អ្នក​ជំនាញ​ស្នើ​​រដ្ឋាភិបាល​គិតគូរ​ដល់​ប្រយោជន៍​កសិករ​ឱ្យ​ច្រើន​ពី​ការ​នាំ​ស្វាយ​ស្រស់​ទៅ​ចិន

0:00 / 0:00

អ្នកជំនាញ​កសិកម្ម​ស្នើ​ឱ្យ​រដ្ឋាភិបាល​គិតគូរ​ពី​ផលប្រយោជន៍​កសិករ​ឱ្យ​បាន​ច្រើន​ពាក់ព័ន្ធ​នឹង​ការ​នាំចេញ​ផ្លែស្វាយ​ស្រស់​ទៅ​កាន់​ប្រទេស​ចិន​។ ការ​ស្នើ​ឡើង​នេះ បាន​កើត​មាន​ឡើង​ក្រោយ​ពី​កម្ពុជា និង​ប្រទេស​ចិន​បាន​បើក​សម្ពោធ​ជា​ផ្លូវ​ការនាំចេញ​ផ្លែស្វាយ​ស្រស់​ជា​លើកដំបូង​ទៅ​កាន់​ប្រទេស​ចិន។

ស្ថាបនិក​គណបក្ស​ប្រជាធិបតេយ្យ​មូលដ្ឋាន និង​ជា​អ្នកជំនាញ​កសិកម្ម លោក​បណ្ឌិត យ៉ង សាំងកុមារ មាន​ប្រសាសន៍​ថា ការ​នាំ​ចេញ​ផ្លែស្វាយ​ស្រស់​នេះ​គឺជា​រឿង​ល្អ ដើម្បី​ជួយ​ដល់​វិស័យ​កសិកម្ម​កម្ពុជា។

លោក​បញ្ជាក់​ថា ប្រសិនបើ​រដ្ឋាភិបាល​ធ្វើ​យ៉ាងណា​ឱ្យ​កសិករ​ខ្មែរ អ្នក​ដាំ​ស្វាយ​ទទួល​បាន​ផលប្រយោជន៍​ពី​ការនាំចេញ​នោះ​រឹតតែ​ល្អ​ប្រសើរ ជា​ជាង​ចំណេញ​តែ​ក្រុមហ៊ុន​ចិន៖ «ចង់​និយាយ​ថា ជំហាន​ដំបូង​អីចឹង​មាន​ក្រុមហ៊ុន​ចិន​មក​វិនិយោគ​យ៉ាងណាក៏ដោយ សំខាន់​យើង​បាន​ផលិតផល​យើង​បាន​ទៅ​ដល់​ទៅ​ផ្សារ ហើយ​ទៅ​ថ្ងៃមុខ​ទៅ​ប្រសិនបើ​គេ​ស្គាល់ គេ​តម្រូវការ​ច្រើន​វា​ល្អ។ ប៉ុន្តែ​វា​សំខាន់​គឺ​ធ្វើ​ម៉េច ឱ្យ​កសិករ​ខ្មែរ​ទៅ​ថ្ងៃមុខ​អាច​បាន​ទទួល​ផល​ប្រយោជន៍ ពី​ការ​នាំ​ចេញ​ទៅកាន់​ទីផ្សារ​ចិន​ដែរ»។

ស្ថានទូត​ចិន​ប្រចាំ​ប្រទេស​កម្ពុជា កាលពី​ថ្ងៃទី ៧ ឧសភា បាន​បង្ហោះ​នៅ​លើ​បណ្ដាញ​សង្គម​ហ្វេសប៊ុក​របស់​ខ្លួន​អំពី​ពិធី​សម្ពោធ​ជា​ផ្លូវការ​ក្នុង​ការនាំចេញ​ផ្លែស្វាយ​ស្រស់​ជា​លើកដំបូង ទៅ​កាន់​ប្រទេស​ចិន តាមរយៈ​ប្រព័ន្ធ​វីដេអូ​ថា ផ្លែស្វាយ​ស្រស់​ប្រមាណ ១០០ តោន បាន​នាំ​ចេញ​ជា​លើកដំបូង​ទៅ​កាន់​ទីផ្សារ​ប្រទេស​ចិន។

ចិន​កាល​ពី​ខែ​មេសា ឆ្នាំ​២០២១ បាន​ចុះបញ្ជី​ឈ្មោះ​ចម្ការ​ស្វាយ​ចំនួន ៣៧ កន្លែង និង​រោងចក្រ​ចំនួន ៥ ដែល​មាន​ទីតាំង​នៅក្នុង​ខេត្តកំពង់ស្ពឺ និង​ខេត្តកោះកុង សម្រាប់​នាំ​ផ្លែស្វាយ​ស្រស់​ទៅ​កាន់​ប្រទេស​ចិន

ពាក់ព័ន្ធ​នឹង​ការនាំចេញ​នេះ​ដែរ បណ្ឌិត យ៉ង សាំង​កុមារ ថ្លែង​ថា ក្រសួង​កសិកម្ម​ត្រូវ​ជួយ​បណ្តុះបណ្តាល​ដល់​កសិករ ឱ្យ​ពួកគាត់​ផលិត​ដំណាំ​កសិកម្ម​ស្របតាម​ស្តង់ដារ​ទីផ្សារ​ដែល​ប្រទេស​ចិន​ត្រូវ​ការ ដើម្បី​ជួយ​បង្កើន​ជីវភាព​ដល់​កសិករ។

អ្នកនាំពាក្យ​ក្រសួង​កសិកម្ម លោក ស្រី វុទ្ធី ប្រាប់​អាស៊ីសេរី​ថា ក្រុមហ៊ុន​ចិន​ដែល​នាំចេញ​ផ្លែស្វាយ​ស្រស់​ទាំងនោះ ពឹងផ្អែក​ច្រើន​ពី​ការ​ប្រមូល​ទិញ​ផ្លែស្វាយ​ដែល​ត្រូវ​ស្តង់ដារ​ពី​កសិករ និង​សហគមន៍​កសិកម្ម ហើយ​ក្រសួង​រំពឹង​ថា បញ្ហា​ទីផ្សារ​ផ្លែស្វាយ​របស់​កសិករ​នឹង​ល្អ​ប្រសើរ​ជាង​មុន​។​របាយការណ៍​ក្រសួង​កសិកម្ម ស្ដីពី​ការនាំចេញ​កសិផល​ក្នុង​រយៈពេល​៤ ខែ ឆ្នាំ​២០២១ មាន​ចំនួន​ជាង ៣,៨ លាន​តោន​(៣,៨២៦ ៤៣២,៨៥ តោន​) ទៅ​កាន់​ប្រទេស​ចំនួន​៥៤ គឺ​បាន​កើនឡើង​ជាង ៨៧%(៨៧,៣៥%) បើ​ធៀប​នឹង​រយៈពេល​ដូចគ្នា​កាលពី​ឆ្នាំ ២០២០​។ ក្នុង​នោះ​ផ្លែស្វាយ​ស្រស់​មាន​ចំនួន​ជាង ១,៤​លាន​តោន គឺ​បាន​កើនឡើង​ជិត ២៤០%( ២៣៩,១៣%)។

ផ្លែស្វាយ​ដែល​ក្រសួង​កសិកម្ម បាន​នាំ​ចេញ​នោះ គឺ​ទៅ​កាន់​ទីក្រុង​ហុង កុង​(Hong Kong) កូរ៉េខាងត្បូង ( South Korea) គុយវ៉ែត (Kuwait ) សិង្ហបុរី ( Singapore) ថៃ (Thailand) និង​វៀតណាម (Vietnam)៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។