សង្គម​ស៊ីវិល​បារម្ភ​ពី​ការ​ប្រមូល​ពន្ធ​កើន​ឡើង​អាច​ប្រឈម​នឹង​កំណើន​អតិផរណា

ដោយ ឡេង ម៉ាលី
2022.09.19
សង្គម​ស៊ីវិល​បារម្ភ​ពី​ការ​ប្រមូល​ពន្ធ​កើន​ឡើង​អាច​ប្រឈម​នឹង​កំណើន​អតិផរណា លោក វន់ ពៅ ប្រធាន​សមាគម​ប្រជាធិបតេយ្យ​ឯករាជ្យ​នៃ​សេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ ជា​វាគ្មិន​វេទិកា​អ្នកស្ដាប់​វិទ្យុអាស៊ីសេរី កាល​ពី​ថ្ងៃ​ទី១៩ ខែវិច្ឆិកា ឆ្នាំ២០២១។
រូប៖ RFA

អង្គការ​សង្គម​ស៊ីវិល​បារម្ភ​ពី​ស្ថានភាព​សេដ្ឋកិច្ច​នៅ​កម្ពុជា អាច​ប្រឈម​នឹង​កំណើន​អតិផរណា បន្ទាប់​ពី​អគ្គនាយកដ្ឋាន​ពន្ធដារ​បង្ហាញ​របាយការណ៍​ថា កម្ពុជា​ប្រមូល​ពន្ធ​កើន​ឡើង ២៧ភាគ​រយ​ក្នុង​ឆ្នាំ២០២២។ ពួក​គាត់​លើក​ឡើង​ថា កំណើន​អតិផរណា​នេះ ធ្វើ​ឱ្យ​ជីវភាព​ពលរដ្ឋ​កាន់តែ​ធ្លាក់​ទៅ​ក្នុង​បន្ទាត់​នៃ​ភាព​ក្រីក្រ ស្រប​ពេល​កម្ពុជា​កំពុង​មាន​កំណើន​អតិផរណា​ស្រាប់។ អ្នក​វិភាគ​យល់​ឃើញ​ថា កម្ពុជា​គួរ​ប្រើប្រាស់​ថវិកា​ដ៏​ច្រើន​នេះ​អភិវឌ្ឍ​ប្រទេស​ឱ្យ​មាន​តុល្យភាព ដើម្បី​ជៀសវាង​ការ​ខ្ចី​បំណុល​ពី​បរទេស​បន្ថែម។

សេចក្ដីប្រកាស​របស់​អគ្គនាយកដ្ឋាន​ពន្ធដារ​ឆ្នាំ២០២២ បង្ហាញ​ថា ចាប់​ពី​ខែមករា ដល់​ខែសីហា អគ្គនាយកដ្ឋាន​បាន​ប្រមូល​ពន្ធ​ចូល​ជាតិ​សរុប​ចំនួន​ជាង ២ពាន់ ៤រយ​លាន​ដុល្លារ (.៤៣៩.២៩លាន​ដុល្លារ) មាន​ការ​កើន​ឡើង​ជាង ២៧ភាគ​រយ (២៧%) ធៀប​នឹង​ឆ្នាំ​មុន។ ទំហំ​ថវិកា ដែល​សម្រេច​បាន​នេះ គឺ​ស្មើនឹង​ជាង ៨៦ភាគរយនៃផែនការប្រចាំ ២០២២។ របាយការណ៍​នេះ​បាន​បង្ក​ជា​ក្ដី​ព្រួយ​បារម្ភ​ដល់​អង្គការ​សង្គម​ស៊ីវិល​ពី​ស្ថានភាព​ជីវភាព​ប្រជាជន និង​កំណើន​អតិផរណា។

ប្រធាន​សមាគម​ប្រជាធិបតេយ្យ​ឯករាជ្យ​នៃ​សេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ លោក វន់ ពៅ ប្រាប់​វិទ្យុ​អាស៊ី​សេរី​នៅ​ថ្ងៃ​ទី១៩ កញ្ញា ថា កំណើន​ពន្ធដារ ស្រប​ពេល​ដែល​អតិផរណា​ហក់​ឡើង​ខ្ពស់​ដូច្នេះ ជា​សញ្ញា​អាក្រក់ ដែល​នាំ​ឱ្យ​ទំនិញ​លើ​ទីផ្សារ​កាន់​តែ​ថ្លៃ។ លោក​ថា ការ​ប្រមូល​ពន្ធដារ​កើន​ឡើង ជា​សារ​មួយ​បង្ហាញ​ថា សេដ្ឋកិច្ច​មាន​ការ​រីក​ចម្រើន ប៉ុន្តែ​របាយការណ៍ ដែល​ក្រសួង​សេដ្ឋកិច្ច​បាន​ប្រកាស​នេះ ហាក់​មិន​មាន​ភាព​ស៊ី​សង្វាក់​គ្នា​ជាមួយ​ស្ថានភាព​ជីវភាព​ជាក់ស្ដែង​របស់​ប្រជាពលរដ្ឋ​ឡើយ។ លោក​បន្ថែម​ថា បច្ចុប្បន្ន​ប្រជាពលរដ្ឋ​កម្ពុជា​កំពុង​ធ្លាក់​ចូល​ទៅ​ក្នុង​បន្ទាត់​នៃ​ភាព​ក្រីក្រ​កាន់តែ​មាន​ចំនួន​កើន​ឡើង មាន​ប្រាក់​ចំណូល​ទាប ស្រប​ពេល​កម្ពុជា​ក៏​កំពុង​តែ​មាន​អតិផរណា​ផង​នោះ៖ «អ៊ីចឹង​ខ្ញុំ​គិត​ថា វា​ហាក់​ដូច​ជា​អត់​ស៊ី​គ្នា​យ៉ាង​ម៉េច របាយការណ៍​រវាង​រដ្ឋាករ​គយ និង​របាយការណ៍​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ ដែល​ជា​សេនាធិការ​របស់​រដ្ឋាភិបាល ហើយ​ថវិកា​ជាតិ​នៅ​តែ​ខ្វះ​ជា​រៀងរាល់​ឆ្នាំ។ អា​ហ្នឹង​ខ្ញុំ​គិត​ថា ជា​រឿង​មួយ ដែល​ខ្ញុំ​កំពុង​មាន​ចម្ងល់​ដែរ ថា​ហេតុ​អី

របាយការណ៍​ធនាគារ​ពិភពលោក​ឆ្នាំ២០២២ នេះ​បង្ហាញ​ថា ពលរដ្ឋ​ខ្មែរ​ជិត ២លាន​នាក់ បាន​ធ្លាក់​ខ្លួន​ក្រីក្រ​ដោយសារ​វិបត្តិ​ជំងឺ​កូវីដ-១៩ ក្នុងឆ្នាំ២០២០ ធ្វើ​ឱ្យ​ចំនួន​អ្នក​ក្រ​នៅ​កម្ពុជា​នឹង​កើន​ឡើង​ដល់ ៤លាននាក់ ក្នុង​ចំណោម​ពលរដ្ឋ​សរុប​ជាង ១៥លាន​នាក់។

អ្នក​ជំនាញ​ផ្នែក​វិទ្យាសាស្ត្រ​នយោបាយ លោក ឯម សុវណ្ណារ៉ា លើក​ឡើង​ថា កំណើន​នៃ​ការ​ប្រមូល​ពន្ធ​ចូល​ជាតិ ទំនង​មិន​មែន​ជា​មូលហេតុ ដែល​នឹង​នាំ​ឱ្យ​មាន​អតិផរណា​នោះ​ទេ។ ទោះ​យ៉ាង​ក្ដី លោក​យល់​ឃើញ​ថា ក្នុង​ពេល​កម្ពុជា​កំពុង​មាន​កំណើន​អតិផរណា​ស្រាប់​ផង​នោះ រដ្ឋាភិបាល​គួរ​គ្រប់គ្រង និង​ស្ដារ​ស្ថានភាព​សេដ្ឋកិច្ច​ប្រទេស​ឡើង​វិញ។ លោក​ថា ក្នុង​នោះ​រដ្ឋាភិបាល ត្រូវ​កាត់​បន្ថយ​ការ​ខ្ចី​ប្រាក់​ពី​បរទេស និង​គ្រប់គ្រង​ខ្ទង់​ចំណាយ​ថវិកា​ជាតិ​ឱ្យ​បាន​ត្រឹមត្រូវ៖ «យើង​ត្រូវ​ពិនិត្យ​ថា ខ្ទង់​ចំណាយ​នេះ​បាន​អនុវត្ត​តាម​ផែនការ ដែល​បាន​លើក​ឡើង​ពិត​ប្រាកដ ឬក៏​មិន​បាន។ បើសិនជា​អនុវត្ត​តាម​ផែនការ​បាន​ពិត​ប្រាកដ អា​ហ្នឹង​ទើប​យើង​អាច​ថា ការ​អនុវត្ត​ហ្នឹង​វា​បាន​ត្រឹមត្រូវ​តាម​គោលដៅ ឬ​ក៏​ផែនការ។ ក៏​ប៉ុន្តែ បើសិន​ផែនការ​ការងារ​វា​នៅ​សល់ ហើយ​លុយ​អស់ អ៊ីចឹង​បាន​ន័យ​ថា ការ​ចំណាយ​ហ្នឹង​ខ្វះ​តម្លាភាព​ហើយ»

វិទ្យុ​អាស៊ី​សេរី​មិន​អាច​ទាក់ទង​ទេសាភិបាល​ធនាគារ​ជាតិ​នៃ​កម្ពុជា លោក ជា ចាន់តូ និង​អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​ពន្ធដារ​លោក គង់ វិបុល ដើម្បី​សុំ​ការ​បក​ស្រាយ​ពី​ក្ដី​បារម្ភ​នេះ​ទេ នៅ​ថ្ងៃទី១៩ កញ្ញា​នេះ។

ពន្ធ គឺ​ជា​ថ្លៃ​សេវាកម្ម​ពលរដ្ឋ​គ្រប់​រូប ឬ​ស្ថាប័ន​ពាក់ព័ន្ធ ត្រូវ​បង់​ជូន​រដ្ឋ ដើម្បី​រួម​ចំណែក​ការពារ និង អភិវឌ្ឍន៍​មាតុភូមិ។ ក្នុង​រយៈ​ពេល​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ ប្រភេទ​ពន្ធ​ថ្មី ផ្សេង​ទៀត​ជា​ច្រើន​បាន​បង្កើត​ឡើង​នៅ​កម្ពុជា ដូចជា ពន្ធ​លើ​ប្រាក់​បៀវត្ស និង​ពន្ធ​លើ​អចលនទ្រព្យ​ជាដើម។ ចំណូល ដែល​បាន​ទទួល​មក​ពី​ការ​បង់ពន្ធ​នឹង​ត្រូវ​យក​ទៅ​ប្រើប្រាស់​នៅ​ក្នុង​កិច្ចការ​ដ៏​ចាំបាច់ ដូចជា បើក​ប្រាក់​បៀវត្ស​ឱ្យ​មន្ត្រីរាជការ ទាហាន កម្លាំង​ប្រដាប់​អាវុធ ការពារ​ជាតិ សាងសង់​ហេដ្ឋារចនាសម្ព័ន្ធ សាលារៀន ផ្លូវថ្នល់ មន្ទីរពេទ្យ និង​សេវា​សុខាភិបាល​សាធារណៈ​ជា​ដើម។

ទាក់ទិន​រឿង​នេះ ស្ថាបនិក​ចលនា​មាតា​ធម្មជាតិ លោក អាឡិច ហ្គន់សាឡេស ដេវិតសុន លើកឡើង​ថា ទោះបី​លោក​មិន​សូវ​មាន​ការ​ជឿជាក់​លើ​របាយការណ៍​របស់​អគ្គនាយកដ្ឋាន​ពន្ធដារ​ក៏​ពិត​មែន ប៉ុន្តែ​តួលេខ​នេះ​បង្ហាញ​ឱ្យ​ឃើញ​ថា រដ្ឋាភិបាល​លោក ហ៊ុន សែន គិតគូរ​រឿង​ប្រមូល​លុយ​ចូល​ជាតិ​ជា​ជាង​ជួយ​ប្រជារាស្ត្រ។ លោក​បន្ត​ថា អ្វី​ដែល​រដ្ឋាភិបាល​គួរ​ធ្វើ គឺ​ការ​យក​ចិត្ត​ទុក​ដាក់​លើ​ស្ដារ​ប្រទេស​ឡើងវិញក្រោយវិបត្តិ្កកូវីដ១៩ គ្រប់គ្រង​តម្លៃ​ទំនិញ និង​ប្រេង​ឥន្ធនៈ និង​លើក​កម្ពស់​ជីវភាព​ប្រជាពលរដ្ឋ ជាពិសេស ស្រប ពេល​កម្ពុជា​កំពុង​មាន​កំណើន​អតិផរណា​ផង​នោះ។ យ៉ាងណា​លោក​បន្ថែម​ថា ទោះបី​ប្រមូល​ពន្ធ​ពី​ពលរដ្ឋ​បាន​ច្រើន​យ៉ាង​ណា​ក្ដី រដ្ឋាភិបាល​លោក ហ៊ុន សែន នៅ​តែ​បន្ត​ខ្ចី​បុល​បរទេស ជាពិសេស ប្រទេស​ចិន យក​មក​ទប់ទល់​ស្ថានភាព​សេដ្ឋកិច្ច ដើម្បី​រក្សា​អំណាច​របស់​ខ្លួន៖ «ពីព្រោះ​យើង​ដឹង​ថា របប​ផ្ដាច់ការ ដែល​សម្បូរ​លុយ​អា​ហ្នឹង​អំណាច គឺ (មាន) ស្ថិរភាព​ណាស់ រឹងមាំ ណាស់។ ប៉ុន្តែ​អំណាច​ផ្ដាច់ការ ដែល​មិន​ផ្ដល់​សិទ្ធី​សេរីភាព​ដល់​ប្រជាជន​ផង (តែ) បណ្ដោយ​ឱ្យ​មាន​វិបត្តិ​សេដ្ឋកិច្ច​រហូត​ដល់​ក្ស័យធន អា​ហ្នឹង គឺ​ប៉ះពាល់​ទៅ​លើ​ស្ថិរភាព​នយោបាយ​របស់​របប​ផ្ដាច់ការ​ហ្នឹង»

ធនាគារ​ជាតិ​នៃ​កម្ពុជា កាល​ពី​ខែឧសភា បាន​ប្រកាស​ពី​កំណើន​អតិផរណា​របស់​កម្ពុជា ឡើង​ដល់ ៧,% ដែល​ជា​កម្រិត​ខ្ពស់​បំផុត​មិន​ធ្លាប់​មាន គិត​ត្រឹម​រយៈ​ពេល ១០ឆ្នាំ​ចុង​ក្រោយ​នេះ។ ប៉ុន្តែ​កំណើន​នេះ ត្រូវ​បាន​អ្នក​វិភាគ​មើល​ឃើញ​ថា មាន​ចំនួន​ច្រើន​ជាង ១០% ឯ​ណោះ។ មន្ត្រី​របស់​ធនាគារ​នេះ បាន​ដាក់​បន្ទុក ការ​កើន​ឡើង​អតិផរណា​ថា បណ្ដាល​មក​ពី​វិបត្តិ​សង្គ្រាម​រវាង​រុស្សី និង​អ៊ុយក្រែន ដែល​ជះឥទ្ធិពល​លើ​តម្លៃ​ប្រេង​ឥន្ធនៈ និង​ម្ហូប​អាហារ​ពិភពលោក។

ប៉ុន្តែ​សម្រាប់​សង្គម​ស៊ីវិល អតិផរណា​នា​ពេល​នេះ គឺ​បណ្ដាល​មក​ពី​ឱនភាព​ជញ្ជីង​សេដ្ឋកិច្ច ដោយសារ​ការ​នាំ​ចូល​ទំនិញ​ពី​ក្រៅ​ប្រទេស ច្រើន​ជាង​ការ​នាំ​ចេញ រដ្ឋាភិបាល​មិន​យក​ចិត្ត​ទុក​ដាក់​ដោះ​ស្រាយ​បញ្ហា​តម្លៃ​ប្រេងសាំង និង​ការ​ផ្សព្វផ្សាយ​បំប៉ោង​របាយការណ៍​កំណើន​សេដ្ឋកិច្ច​ជា​ដើម៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។