ប្រជាកសិករនៅស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យកំពុងព្រួយបារម្ភអំពីជីវភាពរបស់ពួកគាត់ខ្លាចគ្មានអង្កច្រកឆ្នាំនៅពេលខាងមុខ ពីព្រោះគ្រោះរាំងស្ងួតយូរពេកធ្វើឱ្យដំណាំស្រូវរបស់ពួកគាត់ខូចអស់។
ប្រជាពលរដ្ឋនៅឃុំគយម៉ែង ស្រុកមង្គលបូរី លោក ម្លិះ សេត ប្រាប់វិទ្យុអាស៊ីសេរីនៅថ្ងៃទី២៣ ខែសីហាថា ស្រូវប្រាំងរបស់លោកចំនួន១០ហិកតារដាំដុះបានជាង២ខែកន្លះហើយ ប៉ុន្តែនៅពេលនេះដើមស្រូវក្រហមស្វិតខូចទាំងអស់ ដោយសារគ្រោះរាំងស្ងួតអូសបន្លាយពេលយូរធ្វើឱ្យគ្មានទឹកស្រោចស្រព។ កសិករវ័យ ៥២ឆ្នាំរូបនេះ ព្រួយបារម្ភខ្លាចដាច់ស្បៀងអាហារនៅរដូវប្រាំងខាងមុខ ពីព្រោះលោកបានខ្ចីប្រាក់ពីធនាគារចំនួន ២ពាន់ ៥០០ដុល្លារមកធ្វើដើមទុនដាំដុះដោយសន្យានឹងសងគេវិញនៅពេលប្រមូលផល ប៉ុន្តែពេលនេះដើមស្រូវគ្រប់អាយុចេញផ្កាហើយបែរជាក្រហមស្វិតខូចអស់៖ «បើគិតទៅស្រូវប្រាំងយើងនេះធ្វើ២ដងមកហើយខូចទាំងអស់ លើកទី១លិចទឹកជំនន់ លើកទី២ព្រូសទៀតដល់ពេលស្រូវចាប់ធ្វើខ្លួនអស់ទឹក វាស្ទួនៗ។ ស្រូវរាល់វាងាប់អស់រលីង ទឹកចូលមកក៏មិនអាចជួយសង្គ្រោះបានដែរ»។
ដូចគ្នានេះដែរកសិករនៅឃុំគយម៉ែងម្នាក់ទៀតលោក ថាត់ សម្បត្តិ ថ្លែងថា ដំណាំស្រូវរបស់លោកជាង ១០ហិកតារក៏ក្រៀមស្វិតខូចទាំងអស់ដែរ ដោយសារនៅតំបន់លោកជួបគ្រោះរាំងស្ងួតជាង ២ខែ មកហើយពុំមានអាជ្ញាធរណាជួយដល់ពួកលោកនោះទេ។ កសិករវ័យ ៤៩ឆ្នាំរូបនេះ បន្តទៀតថា គ្រោះរាំងស្ងួតនេះបណ្ដាលឱ្យដំណាំស្រូវរបស់កសិកររាប់រាប់ម៉ឺនហិកតារនៅស្រុកមង្គលបូរី ព្រះនេត្រព្រះ និងក្រុងសិរីសោភ័ណ ដើមស្រូវឡើងក្រហមខូចទាំងអស់៖ «ជួយមិនបានទេវាមិនរួចថ្លៃម៉ាស៊ីនច្រូតបើមួយខែមុនជួយបាន តែពេលនេះវាហួសហើយ។ ម្នាក់ៗថ្ងូរដូចព្រាបអីចឹងឯង ព្រោះយើងជំពាក់គេ ៣ពាន់ ដុល្លារអីចឹង ត្រូវតែយើងរត់ការប្រាក់ឱ្យគេ តែមិនបានគេគិតការទៅមួយឆ្នាំទៀត។អ្នកខ្លះអស់ដីអស់អីដោយសារអីចឹងឯង។ ខ្ញុំសំណូមពរឱ្យរដ្ឋាភិបាលជួយ ទី១ ចង់បាន ប្រឡាយទឹក ហើយផ្លូវឱ្យវាស្រួលមក ហើយអាមានទឹកហើយអត់មានប្រឡាយចូលទៅ ហើយគ្នាបូមឆ្ងាយវាលំបាកដែរ បើមានប្រឡាយទឹកវាអាចសង្ឃឹមច្រើន » ។
ប្រជាកសិករទាំងនេះបន្តថា ស្ថានភាពបែបនេះបានប៉ះពាល់យ៉ាងខ្លាំងដល់ជីវភាពរស់នៅរបស់ពួកគាត់ ជាពិសេសធ្វើឱ្យគ្មានប្រាក់ចំណូលចិញ្ចឹមជីវិត អំឡុងពេលមានវិបត្តិជំងឺកូវីដ១៩។ ជាងនេះទៅទៀតពួកគាត់ព្រួយបារម្ភខ្លាចធនាគាររឹបអូសដីស្រែនិងផ្ទះសម្បែងធ្វើឱ្យគ្មានជម្រកស្នាក់នៅ ដោយសាររកប្រាក់បានសងធនាគារទាន់ពេលវេលា។
អាស៊ីសេរីមិនអាចទាក់ទងប្រធានមន្ទីរកសិកម្មខេត្តបន្ទាយមានជ័យលោក ប៉ាង វណ្ណាសេដ្ឋ និងអភិបាលខេត្តបន្ទាយមានជ័យលោក អ៊ុំ រាត្រី ដើម្បីសុំអត្ថាធិប្បាយជុំវិញពីក្ដីកង្វល់របស់ប្រជាកសិករនេះបានទេនៅថ្ងៃទី២៣ សីហា ដោយទូរស័ព្ទចូលជាច្រើនដងពុំមានអ្នកទទួល។
ទោះជាយ៉ាងណា ប្រធានសមាគមសម្ព័ន្ធសហគមន៍កសិករកម្ពុជាលោក ថេង សាវឿន មានប្រសាសន៍ថា រឿងនេះអាចនឹងធ្វើឱ្យប៉ះពាល់ធ្ងន់ធ្ងរដល់ជីវភាពរបស់ប្រជាកសិករនៅពេលខាងមុខ ដូច្នេះអាជ្ញាធរពាក់ព័ន្ធគួរតែប្រញាប់រកប្រភពទឹកជួយសង្គ្រោះដំណាំស្រូវរបស់ពួកគាត់ជាបន្ទាន់៖ «ខ្ញុំគិតថា ការឆ្លើយតបទៅនឹងអាជ្ញាធរនោះ គឺត្រូវធ្វើឡើងដោយមានការពិគ្រោះ និងការជជែកពិភាក្សាអំពីធាតុពិតជាក់ស្ដែងរបស់ប្រជាពលរដ្ឋដែលកំពុងរងគ្រោះ ដើម្បីជៀសវាងនូវបាតុភាពផ្សេងៗ ដែលធ្វើឱ្យប៉ះពាល់ដល់ជីវភាពនិងការរស់នៅរបស់កសិករ ព្រោះនេះជាកាតព្វកិច្ចរបស់អាជ្ញាធរក៏ដូចជាមន្ត្រីពាក់ព័ន្ធ ដែលបានចែងនៅក្នុងច្បាប់ជាតិនិងអន្តរជាតិក្នុងការស្វះស្វែងរកដំណោះស្រាយជូនដល់ប្រជាពលរដ្ឋ » ។
លោក ថេង សាវឿន យល់ថា ដើម្បីដោះស្រាយបញ្ហានេះ រដ្ឋាភិបាលគួរតែផ្ដល់ប្រាក់កម្ចី និងត្រៀមពូជស្រូវចែកដល់កសិកររងគ្រោះ ដើម្បីពួកគាត់ដាំដុះបន្តនៅរដូវភ្លៀងធ្លាក់ និងត្រូវសាងសង់ប្រព័ន្ធធារាសាស្ត្រឱ្យបានច្រើននៅតំបន់ដែលមានគ្រោះរាំងស្ងួត ដើម្បីសម្រួលដល់ការដាំដុះរបស់ប្រជាពលរដ្ឋនៅពេលខាងមុខ។ បន្ថែមពីនេះលោកថា រដ្ឋាភិបាលក៏គួរតែអន្តរាគមន៍ទៅស្ថាប័នមីក្រូហិរញ្ញវត្ថុ ឱ្យផ្អាកយកការប្រាក់ពីកសិករដែលរងគ្រោះទាំងនោះមួយរយៈ។ លោកជឿថា រឿងនេះប្រសិនបើរដ្ឋាភិបាលមិនឆាប់ដោះស្រាយជូនដល់ប្រជាពលរដ្ឋទេនោះ នឹងធ្វើឱ្យពួកគាត់ជំពាក់បំណុលធនាគារវ័ណ្ឌក ដកខ្លួនមិនរួច ហើយអាចនឹងក្លាយទៅជាវិបត្តិសង្គមធ្ងន់ធ្ងរនៅពេលខាងមុខ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។