ពលរដ្ឋ និងមន្រ្តីសង្គមស៊ីវិល ទទូចដល់រដ្ឋាភិបាលរកមធ្យោបាយទប់ស្កាត់តម្លៃសាំងកុំឲ្យបន្តឡើងថ្លៃខ្លាំង ដើម្បីជួយសម្រួលបន្ទុកដល់ជីវភាពពលរដ្ឋដែលកំពុងរងគ្រោះដោយសារវិបត្តិជំងឺកូវីដ-១៩។ ការលើឡើងនេះ ធ្វើឡើងបន្ទាប់ពីថ្លៃលក់រាយប្រេងឥន្ធនៈ នៅតាមស្ថនីយប្រេងឥន្ធនៈ បន្តហក់ឡើងថ្លៃខ្លាំង ស្របពេលពលរដ្ឋកំពុងមានជីវភាពយ៉ាប់យឺន។
តម្លៃប្រេងសាំងនៅលើទីផ្សារកំពុងឡើងថ្លៃជាលំដាប់ដែលបណ្តាលឲ្យប៉ះពាល់ធ្ងន់ធ្ងរ ដល់ស្ថានភាពមុខរបរ និងជីវភាពរស់នៅរបស់ប្រជាពលរដ្ឋបន្ថែមទៀត ក្នុងអំឡុងពេលរីករាលដាលជំងឺកូវីដ-១៩ នេះ។ ប្រជាពលរដ្ឋមួយចំនួនយល់ថា ការបញ្ចុះតម្លៃសាំង គឺជាដំណោះស្រាយមួយដើម្បីជួយសម្រួលដល់ជីវភាពពលរដ្ឋឲ្យប្រសើរឡើងវិញ។
អ្នករត់រម៉ក់នៅខេត្តសៀមរាបលោក គឹម ណូឡែន ប្រាប់វិទ្យុអាស៊ីសេរីនៅថ្ងៃទី១៨ ខែតុលា ថាអស់រយៈពេល ២ឆ្នាំមកហើយ ពលរដ្ឋដែលប្រកបមុខរបរដឹកភ្ញៀវនៅតំបន់ទេសចរណ៍ប្រវត្តិសាស្រ្តមួយនេះរស់នៅត្រដាបត្រដួសដោយពួកគាត់បាត់បង់ប្រាក់ចំណូលស្ទើរទាំងស្រុងព្រោះវិបត្តិជំងឺកូវីដ-១៩។ ប៉ុន្តែតម្លៃសាំងនៅលើទីផ្សារបែរជាហក់ទៅខ្លាំងទៅវិញ។
បុរសវ័យ ៥០ឆ្នាំ រូបនេះបញ្ជាក់ថា បច្ចុប្បន្នលោកត្រូវចំណាយប្រាក់ច្រើនជាងមុនទៅលើប្រេងសាំងចាក់ម៉ូតូរ៉ឺម៉កដោយសារលោកត្រូវជិះរកភ្ញៀវគ្រប់ច្រកល្ហកដើម្បីរកប្រាក់បន្តិចបន្តិចសម្រាប់ផ្គត់ផ្គង់គ្រួសារដែលកំពុងខ្វះខាតនិងសម្រាប់សងបំណុល។ លោកថា តម្លៃប្រេងសាំងឡើងថ្លៃនេះមិនសមស្របទៅនឹងប្រាក់ចំណូលរបស់ពលរដ្ឋដែលកំពុងរងគ្រោះនោះទេ។ ដូច្នេះលោកស្នើឱ្យរដ្ឋាភិបាលរកមធ្យោបាយបញ្ចុះវាជាបន្ទាន់៖ «សំណូមពរឱ្យរដ្ឋាភិបាលបញ្ចុះតម្លៃសាំងព្រោះវាសំខាន់ណាស់ ខ្ញុំគិតថា បើសិនតម្លៃសាំងឡើងថ្លៃ តម្លៃទំនិញទាំងអស់ក៏ឡើងថ្លៃដែរ វាប៉ះពាល់ដល់ពួកខ្ញុំ ជាពិសេសអ្នកដែលរកស៊ីបានចំណូលប្រចាំថ្ងៃដាច់តែម្តងចំណូលប្រចាំថ្ងៃក៏អត់ អត់មានអីស៊ីតែម្តង»។
អ្នករត់ផាសអាប់ (Pass App) មា្នក់ទៀត នៅខេត្តព្រះសីហនុលោក សួន ណារ៉ា ប្រាប់ថា តម្លៃសាំងឡើងថ្លែបែបនេះ ធ្វើឲ្យអ្នកប្រកបមុខរបរដឹកជញ្ជូនគ្មានប្រាក់សេសសល់សម្រាប់ដោះស្រាយបញ្ហាជីវភាពគ្រួសារឡើយ។ បច្ចុប្បន្នលោករកប្រាក់ចំណូល បានមួយថ្ងៃហូបមួយថ្ងៃតែប៉ុណ្ណោះ ដោយសារលោកត្រូវចំណាយខ្ពស់ជាងមុនលើថ្លៃសាំង និងហ្គាសស្របពេលពលរដ្ឋមិនសូវធ្វើដំណើរអំឡុងវិបត្តិជំងឺកូវីដ-១៩។
បុរសរូបនេះឱ្យដឹងបន្ថែមថា លោកនឹងលក់ផាសអាប់នេះពីព្រោះលោកគ្មានលទ្ធភាពបង់ប្រាក់ប្រចាំខែឱ្យក្រុមហ៊ុននេះបន្តទៀតនោះទេ។ លោកយល់ថាប្រសិនបើរដ្ឋាភិបាលជួយអន្តរាគមន៍ករណីនេះ នោះវានឹងអាចជួយបន្ធូរបន្ថយបន្ទុកជីវភាពពលរដ្ឋបានមួយកម្រិត៖ «និយាយចំរករាល់ថ្ងៃចាយតែខ្លួនឯង ប្រពន្ធកូនអត់រលីងតែម្តង ហើយបើគាត់ឈឺមានតែលក់ដីលក់ស្រែហ្នឹងឯង សូមឱ្យរដ្ឋាភិបាលបញ្ចុះតម្លៃសាំង ដើម្បីឱ្យអ្នករត់ម៉ូតូរត់កង់បីគាត់រស់សមរម្យផង រស់ឱ្យមានតម្លៃខ្លះផង» ។
ស្រដៀងគ្នានេះដែរ អាជីវករនៅរាជធានីភ្នំពេញលោកស្រី អ៊ូ សុជាតិ យល់ថា បញ្ហាតម្លៃសាំងឡើងថ្លៃនេះបានធ្វើឱ្យតម្លៃទំនិញលើទីផ្សារក៏ឡើងថ្លៃដែរ។ អាជីវកររូបនេះត្អូញត្អែរថា ស្ថានភាពបែបនេះអ្នកស្រីលក់ដូរមិនដាច់នោះទេដោយសារពលរដ្ឋភាគច្រើនកំពុងតែលំបាកជីវភាពស្រាប់ផង និងមិនសូវចាយវាយដូចមុនពេលផ្ទុះជំងឺកូវី-១៩៖ «ធ្វើឱ្យប្រជាជនអ្នកដែលយ៉ាប់ជាងយើងកំពុងវេទនាណាស់ អ្នកជិតខាងខ្ញុំនិយាយ អ្នកនៅបន្ទប់ជួលអីអត់ហ៊ានចេញទៅទិញម្ហូបថ្មីៗ ទិញតែរបស់សល់ៗ ទិញគេថោកចឹងពិបាកគ្នាអ្នកដែលធ្វើកម្មករ»។
ការត្អូញត្អែររបស់ពលរដ្ឋបែបនេះ កើតឡើងក្រោយពេលដែលក្រសួងពាណិជ្ជកម្ម បានជូនដំណឹងពីថ្លៃលក់រាយប្រេងឥន្ធនៈនៅតាមស្ថនីយ៍។ ដោយផ្អែកតាមតម្លៃមធ្យមប្រេងឥន្ធនៈលើទីផ្សារអន្តរជាតិ ពីថ្ងៃទី១៦ ដល់ថ្ងៃទី៣១ ខែតុលា សាំងធម្មតានឹងត្រូវលក់ក្នុងតម្លៃ ៤ពាន់៣រយរៀល (៤.៣០០) ក្នុងមួយលីត្រ និង ម៉ាស៊ូត តម្លៃ ៤ពាន់រៀល (៤.០០០) ក្នុងមួយលីត្រ។ បើធៀបទៅនឹងខែកញ្ញា សាំងធម្មតា ថ្លៃ៤ពាន់រៀល (៤.០០០) ក្នុងមួយលីត្រ។ តាមតួលេខនេះ គឺក្នុងខែនេះ សាំងធម្មតាកើនតម្លៃ ៣រយរៀល (៣០០៛) ក្នុងមួយលីត្រ។ សេចក្តីជូនដំណឹងដដែលនេះ ក៏បានបញ្ជាក់ថា ក្រសួងមិនមែនជាអ្នកកំណត់ថ្លៃលក់ប្រេងឥន្ធនៈនៅកម្ពុជាទេ គឺក្រសួងគ្រាន់តែស្រង់តម្លៃឡើង-ចុះ នៃថ្លៃប្រេងតាមទីផ្សារអន្តរជាតិ មកគណនាតែប៉ុណ្ណោះ។
វិទ្យុអាស៊ីសេរីមិនអាចទាក់ទង អ្នកនាំពាក្យក្រសួងពាណិជ្ជកម្មលោក ស៊ាង ថៃ ដើម្បីសុំការបកស្រាយជុំវិញរឿងនេះ បានទេនៅថ្ងៃទី១៨ ខែតុលា។
រឿងសាំងឡើងថ្លៃក្នុងពេលដែលជីវភាពពលរដ្ឋកំពុងដុនដាបនេះធ្វើឲ្យមន្ត្រីសង្គមស៊ីវិលផ្នែកសេដ្ឋកិច្ចក្រៅប្រព័ន្ធក៏ព្រួយបារម្ភដែរ។ ប្រធានសមាគមឯករាជ្យនៃសេដ្ឋកិច្ចក្រៅប្រព័ន្ធ (IDEA)លោក វន់ ពៅ មានប្រសាសន៍ថា រដ្ឋាភិបាលមិនគួរបណ្តែតបណ្តោយ ឱ្យតម្លៃប្រេងឥន្ធនៈនិងទំនិញនៅលើទីផ្សារ ឡើងថ្លៃ ចំពេលពលរដ្ឋរងគ្រោះផ្ទួនៗគ្នាបែបនេះនោះទេ។
លោកថា តម្លៃប្រេងឥន្ធនៈគឺជាបញ្ហាអាទិភាពដែលធានានូវដំណើរការមុខរបរអាជីវកម្មសម្រាប់ជួយជីវភាពពលរដ្ឋដែលប្រកបមុខរបរសេដ្ឋកិច្ចក្រៅប្រព័ន្ធ កសិកម្ម ទេសចរណ៍ និងវិនិយោគនៅក្នុងប្រទេស។ លោកសង្កេតឃើញថា កន្លងមក រដ្ឋាភិបាលធ្លាប់មានចំណាត់ការខ្លះដែរប៉ុន្តែករណីនេះហាក់មិនមានប្រសិទ្ធភាពនៅឡើយទេបើធៀបនឹងចំណាត់ការរបស់ប្រទេសជិតខាងក្នុងការដោះស្រាយបញ្ហាដូចគ្នានេះ។
មន្រ្តីសង្គមស៊ីវិលរូបនេះជឿជាក់ថា រដ្ឋាភិបាលអាចដោះស្រាយបញ្ហានេះបានប្រសិនបើមានឆន្ទៈចង់ដោះស្រាយបញ្ហាទុក្ខលំបាកជូនប្រជាពលរដ្ឋពិតប្រាកដ។ ដូច្នេះលោកជំរុញឱ្យភាគីព័ន្ធទាំងអស់ជជែកគ្នាឱ្យបានឆាប់ដើម្បីរកមធ្យោយបានទប់ស្កាត់តម្លៃប្រេងឥន្ធនៈឡើងថ្លៃនេះ៖ «ខណៈនេះរដ្ឋត្រូវគិតគូរជាបន្ទាន់ ជជែកជាមួយក្រុមហ៊ុនសាំងទាំងអស់ហ្នឹង ដើម្បីធ្វើយ៉ាងណា រៀបចំឱ្យតម្លៃសាំងចុះទាបវិញ ឬមួយរដ្ឋត្រូវពិនិត្យមើលជាមួយក្រសួងពាក់ព័ន្ធទៅនឹងពន្ធនាំចូលនិងពន្ធលក់ចេញមួយលីត្រៗហ្នឹង តើរដ្ឋពិនិត្យពិចារណាយ៉ាងណាឱ្យពន្ធហ្នឹងចុះបន្តិចមកព្រោះសាំងជាចំណុចសំខាន់ ចុះពន្ធឬក៏រដ្ឋមានកញ្ចប់ថវិកាឧបត្ថម្ភធនយ៉ាងមិចកុំឱ្យសាំងហក់ឡើងខ្ពស់ចឹង»។
តម្លៃប្រេងសាំងនៅកម្ព្ពុជាតែងហក់ឡើងលឿនជាងបណ្តាប្រទេសដទៃរួមមានប្រទេសថៃជាដើមហើយតម្លៃប្រេងសាំងតែងធ្លាក់ចុះបន្តិចវិញ នៅពេលជិតដល់រដូវកាលបោះឆ្នោត រួចហើយក៏ចាប់ផ្តើមហក់ឡើងខ្លាំងវិញក្រោយពេលបោះឆ្នោតរួច។
អ្នកជំនាញសេដ្ឋកិច្ចចាត់ទុកថា កម្ពុជាកំពុងឋិតក្នុងចំណោមប្រទេសដែលក្រីក្រខ្លាំងជាងគេបំផុតមួយនៅលើពិភពលោកដែលពលរដ្ឋជាច្រើន អាចរកប្រាក់ចំណូលមិនដល់ ១ដុល្លារផងក្នុងមួយថ្ងៃ។ លើសពីនេះ ក្នុងស្ថានភាពជំងឺកូវីដ-១៩នេះ ពលរដ្ឋជាច្រើនបានត្អូញត្អែរថា ពួកគាត់បាត់បង់ចំណូលទាំងស្រុងតែម្តង ។
តាមធម្មតាតម្លៃសាំងចុះថ្លៃបានគឺទាល់តែរដ្ឋបន្ថយការយកពន្ធលើប្រេងឥន្ធនៈនិងរដ្ឋបញ្ចេញកញ្ចប់ថវិកាដើម្បីជួយចេញខាតពេលសាំងនៅលើទីផ្សារអន្តរជាតិឡើងថ្លៃដើម្បីរក្សាតម្លៃសាំងឲ្យនៅទាប ឬថេរ ទោះមានការប្រែប្រួលតម្លៃនេះលើទីផ្សារអន្តរជាតិ។ ទោះបីប្រទេសកម្ពុជាកំពុងជួបវិបត្តិសេដ្ឋកិច្ចក៏នាយកដ្ឋានពន្ធដារ បានប្រកាសថ្មីៗនេះ ថារដ្ឋប្រមូលពន្ធបានជិត ៤ពាន់លានដុល្លារ ក្នុងរយៈពេល ៩ខែ ពីខែមករា ដល់ខែកញ្ញា ឆ្នាំ២០២១នេះ។
មន្ត្រីសង្គមស៊ីវិល និងពលរដ្ឋយល់ថា ការបញ្ចុះតម្លៃប្រេងសាំង គឺជាដំណោះស្រាយក៏សំខាន់មួយ ដែលធ្វើឱ្យជីវភាពពលរដ្ឋប្រសើរឡើងវិញមួយកម្រិត ក្នុងអំឡុងពេលរីករាលដាលនៃជំងឺកូវីដ-១៩។ លើសពីនេះពួកគាត់យល់ថា រដ្ឋាភិបាលអាចពិនិត្យលើយន្តការបន្ធូរបន្ថយតម្លៃពន្ធលើប្រេងឥន្ធនៈនាំចូល ដែលជាចំណុចមួយ ដើម្បីបញ្ចុះតម្លៃប្រេងសាំង ព្រោះពន្ធដែលរដ្ឋាភិបាលបានកំណត់នៅខ្ពស់នៅឡើយ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។