កម្ពុជានាំចេញទំនិញទៅអាមេរិកមានតម្លៃជាង ៨ពាន់លានដុល្លារក្នុងរយៈពេល ១១ខែ
2022.12.16

កម្ពុជានាំចេញផលិតផលទំនិញ ទៅកាន់ទីផ្សារអន្តរជាតិសរុប ចំនួន ២០ពាន់លានដុល្លារអាមេរិក ចាប់ពីខែមករា ដល់ខែវិច្ឆិកា ឆ្នាំ២០២២ គឺកើនឡើង ១៨% បើធៀបនឹងរយៈពេលដូចគ្នា កាលពីឆ្នាំ២០២១។ ក្នុងនោះសហរដ្ឋអាមេរិក គឺជាទីផ្សារនាំចេញធំជាងគេបំផុតរបស់កម្ពុជា ដែលមានទំហំទឹកប្រាក់ជាង ៨ពាន់លានដុល្លារ (៨.២១៧) ឬស្មើនឹង ៤០% នៃតម្លៃនាំចេញសរុប។
របាយការណ៍របស់អគ្គនាយកដ្ឋានគយ និងរដ្ឋាករ (GDCE) នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ឱ្យដឹងថា សហរដ្ឋអាមេរិកនៅតែជាប្រទេសទិញផលិតផលរបស់កម្ពុជាច្រើនជាងគេ។ អត្រានាំទំនិញចេញទៅសហរដ្ឋអាមេរិករយៈពេល ១១ខែ ក្នុងឆ្នាំ២០២២ នេះ គឺកើនឡើងប្រមាណ ២៣% បើធៀបទៅនឹងអំឡុងដូចគ្នា កាលពីឆ្នាំ២០២១។
ចំណែកទំនិញនាំចូលពីសហរដ្ឋអាមេរិកវិញ គឺមានតម្លៃសរុប ជិត ៣រយលានដុល្លារ (២៩២,៧) ធ្លាក់ចុះ ជិត ៥% (៤,៨) រយៈពេល ១១ខែនៅឆ្នាំ២០២២ នេះ បើធៀបអំឡុងពេលដូចគ្នា កាលពីឆ្នាំមុន។ ទំនិញដែលកម្ពុជានាំចេញ ទៅសហរដ្ឋអាមេរិករួមមាន សំលៀកបំពាក់ ស្បែកជើង ផលិតផលធ្វើដំណើរ និងផលិតផលកសិកម្ម ខណៈដែលការនាំចូលសំខាន់ មានដូចជា យានយន្ត ចំណីសត្វ និងគ្រឿងម៉ាស៊ីន។
របាយការណ៍ដដែលបន្តថា បន្ទាប់ពីសហរដ្ឋអាមេរិក ទីផ្សារវៀតណាមជាប់លំដាប់ថ្នាក់លេខ២ ដែលមានទំហំទឹកប្រាក់ជិត ២ពាន់លានដុល្លារ។ ចំណែកប្រទេសចិនវិញ ជាប់ចំណាត់ថ្នាក់ទី៣ មានទឹកប្រាក់ជាង ១ពាន់លានដុល្លារ៕