កម្ពុជា​មាន​រោងចក្រ​ជាង​១.៣០០​ក្រុមហ៊ុន តែ​ភាគច្រើន​ជា​របស់​ចិន ហើយ​កម្មករ​ខ្មែរ​មាន​ជីវភាព​លំបាក

ដោយ សេក បណ្ឌិត
2023.12.03
កម្ពុជា​មាន​រោងចក្រ​ជាង​១.៣០០​ក្រុមហ៊ុន តែ​ភាគច្រើន​ជា​របស់​ចិន ហើយ​កម្មករ​ខ្មែរ​មាន​ជីវភាព​លំបាក កម្មកររោងចក្រមួយកន្លែងនៅរាជធានីភ្នំពេញ ចេញសម្រាក​ម៉ោងបាយថ្ងៃត្រង់ កាលពីថ្ងៃទី១ កញ្ញា ២០២៣។
រូប​៖ ពលរដ្ឋ​ផ្តល់ឱ្យ

សហភាព​ការងារ​កម្ពុជា​រក​ឃើញ​ថា បច្ចុប្បន្ន​នេះ​មាន​ក្រុមហ៊ុន​ជាង ១.៣០០ ដែល​ភាគច្រើន​ថៅកែ​ជា​ជនជាតិ​ចិន​កំពុង​បើក​រោងចក្រ​រក​ស៊ី​នៅក្នុង​ប្រទេស​កម្ពុជា ដោយមាន​កម្មករ​ខ្មែរ​ប្រមាណ​ជាង​៨០​ម៉ឺន​នាក់ កំពុង​ធ្វើការ​យក​ប្រាក់​ឈ្នួល​ចិញ្ចឹមជីវិត។

បើ​ទោះ​បី​ជា​នៅ​កម្ពុជា​មាន ចំនួន​រោងចក្រ​ច្រើន​បែបនេះ​ក៏ដោយ​ក៏​វា​មិនបាន​ជួយ​ឱ្យ​កម្មករ​ខ្មែរ​មាន​កំរិត​ជីវភាព​ធូរធារ នឹង​រស់នៅ​ក្នុង​ជីវិត​សមរម្យ​ទេ។

តើ​កត្តា​នេះ​បណ្ដាលមកពី​បញ្ហា​អ្វីខ្លះ...?

កម្មករ​ជាច្រើន​នៅ​តាម​រោងចក្រ​នៃ​ប្រទេស​កម្ពុជា​ត្អូញត្អែរ​ប្រហាក់ប្រហែល​គ្នា​ថា ជីវភាព​ប្រចាំថ្ងៃ​មិន​ប្រសើរ​ទេ ដោយសារតែ​ប្រាក់​ឈ្នួល​រៀងរាល់​ខែ​មាន​កំរិត​តិចតួច​ហើយ​ត្រូវ​យក​ទៅ​ដោះស្រាយ​បំណុល​ផ្គត់ផ្គង់​កូន​រៀនសូត្រ​និង​ចំណាយ​លើ​ការរស់នៅ​ប្រចាំថ្ងៃ​ជាច្រើន​ទៀត។ ពួកគេ​និយាយ​ទៀត​ថា ធ្វើ​ជា​កម្មករ​នៅ​តាម​រោងចករ​ដូច​សព្វថ្ងៃ​នេះ​មិន​មាន​សល់​អ្វី​ទុក​ជា​ក្តី​សង្ឃឹម​សម្រាប់​អនាគត​ទេ គឺ​សន្សំ​បានតែ​ជម្ងឺ​ឱ្យមក​នៅក្នុង​ខ្លួន​ប៉ុណ្ណោះ ដោយសារតែ​ខំ​ធ្វើ​ការងារ​ច្រើន​ហើយ​ការ​ហូប​ចុក​មិន​បាន​គ្រប់គ្រាន់។

កម្មករ​រោងចក្រ​ខេន​ស្បតស៊ូ (Can Sport Shoes) នៅ​ខេត្ត​កំពង់ឆ្នាំង​លោកស្រី ហ៊ីនសុខគុណ មាន​ប្រសាសន៍​ថា គាត់​ធ្វើ​ការ​នៅ​រោងចក្រ​ផលិត​ស្បែកជើង​អេឌីតដាស (Adidas) ដែល​មាន​ថៅកែ​ជា​ជន​ជាតិចិន​ដោយ​ទទួល​បាន​ប្រាក់​ឈ្នួល​២២០-២៣០​ដុល្លារ ក្នុង​មួយ​ខែ។ កំរិត​ប្រាក់​ឈ្នួល​នេះ​ធ្វើ​ឱ្យ​គាត់​មាន​ជីវភាព​លំបាក​ខ្លាំង​ដោយ​ត្រូវ​យក​ទៅ​សង​បំណុល​ដែល​ជំពាក់​មីក្រូហិរញ្ញវត្ថុ ត្រូវ​ចំណាយ​ឱ្យ​កូន​ទៅ​រៀន និង​ចំណាយ​លើ​ថ្លៃ​ម្ហូបអាហារ អង្ករ​ដែល​កំពុងតែ​ឡើង​ថ្លៃ ព្រម​ទាំង​ចំណាយ​លើ​ថ្លៃ​ទឹក​និង​ភ្លើង​អគ្គិសនី​ជាប្រចាំ​ផង​នោះ។

លោកស្រី ហ៊ីន សុខគុណ ព្រួយ​បារម្ភ​ថា ប្រសិន​បើ​រស់នៅ​ក្នុង​ជីវភាព​ដូច​សព្វថ្ងៃ​នេះ នៅ​ពេល​ដែល​ធ្លាក់ខ្លួន​ឈឺ​គឺ​គាត់​គ្មាន​ប្រាក់​ព្យាបាល​ទេ។

លោកស្រី ហ៊ីន សុខគុណ៖ «បើ​ប្រាក់ខែ​ប៉ុណ្ណឹង​សង្ឃឹម​មាំមួន​អី​? បាន​ប៉ុណ្ណឹង​មក​គ្រាន់តែ​ចំណាយ​លើ​ការ​ហូបចុក កូន​រៀន​កូន​អី​អត់​គ្រាន់​ផង​ហ្នឹង។ ធ្វើការ​ទាំងពីរ​នាក់​ប្ដី​ប្រពន្ធ​ហើយ​នៅ​ទប់ទល់​មិន​ឈ្នះ​ផង​អត់​សល់។ ១​ខែៗ​អត់​មាន​សល់​លុយ​ទេ កម្មករ​រោងចក្រ​បើក​លុយ​មក​ឃើញ​តែមួយ​ភ្លែត​សង​គេ​ទៅវិញ​អស់ ហូបចុក​មិន​ដល់​ខែ​ផង»

កម្មករ​រោងចក្រ​ស្បែកជើងCan Sport Shoes ម្នាក់ទៀត​លោក សុខ នី មាន​ប្រសាសន៍​ប្រហាក់ប្រហែល​គ្នា​ថា រូប​គាត់​បាន​ទទួល​ប្រាក់ខែ​គោល​តែ ២០០​ដុល្លារ​បូក​ថែមទាំង​ប្រាក់​ថ្លៃ​ធ្វើដំណើរ​១០​ដុល្លារ និង​ប្រាក់​ឧបត្ថម្ភ ១០​ដុល្លារ​ទៀត គឺ​បានតែ​២២០​ដុល្លារ​ប៉ុណ្ណោះ​ក្នុង​មួយ​ខែ។កំរិត​ប្រាក់​ឈ្នួល​នេះ​មិន​ថា តែ​រូប​គាត់​និង​កម្មករ​ជាច្រើន​ទៀត​នោះ​ទេ គឺ​សុទ្ធតែ​មិន​ទាន់​គ្រប់គ្រាន់​សម្រាប់​ជីវភាព​ដោយសារតែ​ទំនិញ​ទីផ្សារ​គ្រប់យ៉ាង​ឡើងថ្លៃ​ព្រមទាំង​មាន​បំណុល​ផង​នោះ។

លោក សុខ នី៖ «និយាយ​ទៅ​ជីវភាព​កម្មករ​ទាំង​រូប​ខ្ញុំ​ពេល​នេះ បានតែ​មួយ​រស់​ទេ សល់​គឺ​គ្មាន​ទេ ពីព្រោះ​នៅ​រោងចក្រ​ខ្ញុំ​ខេត្ត​កំពង់ឆ្នាំង ជាទូទៅ​មុន​កូវីដ១៩ គឺ​មាន​ការ​ថែម​ម៉ោង តែ​ក្រោយពី​ការបោះឆ្នោត​ហើយ​គឺ​មាន​ការ​ថែម​ម៉ោង​ដោយ​កន្លែង។ កន្លែង​ណា​Line​ណា​ធ្វើ​បាន​ស្បែកជើង​១២០​គូ​ក្នុង ១​ម៉ោង គឺ​ចិន​គេ​ឱ្យ​ថែម​ម៉ោង​កន្លែង​ណា​ធ្វើ​មិនបាន​១២០គូ ក្នុង ១​ម៉ោង គេ​មិន​ថែម​ឱ្យ​ទេ គឺ​គេ​ឱ្យ​ចេញពី​ធ្វើការ​នៅ​ម៉ោង ៤​រសៀល»

បច្ចុប្បន្ន​នេះ កម្មករ​ខ្លះ​ដែល​ផ្ទះ​នៅ​ឆ្ងាយ​បាន​ក្រោក​តាំង​ពី​យប់​ធ្វើ​ដំណើរ​មក​រោងចក្រ ដើម្បី​ធ្វើការ ដោយ​ពួកគេ​មិន​បាន​ហូប​អាហារ​ពេលព្រឹក​ត្រឹមត្រូវ​ទេ។ ដោយសារតែ​ប្រាក់ខែ​តិចតួច​កម្មករ​ខ្លះទៀត​ខំ​ត្បិតត្បៀត​សន្សំ​សំចៃ​មិន​ហ៊ាន​ចំណាយ​លើ​ការ​ហូប​អាហារ​ថ្ងៃត្រង់​ផង។ ពួកគេ​បាន​ទិញ​គ្រឿង​កំប៉ុង ដែល​គេ​ហៅ​ថា ជា​ភេសជ្ជៈ​ប៉ូវ​កម្លាំង​មក​ផឹក ជំនួស​អាហារ​ដោយ​គេ​យល់​ថា ដើម្បី​ឱ្យ​ពួកគេ​មាន​កម្លាំង​ធ្វើ​ការ។

សហជីព​កម្មករ​បាន​ទទួល​ស្គាល់​ថា កម្មករ​ភាគច្រើន​បាន​និយម​ផឹក​ភេសជ្ជៈ​កំប៉ុង​ទាំងនោះ​មែន ដោយសារតែ​ពួកគេ​យល់​ថា គ្រឿង​កំប៉ុង​ទាំងនោះ ជួយ​ឱ្យ​ពួកគេ​មិន​ងងុយដេក និង​មិន​អស់កម្លាំង​ហើយ​ធ្វើការ​មិន​ចេះ​នឿយហត់​។ ក៏ប៉ុន្តែ​គេ​ព្រួយបារម្ភ​ថា នៅពេល​ខាងមុខ​កម្មករ​ភាគច្រើន​នឹង​មាន​បញ្ហា​សុខភាព​ដូចជា​ជំងឺ​ក្រពះ និង​ជម្ងឺ​ទឹកនោមផ្អែម​ជាដើម ដែល​បណ្ដាល​មក​ពី​ការ​ប៉ះពាល់​ដោយសារ​ធាតុគីមី​នៅក្នុង​គ្រឿង​កំប៉ុង​ទាំង​នោះ។

ប្រធាន​សហជីព​សេរី​កម្មករ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​លោកស្រី ទូច សើ មាន​ប្រសាសន៍​ថា បច្ចុប្បន្ន​ស្ថានភាព​កម្មករ​គឺ​លំបាក​ខ្លាំង​ដោយសារតែ​នៅ​តាម​រោងចក្រ​នីមួយៗ​ថៅកែ​ចិន​បាន​ដាក់​កំហិត​ឱ្យធ្វើ​ការងារ​កាន់តែ​ច្រើន​មិន​មាន​គោលការណ៍​ផ្ដល់​ប្រាក់​បន្ថែម​ម៉ោង​ទេ។

លោកស្រី ទូច សើ៖ «ការ​ចំណាយ​របស់​គាត់​ច្រើន កាលណា​គាត់​ចំណាយ​ច្រើន ហើយ​មិន​បាន​ធ្វើការ​ថែម​ម៉ោង​ថ្ងៃបុណ្យ ឬក៏​ថ្ងៃអាទិត្យ ឬមួយ​ក៏​ថ្ងៃ​ធម្មតា​ទៀត​កាន់តែ​ធ្វើ​ឱ្យ​គាត់​ទ្រទ្រង់​ជីវភាព​មិន​គ្រប់។ ដូច​ជាក់ស្ដែង​ប្រាក់ខែ​ឡើង ៤​ដុល្លារ ហើយ​ទំនិញ​ឡើងថ្លៃ សូម្បីតែ​ឱ្យ​លុយ​២០០០​កូន​ទៅ​រៀន​កូន​មិន​ដឹង​ថា ទិញ​អី​បាន​ផង​វា​ពិបាក​អីចឹង!»

ប្រធាន​សហភាព​ការងារ​កម្ពុជា និង​ជា​សមាជិក​ក្រុមប្រឹក្សា​ជាតិ​ប្រាក់​ឈ្នួល​អប្បបរមា​លោក អាត់ ធន់ ឱ្យ​ដឹង​ថា នៅ​ក្នុង​បញ្ជី​បង់ពន្ធ​របស់​រដ្ឋ​បច្ចុប្បន្ន​មាន​រោងចក្រ​កាត់ដេរ​សម្លៀកបំពាក់ រោងចក្រ​ស្បែកជើង រោងចក្រ​កាបូប និង​រោងចក្រ​កង់ឡាន​ជាដើម​ប្រមាណ​ជាង​មួយ​ពាន់​បី​រយ (.៣០០) ក្រុមហ៊ុន​ដែល​ថៅកែ​ភាគច្រើន​ជា​ជន​ជាតិចិន។ ក៏ប៉ុន្តែ​លោក​ជឿ​ថា ចំនួន​រោងចក្រ​អាច​ច្រើនជាង​នេះ​ដោយសារតែ​រោងចក្រ​ខ្លះ​មិន​ស្ថិត​ក្នុង​បញ្ជី​បង់​ពន្ធ​នៅ​ឡើយ។

លោក អាត់ ធន់ ឱ្យ​ដឹង​ទៀត​ថា ការ​នាំចេញ​ផលិតផល​របស់​រោងចក្រ​ទាំងនោះ​ក្នុង​ឆ្នាំ​២០២៣ គឺ​មាន​ទឹកប្រាក់​ប្រមាណ​១៣​ពាន់​ពាន់​លាន​ដុល្លារ​អាមេរិក ក៏ប៉ុន្តែ​បើ​ពិនិត្យ​ទៅលើ​ប្រាក់ខែ​កម្មករ​វិញ​គឺ​នៅក្នុង​រង្វង់​ទឹកប្រាក់​ពីរ​ពាន់​ប្រាំ​រយ​(.៥០០)​លាន​ដុល្លារ​ទេ មានន័យថា​ទឹក​លុយ​ដែល​នៅសល់​ជាង​ពាក់កណ្ដាល​ទៀត​គឺ​ថៅកែ​ចំណេញ​ហើយ​នាំ​យក​ត្រឡប់​ទៅ​ប្រទេស​ចិន​វិញ។

លោក អាត់ ធន់ មាន​ប្រសាសន៍​ទៀត​ថា វា​ជា​ការ​ពិបាក​ណាស់​ក្នុង​ការ​ទាមទារ​ដំឡើង​ប្រាក់ខែ​ឱ្យ​កម្មករ​ថែមទៀត​នៅក្នុង​ពេល​នេះ ចាប់​តាំងតែ​ពី​រដ្ឋាភិបាល​បាន​បង្កើត​ច្បាប់​កាត់​បន្ថយ​សិទ្ធិ​សហជីព​ហើយ​កម្មករ​ក៏​ពិបាក​ប្រើប្រាស់​សិទ្ធិ​ក្នុង​ការ​ធ្វើ​បាតុកម្ម និង​កូដកម្ម​ទាមទារ​ដែរ​នោះ។

លោក អាត់ ធន់៖ «បើ​ទៅ​សួរ​ថៅកែ​ម្នាក់​ណា​ក៏​ឆ្លើយ​ថា ខាត​ដែរ ប៉ុន្តែ​ជា​រៀងរាល់​ឆ្នាំ​គាត់​ពង្រីក​រោងចក្រ គាត់​បង្កើត​រោងចក្រ​គ្រប់​កន្លែង​។ គាត់​មិន​ខាត​ទេ ប៉ុន្តែ​គាត់​កុហក។ តាម​ពិត​ចំពោះ​ប្រាក់ខែ​កម្មករ​គឺ​សហជីព​មាន​គំរោង​ទាមទារ​ដំឡើង​រហូត​ដល់ ២៥០​ដុល្លារ​ដើម្បី​ឱ្យ​ជីវភាព​កម្មករ​អាច​ទប់ទល់ និង​ការ​ចំណាយ ប៉ុន្តែ​ស្ថានភាព​ជាក់ស្ដែង​យើង​ចរចា​ជួយ​កម្មករ​បាន​តិចតួច ៥​ដុល្លារ​១០​ដុល្លារ ៤​ដុល្លារ និង​២​ដុល្លារ​ប៉ុណ្ណឹង។ សួរ​ថា ហេតុអ្វី​ក៏​ទាមទារ​ដំឡើង​ប្រាក់ខែ​មិនបាន? វា​ឡើង​បាន​វា​ទាល់តែ​កម្មករ​មាន​អំណាច​ដូច​កាល​ពី​ឆ្នាំ​២០១៣ ពេល​គាត់​កូដកម្ម​គេ​ដំឡើង​ឱ្យ​គាត់​២០​ដុល្លារ»

ទោះ​យ៉ាងណា​វិទ្យុ​អាស៊ីសេរី​មិន​អាច​សុំ​ការអធិប្បាយ​ជុំវិញ​បញ្ហា​នេះ ពី​អ្នកនាំពាក្យ​ក្រសួង​ការងារ​និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ​លោក កត្តា អ៊ន បាន​ទេ​នៅ​ថ្ងៃទី២ ខែ​ធ្នូ។

ចំណែក​ប្រធាន​គណបក្ស​កម្លាំង​ជាតិ​លោក ស៊ុន ចន្ធី មើល​ឃើញ​ថា ក្រុម​អ្នកវិនិយោគទុន​ចិន​មួយ​ផ្នែកធំ​ដែល​កំពុង​រកស៊ី​នៅ​កម្ពុជា​មិន​បាន​ផ្ដល់​ផលប្រយោជន៍ និង​ជួយ​លើកស្ទួយ​កំរិត​ជីវភាព​កម្មករ​ឱ្យ​ប្រសើរ​ទេ។ ប៉ុន្តែ​ក្រុម​អ្នក​វិនិយោគ​ចិន​ទាំងនោះ​បែរ​ជា ផ្ដល់​ផលប្រយោជន៍​ច្រើន​ទៅ​ឱ្យ​មន្ត្រី​ដែល​កំពុងតែ​មាន​អំណាច​នៅក្នុង​ជួរ​រដ្ឋាភិបាល​ដែល​ពាក់ព័ន្ធ និង​អំពើពុករលួយ។

លោក ស៊ុន ចន្ធី៖ «អ្នកវិនិយោគទុន​ជា​ជនជាតិ​ចិន​មក​បើក​រោងចក្រ​នៅ​ស្រុក​ខ្មែរ​ច្រើន​ពិតមែន​ក៏ប៉ុន្តែ​មិន​អាច​ផ្ដល់​ឱ្យ​កម្មករ​មាន​ជីវភាព​ធូរធារ​បាន​ទេ ពីព្រោះ​ប្រាក់​ឈ្នួល​ដែល​ទទួល​បាន​នៅ​មាន​កំរិត​នៅ​ឡើយ។ ខ្ញុំ​សំណូមពរ​ឱ្យ​រដ្ឋាភិបាល​ត្រូវ​ពិចារណា​ដំឡើង​ប្រាក់ខែ​គោល​ជូន​កម្មករ​ឱ្យ​បាន​ខ្ពស់​ជាង​បច្ចុប្បន្ន​ដើម្បី​ឱ្យ​កម្មករ​មាន​ជីវភាព​ធូរធារ​ទៅ​បាន»

អ្នក​សិក្សា​ការ​អភិវឌ្ឍ​សង្គម​មើល​ឃើញ​ថា កម្ពុជា​ប្រសិនបើ​មាន​តែ​អ្នកវិនិយោគទុន​ចិន​ចូល​មក​រកស៊ី​នោះ​គឺ​មិន​បាន​ធ្វើ​ឱ្យ​សេដ្ឋកិច្ចជាតិ​ប្រសើរ និង​ជីវភាព​កម្មករ​ធូរធារ​ទេ។ រដ្ឋាភិបាល​កម្ពុជា​ត្រូវតែ​បើក​លំហូរ​ប្រជាធិបតេយ្យ សិទ្ធិ​នយោបាយ​និង​សិទ្ធិ​សេរីភាព​ឡើងវិញ​ដើម្បី​ឱ្យ​បណ្ដា​ប្រទេស​លោក​សេរី​ផ្ដល់​ការ​អនុគ្រោះ​ពន្ធ​នាំចេញ​ឱ្យ​ប្រសើរ​ទើប​អាច​ទាក់ទាញ​ក្រុម​អ្នកវិនិយោគទុន ពី​ប្រទេស​សេរី​ឱ្យ​ចូល​មក​បង្កើន​ការ​បណ្ដាក់​ទុន​ដែល​អាច​ធ្វើ​ឱ្យ​កម្មករ​មាន​ប្រាក់ខែ​ខ្ពស់ និង​ជីវភាព​ប្រសើរ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។