បញ្ហាអាកាសធាតុឡើងកម្ដៅបានបំផ្លាញផលដំណាំទុរេននៅតាមបណ្ដាខេត្តមួយចំនួន។ កសិករដាំទុរេនត្អូញត្អែរថា ឆ្នាំនេះពួកគាត់ទទួលការខាតបង់ធ្ងន់ធ្ងរ ដោយសាររលកកម្ដៅបានបំផ្លាញទិន្នផល និងសម្លាប់ដើមទុរេនអស់មួយចំនួនហើយ តម្លៃទុរេនបែរជាធ្លាក់ចុះទៅវិញ។
ទុរេន គឺជាដំណាំហូបផ្លែតាមរដូវ ដែលមានតម្លៃល្អ និងទីផ្សារទូលាយ។ ប៉ុន្តែការដាំទុរេនត្រូវប្រឈមនឹងបញ្ហាសំខាន់ៗមួយចំនួន មានដូចជា ចំណាយដើមទុនច្រើន និងការថែទាំខ្ពស់ ហើយប្រសិនបើទុរេនប្រឈមនឹងជំងឺ ឬសត្វល្អិតមកយាយី និងអាកាសធាតុមិនអំណោយផលនោះកសិករនឹងត្រូវខាតបង់ច្រើនជាងដំណាំផ្សេងៗ។
ជាក់ស្ដែងនៅក្នុងរដូវប្រាំង ដ៏ក្ដៅហួតហែង និងគ្មានភ្លៀងកក់ខែ ដែលអូសបន្លាយតាំងពីដើមឆ្នាំមកនេះបានធ្វើបាបកសិករអ្នកដាំទុរេនសឹងគ្រប់គ្នា ដោយសារភាពរាំងស្ងួត បានបំផ្លាញទិន្នផល និងតម្លៃធ្លាក់ចុះ។
កសិករម្ចាស់ចម្ការទុរេន នៅស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ លោកស្រី ម៉ៅ សាម៉ែន ត្អូញត្អែរថា ទិន្នផលទុរេនឆ្នាំនេះ ថយចុះជាងឆ្នាំមុនៗស្ទើរពាក់កណ្ដាល ដោយសារអាកាសធាតុក្ដៅខ្លាំង នាំឱ្យមិនសូវចេញផ្កា ឬពេលចេញផ្លែមកបែរជាប្រេះសំបកមុនអាយុកំណត់ដែលត្រូវបេះ។ អ្នកស្រីបន្តថា ដោយសារទុរេនមិនសូវមានគុណភាព និងពិបាកលក់ចេញ បានធ្វើឱ្យលោកស្រី ខាតចុងខាតដើម និងខ្វះខាតដើមទុនសម្រាប់ដាំនៅឆ្នាំក្រោយទៀត។
លោកស្រី ម៉ៅ សាម៉ែន៖ «បើយើងស្រោចទឹក គ្រាន់តែថាយើងអាចស្រោចបានកុំឱ្យដើមវាងាប់។ តែរឿងផ្លែវាដែលត្រូវកម្ដៅថ្ងៃខ្លាំងហ្នឹង យើងអត់អាចការពារវាបានទេ។ បើសិនជាដើមណាស្ទើរស្លឹកអីអ៊ីចឹង វាត្រូវខ្យល់ត្រូវថ្ងៃក្ដៅខ្លាំងអ៊ីចឹង វាប្រេះវាខូចហើយ។ ជួនកាលប្រេះខូចអស់មួយដើម ជួនកាលដើមខ្លះវាអត់សូវត្រូវ វាប្រេះខូចអស់ខ្លះៗអីអ៊ីចឹង»។
ជាទូទៅ កសិករប្រមូលផលទុរេននៅរដូវក្ដៅ ចន្លោះពីពាក់កណ្ដាលខែឧសភា ដល់ខែកក្កដា។ បើទោះបី វាផ្ដល់ផលច្រើននៅរដូវប្រាំង តែបើអាកាសធាតុក្ដៅខ្លាំងពេក វាក៏មានផលប៉ះពាល់ដល់គុណភាព និងរសជាតិរបស់វាផងដែរ។ ជាក់ស្ដែង នៅដើមឆ្នាំ២០២៤ នេះ អាកាសធាតុបានហក់ឡើងដល់សីតុណ្ហភាពជាង ៣០អង្សាសេ រហូតដល់ជាង ៤០អង្សាសេ ដែលធ្វើឱ្យផ្លែទុរេនដែលត្រៀមប្រមូលផលបានប្រេះសំបកចូលខ្យល់។
មិនខុសពីម្ចាស់ចម្ការទុរេននៅខេត្តត្បូងឃ្មុំ មួយនោះទេ តែចំពោះអ្នកដាំទុរេននៅខេត្តបាត់ដំបង វិញ បានជួបទុក្ខទ្វេដង ដោយសារផ្លែទុរេនមិនអំណោយផលហើយ ថែមទាំងងាប់ដើមអស់មួយចំនួនថែមទៀត។
ជាក់ស្ដែង កសិករម្ចាស់ចម្ការទុរេន នៅស្រុកសំឡូត ខេត្តបាត់ដំបង លោក ប៉ាន់ សុភឿន ថ្លែងថា បញ្ហាអាកាសធាតុក្ដៅ បណ្ដាលឱ្យផ្លែទុរេនជ្រុះខូច មិនសូវមានទម្ងន់ និងទំហំតូច ទុំលឿនជាងមុន ប្រេះបែក ហើយមិនលូតលាស់ដល់គុណភាព និងទំហំតាមស្តង់ដារ ដែលអាចលក់បានតម្លៃថ្លៃនោះទេ។ លោកបន្តថា រលកកម្ដៅនារដូវប្រាំងនេះ បានធ្វើឱ្យដើមទុរេនរបស់លោកងាប់ជាង ៣០ដើម ដែលនេះគឺជាការខាតបង់មួយដ៏ធ្ងន់ធ្ងរ សម្រាប់អ្នកដាំទុរេនខ្នាតតូចដូចលោក។
លោក ប៉ាន់ សុភឿន៖ «ខាតបង!ខាតហើយឆ្នាំនេះ។ ចំណាយលើទឹកផង ចំណាយលើជីផង អស់ច្រើនឆ្នាំនេះ ហើយកើតផលបានតិចជាងឆ្នាំមុនឆ្ងាយ អស់ពាក់កណ្ដាល»។
កាលពីថ្ងៃទី២ ខែមីនា ក្រសួងធនធានទឹក និងឧតុនិយម បានចេញសេចក្ដីជូនដំណឹង ស្ដីពីការព្យាករអាកាសធាតុលើកទី២ ចាប់ពីខែមីនា ដល់ខែឧសភា ថា សីតុណ្ហភាពនៅរដូវប្រាំងឆ្នាំ២០២៤ នឹងកើនឡើង ហើយមិនសូវមានភ្លៀងធ្លាក់គ្រប់គ្រាន់នៅរដូវវស្សាឡើយ ដោយតំបន់ខ្លះអាចមានសីតុណ្ហភាពឡើងដល់ ៤៣អង្សាសេ។
វិទ្យុអាស៊ីសេរី មិនអាចទាក់ទងអ្នកនាំពាក្យក្រសួងកសិកម្ម កញ្ញា អ៊ឹម រចនា ដើម្បីសុំការបកស្រាយបានទេ នៅថ្ងៃទី៧ ខែឧសភា។
បច្ចុប្បន្ន ផ្លែទុរេននៅក្នុងចម្ការ មានតម្លៃ ១ម៉ឺន ៨ពាន់រៀល(១៨.០០០)ក្នុងមួយគីឡូក្រាម ចំពោះផ្លែប្រេះមិនសូវល្អ មានតម្លៃ ១ម៉ឺន ៥ពាន់រៀល(១៥.០០០) ក្នុងមួយគីឡូក្រាម។ ចំណែកនៅលើទីផ្សារ ទុរេនអាចមានតម្លៃចន្លោះពី ២ម៉ឺន២ពាន់(២២.០០០) ទៅ២ម៉ឺន៥ពាន់រៀល(២៥.០០០)ក្នុងមួយគីឡូក្រាម។
អ្នកជំនាញផ្នែកកសិកម្មដំណាំទុរេន លោក ប៊ុន នាង មានប្រសាសន៍ថា តាមរយៈការចុះជួបកសិករនៅតាមបណ្ដាខេត្តមួយចំនួន ដូចជាកំពង់ចាម ត្បូងឃ្មុំ និងរតនគិរី ឃើញថា ពួកគេខាតបង់ដូចៗគ្នា ដោយសារផ្លែទុរេន ខូចនៅលើដើមអស់ពាក់កណ្ដាល ចំណែកឯដើមទុរេន ដែលពេញអាយុប្រមូលផល បានងាប់អស់មួយចំនួន។ លោកសង្កេតឃើញថា អ្នកដាំទុរេនឆ្នាំនេះ ជួបទុក្ខទ្វេដង ដោយសារពួកគាត់បានចំណាយលើទឹកស្រោច និងថ្នាំបំប៉នអស់ជាច្រើន រីឯផលទុរេនបែរជាចុះថោកទៅវិញ ដែលធ្វើឱ្យម្ចាស់ចម្ការមួយចំនួនក្ស័យធន និងជំពាក់ធនាគារ។
លោក ប៊ុន នាង៖ «ឃើញពួកគាត់បាក់ទឹកចិត្តខ្លាំងមែនទែន ព្រោះអីយើងយល់រាល់ការចំណាយប្រាំមួយឆ្នាំ ប្រាំពីរឆ្នាំ តាំងពីដាំមក ថ្វីដ្បិតតែគាត់ធ្លាប់បានផលទៅវិញម្ដងពីរដងហើយក្ដី ប៉ុន្តែទឹកចិត្តស្ដាយស្រណោះទ្រព្យសម្បត្តិដែលយើងធ្លាប់មានហ្នឹង ក៏នៅតែស្ដាយ រីឯលុយកាក់វិញគឺប៉ះពាល់ខ្លាំង រហូតដល់ឃើញមានពួកគាត់ទៅចរចាជាមួយធនាគារដើម្បីពន្យារការបង់(សងបំណុល)ហើយក៏ឃើញមន្ត្រីធនាគារចុះទៅចម្ការគាត់ដែរដើម្បីវិភាគវាយតម្លៃ ហើយបើយើងសរុបន័យមក គឺប៉ះពាល់សេដ្ឋកិច្ចធំ»។
របាយការណ៍របស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ឱ្យដឹងថា កម្ពុជាមានផ្ទៃដីដាំដុះដំណាំទុរេនចំនួនជាង ៥ពាន់ហិកតារ(៥.២៨៩) ក្នុងនោះផ្ទៃដីប្រមូលផលមានជាង ៣ពាន់ហិកតារ(៣.៤០៣) ដែលទទួលបានបរិមាណផលប្រមាណជាង ៣ម៉ឺនតោន ក្នុងមួយឆ្នាំ។ ទោះជាយ៉ាងណា របាយការណ៍មិនបានបង្ហាញពី ទំហំទិន្នន័យទុរេនដែលខូចខាតនៅឡើយ។
ទន្ទឹមនឹងបញ្ហាទុរេនខូច តម្លៃធ្លាក់ចុះ កសិករក៏កំពុងប្រឈមនឹងការប្រកួតប្រជែងជាមួយទុរេន ដែលនាំចូលពីក្រៅប្រទេសផងដែរ។ ជាក់ស្ដែងចាប់តាំងពីដើមខែមេសា មកគេឃើញមាន ទុរេនផ្លែធំៗ ដាក់លក់តាមដងផ្លូវ និងក្នុងផ្សារ មានតម្លៃត្រឹមតែមួយម៉ឺនរៀល (១០.០០០) ក្នុងមួយគីឡូក្រាម ដោយអ្នកលក់អះអាងថា ជាទុរេនមកពីខេត្តកំពង់ចាម ត្បូងឃ្មុំ ឬបាត់ដំបងជាដើម។ ប៉ុន្តែកសិករ ដែលដាំទុរេនតាមតំបន់ទាំងនេះ អះអាងថា ទុរេនក្នុងចម្ការរបស់ពួកគាត់ មិនទាន់ដល់ពេលប្រមូលផលនៅឡើយទេ ខណៈទុរេនដែលគេដាក់លក់នោះអាចជារបស់នាំចូលពីប្រទេសជិតខាង ដែលប្រើប្រាស់ជី និងសារធាតុគីមី ដើម្បីប្រមូលផលបានលឿន។
កសិករស្នើដល់រដ្ឋាភិបាល បង្កើតគោលនយោបាយជួយដល់កសិករ ដែលរងផលប៉ះពាល់ និងខាតបង់ដោយសារបញ្ហាអាកាសធាតុប្រែប្រួល ដើម្បីជួយសម្រួលឱ្យពួកគាត់ មានលទ្ធភាពស្ដារការដាំដុះដើមទុរេនឡើងវិញនៅឆ្នាំក្រោយ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ៕
