ភ្ញៀវទេសចរចិនមកកម្ពុជា បានកើនឡើង ១លាន ១សែននាក់ ក្នុងអំឡុង ៥ខែ ដើមឆ្នាំ២០១៩ ដែលចំនួននេះកើនឡើង៤០% បើប្រៀបធៀបអំឡុងពេលដូចគ្នាកាលពីឆ្នាំ២០១៨។
រដ្ឋមន្ត្រីក្រសួងទេសចរណ៍ លោក ថោង ខុន ឱ្យដឹងថា ចាប់ពីខែមករា ដល់ខែឩសភា កម្ពុជាទទួលបានភ្ញៀវទេសចរបរទេស ចំនួន ជិត ៣លាននាក់ ដែលកើនឡើងជាង ១១% បើធៀបអំឡុងដូចគ្នាកាលពីឆ្នាំ២០១៨។
វិស័យទេសចរណ៍ គឺជាវិស័យមួយក្នុងចំណោមវិស័យ៤ធំៗ រួមមានឧស្សាហកម្មកាត់ដេរសំលៀកបំពាក់ សំណង់ និងកសិកម្ម ហើយដែលវិស័យទាំងនេះ ជួយជំរុញការលូតលាស់ផ្នែកសេដ្ឋកិច្ចនៅកម្ពុជា។ កាលពីអំឡុងឆ្នាំ២០១៨ ចំនួនភ្ញៀវទេសចរមកទស្សនាកម្ពុជា សរុប មាន៦លាន ២សែននាក់ ក្នុងនោះមានចិន ២លាននាក់ និងរកបានប្រាក់ចំណូលចំនួនជាង ៤ពាន់លានដុល្លារអាមេរិក។ កម្ពុជាមានកន្លែងទេសចរណ៍ល្បីល្បាញជាច្រើនដែលភ្ញៀវទេសចរមកទស្សនា រួមមានតំបន់ប្រាសាទអង្គរ នៅខេត្តសៀមរាប ប្រាសាទព្រះវិហារ តំបន់ឆ្នេរសមុទ្ទ នៅខេត្តកោះកុង ព្រះសីហនុ និងខេត្តកំពត៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
