ខាង​ថៃ​ច្រើន អ៊ីចឹង​គួរតែ​មាន​យន្តការ​មួយ​អាច​បង្កើន​ចរន្ត​កញ្ចប់​ទេសចរ​ឱ្យ​រីកសាយ​ភាយ​មក​ដល់​កម្ពុជា កុំ​មានតែ​ត្រឹម​ថៃ។ អ៊ីចឹង​បើ​មាន​ការ​ជជែក​ការពង្រីក​ទំនាក់ទំនង​ទេសចរណ៍​ដែល​មក​ថៃ​គួរតែ​អាច​ពង្រីក ឬ​បង្ក​លក្ខណៈ​ឱ្យ​មកដល់​កម្ពុជា​ដើម្បី​ជួយ​ជំរុញ​កំណើនសេដ្ឋកិច្ច​កម្ពុជា​ផង​ដែរ»។

ការ​លើកឡើង​នេះ ស្រប​ពេល​ដែល​នាយករដ្ឋមន្ត្រី​ថៃ លោក សេដ្ឋា ធ្វីថាវីស៊ីន គ្រោង​បំពេញ​ទស្សនកិច្ច​ទៅ​កម្ពុជា​នៅ​ថ្ងៃទី​២៨ កញ្ញា។ សេចក្ដី​ប្រកាស​ព័ត៌មាន​របស់​ក្រសួង​ការបរទេស ចុះ​ថ្ងៃទី​២៦ កញ្ញា ឱ្យ​ដឹង​ថា ដំណើរ​ទស្សនកិច្ច​របស់​លោក សេដ្ឋា នេះ​ដើម្បី​ពង្រឹង​បន្ថែម​នូវ​ចំណងមិត្តភាព​ជា​ប្រពៃណី និង​លើកកម្ពស់​កិច្ច​សហប្រតិបត្តិការ​ពហុវិស័យ រវាង​ប្រទេស​ទាំង​ពីរ​ស្រប​តាម​ស្មារតី​ការ​ពង្រឹង​ភាព​ជា​ដៃគូ ដើម្បី​សន្តិភាព និង​វិបុលភាព នៃ​ប្រទេស​ទាំងពីរ។ ចំណែក​នាយករដ្ឋមន្ត្រី​ថៃ​ថ្មី ក៏​គ្រោង​នឹង​លើកយក​វិធានការ​បង្ក្រាប និង​ជួយ​សង្គ្រោះ​ជនរងគ្រោះ​ពី​អំពើ​បោកប្រាស់ ជួញដូរ​មនុស្ស​តាម​ប្រព័ន្ធ​អនឡាញ​នៅ​តាម​តំបន់​ព្រំដែន​នៃ​ប្រទេស​ទាំង​ពីរ​ដែល​ជនរងគ្រោះ​ជាច្រើន​ជា​ជនជាតិ​ថៃ​ផង​ដែរ មក​ពិភាក្សា។

ទាក់ទង​នឹង​ការដោះដូរ​ទំនិញ​គ្នា​វិញ ជញ្ជីង​ពាណិជ្ជ​របស់​កម្ពុជា​នៅ​ចាញ់​ប្រៀប​ថៃ​ច្រើន។

របាយការណ៍​របស់​ស្ថានទូត​កម្ពុជា​ប្រចាំ​នៅ​ប្រទេស​ថៃ បង្ហាញ​ថា ការ​ដោះដូរ​ពាណិជ្ជកម្ម​ទ្វេភាគី​រវាង​កម្ពុជា និង​ប្រទេស​ថៃ រយៈពេល​១១​ខែ ក្នុង​ឆ្នាំ​២០២២ មាន​ទំហំ​ទឹកប្រាក់​សរុប​ជាង ៩​ពាន់​លាន​ដុល្លារ គឺ​កើនឡើង ជាង​២៦% ប្រៀបធៀប​នឹង​រយៈពេល​ដូចគ្នា ឆ្នាំ​២០២១ ។ ក្នុង​នោះ​ការ​នាំ​ទំនិញ​ចេញ​របស់​កម្ពុជា​ទៅ​ថៃ មាន​ជាង ១​ពាន់​លាន​ដុល្លា គឺ​កើនឡើង​ជាង ២៧% បើ​ធៀប​នឹង​ឆ្នាំ​២០២១ ដែល​មាន​ជាង ៨០០​លាន​ដុល្លារ (៨១៤​លាន​ដុល្លា​) ។ ចំណែក​ការ​នាំ​ចូល​ទំនិញ​ពី​ប្រទេស​ថៃ វិញ​មាន​ជាង ៨​ពាន់​លាន​ដុល្លារ​អាមេរិក គឺ​កើនឡើង ជិត​២៦​ភាគរយ​(២៥.៩%) បើ​ធៀប​នឹង​ឆ្នាំ​២០២១ ដែល​មាន​ជិត ៦​ពាន់ ៥០០​លាន​ដុល្លារ​(៦,៤៨០)។

វិទ្យុ​អាស៊ីសេរី​មិន​អាច​ទាក់ទង​អ្នកនាំពាក្យ​ក្រសួង​ការបរទេស​លោក អាន សុខខឿន និង​ប្រធាន​អង្គភាព​អ្នកនាំពាក្យ​រដ្ឋាភិបាល លោក ប៉ែន បូណា ដើម្បី​សុំ​អត្ថាធិប្បាយ​ជុំវិញ​បញ្ហា​នេះ​បាន​ទេ នៅ​ថ្ងៃទី​២៧ កញ្ញា។

ទោះជា​យ៉ាងណា​អ្នក​សិក្សា​ផ្នែក​ច្បាប់ និង​ជា​អ្នក​តាមដាន​ស្ថានការណ៍​សង្គម លោក លី ចាន់ដារ៉ាវុត យល់​ឃើញ​ថា ក្រៅពី​ត្រូវការ​ពង្រីក​ពាណិជ្ជកម្ម​បន្ថែម​ហើយ រដ្ឋាភិបាល​កម្ពុជា ក៏​គួរតែ​ជំរុញ​ទៅ​នាយករដ្ឋមន្ត្រី​ថៃ​ឱ្យ​សម្រួល​ដល់​ការរស់នៅ​របស់​ពលករ​ខ្មែរ​នៅ​ប្រទេស​ថៃ​ផង​ដែរ។ លោក​បញ្ជា​ក់ថា ពលករ​ខ្មែរ​ភាគច្រើន​ពិបាកធ្វើ​ឯកសារ​ស្របច្បាប់ ដែល​ធ្វើ​ឱ្យ​ពលករ​ខ្លះ​បង្ខំចិត្ត​ធ្វើ​ការងារ​ដោយ​ខុសច្បាប់ ហើយ​តែង​ត្រូវ​ថៅកែ​ថៃ​រំលោភបំពាន​កម្លាំង​ពលកម្ម។

លោក លី ចាន់ដារ៉ាវុត៖ «ហើយ​បើ​អាច​យើង​ជជែក​គ្នា​ទៅលើ​ធ្វើ​យ៉ាងម៉េច​ដើម្បី​ឱ្យ​ជីវភាព​របស់​ពលករ​ខ្មែរ​នៅ​ប្រទេស​ថៃ​កាន់តែ​ល្អ​ប្រសើរ។ ព្រោះថា នៅ​ពេល​ដែល​ប្រជាជន​ខ្មែរ​នៅ​ប្រទេស​ថៃ​គាត់​ធ្វើការ​បាន​ប្រាក់ខែ​មក គឺ​វា​ហូរ​ចូល​ទៅ​ក្នុង​ប្រទេស​កម្ពុជា​ជួយ​ទៅលើ​គ្រួសារ​អភិវឌ្ឍ​ជីវភាព​ប្រជាជន​នៅក្នុង​ស្រុក​ខ្មែរ។ ដូច្នេះ​វា​សំខាន់​មែនទែន​ដែល​មេដឹកនាំ​គួរតែ​ផ្ដោត​លើ​ចំណុច​ហ្នឹង​បាទ»។

របាយការណ៍​អង្គការ​សង់ត្រាល់ (Central) ឱ្យ​ដឹង​ថា បច្ចុប្បន្ន​នៅ​ប្រទេស​ថៃ​មាន​ពលករ​ខ្មែរ​ធ្វើការ​ស្របច្បាប់ និង​មិន​ស្របច្បាប់​ជាង ២​លាន​នាក់។ កាលពី​ខែ​មេសា​កន្លង​ទៅ មាន​ពលករ​មួយ​ចំនួន​ត្រូវ​បាន​សមត្ថកិច្ច​ថៃ​ចាប់​ដាក់គុក​ដោយ​ចងដៃ​នឹង​ច្រវាក់​ជាប់​គ្នា ក្នុង​ពេល​ដែល​ពួកគេ​ឆ្លងដែន​មក​ប្រទេស​ថៃ​ខុស​ច្បាប់ ហើយ​រដ្ឋាភិបាល​កម្ពុជា​មិន​បាន​អើពើ​ជួយ​ដល់​ពួកគេ​ឡើយ។

អ្នក​តាមដាន​ស្ថានការណ៍​សង្គម​រំពឹង​ថា ដំណើរ​ទស្សនកិច្ច​របស់​នាយករដ្ឋមន្ត្រី​ថៃ​នេះ នឹង​ធ្វើ​ឱ្យ​ស្ថានការណ៍​ទាំងនេះ​បាន​ប្រសើរ​ឡើង ហើយនឹង​ជំរុញ​ឱ្យ​សេដ្ឋកិច្ច​នៃ​ប្រទេស​ទាំងពីរ​ប្រសើរ​ជាង​មុន៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។