សិករ និងអ្នកជំនាញខាងវិស័យកសិកម្ម សម្ដែងក្តីបារម្ភថា វិស័យកសិកម្មនឹងរងផលប៉ះពាល់ ធ្ងន់ធ្ងរ បន្ថែមលើវិស័យកាត់ដេរ ប្រសិនបើសហភាពអឺរ៉ុបដកប្រព័ន្ធអនុគ្រោះពន្ធ«គ្រប់មុខទំនិញទាំងអស់លើកលែងតែអាវុធ» ឬ EBA។ ការលើកឡើងបែបនេះ ដោយសារពួកគេយល់ថា ផលិតផលកសិកម្មមួយភាគធំ ក៏បាន នាំចេញទៅកាន់ទីផ្សារសហភាពអឺរ៉ុបដែរ។
ក្រុមកសិករ និងអ្នកជំនាញខាងវិស័យកសិកម្មយល់ថា ប្រសិនបើសហភាពអឺរ៉ុបសម្រេចដកប្រព័ន្ធ អនុគ្រោះពន្ធពីកម្ពុជាមែននោះ វិស័យកសិកម្ម នឹងធ្លាក់ចុះបន្ថែមទៀត ខណៈដែល វិស័យកសិកម្មបច្ចុប្បន្ននេះ កំពុងតែគ្មានទីផ្សារស្រាប់នោះ។
សមាជិកបណ្ដាញកសិករធម្មជាតិ និងជាក្រុមប្រឹក្សាឃុំដំណាក់សុក្រម ខេត្តកំពត លោក អ៊ួន សុផល រៀបរាប់ថា វិស័យកសិកម្ម នឹងរងផលប៉ះពាល់ធ្ងន់ធ្ងរបំផុត បើគ្មានប្រព័ន្ធ អនុគ្រោះពន្ធនោះទេ ព្រោះកន្លងមក កម្ពុជាបាននាំអង្ករ និងកសិផលមួយភាគធំទៅកាន់ទីផ្សារអឺរ៉ុប ដូចជាអង្ករសេរីរាង និងអង្ករក្រអូបជាដើម។ ផលប៉ះពាល់បន្ថែមទៅលើបញ្ហាប្រឈមរបស់កសិករដូចជាខ្វះប្រព័ន្ធទឹក និងខ្វះទុនជាដើម៖ «តម្លៃដែលយើងធ្លាប់លក់នោះ គឺលក់អត់បានថ្លៃទៀតទេ។ យើងពិបាកក្នុងការនាំចេញទៀត គឺធ្វើអោយយើងទិញស្រូវថោកៗពីកសិករ ដូច្នេះតម្លៃស្រូវថោកហើយ កាលណាយើងចំណាយតាំងពីការដឹកជញ្ជូន តាំងពីការកុនជាដើម។ កាលណាគេយកពន្ធដោយមិនអនុគ្រោះពន្ធទៀតគឺធ្វើអោយយើងមិនអាចប្រកួតប្រជែងជាមួយទីផ្សារវៀតណាម និងថៃបានទេ ហើយគេមកទិញពីយើងវិញ គេកែឆ្នៃ គេនាំចេញ ហើយចាត់ទុកថាជាអង្ករគេ អ៊ីចឹងកម្ពុជា អត់មានមុខអីទេ ហើយកសិកររងគ្រោះហើយ»។
លោក អ៊ួន សុផល បន្ថែមថា កម្ពុជា គឺត្រូវការប្រព័ន្ធអនុគ្រោះព័ន្ធពីសហភាពអឺរ៉ុបជាចាំបាច់ ដើម្បីផ្តល់ផលប្រយោជន៍ច្រើនដល់វិស័យកសិកម្ម និងវិស័យដទៃទៀត៖ «យើងត្រូវការនាំចេញហើយប្រទេសយើងត្រូវការអនុគ្រោះពន្ធដែរ ដោយសារយើងមិនទាន់អាចកែច្នៃ ឬមិនទាន់ផលិតខ្លួនឯងបាន យើងត្រូវការនាំចេញ អ៊ីចឹងយើងក៏មិនទាន់ប្រកួតប្រជែងទីផ្សារបានដូចប្រទេសគេ អ៊ីចឹងយើងត្រូវការអនុគ្រោះពន្ធ។ កាលណាគេបិទអនុគ្រោះពន្ធ វាធ្វើអោយប៉ះពាល់អ្នកនាំចេញ កាលណាប៉ះពាល់អ្នកនាំចេញ គឺប៉ះពាល់ដល់អ្នកផលិត អ៊ីចឹងអ្នកផលិត ខំប្រឹងផលិតអត់តម្លៃ គឺគាត់ត្រូវកាត់បន្ថយ អ៊ីចឹងវិស័យកសិកម្មលែងជាវិស័យអាទិភាពទៀតហើយ»។
កសិករមួយរូបទៀតនៅខេត្តត្បូងឃ្មុំ លោក ម៉ៅ មេន ក៏អះអាងស្រដៀងគ្នាដែរ ថា កសិករកំពុងធ្លាក់ចុះជីវភាពយ៉ាងខ្លាំង ដោយសារផលិតផលកសិកម្មដូចជាដំឡូងមី ជ័រកៅស៊ូ និងម្រេចជាដើម លក់មិនបានតម្លៃថ្លៃ។ លោកបារម្ភប្រសិនបើកម្ពុជា បាត់បង់ប្រព័ន្ធអនុគ្រោះព័ន្ធទៀតនោះ គឺកសិករកាន់តែលំបាកខ្លាំង ក្នុងជីវភាព៖ «ខ្ញុំគិតថា ប៉ះពាល់ហើយ តែមិនដឹងថាតិចឬច្រើន ។ម្យ៉ាងរាល់ថ្ងៃនេះ គេមិនទាន់ធ្វើកិច្ចការដកអនុគ្រោះពន្ធ យើងប៉ះពាល់ឬលំបាកក្នុងការលក់ផលិតផល ទៅហើយ»។
សហភាពអឺរ៉ុបបានដាក់ឱសានវាទរយៈពេល ១២ខែ ឱ្យរបបលោក ហ៊ុន សែន ស្តារប្រជាធិបតេយ្យ និងការគោរពសិទ្ធិមនុស្សឡើងវិញ បើពុំដូច្នេះទេ សហភាពអឺរ៉ុបនឹងដកប្រព័ន្ធអនុគ្រោះពន្ធ EBA ពីកម្ពុជា។ វិធានការនេះត្រូវបានដាក់ចេញ ដោយសារតែស្ថានភាពវិបត្តិប្រជាធិបតេយ្យ និងការរំលោភសិទ្ធិមនុស្សធ្ងន់ធ្ងរនៅកម្ពុជា ក្នុងរយៈកាលកន្លងទៅ មិនទាន់ត្រូវបានកែប្រែនៅឡើយ ជាពិសេសករណីចាប់ប្រធានគណបក្សប្រឆាំងដាក់គុក និងរំលាយបក្សប្រឆាំងចោល។ មកទល់ពេលនេះ របបលោក ហ៊ុន សែន មិនទាន់បន្ទប់ឥរិយាបថដោះស្រាយវិបត្តិនយោបាយនៅឡើយ ហើយថែមទាំងប្រកាសមិនដោះលែងលោក កឹម សុខា ប្រធានបក្សប្រឆាំងថែមទៀតផង។
អគ្គលេខាធិការសម្ព័ន្ធសហគមន៍កសិករកម្ពុជា (CCFC) លោក ថេង សាវឿន មានប្រសាសន៍ថា ប្រជាកសិករទូទាំងប្រទេស នឹងកាន់តែខ្វះទីផ្សារសម្រាប់លក់កសិករផលបន្ថែម ជាពិសេសស្រូវអង្ករ ប្រសិនបើកម្ពុជា បាត់បង់ប្រព័ន្ធអនុគ្រោះពន្ធនោះ។ លោកថា មាន តែរបបលោក ហ៊ុន សែន នោះទេ ដែលអាចដោះស្រាយជាមួយសហភាពអឺរ៉ុប ដើម្បីជៀសផុតពីការដកប្រព័ន្ធអនុគ្រោះពន្ធ៖ «ខណៈបច្ចុប្បន្ន នាំផលិតផលទៅកាន់ទីផ្សារអឺរ៉ុបហើយ នៅតែកសិករមានវិបត្តិនៃទីផ្សារលក់ផលិតផលបានតម្លៃថោក ចុះទម្រាំគេកាត់ផ្ដាច់ទីផ្សារ គឺកសិករ កាន់តែលំបាកលក់កសិផលដែលបានតម្លៃខ្ពស់ ដើម្បីរួចថ្លៃដើម។ លើសពីនេះ នៅពេលតម្លៃកាន់តែថោក គឺកសិករគ្មានលទ្ធភាពគ្រប់គ្រាន់ ដើម្បីសងប្រាក់ទៅមីក្រូហិរញ្ញវត្ថុឬក៏ធនាគារដែល ពួកគាត់ខ្ចីមកធ្វើដើមទុននោះទេ»។
អាស៊ីសេរី មិនអាចសុំការឆ្លើយតបពីអ្នកនាំពាក្យក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ លោក ឡោ រស្មី និងលោក ស្រី វុឌ្ឍី បានទេ នៅថ្ងៃទី១០ ខែវិច្ឆិកា ដោយលោកទាំងពីរមិនទទួលទូរស័ព្ទ។
រីឯប្រធានគណៈកម្មាធិការនាយកនៃគណបក្សប្រជាធិបតេយ្យមូលដ្ឋាន និងជាអ្នកជំនាញកសិកម្ម លោក យ៉ង សាំងកុមារ ទទួលស្គាល់ថា ផលិតផលកសិកម្មរបស់ប្រជាកសិករខ្មែរ ដែលនាំចេញទៅលក់នៅសហភាពអឺរ៉ុបដោយការអនុគ្រោះពន្ធ អាចនឹងបាត់បង់ និងបាត់បង់សមត្ថភាពប្រកួតប្រជែង ជាមួយប្រទេសជិតខាង បើសហភាពអឺរ៉ុបដកប្រព័ន្ធអនុគ្រោះពន្ធ។
លោកបញ្ជាក់ថា ផលិតផលកសិកម្មខ្មែរដែលរងផលប៉ះពាល់ខ្លាំង ជាងគេគឺស្រូវអង្ករ ដោយសារ កន្លងមកកម្ពុជា នាំចេញស្រូវអង្កទៅទីផ្សារអឺរ៉ុបជាង៥០ភាគរយ បន្ទាប់មកគឺមានជ័រកៅស៊ូ ម្រេច និងបន្លែផ្លែឈើមួយចំនួនដូចជាស្វាយកែវរមៀត ព្រមទាំងស្ករអំពៅជាដើម៖ «ប៉ះពាល់ខ្លាំងជាងគេ គឺស្រូវអង្ករ ដោយសរខ្មែរយើងនាំចេញទៅទីផ្សារអឺរ៉ុបច្រើនជាងគេ ហើយយើងអាចប្រកួតប្រជែងជាមួយថៃនិងវៀតណាមបាន កាលគេ មិនយកពន្ធ។ បើទៅថ្ងៃមុខគេអោយខ្មែរយើងបង់ព័ន្ធដូចថៃ និងវៀតណាម គឺខ្មែរយើងពិបាកនឹងប្រកួតប្រជែង នៅក្នុងទីផ្សារស្រូវអង្ករ ហើយក្រៅពីនេះ ក៏មានប៉ះពាល់ផលិតផលកសិកម្មអី ផ្សេងដែរដូចជាកៅស៊ូ ប៉ុន្តែកសិករប៉ះពាល់ដល់កសិករតូចតាចច្រើន។ ថ្លៃផលិតថ្លៃដើម ថ្លៃកែច្នៃថ្លៃនាំចេញរបស់យើងនេះ វាថ្លៃរួចហើយ អ៊ីចឹងនៅពេលមានពន្ធពីលើនេះទៀត សមត្ថភាពប្រកួតប្រជែង យើងនឹងត្រូវបាត់បង់ ដូច្នេះត្រូវមានការកែលម្អច្រើនទៅថ្ងៃខាងមុខ ដើម្បីទប់ទល់នឹងហានីភ័យ»។
លោក យ៉ង សាំងកុមារ ស្នើសុំអោយរបបលោកហ៊ុន សែន ដោះស្រាយតាមសំណើរបស់សហភាព អឺរ៉ុប ពាក់ព័ន្ធនឹងស្ថានភាពនយោបាយ និងស្ថានភាពសិទ្ធិមនុស្សនៅកម្ពុជា ព្រមទាំងពង្រឹងសមត្ថភាពប្រកួតប្រជែងអោយខ្លាំងផងដែរ៖ «មានរឿងពីរដែលត្រូវដើរទន្ទឹមគ្នា គឺទី១រដ្ឋាភិបាល បន្តចរចាជាមួយសហភាពអឺរ៉ុបទៅដើម្បីកុំអោយបាត់បង់ប្រព័ន្ធអនុគ្រោះពន្ធ ព្រោះរឿងកសិកម្ម ជារឿង មួយដែលសំខាន់អាចជួយកម្ពុជា។ ទី២រដ្ឋាភិបាល ត្រូវពង្រឹងសមត្ថភាពប្រកួតប្រជែងដែរ ព្រោះការអនុគ្រោះពន្ធអនុគ្រោះពន្ធ គេមិនអោយយើងមួយជីវិតទេ។ ធ្វើម៉េចអោយកសិករ សិប្បករ ឧស្សាហករ និងពាណិជ្ជករ មានសមត្ថភាពប្រកួតប្រជែង ធ្វើម៉េចអោយថ្លៃផលិតយើងទាប ធ្វើម៉េចកុំអោយថ្លៃនាំចេញយើងវាថ្លៃ កាត់បន្ថយបញ្ហាស្មុគស្មាញមួយចំនួន ដូចជាការចំណាយក្រៅប្រពន្ធ និងការចំណាយផ្សេងៗ បូកផ្សំនឹងការចំណាយលើការផលិត តាំងពីនិន្នាការ តាំងពីអគ្គិសនី និងការដឹកជញ្ជូនអីអ៊ីចឹងហា»។
ប្រព័ន្ធអនុគ្រោះពន្ធ«គ្រប់មុខទំនិញទាំងអស់លើកលែងតែអាវុធ» ឬ EBA របស់សហភាពអឺរ៉ុបនេះ គ្រប់ដណ្ដប់ទៅលើផលិតផលប្រមាណ៧២០០ប្រភេទ ក្នុងនោះ ៩១៩ប្រភេទ គឺជាផលិតផលកសិកម្ម។
គេហទំព័រក្រសួងពាណិជ្ជកម្មកម្ពុជា ធ្លាប់ចុះផ្សាយកន្លងមកថា ប្រព័ន្ធអនុគ្រោះពន្ធសហភាពអឺរ៉ុប បានផ្ដល់ផលប្រយោជន៍ច្រើន ដល់វិស័យកសិកម្ម ជាពិសេស អង្ករ និងផលិតផលសក្ដានុពល មួយចំនួនទៀត។ ជាក់ស្ដែង ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ កម្ពុជាបានបង្កើនការនាំចេញ អង្ករច្រើនទៅសហភាពអឺរ៉ុប ជាពិសេសប្រទេសបារាំង អ៊ីតាលី ជាដើម៕
