កម្ពុជា​​គ្រោង​បង្កើត​តំបន់​សេដ្ឋកិច្ច​ពិសេស​ថែមទៀត​ដើម្បី​ទាក់​ទាញ​​អ្នក​វិនិយោគ​ពី​កូរ៉េ ​ជប៉ុន និង​ចិន

ដោយ សេក បណ្ឌិត
2024.05.24
កម្ពុជា​​គ្រោង​បង្កើត​តំបន់​សេដ្ឋកិច្ច​ពិសេស​ថែមទៀត​ដើម្បី​ទាក់​ទាញ​​អ្នក​វិនិយោគ​ពី​កូរ៉េ ​ជប៉ុន និង​ចិន កំពង់ផែ​ខេត្ត​ព្រះសីហនុ​ រូបពីកាលពីថ្ងៃទី៣១ មករា ២០២៤។
រូប៖ ហ្វេសប៊ុកលោក ហ៊ុន ម៉ាណែត

លោក​នាយករដ្ឋមន្ត្រី ​លោក ហ៊ុន ម៉ាណែត អះអាង​ថា ក្នុង​ដំណើរ​ទស្សន​កិច្ច​រយៈ​ពេល ៤​ថ្ងៃ នៅ​ប្រទេស​កូរ៉េខាងត្បូង (South Korea) គឺ​លោក​បាន​ជួប​ជាមួយ​ក្រុម​ហ៊ុន​កូរ៉េ​ធំ​ៗ​ជា​ច្រើន។

តាមរយៈ​ដំណើរ​ទស្សន​កិច្ច​នេះ កម្ពុជា​គ្រោង​នឹង​បង្កើត​តំបន់​សេដ្ឋកិច្ច​ពិសេស​ថែម​ទៀត​ ដោយ​រំពឹង​ទុក​ថា នឹង​ទទួល​បាន​ការ​វិនិយោគ​ពី​ប្រទេស​កូរ៉េ ចិន​និង​ជប៉ុន​កាន់​តែ​ច្រើន​សម្រាប់​អនាគត។

ក៏​ប៉ុន្តែ​អ្នក​តាមដាន​បញ្ហា​សង្គម និង​នយោបាយ​ យល់​ថា​ការ​បើក​តំបន់​សេដ្ឋកិច្ច​ពិសេស​តែ​ មួយ​មុខ​មិនមែន​ជា​ដំណោះស្រាយ​យូរ​អង្វែង​សម្រាប់​សេដ្ឋកិច្ច​កម្ពុជា​នោះ​ទេ។

អ្នក​តាម​ដាន​ការ​អភិវឌ្ឍ​សង្គម និង​នយោបាយ​ លើក​ឡើង​ថា​ស្ថានភាព​នយោបាយ​​នៅ​កម្ពុជា​ដូច​បច្ចុប្បន្ន ​មិន​អាច​បង្កើត​ភាព​កក់ក្តៅ​និង​ការ​ជឿ​ទុកចិត្ត​ ឱ្យ​ក្រុម​ហ៊ុន​ធំៗ​មក​ពី​រទេស​កូរ៉េ​ខាង​ត្បូង​និង​ជប៉ុន ​ដែល​ជា​ប្រទេស​សេរី​ ចូល​មក​វិនិយោគ​បាន​ច្រើន​ដូច​ការ​រំពឹង​ទុក​ទេ។

ភាព​រាំងស្ទះ ​ដែល​មិន​អាច​ឱ្យ​ក្រុមហ៊ុន​ធំ​ៗ ​នៃ​ប្រទេស​សេរី​ ចូល​មក​វិនិយោគ​នៅ​កម្ពុជា ​គឺ​ដោយសារ​តែ​រដ្ឋាភិបាល​ កំពុង​គ្រប់គ្រង​អំណាច​ប្រាសចាក​ពី​លទ្ធិ​ប្រជាធិបតេយ្យ ​មិន​គោរព​សិទ្ធិមនុស្ស ​មិន​អនុវត្ត​ច្បាប់​ឱ្យ​បាន​ត្រឹមត្រូវ​ គំរាមកំហែង​ទៅ​លើ​គណបក្ស​ប្រឆាំង ​ព្រម​ទាំង​បំបិទ​សិទ្ធិ​សេរី​ភាព​បញ្ចេញ​មតិ​របស់​ប្រជាពលរដ្ឋ​និង​សេរីភាព​សារព័ត៌មាន​ជាដើម។

អ្នក​ប្រឹក្សា​យោបល់​ផ្នែក​អភិវឌ្ឍន៍​ផ្នត់​គំនិត និង​ការ​សិក្សា​ស្រាវជ្រាវ ​លោក សេក សុជាតិ ​មាន​ប្រសាសន៍​ប្រាប់​វិទ្យុ​អាស៊ីសេរី កាល​ពី​ថ្ងៃ​ទី​២១ ខែ​ឧសភា ថា ក្រុមហ៊ុន​ធំ​ៗ​របស់​កូរ៉េ​ខាង​ត្បូង និង​ជប៉ុន ​ដែល​ជា​ប្រទេស​សេរី ​នៅ​មាន​ការ​ពិចារណា​ច្រើន​ចំពោះ​ការ​មក​វិនិយោគ​នៅ​កម្ពុជា។

លោក​ថា ក្នុង​ស្ថានភាព​ដូច​បច្ចុប្បន្ន​ ដែល​កម្ពុជា​មិន​អាច​ធានា​បាន​នូវ​លទ្ធិ​ប្រជាធិបតេយ្យ និង​ការ​គោរព​សិទ្ធិមនុស្ស គឺ​មិន​អាច​ទាក់ទាញ​អ្នក​វិនិយោគ​ពី​ប្រទេស​កូរ៉េ ជប៉ុន ​និង​ពី​បណ្ដា​ប្រទេស​សេរី​ ជាច្រើន​នៅ​ជុំវិញ​ពិភព​លោក​ផង។

លោក សេក សុជាតិ៖ «ខ្ញុំ​យល់​ថា ការ​អនុវត្ត​ច្បាប់​នៅ​កម្ពុជា​ នៅ​មិន​ទាន់​ឆ្លើយ​តប​តាម​ការ​ចង់​បាន​ជា​លក្ខណៈ​រួម​នៅ​ឡើយ​ទេ ​ដោយសារ​តែ​មាន​ទំនាក់ទំនង និង​ឥទ្ធិ​ពល​នយោបាយ​ធ្វើ​ឱ្យ​ក្លាយ​ទៅ​ជា​ប្រធាន​បទ​មួយ​ប៉ះពាល់​ទៅ​ដល់​អ្នក​វិនិយោគ​ផង​ដែរ។ ​បើសិនជា​កម្ពុជា​នៅ​តែ​បន្ត​មាន​វិបត្តិ​ធ្ងន់ធ្ងរ​ទាក់ទង​ជាមួយ និង​លទ្ធិ​ប្រជាធិបតេយ្យ ការ​គោរព​សិទ្ធិ​មនុស្ស ​ការ​បញ្ចេញមតិ​​និង​សេរីភាព​សារព័ត៌មាន​ផ្សេងៗ​ ធ្វើ​ឱ្យ​អ្នក​វិនិយោគ​ទុន​ភ័យ​ខ្លាច​ណាស់ ​ពីព្រោះ​គាត់​ខ្លាច​ពេល​មាន​បញ្ហា​ផ្សេងៗ​កើត​ឡើង​​ ហើយ​គ្មាន​អ្នក​ណា​អាច​ជួយ​គាត់​បាន»។

អ្នក​សិក្សា​កិច្ចការ​សង្គម និង​នយោបាយ ​លោក ប៉ោ មករា យល់​ឃើញ​ប្រហាក់​ប្រហែល​គ្នា និង​លោក សេក សុជាតិ ដែរ​ថា កម្ពុជា​អាច​ទទួល​បាន​អ្នក​វិនិយោគទុន​ល្អ ​មក​ពី​ប្រទេស​លោក​សេរី​ប្រសិនបើ​ កម្ពុជា​ចាប់ផ្ដើម​បើក​លំហ​សិទ្ធិ​សេរីភាព​ផ្នែក​នយោបាយ ​សិទ្ធិ​សេរីភាព​សារព័ត៌មាន ​ការ​បញ្ចេញ​មតិ​និង​ដោះស្រាយ​វិបត្តិ​សិទ្ធិ​ដី​ធ្លី របស់​ប្រជា​ពលរដ្ឋ​ដែល​កំពុង​តែ​កើត​មាន​ជា​ច្រើន​នោះ។

លោក ​ប៉ោ មករា៖ «យើង​មើល​ប្រវត្តិ​ប្រទេស​ទាំង​អស់ ​ដូច​ជា​ជប៉ុន ​កូរ៉េ ​សិង្ហបុរី​ដែល​តែង​រកស៊ី​នៅ​កម្ពុជា ​ជា​ពិសេស​គឺ​ជប៉ុន ​បាន​សំដៅ​ទៅ​ដល់​សិទ្ធិ​ខ្លាំង​ណាស់ សំ​ដៅ​ទៅ​ដល់​សិទ្ធិ​រស់រាន​មាន​ជីវិត ​សិទ្ធិ​មាន​លំនៅឋាន​គ្រប់គ្រាន់ ​សិទ្ធិ​ទទួល​បាន​សំណង​ការ​ប៉ះពាល់​ពី​ក្រុមហ៊ុន។ យើង​ឃើញ​មាន​ការ​សង​បាន​ត្រឹម​ត្រូវ ​ពល​រដ្ឋ​អាច​ទទួល​យក​បាន។ ​ឧទាហរណ៍​ដូច​ជា​នៅ​អាគារ​ប៊ូឌីញ(Building)​ដែល​ចាស់​ទ្រុឌទ្រោម ហើយ​ត្រូវ​ក្រុមហ៊ុន​ជប៉ុន​ទៅ​អភិវឌ្ឍន៍ ​គឺ​យើង​ឃើញ​​គេ​សង​បាន​សម​រម្យ»។

ការ​លើក​ឡើង​របស់​អ្នក​តាមដាន​ការ​អភិវឌ្ឍ​សង្គម និង​នយោបាយ​ដូច​នេះ​ បន្ទាប់​ពី​រដ្ឋាភិបាល​កម្ពុជា ​មាន​គម្រោង​បង្កើត​តំបន់​សេដ្ឋកិច្ច​ពិសេស​បន្ថែម​ទៀត​ ដើម្បី​ទាក់ទាញ ​អ្នក​វិនិយោគ​មក​ពី​ប្រទេស​កូរ៉េ​ខាង​ត្បូង​ ជប៉ុន និង​ចិន​ ឱ្យ​ចូល​មក​រកស៊ី​បាន​កាន់​តែ​ច្រើន​ថែម​ទៀត​សម្រាប់​អនាគត។

នាយករដ្ឋមន្ត្រី លោក ហ៊ុន ម៉ាណែត បាន​ថ្លែង​ក្នុង​ពិធី​សំណេះ​សំណាល​ជាមួយ​ពលរដ្ឋ និង​ពលករ​ខ្មែរ ​ក្នុង​ពេល​ធ្វើ​ទស្សន​កិច្ច​ជា​ផ្លូវការ​នៅ​សាធារណរដ្ឋ​កូរ៉េ​ កាល​ពី​ថ្ងៃ​ទី​១៥​ ដល់​ថ្ងៃ​ទី​១៨​ ខែ​ឧសភា​ថា លោក​បាន​ជួប​ជាមួយ​ក្រុមហ៊ុន​កូរ៉េ​ធំៗ​ជា​ច្រើន​ ហើយ​ក្រុមហ៊ុន​ទាំង​នោះ ​ចាប់​អារម្មណ៍​ចំពោះ​ការ​វិនិយោគ​នៅ​កម្ពុជា។ជាមួយ​គ្នា​នេះ ​លោក ហ៊ុន ម៉ាណែត រំពឹង​ថា កម្ពុជា​នឹង​ទទួល​បាន​ការ​វិនិយោគ​ពី​កូរ៉េ​បន្ថែម​ទៀត។

លោក ហ៊ុន ម៉ាណែត អះអាង​ទៀត​ថា​ ក្នុង​រយៈ​ពេល ៥​ខែ ឆ្នាំ​២០២៤​នេះ​ រដ្ឋាភិបាល​ក្រោម​ការ​ដឹកនាំ​របស់​លោក​ទទួល​បាន​គម្រោង​វិនិយោគ​ដែល​ចុះ​បញ្ជី​នៅ​ក្រុម​ប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា​(CDC)​ចំនួន ១៤៧​គម្រោង ​ដែល​មាន​ទឹក​ប្រាក់​វិនិយោគ​សរុប ប្រមាណ​២​ពាន់​៧​រយ​លាន​ដុល្លារ​អាមេរិក។

បើ​ទោះ​ជាយ៉ាងណា​វិទ្យុ ​អាស៊ីសេរី​ មិន​អាច​សុំ​ការ​ពន្យល់​បន្ថែម​ពី​ឧបនាយករដ្ឋមន្ត្រី និង​ជា​អនុ​ប្រធាន​ទី​មួយ​នៃ​ក្រុម​ប្រឹក្សា​អភិវឌ្ឍ​កម្ពុជា ​លោក ស៊ុន ចាន់ថុល និង​អ្នកនាំពាក្យ​ក្រសួង​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ ​លោក មាស ​សុខសេនសាន​ ជុំវិញ​រឿង​នេះ​បាន​នៅ​ឡើយ ​នៅ​ថ្ងៃ​ទី​២២ ខែ​ឧសភា​ ដោយសារ​តែ​ទូរស័ព្ទ​របស់​លោក​ទាំងពីរ​មិន​អាច​ទាក់ទង​បាន។

តាម​ឯកសារ​របស់​សភា​ពាណិជ្ជកម្ម​អឺរ៉ុប​នៅ​កម្ពុជា​ឱ្យ​ដឹង​ថា គិត​ត្រឹម​ឆ្នាំ​២០២៤ កម្ពុជា​​មាន​តំបន់​សេដ្ឋកិច្ច​ពិសេស ​ដែល​បាន​អនុម័ត​សរុប​ចំនួន ​៥៩​ទីតាំង។ ​ក្នុង​នោះ ​តំបន់​សេដ្ឋកិច្ច​ពិសេស​ចំនួន​២៩ ​ទីតាំង​ កំពុង​ប្រតិបត្តិការ ​នៅ​រាជ​ធានី​ភ្នំពេញ ​ខេត្ត​កណ្តាល ​កំពង់ស្ពឺ ខេត្ត​ព្រះសីហនុ ​កំពត​ កោះកុង ​ក្រចេះ ស្វាយរៀង​ និង​បន្ទាយមានជ័យ ជាដើម។

អ្នក​វិភាគ​បញ្ហា​សង្គម និង​នយោបាយ ​លោក គឹម សុខ យល់​ថា ​ក្នុង​ស្ថានភាព​ដូច​បច្ចុប្បន្ន ​ដែល​ធ្វើ​ឱ្យ​ក្រុមហ៊ុន​ចាស់ៗ​ជា​ច្រើន ​ដូច​ជា​រោងចក្រ​កាត់ដេរ​ បាត់បង់​អ្នក​បញ្ជា​ទិញ ​វិស័យ​ទេសចរណ៍​ធ្លាក់​ចុះ និង​អចលន​ទ្រព្យ​ជា​ច្រើន មាន​វិបត្តិ​ជាប់​គាំង​ស្ទើរ​តែ​ទាំង​ស្រុង​នេះ ​មិន​អាច​ឱ្យ​រដ្ឋាភិបាល​ទាក់ទាញ​អ្នក​វិនិយោគ​ទុន​ថ្មី​ៗ​ដោយ​ងាយ​នោះ​ទេ។

លោក គឹម សុខ៖ «រដ្ឋាភិបាល​អួត​ស្ទើរ​តែ​រាល់​ខែ​ពី​គម្រោង​ ក៏​ប៉ុន្តែ​ភាគ​ច្រើន​គ្មាន​ចេញ​ជា​រូបរាង​ប្រតិបត្តិការ​វិនិយោគ​អ្វី​ទេ។ នៅ​ចំ​ពេល​ដែល​រដ្ឋាភិបាល​គ្មាន​ទុន​បំរុង​​សម្រាប់​ជួយ​ជ្រោមជ្រែង​ដល់​អ្នក​វិនិយោគ​ខ្នាត​តូច​នៅ​ក្នុង​ស្រុក​ផង ​ហើយ​ពឹងផ្អែក​ទៅ​លើ​កម្ចី​ពី​ចិន​តែ​មួយ​ សួរ​ថា​តើ​សេដ្ឋកិច្ច​ដ៏​ខ្សោយ​បែប​នេះ ​សង្ឃឹម​អ្វី?»។

អ្នក​វិភាគ​បញ្ហា​សង្គម ​លោក​បណ្ឌិត មាស នី បាន​បញ្ចេញ​យោបល់​យ៉ាង​ខ្លី​ថា ការ​បើក​តំបន់​សេដ្ឋកិច្ច​ពិសេស ​ដើម្បី​ទាក់ទាញ ​អ្នក​វិនិយោគ​ធំ​ៗ​មក​ពី​កូរ៉េ ​ជប៉ុន និង​ចិន​នោះ​មិនមែន​ជា​ដំណោះស្រាយ​សម្រាប់​ការ​លូតលាស់​នៃ​សេដ្ឋកិច្ច​យូរ​អង្វែង​នោះ​ទេ ​ប្រសិនបើ​រដ្ឋាភិបាល​កម្ពុជា មិន​មាន​បរិយាកាស​នយោបាយ​ល្អ និង​កក់ក្តៅ សម្រាប់​អ្នក​វិនិយោគ ព្រមទាំង​ធ្វើ​ឱ្យ​សេដ្ឋកិច្ច​មាន​សក្ដានុពល​គួរ​អោយ​ជឿ​ទុក​ចិត្ត​បាន​នោះ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។