កម្មករ​ឡឥដ្ឋ នៅ​ខេត្ត​កណ្ដាល​ត្អូញត្អែរ​ពី​ការ​ធ្វើការ​បាន​ប្រាក់​ចំណូល​តិច​មិន​គ្រប់​ដោះស្រាយ​ជីវភាព

0:00 / 0:00

កម្មករ ដែល​កំពុង​ធ្វើការ​ក្នុង​សិប្បកម្ម​ឡឥដ្ឋ នៅ​ភូមិ​ក្អម ឃុំ​ឫស្សីជ្រោយ ស្រុក​មុខកំពូល ខេត្ត​កណ្ដាល ត្អូញត្អែរ​អំពី បញ្ហា​ជីវភាព ខ្វះខាត​ដោយសារ​ធ្វើ​ការងារ​ទាំង​គ្រួសារ រក​ប្រាក់​មិន​គ្រប់​ដោះស្រាយ​ជីវភាព​គ្រួសារ។ មន្ត្រី​សង្គម​ស៊ីវិល​ថា កម្មករ​ឡឥដ្ឋ​ធ្វើ​ការងារ​ធ្ងន់ និង​គ្រោះថ្នាក់ ហើយ​ប្រាក់ឈ្នួល​ដែល​ពួកគេ​ទទួល​បាន​តិចតួច ដែល​មិន​ស្មើនឹង​កម្លាំង​ពលកម្ម​ឡើយ។

កម្មករ​ឡឥដ្ឋ នៅ​ឃុំ​ឫស្សីជ្រោយ ត្អូញត្អែរ​ថា ពួកគាត់​ខិតខំ​ធ្វើការ​ជាច្រើន​ឆ្នាំ​ហើយ នៅតែ​មិន​ទាន់​មាន​ជីវភាព​ធូរធារ និង​មិន​អាច​ផ្គត់ផ្គង់​កូនៗ ឲ្យ​រៀន​សូត្រ​បាន​គ្រប់គ្រាន់។

កម្មការិនី​ម្នាក់​មក​ពី​ខេត្ត​ស្វាយរៀង និង​កំពុង​ធ្វើការ​នៅ​ការដ្ឋាន​ឡឥដ្ឋ ខេត្ត​កណ្ដាល លោកស្រី ហ៊ី សាមៀន រៀបរាប់​ថា លោកស្រី​ធ្វើការ​ប្រឈម​នឹង​គ្រោះថ្នាក់ ដូចជា ប៉ះ​ចំហាយ​ក្ដៅ​ខ្លាំង ធូលី​ហុយ​ពិបាក​ដក​ដង្ហើម និង​ឡឥដ្ឋ​បាក់​ស្រុត​ជាដើម តែ​ដោយ​មិន​អាច​រក​មុខរបរ​ផ្សេង​ក្រៅ​ពី​ការងារ​នេះ​បាន ទើប​ស៊ូទ្រាំ​ធ្វើការ​នៅ​ទីនេះ​ទាំង​គ្រួសារ។ លោកស្រី​បន្ត​ថា លោកស្រី និង​ប្ដី​របស់​លោកស្រី​ត្រូវ​ប្រឹង​ធ្វើការ​ចិញ្ចឹម​កូន​ពីរ​នាក់ និង​ក្មួយ​ម្នាក់​ដែល​កំពុង​រៀន​នៅ​ថ្នាក់​វិទ្យាល័យ។ លោកស្រី​បញ្ជាក់​ថា ទោះបី​លោកស្រី​ខំ​ធ្វើការ​យ៉ាងណា ក៏​ជីវភាព​នៅតែ​ខ្វះខាត ព្រោះ​ប្រាក់​ចំណូល​តិច មួយ​ថ្ងៃ​បាន​ជាង​មួយ​ម៉ឺន (១០.០០០)រៀល មិន​គ្រប់​បង់​ថ្លៃ​សាលា​ឲ្យ​កូន និង​ចាយវាយ​ប្រចាំ​ថ្ងៃ​នោះ​ទេ។ លោកស្រី​ស្នើ​ក្រសួង​ការងារ​ងាក​មក​មើល​ទុក្ខ​លំបាក​កម្មករ​ឡឥដ្ឋ និង​ដំឡើង​ប្រាក់ឈ្នួល​ដល់​អ្នក​ធ្វើការ​ងារ​ក្នុង​ផ្នែក​នេះ ឱ្យ​បាន​សមរម្យ។

លោកស្រី ហ៊ី សាមៀន៖«អត់​មាន​លុយ​បើក​អត់​មាន​លុយ​ចាយ​ទេ ដូច​ថ្ងៃ​ហ្នឹង​ខ្ញុំ​អត់​មាន​លុយ​សោះ។ បើ​អ៊ីចឹង​ខ្ញុំ​សុំ​សំណូមពរ​ឲ្យ​ក្រសួង​ពាក់ព័ន្ធ និង​ក្រសួង​ការងារ​ហ្នឹង​សុំ​ឲ្យ​ចុះ​មក​មើល​កម្មករ​ឡឥដ្ឋ សុំ​ដំឡើង​ប្រាក់ឈ្នួល​កម្មករ​ឡឥដ្ឋ​គ្រប់ៗ គ្នា។ ពួក​ខ្ញុំ​ពិបាក​ណាស់ ពិបាក​មែនទែន​មិន​មែន​ពិបាក​តែ​ខ្ញុំ​ទេ ប៉ុន្តែ​គ្រាន់តែ​ថា បងប្អូន​ខ្លះ​គាត់​ពិបាក​ដែរ តែ​គាត់​ដោះស្រាយ​បាន​ជួនណា​គាត់​ជំពាក់​តែ​លុយ​ឡ​ទេ ហើយ​កូន​គាត់​អត់​សូវ​បាន​ទៅ​រៀន​ទេ ហើយ​ខ្ញុំ​សំណូមពរ​ថា បើសិនជា​អាច ខ្ញុំ​សុំ​សំណូមពរ​ឲ្យ​មាន​អង្គការ​អី​មាន​គ្រូ​ជួយ​ចុះ​បង្រៀន​ក្មេង​តាម​ឡ​ផង ព្រោះ​គ្រួសារ​ខ្លះ​គាត់​អត់​មាន​ឲ្យ​កូន​ទៅ​រៀន ពួកគាត់​អត់​មាន​លទ្ធភាព ជួនណា​ឲ្យ​ទៅ​រៀន​គ្មាន​នរណា​មើល​កូន​តូច​អ៊ីចឹង​ណា»។

Brick_workers_in_Kanndal_by_Treetop_1.jpg
កម្មការិនីរូបនេះ កំពុងរៀបឥដ្ឋ ដែល​ដុត​រួចដាក់លើរទេះ ដឹកចេញពីឡមួយកន្លែង នៅឃុំឫស្សីជ្រោយ ស្រុកមុខកំពូល ខេត្តកណ្ដាល។ រូបពីពលរដ្ឋ

លោកស្រី ហ៊ី សាមៀន ឲ្យដឹង​ទៀត​ថា លោកស្រី​ធ្វើការ​ងារ​ដោយ​មិន​ហ៊ាន​ឈប់​សម្រាក​ទេ ទោះជា​មាន​ផ្ទៃពោះ​ក៏ដោយ ព្រោះ​ត្រូវ​ចាយវាយ​ប្រចាំ​ថ្ងៃ​ច្រើន។ លោកស្រី​និយាយ​ទាំង​អួល​ដើម​ក​ថា ពេល​ខ្លះ​លោកស្រី​ពុំ​មាន​លុយ​ឲ្យ​កូន​ទៅ​រៀន ឬ​ទិញ​សៀវភៅ​សិក្សា​របស់​កូន​នោះ​ទេ។

លោកស្រី ហ៊ី សាមៀន៖«គ្រូ​ដែល​គាត់​និយាយ​ជាមួយ​ខ្ញុំ​គាត់​មិន​មែន​ថា ពេល​ខ្ញុំ​ពិបាក​ខ្ញុំ​អត់​អ៊ីចឹង​គាត់​អនុគ្រោះ​ឲ្យ​ខ្ញុំ​ទេ។ គាត់​និយាយ​ថា បើ​គ្មាន​លុយ​បង់​កូន​ខ្ញុំ​អា​ប្រុស​ថ្នាក់​ទី៩ ហ្នឹង ឲ្យ​ទៅ​រៀន​សាលា​ផ្សេង​មួយ​ទៀត​ទៅ​ សាលា​ដែល​មិន​បង់​លុយ គេ​ឲ្យ​ខ្ញុំ​បង់លុយ​តែ​កូន​ស្រី​ថ្នាក់​ទី១២ ទេ។ ខ្ញុំ​ថា​ខ្ញុំ​អត់​មាន​លុយ ប៉ុន្តែ​ខ្ញុំ​ចង់​ឲ្យ​កូន​ខ្ញុំ​រៀន។ ខាង​សាលា​គាត់​លប​និយាយ បើសិនជា​អត់​មាន​លទ្ធភាព​គេ​មាន​អ្នក​ចុះ​មើល​អ៊ីចឹង គេ​អនុគ្រោះ​លើកលែង​ឲ្យ​យើង​បង់​ដប់​ភាគ​រយ(១០‍%)ម្ភៃ​ភាគ​រយ(២០%)អ៊ីចឹង​ណា។ ពេល​ខ្ញុំ​ទៅ​ជួប​ផ្ទាល់​ខ្ញុំ​និយាយ​ផ្ទាល់​អត់​តែ​ម្ដង គាត់​អត់​និយាយ គាត់​បក​សំណួរ​មក​ខ្ញុំ​វិញ ឆ្ងល់​បង​ឯង​ដែរ អត់​មាន​លុយ​បង់ ហើយ​ម៉េច​បង​ឯង​ចេះ​តែ​ចង់​ឲ្យ​កូន​រៀន​សាលា​ហ្នឹង។ អ៊ីចឹង​មាន​ន័យ​ថា​គ្រូ​ហ្នឹង​គាត់​អត់​ចង់​ឲ្យ​កូន​អ្នកក្រ​មាន​ចំណេះ​ចេះ​ដឹង​ទេ»។

គ្រួសារ​លោកស្រី ហ៊ី សា​មៀន គ្មាន​ដី​ស្រែចម្ការ​សម្រាប់​បង្កបង្កើន​ផល ទើប​នាំ​គ្នា​ទាំង​ប្ដី និង​កូន សរុប ៥នាក់ មក​រស់នៅ​ក្នុង​បរិវេណ​សិប្បកម្ម​ឡឥដ្ឋ និង​ធ្វើ​ជា​កម្មករ​ក្នុង​ការដ្ឋាន​ឡឥដ្ឋ​នេះ​ជិត ១០ឆ្នាំ​មក​ហើយ។

ស្រដៀង​គ្នា​នេះ​ដែរ កម្មការិនី​ម្នាក់​ទៀត ធ្វើការ​នៅ​សិប្បកម្ម​ឡឥដ្ឋ ខេត្ត​កណ្ដាល មាន​ស្រុក​កំណើត​នៅ​ខេត្ត​កំពង់ចាម លោកស្រី ឌិន សុខ​ឡេង ត្អូញត្អែរ​ថា លោកស្រី និង​ប្ដី​ធ្វើការ​មួយថ្ងៃ បាន​ប្រាក់​ជាង​មួយ​ម៉ឺន (១០.០០០)រៀល តែ​ស៊ូទ្រាំ​ធ្វើ ដើម្បី​រក​ប្រាក់​ឲ្យ​ចៅ​ពីរ​នាក់​បាន​សិក្សា​រៀន​សូត្រ។ ស្ត្រី​អាយុ​ជាង​៦០ឆ្នាំ​រូប​នេះ​បន្ត​ថា លោកស្រី​ត្រូវ​មក​ធ្វើការ​ពី​ព្រឹក​ដល់​យប់​ទើប​បាន​សម្រាក ហើយ​ត្រូវ​ចំណាយ​កម្លាំង​ច្រើន​លើក​ដាក់​ឥដ្ឋ​ទៅ​ក្នុង​ឡ និង​យក​ចេញ​ពី​ឡ​ពេល​ឥដ្ឋ​ដុត​រួច។

លោកស្រី ឌិន សុខ​ឡេង៖«អូ!មិន​គ្រប់គ្រាន់​ទេ គ្រូ​អើយ!សួរ​តែ​មៀន(លោកស្រី ហ៊ី សាមៀន)ទៅ​ដឹង​ហើយ មាន​ខ្វះ​ព្រឹក​ខ្វះ​ល្ងាច អា​ម៉េច​ថា​កម្មករ​ឡឥដ្ឋ​ណា អ៊ឹះ!ថា បើ​និយាយ​វិញ និយាយ​មិន​ចេញ​អា​នេះ​បើ​ប្រៀបធៀប បើ​យើង​លក់​ដូរ​ទៅ​វា​គ្មាន​ដូច​ថា ​យើង​គ្រាន់តែ​ពិបាក​លក់ដូរ តែ​បាន​លុយ​ចំណូល​ចូល។ បើ​នេះ​ចំណូល​ចូល​ដែរ ប៉ុន្តែ​ចំណូល​ចូល​តិច​ណាស់​បណ្ដាក់​អី​គេ​ស៊ី​អ៊ីចឹង​ទៅ ទម្រាំ​ដល់​អាទិត្យ​បាន​បួន​ដប់​ម៉ឺន​មក​គ្រាន់​សង​គេ​ទៅ ខ្វះ​ព្រឹក​ខ្វះ​ល្ងាច​គ្រូ​អើយ»។

លោកស្រី ឌិន សុខ​ឡេង បញ្ជាក់​ទៀត​ថា លោកស្រី​ជំពាក់​អ្នក​ភូមិ​តិចតួច​ដែល​បាន​ខ្ចី​គេ​មក​ទិញ​អាហារ​ហូបចុក​ប្រចាំ​ថ្ងៃ​ខ្លះ និង​ខ្ចី​លុយ​កម្មករ​ដូចគ្នា​ឲ្យ​ចៅ​ទៅ​រៀន​ខ្លះ លុះ​បើក​ប្រាក់​មក​ក៏​សង​គេ​វិញ រាល់​អាទិត្យ​គ្មាន​ប្រាក់​សន្សំ​ទេ។ លោកស្រី បន្ថែម​ទាំង​នឿយហត់​ថា លោកស្រី​មាន​កូន​បី​នាក់​ដែរ តែ​ពួកគេ​មាន​ប្ដី ប្រពន្ធ​អស់ នាំគ្នា​ទៅ​ធ្វើការ​រោងចក្រ​កាត់ដេរ ដោយ​ទុក​ចៅ​ពីរ​នាក់​ឲ្យ​លោកស្រី​ចិញ្ចឹម។ លោកស្រី​ថា លោកស្រី​នឹក​មិន​ឃើញ​ទៅ​ប្រកប​មុខរបរ​ផ្សេង​ក្រៅ​ពី​ធ្វើ​កម្មករ​ឡឥដ្ឋ​នេះ​ទេ ដោយសារ​លោកស្រី និង​ប្ដី មាន​វ័យ​ចាស់​ហើយ ដើមទុន​ក៏​គ្មាន ដីស្រែ​ក៏​គ្មាន។

ឌិន សុខ​ឡេង៖«មាន​មុខ​របរ​អី​លោកគ្រូ​អើយ!បាន​ជា​មក​ធ្វើការ​ឡឥដ្ឋ​ហ្នឹង​នោះ នៅ​មិន​ដឹង​ទៅ​រក​អី​បាន។ អ៊ីចឹង​ហើយ​មក​ធ្វើ​ហ្នឹង​ទៅ​គ្រាន់​បាន​តិចៗ ​ហូប​ទៅ វេទនា​ណាស់​គ្រូ​អើយ!ធ្វើការ​ឡឥដ្ឋ​ហ្នឹង ជួនណា​ទៅ​គេ​ឲ្យ​យើង​ឈប់​ទីណាត់ទីណែង។ គ្រាន់តែ​ឈប់​លើស​ម៉ោង​បន្តិច ខ្វះ​ម៉ោង​បន្តិច​អូ!គេ​ថា​ឲ្យ​ពី​មុខ​ពី​ក្រោយ​ដូច​អី​អ៊ីចឹង ពិបាក​ណាស់!វេទនា​ណាស់!»។

វិទ្យុ​អាស៊ី​សេរី មិន​ទាន់​អាច​ទាក់ទង​សុំ​ការ​អត្ថាធិប្បាយ​ជុំវិញ​បញ្ហា​នេះ ពី​អភិបាលរង​ស្រុក​មុខកំពូល លោក ហុង គិរី និង​អ្នកនាំពាក្យ​ក្រសួង​ការងារ លោក ហេង សួរ បាន​ទេ នៅ​ថ្ងៃ​ទី៩ ខែមករា ដោយ​ទូរស័ព្ទ​ហៅ​ចូល​ជា​ច្រើន​ដង តែ​ពុំ​មាន​អ្នក​ទទួល។

ក្រសួង​ការងារ​បាន​ចេញ​សេចក្ដី​ប្រកាស ឲ្យ​ថៅកែ​សិប្បកម្ម​ឡឥដ្ឋ​ទាំងអស់ ត្រូវ​ចុះ​បញ្ជី​ការងារ​ឲ្យ​កម្មករ​ឡឥដ្ឋ​មាន​កិច្ច​គាំពារ​សង្គម សម្រាប់​ទទួល​អត្ថប្រយោជន៍​ការងារ​ផ្សេងៗ ពី​ថៅកែ​និយោជក ដូចជា​ពេល​ឈឺ ឬ​ឱកាស​បុណ្យទាន អាច​ឈប់​សម្រាក តែ​មក​ទល់​ពេល​នេះ សេចក្ដី​ប្រការ​នេះ ក្រសួង​មិន​ទាន់​អនុវត្ត​នៅ​ឡើយ។

របាយការណ៍​របស់​អ្នក​ស្រាវជ្រាវ​នៅ​សកលវិទ្យាល័យ​ហូលូវេ (Holloway University) ផ្សាយ​កាល​ពី​ឆ្នាំ២០១៨ ថា ពលរដ្ឋ​រាប់ពាន់​គ្រួសារ ក្នុង​នោះ​រួម​មាន​ទាំង​កុមារ ដែល​ជំពាក់​បំណុល​គេ កំពុង​ធ្វើ​ការងារ​ក្នុង​ស្ថានភាព​គ្រោះថ្នាក់ ដើម្បី​បំពេញ​តម្រូវ​ការ​ឥដ្ឋ ដែល​របាយការណ៍​ចាត់​ទុក​ថា ជា​ឥដ្ឋ​ឈាម សម្រាប់​ការ​សាងសង់។

របាយការណ៍​ដដែល​ឲ្យ​ដឹង​ទៀត​ថា ដើម្បី​បាន​កម្មករ​មក​ធ្វើ​ការងារ​នៅ​ឡឥដ្ឋ ម្ចាស់​ឡឥដ្ឋ​បាន​សង​បំណុល​ជំនួស​កសិករ​ដែល​ជំពាក់​លុយ​គេ ប៉ុន្តែ​តម្រូវ​ឲ្យ​កសិករ​ទាំង​នោះ​ធ្វើ​ការងារ​នៅ​ក្នុង​ឡឥដ្ឋ​រហូត​ដល់​កាត់​បំណុល​ប្រមាណ​ពី ១០០ដុល្លារ ទៅ ៤.០០០ដុល្លារ ដែល​កម្មករ​ជំពាក់​ម្ចាស់​ឡឥដ្ឋ។

របាយការណ៍​របស់​សហព័ន្ធ​សហជីព​កម្មករ​សំណង់ និង​ព្រៃឈើ BWTUC ឆ្នាំ២០១៩ ឲ្យដឹង​ថា នៅ​ទូទាំង​ប្រទេស​កម្ពុជា​មាន​សិប្បកម្ម​ឡឥដ្ឋ ៤៦៤កន្លែង ដែល​ភាគច្រើន​នៅ​តាម​​បណ្ដោយ​ទន្លេ​មេគង្គ និង​ទន្លេសាប។ កម្មករ​ឡឥដ្ឋ​ទូទាំង​ប្រទេស​មាន​ជាង​មួយ​ម៉ឺន (១០.២១៧)នាក់ ក្នុង​នោះ​មាន​កុមារ​ក្រោម​អាយុ ១៨ឆ្នាំ​ជិត​បួន​ពាន់ (៣.៩៣៧)នាក់ ហើយ​កុមារ​ភាគច្រើន​មិន​បាន​ទៅ​សាលា​ទេ។​

ជុំវិញ​រឿង​នេះ​ដែរ អគ្គលេខាធិការ​សហព័ន្ធ​សហជីព​កម្មករ​សំណង់ និង​ព្រៃឈើ ហៅ កាត់​ថា BWTUC លោក យ៉ាន់ ធី លើកឡើង​ថា ការ​ដែល​តម្រូវ​ឲ្យ​កូន​បំណុល​មក​ធ្វើការ ដើម្បី​សង​បំណុល ខុស​នឹង​ច្បាប់​ការងារ​កម្ពុជា និង​ជា​ការ​​កេងប្រវ័ញ្ច​កម្លាំង​ពលកម្ម​របស់​កម្មករ។ លោក​មើល​ឃើញ​ថា ពលរដ្ឋ​ជាច្រើន​ដែល​បាន​ទៅ​ខ្ចី​លុយ​ពី​ថៅកែ​ឡឥដ្ឋ ដើម្បី​យក​មក​ដោះស្រាយ​ជីវភាព និង​ការ​ចំណាយ​ផ្សេងៗ ហើយ​ទើប​នាំ​គ្នា​ទាំង​គ្រួសារ​ទៅ​ធ្វើការ​ឲ្យ​ថៅកែ​សម្រាប់​ដោះ​បំណុល។

លោក យ៉ាន់ ធី៖«គេ​ព្យាយាម​លាក់បាំង​ប៉ុន្តែ​រូប​ភាព និង​ការ​អនុវត្ត​ជាក់ស្ដែង​គឺ​មាន​ពិត គឺ​ទាក់ទង​ទៅ​នឹង​ការ​គំរាមកំហែង។ អ៊ីចឹង​គាត់​អត់​អាច​ធ្វើ​ការងារ​អី​បាន​ទេ សូម្បីតែ​ពេល​បុណ្យទាន​ភ្ជុំ ឬក៏​ចូលឆ្នាំ ក៏​គាត់​អត់​អាច​ទៅ​ផ្ទះ​បាន​ដែរ។ បើ​ទៅ ទៅ​លេង​ស្រុក​កំណើត​ត្រូវ​មាន​អ្នក​នៅ ដូច​បញ្ចាំ​(មនុស្ស)អ៊ីចឹង​មាន​ន័យ​ថា បើ​ទៅ​មួយ​គ្រួសារ​គាត់​មាន​ប្រាំ​នាក់ គាត់​ត្រូវ​ទៅ​បាន​តែ​បី​នាក់ ឬ​បួន​នាក់ មាន​ម្នាក់​ឬ​ពីរ​នាក់ ដើម្បី​នៅ​ក្នុង​សិប្បកម្ម​ហ្នឹង​ដោយ​ថៅកែ​គាត់​ខ្លាច​ទៅ​ហើយ​មិន​ត្រឡប់​មក​វិញ មិន​មក​សង​លុយ​វិញ មិន​មក​ធ្វើការ​វិញ»។

មន្ត្រី​សង្គម​ស៊ីវិល​រូប​នេះ​ឲ្យដឹង​ទៀត​ថា ការ​ដោះ​បំណុល​របៀប​នេះ អាច​ក្លាយ​ជា​ទាសករ​សម័យ​ទំនើប ហើយ​ការ​សង​បំណុល​នេះ ធ្លាក់​ទៅ​ដល់​កូន​បន្ត​ទៀត ដែល​មិន​អាច​មាន​ថ្ងៃ​សង​រួច។

អង្គការ​សង្គម​ស៊ីវិល ធ្លាប់​លើក​ឡើង​ឲ្យ​រដ្ឋាភិបាល​យក​ចិត្ត​ទុក​ដាក់ លើ​កម្មករ​ឡឥដ្ឋ និង​កម្មករ​សំណង់ ដោយ​ផ្ដល់​កិច្ច​គាំពារ​ផ្នែក​សង្គម​ដល់​ពួក​គេ ឲ្យ​ដូចជា​កម្មករ​ក្នុង​វិស័យ​ដទៃ​ទៀត ប៉ុន្តែ​ពួកគេ សង្កេត​ឃើញ​ថា រដ្ឋាភិបាល​ហាក់​នៅតែ​មើល​រំលង​ទុក្ខ​លំបាក​របស់​កម្មករ​ទាំងនោះ​ដដែល៕

Brick_workers_in_Kanndal_by_Treetop_4.jpg
កម្មករ​កំពុងដឹកឥដ្ឋ ដែល​ដុតរួចចេញពីឡ ទៅដាក់កន្លែងស្តុកទុក សម្រាប់ត្រៀមលក់ទៅអតិថិជន។ រូបពីពលរដ្ឋ

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។