នៅក្នុងនាទីខ្មែរកម្ពុជាក្រោមសប្ដាហ៍នេះ លោក យាង សុជាមេត្តា នឹងរៀបរាប់អំពីប្រវត្តិនៃការបាត់បង់ទឹកដីកម្ពុជាក្រោមបន្តទៀត ដោយសូមរាយការណ៍ជូនជាបន្តអំពីអន្តរាគមន៍របស់ព្រះបាទអង្គឌួង ក្នុងការស្វែងរកជំនួយពីបារាំង ដើម្បីការពារកម្ពុជា និងដើម្បីស្វែងរកឱកាសយកកម្ពុជាក្រោម មកវិញ។
ក្រោយពីបានឈ្វេងយល់ល្អិតល្អន់ហើយ នៅខែវិច្ឆិកា ឆ្នាំ១៨៥៣ ព្រះបាទអង្គឌួង បានលបទាក់ទងជាសម្ងាត់ជាមួយព្រះចៅអធិរាជបារាំង ណាប៉ូឡេអុងទី៣។ ព្រះអង្គបានផ្ញើព្រះរាជសារមួយច្បាប់ ថ្វាយជូនអធិរាជរូបនេះ ព្រមទាំងដង្វាយមានតម្លៃមួយចំនួនទៀត តាមរយៈកុងស៊ុលបារាំង នៅសិង្ហបុរី ក្នុងបំណងសម្ដែងនូវមិត្តភាព និងការគោរពដ៏ជ្រាលជ្រៅពីព្រះអង្គ។
នៅក្នុងព្រះរាជសារនោះ ព្រះបាទអង្គឌួង បានរៀបរាប់ពីទំនាក់ទំនងជិតស្និទ្ធរបស់ព្រះអង្គ ជាមួយសាសនទូតបារាំង ដែលរស់នៅប្រទេសកម្ពុជា លោក ហ្សង់ក្លូដមីស្ហ (Jean Claude Miche) ហើយថា សាសនទូតរូបនេះបានទូលសរសើរអធិរាជបារាំង ថាជាព្រះមហាក្សត្រល្អ មានព្រះទ័យអាណិត និងករុណាចំពោះប្រជាជាតិទាំងអស់ មិនដូចមហាក្សត្រផ្សេងៗទៀតនៅអឺរ៉ុប ដែលតែងស្វែងរកធ្វើអាជីវកម្មលើប្រទេសដទៃនោះទេ។ ព្រះអង្គបញ្ជាក់ថា ដោយហេតុនេះហើយ ទើបព្រះអង្គមានព្រះហឫទ័យរីករាយជាពន់ពេក ដើម្បីសម្រេចជាមួយអធិរាជបារាំង នូវសម្ព័ន្ធភាពដ៏ស្ថិតស្ថេរមួយ។
តែទោះជាយ៉ាងណា ការប៉ុនប៉ងរបស់ព្រះបាទអង្គឌួង មិនទទួលបានជោគជ័យនោះទេ ដោយសារការធ្វេសប្រហែស និងការមិនយកចិត្តទុកដាក់ចំពោះការងាររបស់បេសកជនបារាំង ប្រចាំប្រទេសសៀម និងប្រទេសចិន លោក ដឺម៉ុងទីញី (De Montigny)។
លោក ដឺម៉ុងទីញី បានទទួលបញ្ជាពីព្រះចៅអធិរាជបារាំង ឲ្យមកចុះសន្ធិសញ្ញាមេត្រីភាព និងពាណិជ្ជកម្មជាមួយកម្ពុជា ប៉ុន្តែឯកអគ្គរាជទូតរូបនេះដែលទើបតែចុះហត្ថលេខាសន្ធិសញ្ញាពាណិជ្ជកម្មជាមួយស្ដេចសៀម នោះ ក៏បានប្រាប់ស្ដេចសៀម ពីបំណងរបស់គេមកជួបព្រះមហាក្សត្រខ្មែរ ដើម្បីចុះសន្ធិសញ្ញាដូចគ្នានេះ។ ដំណឹងនេះ បានធ្វើឲ្យស្ដេចសៀម ខឹងសម្បារយ៉ាងខ្លាំង ហើយក៏បានស្វែងរកមធ្យោបាយរារាំងមិនឲ្យព្រះបាទអង្គឌួង អាចភ្ជាប់ទំនាក់ទំនងជាមួយបារាំង បាន។
ពេល លោក ដឺម៉ុងទីញី ធ្វើដំណើរចាកចេញពីសៀម មកកាន់កម្ពុជា ស្ដេចសៀម បានចាត់មន្ត្រីសម្ងាត់ម្នាក់ឲ្យចុះកប៉ាល់មកជាមួយ ដើម្បីឃ្លាំមើលសកម្មភាពរបស់អគ្គរាជទូតរូបនេះ និងដើម្បីនាំយកព្រះរាជសារព្រះចៅសៀម មកថ្វាយព្រះបាទអង្គឌួង គំរាមហាមមិនឲ្យព្រះអង្គទាក់ទងកិច្ចការជាមួយបារាំង។
ក្រៅតែពីបានធ្វើឲ្យបែកធ្លាយផែនការសម្ងាត់របស់ព្រះបាទអង្គឌួង ហើយនៅពេលធ្វើដំណើរមកដល់កម្ពុជា នៅខែសីហា ឆ្នាំ១៨៥៦ លោក ដឺម៉ុងទីញី ថែមទាំងមិនបានមកចូលគាល់ព្រះបាទអង្គឌួង ដោយផ្ទាល់ទៀត ដែលនេះបានធ្វើឲ្យព្រះមហាក្សត្រខ្មែរខកព្រះទ័យជាពន់ពេក។ កប៉ាល់របស់ លោក ដឺម៉ុងទីញី បានចុះចតនៅខេត្តកំពត ហើយពីទីនោះ លោកបានចាត់ព្រះសង្ឃកាតូលិកមួយអង្គដែលឈរជើងនៅកំពត ឲ្យនាំយកសន្ធិសញ្ញាដែលចម្លងតាមសន្ធិសញ្ញាដែលបានចុះជាមួយសៀម មកថ្វាយព្រះបាទអង្គឌួង ឡាយព្រះហស្តលេខា។
បើតាមអតីតរ៉េស៊ីដង់បារាំង ប្រចាំកម្ពុជា លោក អាដេម៉ារ ឡឺក្លែរ (Adhemard Leclere) ក្នុងសៀវភៅរបស់លោកដែលមានចំណងជើងថា ប្រវត្តិសាស្ត្រប្រទេសកម្ពុជា លោកបានសរសេរថា សន្ធិសញ្ញានោះគ្មានអត្ថន័យគ្រប់គ្រាន់សមតាមបំណងព្រះបាទអង្គឌួង ឡើយ ព្រោះមិនមែនជាសន្ធិសញ្ញាមេត្រីភាពដែលទ្រង់ចង់បាន ហើយក៏មិនបានធានាអត្ថិភាពរបស់កម្ពុជា ក្រោមអាណាព្យាបាលភាពរបស់បារាំង ដែរ។ លោក ឡឺក្លែរ ថា ព្រះបាទអង្គឌួង បានខកព្រះទ័យជាខ្លាំងនៅពេលឃើញកូនសង្ឃកាតូលិកតូចមួយមកចូលគាល់ព្រះអង្គ ជាជាងបានឃើញឯកអគ្គរាជទូតដែលព្រះអង្គកំពុងរង់ចាំ ម៉្លោះហើយព្រះអង្គមិនព្រមចុះហត្ថលេខាលើសន្ធិសញ្ញាដែលគ្មានកិច្ចធានាបន្តិចសោះនោះទេ មិនតែប៉ុណ្ណោះ ថែមទាំងធ្វើឲ្យព្រះអង្គមានការប៉ះទង្គិចយ៉ាងខ្លាំងជាមួយពួកសៀម ទៀតផង។
លោក ឡឺក្លែរ បានសរសេរបន្តថា ព្រះបាទអង្គឌួង ទ្រង់មានបំណងចុះសន្ធិសញ្ញាជាមួយបារាំង ជាសម្ងាត់សិន រួចហើយចាំផ្សព្វផ្សាយឲ្យគេដឹងឮ នៅពេលនោះទ្រង់នឹងគ្មានបារម្ភអំពីសៀម ឬអណ្ណាម ទៀតទេ ព្រោះបានទទួលការការពារពីប្រទេសអឺរ៉ុប មួយរួចហើយ។ ប៉ុន្តែ ទីបំផុត ព្រះរាជបំណងនេះត្រូវបានគេដឹងមុនអស់ទៅហើយ។ ប្រការនេះ បានបង្ខំឲ្យព្រះអង្គនៅស្ងៀមបន្តិចសិន រង់ចាំឱកាសល្អទាក់ទងបារាំង ជាថ្មីទៀត។
លុះក្រោយមកទៀត បើតាមសាស្ត្រាចារ្យ ត្រាំងឆាត ប៊ុត ក្នុងសៀវភៅរបស់លោកមានចំណងជើងថា កម្ពុជាក្រោម អំណាចគ្មានខ្មែរក្រោម លោកបានសរសេរថា ដោយព្រះបាទអង្គឌួង ហាក់មានជំនឿថា ថ្ងៃណាមួយបារាំង នឹងមកធ្វើអន្តរាគមន៍វាយយកកម្ពុជាក្រោម ពីយួន ដើម្បីគ្រប់គ្រងព្រះអង្គក៏បានកោះហៅព្រះសង្ឃកាតូលិកនៅកំពត ដែលបាននាំយកសន្ធិសញ្ញាឲ្យព្រះអង្គឡាយព្រះហស្តលេខាពីមុននោះចូលគាល់។ ពេលនោះ ព្រះអង្គបានប្រគល់លិខិតមួយ ចុះថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ១៨៥៦ និងដង្វាយមានតម្លៃមួយចំនួនទៀតឲ្យសង្ឃកាតូលិកនោះ ជួយផ្ញើទៅថ្វាយព្រះចៅអធិរាជបារាំង។ នៅក្នុងលិខិតនោះ ជាថ្មីម្តងទៀត ព្រះអង្គបានសម្ដែងនូវមិត្តភាពជាមួយអធិរាជ ណាប៉ូឡេអុងទី៣ និងទូលព្រះចៅអធិរាជរូបនេះ ឲ្យបានដឹងផងដែរអំពីបញ្ហានៅកម្ពុជា ជាពិសេសពីបញ្ហាយួន មកតាំងទីលំនៅលើទឹកដីខ្មែរនៅកម្ពុជាក្រោម។
តែបើតាមអតីតចាងហ្វាងទស្សនាវដី្តឥទ្រ្ទទេវី លោក ទៀ ថេន ក្នុងសៀវភៅរបស់លោកមានចំណងជើងថា រឿងរ៉ាវនៃទឹកដីកម្ពុជាក្រោម លោកបានសរសេរថា ក្រោយពីព្រះបាទអង្គឌួង ព្រះអង្គដឹងថា បារាំង បានកាន់កាប់ខេត្តមួយចំនួននៅកូសាំងស៊ីន ខាងកើត និងការចរចាកំពុងតែប្រព្រឹត្តទៅរវាងស្តេច ទូ ឌឹក (Tu Duc) ប្រទេសអណ្ណាម និងប្រទេសបារាំង ដើម្បីធ្វើអនុប្បទាននូវខេត្តទាំងនេះ ព្រះបាទអង្គឌួង ក៏បានផ្ញើព្រះរាជសារថ្វាយព្រះចៅ ណាប៉ូឡេអុងទី៣ ដើម្បីរាយការណ៍អំពីសិទ្ធិកាន់កាប់ទឹកដីរបស់ប្រទេសកម្ពុជា លើកូសាំងស៊ីន ឲ្យបារាំង បានដឹង។
នៅក្នុងលិខិតទី២នេះ ព្រះបាទអង្គឌួង បានរៀបរាប់យ៉ាងច្រើនអំពីប្រវត្តិនៃការបាត់បង់ទឹកដីកម្ពុជាក្រោម ថ្វាយព្រះអធិរាជបារាំង ឲ្យបានជ្រាប។ ព្រះអង្គបានរៀបរាប់តាំងពីសម័យស្ដេចយួន យ៉ាឡុង ដែលកាលណោះបានមកពឹងពាក់ព្រះបិតាព្រះអង្គឲ្យជួយ ដើម្បីធ្វើសង្គ្រាមជាមួយពួក តៃសឺន (Tay Son) រហូតទទួលបានជ័យជម្នះ ហើយឡើងគ្រងរាជ្យនៅអណ្ណាម តែក្រោយមក ស្ដេចយួន អង្គនេះ បែរជាងាកមកធ្វើបាបខ្មែរទៅវិញ។ ព្រះអង្គក៏បានរៀបរាប់អំពីការជីកព្រែកវិញតេ តាមបញ្ជារបស់ស្ដេច មិញម៉ាង ដែលជារាជបុត្រសោយរាជ្យបន្តពីស្ដេច យ៉ាឡុង និងអំពីសកម្មភាពស្ដេចយួន អង្គនេះ ចាប់ព្រះកាយរាជវង្សានុវង្ស និងមន្ត្រីខ្មែរ ព្រមទាំងការធ្វើបាបលើប្រជារាស្ត្រខ្មែរគ្រប់បែបយ៉ាង។
ទាក់ទងនឹងទឹកដីខ្មែរដែលយួន បានលេបយក ព្រះបាទអង្គឌួង បានទូលសុំព្រះចៅអធិរាជបារាំង ថា ប្រសិនបើនៅថ្ងៃខាងមុខ ពួកអណ្ណាម ប្រគល់ឲ្យបារាំង នូវទឹកដីទាំងនោះ ព្រះអង្គសូមអង្វរអធិរាជបារាំង មេត្តាកុំព្រមទទួលយកទឹកដីនោះឲ្យសោះ ពីព្រោះថា វាពិតជាទឹកដីរបស់កម្ពុជា។ ព្រះបាទអង្គឌួង បានទូលថ្វាយបន្តថា ផ្នែកដែលចេញពីត្រើយខាងលិចនៃទន្លេព្រៃនគរ រហូតដល់ពាម ដោយរួមទាំងកោះពីរផង គឺកោះត្រល់ និងកោះត្រឡាច ត្រូវតែស្ថិតនៅជារបស់កម្ពុជា ដូចពេលមុន។ ចំណែកតំបន់ដែលស្ថិតនៅត្រើយខាងកើតទន្លេព្រៃនគរ ដែលពួកអណ្ណាម បានកាន់កាប់តាំងពីយូរមកហើយនោះ ព្រះអង្គមិនតវ៉ាទាមទារវិញឡើយ។ ព្រះមហាក្សត្រខ្មែរបានទូលអធិរាជបារាំង បន្តថា មូលហេតុដែលព្រះអង្គលើកយកបញ្ហាទាំងអស់នេះមកទូលថ្វាយ គឺព្រោះតែព្រះអង្គមិនចង់ដោយសារតែវាជាទ្រព្យសម្បត្តិរបស់កម្ពុជា ហើយបែរជាកម្ពុជា ត្រូវទទួលការឈឺចាប់ថែមទៀតនោះទេ។
យ៉ាងណាក៏ដោយ ព្រះបាទអង្គឌួង មិនបានទទួលការឆ្លើយតបណាមួយពីព្រះចៅអធិរាជបារាំង ចំពោះលិខិតទី២របស់ព្រះអង្គនេះឡើយ។ មានឯកសារតិចតួចប៉ុណ្ណោះ ដែលបានបញ្ជាក់អំពីមូលហេតុនៃការមិនឆ្លើយតបរបស់បារាំង។ បើតាមលោក ត្រាំងឆាត ប៊ុត លោកបានសរសេរថា នេះប្រហែលជាមកពីនៅពេលនោះ នៅប្រទេសបារាំង ពុំសូវមាននរណាស្គាល់ប្រទេសកម្ពុជា។ មួយវិញទៀត មានរដ្ឋមន្ត្រីបារាំង ខ្លះបានជំទាស់ជាដាច់ខាតនឹងអន្តរាគមន៍របស់បារាំង នៅក្នុងភូមិភាគអាស៊ីអាគ្នេយ៍ ដែលនៅដាច់ស្រយាលពីបារាំង ហើយគ្មានផលប្រយោជន៍អ្វីដល់បារាំង ផង។
ទោះជាយ៉ាងណាក៏ដោយ គេក៏អាចលើកឡើងបានដែរថា បើប្រទេសបារាំង មិនចាប់អារម្មណ៍នឹងកម្ពុជា ម្ល៉េះបារាំង ប្រហែលជាមិនបញ្ជូនឯកអគ្គរាជទូត ដឺម៉ុងទីញី យកសន្ធិសញ្ញាមកកម្ពុជា ឲ្យព្រះបាទអង្គឌួង ឡាយព្រះហស្តលេខាបន្ទាប់ពីព្រះរាជសារទី១របស់ព្រះអង្គនោះដែរ។ ត្រង់ចំណុចនេះ គេក៏អាចសួរបានដែរថា តើព្រះរាជសារទី២របស់ព្រះអង្គ ដែលបានផ្ញើតាមព្រះសង្ឃកាតូលិកនៅកំពត នោះ បានទៅដល់ដៃព្រះចៅអធិរាជបារាំង ឬក៏យ៉ាងណានោះទេ។ មួយវិញទៀត គេក៏អាចនិយាយបានដែរថា បើទោះជាព្រះរាជសារទី២នោះ បានដល់ដៃអធិរាជបារាំង ហើយក៏ដោយចុះ អធិរាជរូបនេះក៏អាចអន់ព្រះទ័យចំពោះព្រះបាទអង្គឌួង ដោយសារព្រះអង្គមិនព្រមចុះហត្ថលេខាលើសន្ធិសញ្ញា ដែល លោក ដឺម៉ុងទីញី បាននាំមកថ្វាយព្រះអង្គកាលពីលើកមុន ហើយដោយសារកត្តានេះ អធិរាជបារាំង អាចមិនយកចិត្តទុកដាក់ចំពោះព្រះរាជសារទី២របស់ព្រះមហាក្សត្រខ្មែរតែម្តង។
នៅក្នុងកម្មវិធីលើកក្រោយ លោក យាង សុជាមេត្តា នឹងរាយការណ៍ជូនអំពីអន្តរាគមន៍យោធារបស់បារាំង ប្រឆាំងនឹងប្រទេសអណ្ណាម ដើម្បីចូលកាន់កាប់ទីក្រុងព្រៃនគរ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។