ក្រុមហ៊ុនចិន ដែលទទួលគម្រោងសាងសង់ព្រលានយន្តហោះនៅក្នុងខេត្តមណ្ឌលគីរី បានដកខ្លួនចេញពីកិច្ចព្រមព្រៀងអភិវឌ្ឍន៍ព្រលានយន្តហោះនេះជាមួយនិងទឹកប្រាក់ចំនួន ៨០ លានដុល្លារអាមេរិក។ បច្ចុប្បន្នផ្ទៃដីទំហំ៣រយ (៣០០)ហិកតារដែលគ្រោងនឹងសាងសង់ព្រលានយន្តហោះនោះ មានតែបង្គោលរបងបេតុង ដែលគេបោះកាត់ដីស្រែចម្ការរបស់សហគមន៍ជនជាតិដើមភាគតិច ដែលគេឈូសឆាយសម្រាប់ធ្វើជាផ្លូវរត់របស់យន្តហោះតែប៉ុណ្ណោះ។
គម្រោងសាងសង់ព្រលានយន្តហោះ នៅខេត្តមណ្ឌលគីរីដែលពឹងផ្អែកលើការវិនិយោគពីចិន មិនអាចធ្វើទៅរួចទេ ក្នុងពេលដែលប្រទេសចិនកំពុងតែជួបវិបត្តិសេដ្ឋកិច្ច ហើយភ្ញៀវទេសចរក៏កំពុងធ្លាក់យ៉ាងគំហុកដែរនោះ។
រដ្ឋាភិបាលកម្ពុជាបានសម្រេចជ្រើសយកក្រុមហ៊ុន ផៅវើ ឆាយណា អ៊ីនធឺណេសិនណល គ្រុប (Power china International Group) ធ្វើជាដៃគូឯកជន ក្នុងការសិក្សានិងអភិវឌ្ឍន៍គម្រោងសាងសង់អាកាសយានដ្ឋានថ្មីខ្នាតតំបន់ នៅខេត្តមណ្ឌលគិរីកាលពីអំឡុង ខែធ្នូ ឆ្នាំ២០២០។ ក៏ប៉ុន្តែកាលពីឆ្នាំ ២០២២ ក្រុមហ៊ុនចិនបានដកខ្លួនចេញពីកិច្ចព្រមព្រៀងអភិវឌ្ឍន៍ព្រលានយន្តហោះនេះជាមួយនិងទឹកប្រាក់ចំនួន៨០លានដុល្លារអាមេរិកផង។
គម្រោងសង់ព្រលានយន្តហោះនៅខេត្តមណ្ឌលគីរី ជាគម្រោងមួយក្នុងចំណោមគម្រោងសាងសង់ព្រលានយន្តហោះខ្លះទៀតនៅកម្ពុជា ដែលពាក់ព័ន្ធនិងគម្រោងហេដ្ឋារចនាសម្ព័ន្ធផ្លូវនិងខ្សែក្រវាត់ (BRI) របស់ចិន ដូចជាព្រលានយន្តហោះអន្តរជាតិនៅខេត្តសៀមរាប គម្រោងព្រលានយន្តហោះថ្មីនៅខេត្តកណ្ដាល គម្រោងព្រលានយន្តហោះតារាសាគរ នៅខេត្តកោះកុងនិងគម្រោងព្រលានយន្តហោះតម្លៃ៣រយលានដុល្លារ នៅលើកោះរុងនៃខេត្តព្រះសីហនុជាដើម។
ជុំវិញរឿងនេះ អ្នកវិភាគបញ្ហាសង្គមនិងនយោបាយ លោក គឹម សុខ យល់ឃើញថា នៅក្នុងស្ថានភាពបច្ចុប្បន្នដែលសេដ្ឋកិច្ច របស់ប្រទេសចិនកំពុងធ្លាក់ចុះហើយកម្ពុជាក៏កំពុងធ្លាក់ចុះចំនួនភ្ញៀវទេសចរ ឯវិស័យដឹកជញ្ជូនផ្សេងៗទៀតក៏មិនដំណើរការល្អដែរនោះ គឺគម្រោងសាងសង់ព្រលានយន្តហោះនៅខេត្តភាគឦសានរបស់ប្រទេសកម្ពុជាមួយនេះ នឹងមិនអាចទៅរួចទេ។
លោក គឹម សុខ៖«មិនអាចទៅរួចទាំងស្ថានភាពជាក់ស្ដែងជាទូទៅ កម្ពុជាការធ្លាក់ចុះនៃវិស័យសេដ្ឋកិច្ច។ មិនអាចទៅរួចដោយសារតែគម្រោងនោះអត់មានវិសាលភាពនៅក្នុងដំណើរការបានឡើយ ដោយសារតែឆ្ងាយ វិស័យទេសចរធ្លាក់ចុះ ហើយការដឹកជញ្ជូនក៏មានការធ្លាក់ចុះខ្លាំងដែរ។ ជាតំបន់ដែលគ្មានការវិនិយោគផងដែរ តើនឹងមានមនុស្សច្រើនឯណាដែលជិះយន្តហោះទៅមើលតំបន់នោះ?។ចំណុចទី១ចិនមានបញ្ហាធ្លាក់ចុះនៃវិស័យសេដ្ឋកិច្ចរបស់ខ្លួន ម៉្លោះហើយចិនត្រូវការបម្រុងលុយ ដើម្បីទប់ទល់សេដ្ឋកិច្ចក្នុងស្រុករបស់ខ្លួនដែរ»។
ក្នុងពេលដែលចំនួនភ្ញៀវទេសចរកំពុងធ្លាក់ចុះនៅកម្ពុជា គឺនៅព្រលានយន្តហោះ ដែលវិនិយោគដោយក្រុមហ៊ុនចិន ដូចជានៅខេត្តសៀមរាបជាដើម កំពុងប្រឈមនឹងការខ្វះចំណូលសម្រាប់ប្រាក់ខែបុគ្គលិក និងការចំណាយដើម្បីទ្រទ្រង់ដំណើរការប្រចាំថ្ងៃជាដើម។
ស្រដៀងគ្នានេះ អ្នកប្រឹក្សាយោបល់ផ្នែកអភិវឌ្ឍន៍ផ្នត់គំនិតនិងការសិក្សាស្រាវជ្រាវលោក សេក សុជាតិ យល់ឃើញថាបច្ចុប្បន្ននេះ បើពិនិត្យទៅលើតំបន់ភូមិភាគឦសាននៃប្រទេសកម្ពុជាឃើញថា មិនទាន់មានភ្ញៀវទេសចរទៅកម្សាន្តចំនួនច្រើនទេ ហើយវិស័យសេដ្ឋកិច្ចផ្សេងៗទៀតក៏មិនមានសក្ដានុពលធំធេងដែរ។
លោក សេក សុជាតិ យល់ឃើញថា ស្ថានភាពបែបនេះ រដ្ឋាភិបាលក៏ដូចជាអ្នកវិនិយោគអាចនឹងមិនហ៊ានដាក់ទុន ដើម្បីបន្តគម្រោងសាងសង់ព្រលានយន្តហោះ នៅភាគឦសាននោះឡើយ។
លោក សេក សុជាតិ៖«គម្រោងនេះវាមានចំណាយខ្ពស់ រីឯចំណូលដែលទទួលមកវិញមានចំនួនតិចតួចមែនទែន។ បញ្ហានេះខ្ញុំយល់ថារដ្ឋាភិបាលកម្ពុជាអាចនឹងពន្យារពេលឬក៏អាចយកថវិកា ឬក៏គម្រោងដែលត្រូវដាក់ទុនវិនិយោគទៅលើហេដ្ឋារចនាសម្ពន្ធព្រលានយន្តហោះនៅក្នុងតំបន់ភូមិភាគឦសានទៅធ្វើកិច្ចការផ្សេងដែលមានប្រយោជន៍ឬក៏អាចទទួលបានប្រយោជន៍ច្រើនជាងនេះវិញ»។
វិទ្យុអាស៊ីសេរី មិនអាចទាក់ទង អភិបាលខេត្តមណ្ឌលគីរី លោក ថង សាវុន ដើម្បីអធិប្បាយជុំវិញគម្រោងសាងសង់ព្រលានយន្តហោះនេះ បាននៅឡើយកាលពីថ្ងៃទី២ខែមីនា។
ចំណែករដ្ឋមន្ត្រីទទួលបន្ទុករដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល លោក ម៉ៅ ហាវណ្ណាល់ មិនបានអធិប្បាយក្បោះក្បាយជុំវិញរឿងនេះទេ ដោយលោកគ្រាន់តែប្រាប់ថា លោក សយ សុខាន់ គឺជាអ្នកគ្រប់គ្រងគម្រោងព្រលានយន្តហោះ នៅខេត្តមណ្ឌលគីរីនោះ។
លោក ម៉ៅ ហាវណ្ណាល់៖«សូមទាក់ទងទៅខាងអ្នករៀបចំគម្រោងឯកឧត្តម សយសុខាន់។ គាត់ជាអ្នកដឹកនាំគម្រោងការងារហ្នឹង។ គាត់ជាអ្នកដឹកនាំផ្ទាល់ទើបគាត់ដឹង»។
ខេត្តមណ្ឌលគីរីបច្ចុប្បន្ន មានប្រជាពលរដ្ឋរស់នៅប្រមាណជាង១៣ម៉ឺននាក់ ដែលភាគច្រើនជាជនជាតិដើមភាគតិច ហើយមានតំបន់ទេសចរណ៍ធម្មជាតិតិចតួច ដូចជាតំបន់វាលស្មៅ ទឹកជ្រោះនិងទេសភាពព្រៃឈើជាដើម។
មន្ទីរទេសចរណ៍ខេត្តមណ្ឌលគិរីឱ្យដឹងថា កាលពីឆ្នាំ២០២៣ខេត្តនេះបានទទួលភ្ញៀវទេសចរជាតិនិងអន្តរជាតិ ចំនួនជាង២៦ម៉ឺននាក់។ ចំនួននេះកើនឡើងជាង៣០%បើធៀបនិងឆ្នាំ២០២២កន្លងទៅ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។