កម្ពុជា​ផលិត​ដុំ​មាស​បាន​ជិត ៥តោន ចាប់​តាំង​ពី​អាជីវកម្ម​រុករក​រ៉ែ កាល​ពី​ពាក់​កណ្តាល​ឆ្នាំ២០២១

ដោយ ម៉ៅ សុធានី
2022.12.02
Share on WhatsApp
Share on WhatsApp
កម្ពុជា​ផលិត​ដុំ​មាស​បាន​ជិត ៥តោន ចាប់​តាំង​ពី​អាជីវកម្ម​រុករក​រ៉ែ កាល​ពី​ពាក់​កណ្តាល​ឆ្នាំ២០២១ សកម្មភាព​ដឹករ៉ែ​ចេញ​ពី​អណ្ដូង​រ៉ែ​របស់ក្រុមហ៊ុន ស៊ីង យាន់ កាំងយៀក (Xing Yuan Kanng Yeak) មានទីតាំងនៅតំបន់អូរខ្លិកខ្លក់ ស្រុកសំបូរ ខេត្តក្រចេះ។
រូប៖ ហ្វេសប៊ុកក្រសួងរ៉ែ និងថាមពល

កម្ពុជា​ផលិត​បាន​ដុំ​មាស​ប្រមាណ​ជិត ៥តោន (៤,៨២តោន) ដែល​មាន​កំហាប់​មាស​សុទ្ធ ៩០% ចាប់​តាំង​ពី​អាជីវកម្ម​រុករក​រ៉ែ​មាស​បាន​ចាប់​ផ្ដើម​កាល​ពី​ខែមិថុនា ឆ្នាំ២០២១។

រដ្ឋមន្ត្រី​ក្រសួង​រ៉ែ និង​ថាមពល លោក ស៊ុយ សែម ថ្មីៗ នេះ បាន​ប្រកាស​ជា​សាធារណៈ​ថា ក្នុង​រយៈ​ពេល​ប៉ុន្មាន​ខែ​ចុង​ក្រោយ​នេះ កម្ពុជា​ចម្រាញ់​រ៉ែ​មាស​បាន​ចំនួន​ជិត ៥តោន​ហើយ (៤.៨២៥) នៅ​លើ​ទីតាំង​ចំនួន៤ ដោយ​ក្រុមហ៊ុន​កំពុង​ធ្វើ​អាជីវកម្ម​រ៉ែ​មាស ក្នុង​ខេត្ដ៣ រួមមាន ខេត្ត​ព្រះវិហារ ក្រចេះ និង​ខេត្ត​មណ្ឌលគិរី។

លោក​បន្ត​ថា ក្រុមហ៊ុន រឺណេសសង់ ម៉ាយណឺរ៉ល (Renaissance Minerals) ចម្រាញ់​បាន​មាស​ច្រើន​ជាង​គេ គឺ​ប្រមាណ​ជិត ៤តោន ៦រយ​គីឡូ​ក្រាម (៤.៥៩៨) ក្នុង​ចំណោម​ក្រុមហ៊ុន​អាជីវកម្ម​ទាំង​អស់​ចំនួន៤ ដែល​កំពុង​រុករក​រ៉ែ​មាស។ កម្ពុជា​បាន​ចាប់​ផ្ដើម​រុករក​មាស​ជា​លើក​ដំបូង នៅ​ការដ្ឋាន​ជីក​យក​រ៉ែ​មាស ក្នុង​ស្រុកកែវសីមា ខេត្តមណ្ឌលគិរី កាលពីខែមិថុនាឆ្នាំ២០២១។ ក្រុមហ៊ុន Renaissance Minerals គឺ​ជា​ក្រុមហ៊ុន​បុត្រ​សម្ព័ន្ធ​របស់​ក្រុមហ៊ុន Emerald Resources NL គឺ​ជា​ក្រុមហ៊ុន​អភិវឌ្ឍន៍​ការដ្ឋាន​រុករក​រ៉ែ ដែល​បាន​ចុះ​បញ្ជី​នៅ​ប្រទេស​អូស្ត្រាលី។

លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ធ្លាប់​លើក​ឡើង​ថា រដ្ឋាភិបាល​កម្ពុជា រំពឹង​ថា នឹង​អាច​រក​ប្រាក់​ចំណូល​បាន​ពី​ពន្ធអាករ ក្នុង​មួយ​ឆ្នាំៗ ប្រមាណ ៤០លាន​ដុល្លារ​អាមេរិក ពី​គម្រោង​រុករក​រ៉ែ​មាស​ទាំង​នោះ។

ក៏​ប៉ុន្តែ​ទាំង​មន្ត្រី​សង្គម​ស៊ីវិល និង​ជន​ជាតិ​ដើម​ភាគ​តិច​ព្នង រស់នៅ​ខេត្ត​មណ្ឌលគិរី ​ស្នើសុំ​ឱ្យ​រដ្ឋាភិបាល​គ្រប់គ្រង​ប្រាក់​ចំណូល​ពី​រ៉ែ​មាស ឱ្យ​មាន​តម្លាភាព សុចរិត​ភាព និង​ គណនេយ្យ ដោយ​ចៀស​វាង​​អំពើ​ពុក​រលួយ ព្រមទាំង​បញ្ចៀស​ផល​ប៉ះពាល់​នានា ដល់​បរិស្ថាន​ និង​សង្គម។ បន្ថែម​ពី​នេះ ពួក​គេ​លើក​ឡើង​ថា រដ្ឋាភិបាល​គួរតែ​ ប្រើ​កញ្ចប់​ថវិកា​ជាតិ​មួយ​ផ្នែក ដែល​បាន​មក​ពី​ចំណូល​រ៉ែ​មាស ដើម្បី​អភិវឌ្ឍន៍​សហគមន៍​នៅ​មូលដ្ឋាន រួមមាន កសាង​ផ្លូវ សាលារៀន មន្ទីរពេទ្យ បណ្ដាញ​អគ្គិសនី និង​អណ្ដូង​ទឹក​ជាដើម៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។

មតិយោបល់៖

Jean Francois
Dec 06, 2022 06:23 AM

ពន្ធអាករ៤០លាន​ដុល្លារ​អាមេរិក តិច​ជាង 0.2% មាន​តម្លាភាព សុចរិត​ភាព និង​ គណនេយ្យរំពឹង​ថាមា​ន​ច្រើន​