សង្គមស៊ីវិលលើកឡើងថា ការបណ្ដុះបណ្ដាលជំនាញដល់ពលរដ្ឋ គឺជារឿងល្អ ប៉ុន្តែប្រសិនបើរដ្ឋាភិបាលមិនអាចបង្កើតចំនួនការងារសម្រាប់ពលរដ្ឋ ឱ្យបានគ្រប់គ្រាន់នោះទេ នោះការបណ្ដុះបណ្ដាលជំនាញ នឹងមិនបានផ្ដល់ផលប្រយោជន៍ដល់ពលរដ្ឋឡើយ។ ការលើកឡើងនេះ បន្ទាប់ពីក្រសួងការងារ បានធ្វើតេស្តបញ្ជាក់សមត្ថភាពសិក្ខាកាម បន្ទាប់ពីបើកការបណ្ដុះបណ្ដាល ដល់យុវជនមកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យចំនួន ១លាន ៥សែននាក់។
ស្ថិតក្នុងស្ថានភាពវិបត្តិសេដ្ឋកិច្ច ក្រោយពេលការបិទទ្វាររោងចក្រវាយនភណ្ឌជាបន្តបន្ទាប់ ទំនិញនៅលើទីផ្សារឡើងថ្លៃ ពលរដ្ឋភាគច្រើន បាត់បង់ការងារធ្វើ ចំណូលធ្លាក់ចុះ និងជំពាក់បំណុលធនាគារ។ ប្រឈមនឹងបញ្ហាទាំងនេះ រដ្ឋាភិបាលបានបង្កើតកម្មវិធីបណ្ដុះបណ្ដាលដល់កម្មករ និងយុវជនមកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យ ដោយរំពឹងថា នឹងអាចជួយបង្កើនមុខរបរ និងការងារដល់ប្រជាពលរដ្ឋ។
ប្រធានអង្គការអប់រំយុវជនដើម្បីអភិវឌ្ឍន៍ និងសន្តិភាព លោក បូ ពៅ ប្រាប់វិទ្យុអាស៊ីសេរី នៅថ្ងៃទី២២ ខែឧសភា ថា ការបណ្ដុះបណ្ដាលជំនាញរបស់ក្រសួងការងារ ដល់យុវជននេះ ទំនងរៀបចំឡើងដើម្បីសម្រាប់ត្រៀមឱ្យពួកគេទៅបម្រើការងារនៅក្រៅប្រទេស ព្រោះចំនួនសិក្ខាកាម ដែលក្រសួងបានបណ្ដុះបណ្ដាលនេះ ហាក់មានចំនួនច្រើនជាងទីផ្សារការងារនៅក្នុងស្រុកបច្ចុប្បន្ន។ លោកបន្តថា រដ្ឋាភិបាល រៀបចំកែលម្អប្រព័ន្ធការងារក្នុងស្រុក ឱ្យសមស្របទៅតាមជំនាញ និងលក្ខខណ្ឌរបស់ពលរដ្ឋ ជាជាងការផ្ដោតតែទៅលើការបង្កើនចំនួនសិក្ខាកាម ប៉ុន្តែគ្មានកន្លែងការងារ និងមុខរបរសម្រាប់ឱ្យពួកគេធ្វើ។
លោក បូ ពៅ៖ «អ្នកខ្លះរៀនពេទ្យ តែពិបាករកការងារធ្វើពេក ទៅធ្វើការធនាគារដើរទារលុយតាមភូមិ។ អ្នកខ្លះរៀនកសិកម្ម តែដោយសារវាខ្វះទីផ្សារ ក៏ទៅធ្វើអីផ្សេងក្រៅពីជំនាញកសិកម្ម។ ច្រើនណាស់បាទ!ដើម្បីឱ្យពួកគាត់មានការងារធ្វើ យើង(ត្រូវ)ទប់កម្លាំងពលកម្មពីក្រៅប្រទេស ហើយកាត់បន្ថយអំពើពុករលួយទៅ»។
ការលើកឡើងរបស់មន្ត្រីសង្គមស៊ីវិលរូបនេះ ធ្វើឡើងបន្ទាប់ពីគ្រឹះស្ថានបណ្ដុះបណ្ដាលបច្ចេកទេស របស់ក្រសួងការងារ បានធ្វើតេស្ដបញ្ជាក់សមត្ថភាពសិក្ខាកាមកម្រិតសញ្ញាប័ត្របច្ចេកទេស និងវិជ្ជាជីវៈបន្ទាប់ពីឆ្លងកាត់ការបណ្ដុះបណ្ដាលរយៈពេល ៤ខែ ដើម្បីវាយតម្លៃបញ្ជាក់សមត្ថភាពដល់យុវជនមកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យជាង ១លាននាក់ (១.៥លាន) មុនឈានជើងចូលទីផ្សារការងារ។ ក្រសួងការងារបញ្ជាក់ថា គ្រឹះស្ថានចំនួន ៣៥ នៃក្រសួងការងារ បានបណ្ដុះបណ្ដាលសិក្ខាកាម លើជំនាញធុរកិច្ច ភេសជ្ជៈ ម្ហូបអាហារ ការផលិតនំ អគ្គិសនី ម៉ាស៊ីនត្រជាក់ និងសម្អាងកាយ។
ព្រឹត្តិបត្រព័ត៌មានទីផ្សារការងារ របស់ក្រសួងការងារ សម្រាប់ឆមាសទី១ ឆ្នាំ២០២៤ បានព្យាករថា កម្ពុជានឹងបង្កើតការងារថ្មីជាង ២៣ម៉ឺនកន្លែងក្នុងមួយឆ្នាំ នៅចន្លោះឆ្នាំ២០២៤ ដល់២០២៦ ដោយចំនួនការងារថ្មី នឹងកើនឡើងនៅក្នុងវិស័យឧស្សាហកម្ម និងសេវាកម្ម ប៉ុន្តែធ្លាក់ចុះ នៅក្នុងវិស័យកសិកម្ម។
វិទ្យុអាស៊ីសេរី មិនអាចទាក់ទង អ្នកនាំពាក្យក្រសួងការងារ លោក កត្តា អ៊ន ដើម្បីសុំការបកស្រាយបានទេ នៅថ្ងៃទី២២ ខែឧសភា។
ប្រធានមជ្ឈមណ្ឌលប្រជាពលរដ្ឋដើម្បីអភិវឌ្ឍន៍ និងសន្តិភាព លោក យង់ គិមអេង យល់ឃើញថា ចំនួនការងារបច្ចុប្បន្ន ហាក់មិនសមាមាត្រ នឹងកំណើនយុវជន និងសមស្របតាមលក្ខខណ្ឌ ដែលពួកគេចង់បាននៅឡើយ។ លោកបន្តថា ដែលកត្តានេះ បានធ្វើឱ្យយុវជនមួយចំនួន ដែលមានទាំងជំនាញ និងបទពិសោធន៍ការងារ ត្រូវធ្វើចំណាកស្រុកទៅក្រៅប្រទេស ដើម្បីរកការងារ ដែលសមស្រប ជាមួយជំនាញ និងសមត្ថភាពរបស់ពួកគេ។
លោក យង់ គិមអេង៖ «ស្ថានភាពការងារនៅប្រទេសកម្ពុជាយើងនេះ យើងឃើញដែលពឹងសំខាន់ទៅលើរោងចក្រ ហើយក្នុងនោះដែរ យើងខ្វះការលើកទឹកចិត្តឱ្យមានការបង្កើតការងារដោយខ្លួនឯងឱ្យច្រើន អាហ្នឹងក៏ជាកត្តាមួយកាត់បន្ថយភាពឥតការងារធ្វើដែរ»។
កាលពីខែសីហា ឆ្នាំ២០២៣ រដ្ឋមន្ត្រីក្រសួងការងារ ដែលទើបនឹងឡើងកាន់តំណែងថ្មី គឺលោក ហេង សួរ បានលើកឡើងថា ស្ថានភាពទីផ្សារការងារនៅកម្ពុជា មានភាពរឹងមាំដោយរក្សាបានអត្រាមានការងារធ្វើខ្ពស់ប្រមាណ ៩៩ភាគរយ ហើយលក្ខខណ្ឌការងារ និងជីវភាពរស់នៅរបស់កម្មករ-និយោជិត មានភាពប្រសើរឡើងជាបន្តបន្ទាប់។
ទោះជាយ៉ាងនេះក្ដី ការថ្លែងរបស់លោក ហេង សួរ បែបនេះ ហាក់ផ្ទុយពីស្ថានភាពជាក់ស្ដែង ដោយកន្លងមក លោកតែងតែស្នើសុំ ប្រទេសមួយចំនួនឱ្យទទួលពលករខ្មែរ យកទៅបម្រើការងារ មានដូចជា អារ៉ាប៊ីសាអូឌីត (Saudi Arabia) និងសាធារណរដ្ឋកូរ៉េ(South Korea) ជាដើម ខណៈកម្មករធ្វើការនៅក្នុងស្រុកឯណោះវិញ កំពុងត្អូញត្អែរពីការបាត់បង់ការងារធ្វើ ឬកាត់បន្ថយម៉ោងធ្វើការ ដោយសាររោងចក្របានបិទទ្វារ ចំណែកឯពលរដ្ឋនៅតាមមូលដ្ឋាន បានធ្វើចំណាកស្រុក ស្ទើរស្ងាត់ភូមិ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
