កម្មករ ដែលកំពុងធ្វើការក្នុងសិប្បកម្មឡឥដ្ឋ នៅភូមិក្អម ឃុំឫស្សីជ្រោយ ស្រុកមុខកំពូល ខេត្តកណ្ដាល ត្អូញត្អែរអំពី បញ្ហាជីវភាព ខ្វះខាតដោយសារធ្វើការងារទាំងគ្រួសារ រកប្រាក់មិនគ្រប់ដោះស្រាយជីវភាពគ្រួសារ។ មន្ត្រីសង្គមស៊ីវិលថា កម្មករឡឥដ្ឋធ្វើការងារធ្ងន់ និងគ្រោះថ្នាក់ ហើយប្រាក់ឈ្នួលដែលពួកគេទទួលបានតិចតួច ដែលមិនស្មើនឹងកម្លាំងពលកម្មឡើយ។
កម្មករឡឥដ្ឋ នៅឃុំឫស្សីជ្រោយ ត្អូញត្អែរថា ពួកគាត់ខិតខំធ្វើការជាច្រើនឆ្នាំហើយ នៅតែមិនទាន់មានជីវភាពធូរធារ និងមិនអាចផ្គត់ផ្គង់កូនៗ ឲ្យរៀនសូត្របានគ្រប់គ្រាន់។
កម្មការិនីម្នាក់មកពីខេត្តស្វាយរៀង និងកំពុងធ្វើការនៅការដ្ឋានឡឥដ្ឋ ខេត្តកណ្ដាល លោកស្រី ហ៊ី សាមៀន រៀបរាប់ថា លោកស្រីធ្វើការប្រឈមនឹងគ្រោះថ្នាក់ ដូចជា ប៉ះចំហាយក្ដៅខ្លាំង ធូលីហុយពិបាកដកដង្ហើម និងឡឥដ្ឋបាក់ស្រុតជាដើម តែដោយមិនអាចរកមុខរបរផ្សេងក្រៅពីការងារនេះបាន ទើបស៊ូទ្រាំធ្វើការនៅទីនេះទាំងគ្រួសារ។ លោកស្រីបន្តថា លោកស្រី និងប្ដីរបស់លោកស្រីត្រូវប្រឹងធ្វើការចិញ្ចឹមកូនពីរនាក់ និងក្មួយម្នាក់ដែលកំពុងរៀននៅថ្នាក់វិទ្យាល័យ។ លោកស្រីបញ្ជាក់ថា ទោះបីលោកស្រីខំធ្វើការយ៉ាងណា ក៏ជីវភាពនៅតែខ្វះខាត ព្រោះប្រាក់ចំណូលតិច មួយថ្ងៃបានជាងមួយម៉ឺន (១០.០០០)រៀល មិនគ្រប់បង់ថ្លៃសាលាឲ្យកូន និងចាយវាយប្រចាំថ្ងៃនោះទេ។ លោកស្រីស្នើក្រសួងការងារងាកមកមើលទុក្ខលំបាកកម្មករឡឥដ្ឋ និងដំឡើងប្រាក់ឈ្នួលដល់អ្នកធ្វើការងារក្នុងផ្នែកនេះ ឱ្យបានសមរម្យ។
លោកស្រី ហ៊ី សាមៀន៖«អត់មានលុយបើកអត់មានលុយចាយទេ ដូចថ្ងៃហ្នឹងខ្ញុំអត់មានលុយសោះ។ បើអ៊ីចឹងខ្ញុំសុំសំណូមពរឲ្យក្រសួងពាក់ព័ន្ធ និងក្រសួងការងារហ្នឹងសុំឲ្យចុះមកមើលកម្មករឡឥដ្ឋ សុំដំឡើងប្រាក់ឈ្នួលកម្មករឡឥដ្ឋគ្រប់ៗ គ្នា។ ពួកខ្ញុំពិបាកណាស់ ពិបាកមែនទែនមិនមែនពិបាកតែខ្ញុំទេ ប៉ុន្តែគ្រាន់តែថា បងប្អូនខ្លះគាត់ពិបាកដែរ តែគាត់ដោះស្រាយបានជួនណាគាត់ជំពាក់តែលុយឡទេ ហើយកូនគាត់អត់សូវបានទៅរៀនទេ ហើយខ្ញុំសំណូមពរថា បើសិនជាអាច ខ្ញុំសុំសំណូមពរឲ្យមានអង្គការអីមានគ្រូជួយចុះបង្រៀនក្មេងតាមឡផង ព្រោះគ្រួសារខ្លះគាត់អត់មានឲ្យកូនទៅរៀន ពួកគាត់អត់មានលទ្ធភាព ជួនណាឲ្យទៅរៀនគ្មាននរណាមើលកូនតូចអ៊ីចឹងណា»។

លោកស្រី ហ៊ី សាមៀន ឲ្យដឹងទៀតថា លោកស្រីធ្វើការងារដោយមិនហ៊ានឈប់សម្រាកទេ ទោះជាមានផ្ទៃពោះក៏ដោយ ព្រោះត្រូវចាយវាយប្រចាំថ្ងៃច្រើន។ លោកស្រីនិយាយទាំងអួលដើមកថា ពេលខ្លះលោកស្រីពុំមានលុយឲ្យកូនទៅរៀន ឬទិញសៀវភៅសិក្សារបស់កូននោះទេ។
លោកស្រី ហ៊ី សាមៀន៖«គ្រូដែលគាត់និយាយជាមួយខ្ញុំគាត់មិនមែនថា ពេលខ្ញុំពិបាកខ្ញុំអត់អ៊ីចឹងគាត់អនុគ្រោះឲ្យខ្ញុំទេ។ គាត់និយាយថា បើគ្មានលុយបង់កូនខ្ញុំអាប្រុសថ្នាក់ទី៩ ហ្នឹង ឲ្យទៅរៀនសាលាផ្សេងមួយទៀតទៅ សាលាដែលមិនបង់លុយ គេឲ្យខ្ញុំបង់លុយតែកូនស្រីថ្នាក់ទី១២ ទេ។ ខ្ញុំថាខ្ញុំអត់មានលុយ ប៉ុន្តែខ្ញុំចង់ឲ្យកូនខ្ញុំរៀន។ ខាងសាលាគាត់លបនិយាយ បើសិនជាអត់មានលទ្ធភាពគេមានអ្នកចុះមើលអ៊ីចឹង គេអនុគ្រោះលើកលែងឲ្យយើងបង់ដប់ភាគរយ(១០%)ម្ភៃភាគរយ(២០%)អ៊ីចឹងណា។ ពេលខ្ញុំទៅជួបផ្ទាល់ខ្ញុំនិយាយផ្ទាល់អត់តែម្ដង គាត់អត់និយាយ គាត់បកសំណួរមកខ្ញុំវិញ ឆ្ងល់បងឯងដែរ អត់មានលុយបង់ ហើយម៉េចបងឯងចេះតែចង់ឲ្យកូនរៀនសាលាហ្នឹង។ អ៊ីចឹងមានន័យថាគ្រូហ្នឹងគាត់អត់ចង់ឲ្យកូនអ្នកក្រមានចំណេះចេះដឹងទេ»។
គ្រួសារលោកស្រី ហ៊ី សាមៀន គ្មានដីស្រែចម្ការសម្រាប់បង្កបង្កើនផល ទើបនាំគ្នាទាំងប្ដី និងកូន សរុប ៥នាក់ មករស់នៅក្នុងបរិវេណសិប្បកម្មឡឥដ្ឋ និងធ្វើជាកម្មករក្នុងការដ្ឋានឡឥដ្ឋនេះជិត ១០ឆ្នាំមកហើយ។
ស្រដៀងគ្នានេះដែរ កម្មការិនីម្នាក់ទៀត ធ្វើការនៅសិប្បកម្មឡឥដ្ឋ ខេត្តកណ្ដាល មានស្រុកកំណើតនៅខេត្តកំពង់ចាម លោកស្រី ឌិន សុខឡេង ត្អូញត្អែរថា លោកស្រី និងប្ដីធ្វើការមួយថ្ងៃ បានប្រាក់ជាងមួយម៉ឺន (១០.០០០)រៀល តែស៊ូទ្រាំធ្វើ ដើម្បីរកប្រាក់ឲ្យចៅពីរនាក់បានសិក្សារៀនសូត្រ។ ស្ត្រីអាយុជាង៦០ឆ្នាំរូបនេះបន្តថា លោកស្រីត្រូវមកធ្វើការពីព្រឹកដល់យប់ទើបបានសម្រាក ហើយត្រូវចំណាយកម្លាំងច្រើនលើកដាក់ឥដ្ឋទៅក្នុងឡ និងយកចេញពីឡពេលឥដ្ឋដុតរួច។
លោកស្រី ឌិន សុខឡេង៖«អូ!មិនគ្រប់គ្រាន់ទេ គ្រូអើយ!សួរតែមៀន(លោកស្រី ហ៊ី សាមៀន)ទៅដឹងហើយ មានខ្វះព្រឹកខ្វះល្ងាច អាម៉េចថាកម្មករឡឥដ្ឋណា អ៊ឹះ!ថា បើនិយាយវិញ និយាយមិនចេញអានេះបើប្រៀបធៀប បើយើងលក់ដូរទៅវាគ្មានដូចថា យើងគ្រាន់តែពិបាកលក់ដូរ តែបានលុយចំណូលចូល។ បើនេះចំណូលចូលដែរ ប៉ុន្តែចំណូលចូលតិចណាស់បណ្ដាក់អីគេស៊ីអ៊ីចឹងទៅ ទម្រាំដល់អាទិត្យបានបួនដប់ម៉ឺនមកគ្រាន់សងគេទៅ ខ្វះព្រឹកខ្វះល្ងាចគ្រូអើយ»។
លោកស្រី ឌិន សុខឡេង បញ្ជាក់ទៀតថា លោកស្រីជំពាក់អ្នកភូមិតិចតួចដែលបានខ្ចីគេមកទិញអាហារហូបចុកប្រចាំថ្ងៃខ្លះ និងខ្ចីលុយកម្មករដូចគ្នាឲ្យចៅទៅរៀនខ្លះ លុះបើកប្រាក់មកក៏សងគេវិញ រាល់អាទិត្យគ្មានប្រាក់សន្សំទេ។ លោកស្រី បន្ថែមទាំងនឿយហត់ថា លោកស្រីមានកូនបីនាក់ដែរ តែពួកគេមានប្ដី ប្រពន្ធអស់ នាំគ្នាទៅធ្វើការរោងចក្រកាត់ដេរ ដោយទុកចៅពីរនាក់ឲ្យលោកស្រីចិញ្ចឹម។ លោកស្រីថា លោកស្រីនឹកមិនឃើញទៅប្រកបមុខរបរផ្សេងក្រៅពីធ្វើកម្មករឡឥដ្ឋនេះទេ ដោយសារលោកស្រី និងប្ដី មានវ័យចាស់ហើយ ដើមទុនក៏គ្មាន ដីស្រែក៏គ្មាន។
ឌិន សុខឡេង៖«មានមុខរបរអីលោកគ្រូអើយ!បានជាមកធ្វើការឡឥដ្ឋហ្នឹងនោះ នៅមិនដឹងទៅរកអីបាន។ អ៊ីចឹងហើយមកធ្វើហ្នឹងទៅគ្រាន់បានតិចៗ ហូបទៅ វេទនាណាស់គ្រូអើយ!ធ្វើការឡឥដ្ឋហ្នឹង ជួនណាទៅគេឲ្យយើងឈប់ទីណាត់ទីណែង។ គ្រាន់តែឈប់លើសម៉ោងបន្តិច ខ្វះម៉ោងបន្តិចអូ!គេថាឲ្យពីមុខពីក្រោយដូចអីអ៊ីចឹង ពិបាកណាស់!វេទនាណាស់!»។
វិទ្យុអាស៊ីសេរី មិនទាន់អាចទាក់ទងសុំការអត្ថាធិប្បាយជុំវិញបញ្ហានេះ ពីអភិបាលរងស្រុកមុខកំពូល លោក ហុង គិរី និងអ្នកនាំពាក្យក្រសួងការងារ លោក ហេង សួរ បានទេ នៅថ្ងៃទី៩ ខែមករា ដោយទូរស័ព្ទហៅចូលជាច្រើនដង តែពុំមានអ្នកទទួល។
ក្រសួងការងារបានចេញសេចក្ដីប្រកាស ឲ្យថៅកែសិប្បកម្មឡឥដ្ឋទាំងអស់ ត្រូវចុះបញ្ជីការងារឲ្យកម្មករឡឥដ្ឋមានកិច្ចគាំពារសង្គម សម្រាប់ទទួលអត្ថប្រយោជន៍ការងារផ្សេងៗ ពីថៅកែនិយោជក ដូចជាពេលឈឺ ឬឱកាសបុណ្យទាន អាចឈប់សម្រាក តែមកទល់ពេលនេះ សេចក្ដីប្រការនេះ ក្រសួងមិនទាន់អនុវត្តនៅឡើយ។
របាយការណ៍របស់អ្នកស្រាវជ្រាវនៅសកលវិទ្យាល័យហូលូវេ (Holloway University) ផ្សាយកាលពីឆ្នាំ២០១៨ ថា ពលរដ្ឋរាប់ពាន់គ្រួសារ ក្នុងនោះរួមមានទាំងកុមារ ដែលជំពាក់បំណុលគេ កំពុងធ្វើការងារក្នុងស្ថានភាពគ្រោះថ្នាក់ ដើម្បីបំពេញតម្រូវការឥដ្ឋ ដែលរបាយការណ៍ចាត់ទុកថា ជាឥដ្ឋឈាម សម្រាប់ការសាងសង់។
របាយការណ៍ដដែលឲ្យដឹងទៀតថា ដើម្បីបានកម្មករមកធ្វើការងារនៅឡឥដ្ឋ ម្ចាស់ឡឥដ្ឋបានសងបំណុលជំនួសកសិករដែលជំពាក់លុយគេ ប៉ុន្តែតម្រូវឲ្យកសិករទាំងនោះធ្វើការងារនៅក្នុងឡឥដ្ឋរហូតដល់កាត់បំណុលប្រមាណពី ១០០ដុល្លារ ទៅ ៤.០០០ដុល្លារ ដែលកម្មករជំពាក់ម្ចាស់ឡឥដ្ឋ។
របាយការណ៍របស់សហព័ន្ធសហជីពកម្មករសំណង់ និងព្រៃឈើ BWTUC ឆ្នាំ២០១៩ ឲ្យដឹងថា នៅទូទាំងប្រទេសកម្ពុជាមានសិប្បកម្មឡឥដ្ឋ ៤៦៤កន្លែង ដែលភាគច្រើននៅតាមបណ្ដោយទន្លេមេគង្គ និងទន្លេសាប។ កម្មករឡឥដ្ឋទូទាំងប្រទេសមានជាងមួយម៉ឺន (១០.២១៧)នាក់ ក្នុងនោះមានកុមារក្រោមអាយុ ១៨ឆ្នាំជិតបួនពាន់ (៣.៩៣៧)នាក់ ហើយកុមារភាគច្រើនមិនបានទៅសាលាទេ។
ជុំវិញរឿងនេះដែរ អគ្គលេខាធិការសហព័ន្ធសហជីពកម្មករសំណង់ និងព្រៃឈើ ហៅ កាត់ថា BWTUC លោក យ៉ាន់ ធី លើកឡើងថា ការដែលតម្រូវឲ្យកូនបំណុលមកធ្វើការ ដើម្បីសងបំណុល ខុសនឹងច្បាប់ការងារកម្ពុជា និងជាការកេងប្រវ័ញ្ចកម្លាំងពលកម្មរបស់កម្មករ។ លោកមើលឃើញថា ពលរដ្ឋជាច្រើនដែលបានទៅខ្ចីលុយពីថៅកែឡឥដ្ឋ ដើម្បីយកមកដោះស្រាយជីវភាព និងការចំណាយផ្សេងៗ ហើយទើបនាំគ្នាទាំងគ្រួសារទៅធ្វើការឲ្យថៅកែសម្រាប់ដោះបំណុល។
លោក យ៉ាន់ ធី៖«គេព្យាយាមលាក់បាំងប៉ុន្តែរូបភាព និងការអនុវត្តជាក់ស្ដែងគឺមានពិត គឺទាក់ទងទៅនឹងការគំរាមកំហែង។ អ៊ីចឹងគាត់អត់អាចធ្វើការងារអីបានទេ សូម្បីតែពេលបុណ្យទានភ្ជុំ ឬក៏ចូលឆ្នាំ ក៏គាត់អត់អាចទៅផ្ទះបានដែរ។ បើទៅ ទៅលេងស្រុកកំណើតត្រូវមានអ្នកនៅ ដូចបញ្ចាំ(មនុស្ស)អ៊ីចឹងមានន័យថា បើទៅមួយគ្រួសារគាត់មានប្រាំនាក់ គាត់ត្រូវទៅបានតែបីនាក់ ឬបួននាក់ មានម្នាក់ឬពីរនាក់ ដើម្បីនៅក្នុងសិប្បកម្មហ្នឹងដោយថៅកែគាត់ខ្លាចទៅហើយមិនត្រឡប់មកវិញ មិនមកសងលុយវិញ មិនមកធ្វើការវិញ»។
មន្ត្រីសង្គមស៊ីវិលរូបនេះឲ្យដឹងទៀតថា ការដោះបំណុលរបៀបនេះ អាចក្លាយជាទាសករសម័យទំនើប ហើយការសងបំណុលនេះ ធ្លាក់ទៅដល់កូនបន្តទៀត ដែលមិនអាចមានថ្ងៃសងរួច។
អង្គការសង្គមស៊ីវិល ធ្លាប់លើកឡើងឲ្យរដ្ឋាភិបាលយកចិត្តទុកដាក់ លើកម្មករឡឥដ្ឋ និងកម្មករសំណង់ ដោយផ្ដល់កិច្ចគាំពារផ្នែកសង្គមដល់ពួកគេ ឲ្យដូចជាកម្មករក្នុងវិស័យដទៃទៀត ប៉ុន្តែពួកគេ សង្កេតឃើញថា រដ្ឋាភិបាលហាក់នៅតែមើលរំលងទុក្ខលំបាករបស់កម្មករទាំងនោះដដែល៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
