កសិករ​នៅ​ខេត្ត​កំពង់ធំ​ត្អូញត្អែរ​អំពី​តម្លៃ​ស្រូវ​ចុះ​ថោក​និង​គ្មាន​អ្នកទិញ

0:00 / 0:00

ប្រជាកសិករ​នៅ​ស្រុក​បារាយណ៍ ខេត្ត​កំពង់ធំ កំពុង​ខ្វល់ខ្វាយ​ខ្លាច​តម្លៃ​ស្រូវ​ចុះថោក ហើយ​លក់​ស្រូវ​មិន​បាន​ប្រាក់​សង​ធនាគារ ដែល​បាន​ខ្ចី​គេ​យក​មក​ធ្វើ​ដើមទុន។ ក្ដី​បារម្ភ​នេះ​ដោយសារ មួយ​រយៈ​នេះ​តម្លៃ​ស្រូវ​នៅ​តំបន់​ពួកគាត់​រស់នៅ ចេះតែ​ចុះថោក​មក​នៅ​ត្រឹម​ជាង​៧០០​រៀល ក្នុង​មួយ​គីឡូក្រាម និង​មិន​សូវ​មាន​ឈ្មួញ​ទិញ​ស្រូវ​ទៀត​ផង។

កសិករ​នៅ​ឃុំ​បារាយណ៍ ស្រុក​បារាយណ៍ លោក អ៊ុច ឡេច ថ្លែង​ឲ្យ​ដឹង​នៅ​ថ្ងៃ ទី​១៧ មករា ថា អ្នកធ្វើ​ស្រែប្រាំង​នៅ​ខេត្ត​កំពង់ធំ​ឆ្នាំនេះ គ្មាន​លុយ​សង្វិល​ទៅ​ធនាគារ​វិញ​ជាមិនខាន ព្រោះ​ដល់ពេល​ប្រមូល​ផល​ហើយ ស្រាប់តែ​តម្លៃ​ស្រូវ​បាន​ចុះថោក​យ៉ាង​ឆាប់រហ័ស ដោយ​មិន​ដឹង​មូលហេតុ​អ្វី​នោះ​ទេ។

កសិករ​រូប​នេះ​បន្ត​ថា តម្លៃ​ស្រូវ​សែន​ក្រអូប​ប្រភេទ​លេខ​១ ឈ្មួញ​ប្រមូល​ទិញ​ក្នុង​តម្លៃ​៧២០​រៀល ក្នុង​មួយ​គីឡូក្រាម ដោយ​គិត​ត្រឹម​ថ្ងៃ​ទី​១៧ មករា ហើយ​ស្រូវ​អាច​នឹង​ចុះថោក​ទៀត ព្រោះ​ចាប់ពី​ថ្ងៃ​១៤​មករា ស្រូវ​បាន​ចុះថោក ដោយ​ថ្ងៃ​ដំបូង​តម្លៃ ៩០០​រៀល ក្នុង​មួយ​គីឡូក្រាម ហើយ​បាន​ចុះថោក​ជា​បន្តបន្ទាប់។ លោក​បន្ថែម​ទៀត​ថា តម្លៃ​ស្រូវ​ដូច​សព្វថ្ងៃ​នេះ មិន​ថា​ឡើយ​ប្រាក់​ចំណេញ​សូម្បីតែ​ប្រាក់​សង​ធនាគារ​ដែល​បាន​ខ្ចី​ប្រាក់​ដោយ​មាន​ការប្រាក់​យក​មក​ធ្វើ​ដើម​ទុក​ក្នុង​ការ​ដាំដុះ​នោះ​ក៏​មិន​គ្រប់​ដែរ៖ «សព្វថ្ងៃ​ត្អូញត្អែរ​គ្រប់គ្នា ត្អូញ​ហួស​ពី​ត្អូញ​ហើយ​បង​អើយ ប៉ះពាល់​ត្រង់​ថា កសិករ​សព្វថ្ងៃ​អត់​មាន​ដើមទុន​ខ្លួនឯង​ទេ ការ​ធ្វើ​នេះ​ត្រូវ​ចំណាយ​លុយ​មិនមែន​ដូច​ការ​ធ្វើ​ស្រូវវស្សា​ទេ ភ្ជួរ​ព្រួស​ចប់​ត្រៀមខ្លួន​មើល​ទឹក​អី​ហើយ​ចាំ​ប្រមូល​ផល។ តែ​នេះ​ស្រូវប្រាំង​ត្រូវ​ដាក់​ទឹក​បាច​ជី​រហូតដល់​ច្រូត ដូច្នេះ​ហើយ​ត្រូវការ​រកលុយ​ពី​គេ​ព្រោះ​កសិករ​មាន​លុយ​ណា​ប្រចាំ​នោះ»។

កសិករ​រូប​នេះ​បន្ថែម​ទៀត​ថា លោក​ធ្វើ​ស្រូវប្រាំង​នៅ​លើ​ផ្ទៃដី​ចំនួន ៥​ហិកតារ ហើយ​កំពុង​ចាប់ផ្ដើម​ប្រមូល​ផល​មិនទាន់​រួចរាល់​នៅឡើយ​។​លោក​ថា ស្រូវ​មិនទាន់​ប្រមូល​ផល​អស់​ផង​ចុះថោក​ជាង​៧០០​រៀល ក្នុង​មួយ​គីឡូក្រាម​ទៅ​ហើយ ទម្រាំ​ច្រូតកាត់​រួច​អស់​មិន​ដឹង​តម្លៃ​ស្រូវ​ចុះ​ដល់​កម្រិត​ណា​នោះ​ទេ។

ទាក់ទង​នឹង​បញ្ហា​នេះ​មេឃុំ​បារាយណ៍ លោក ធូរ សេង មាន​ប្រសាសន៍​ប្រាប់​អាស៊ីសេរី​ថា កសិករ​នៅ​ក្នុង​ឃុំ​ដែល​លោក​គ្រប់គ្រង​ពិតជា​ជួប​ការ​លំបាក​ដោយសារ​តម្លៃ​ស្រូវ​ចុះថោក​ប្រាកដ​មែន ប៉ុន្តែ​លោក​ថា រឿង​នេះ​អាជ្ញាធរ​ខេត្ត​ក៏​មិន​អាច​ជួយ​ដោះស្រាយ​ពួកគាត់​បាន​ដែរ ព្រោះ​ជា​តម្លៃ​ទូទៅ​តាម​ទីផ្សារ គឺ​ពុំ​មែន​ចុះថោក​ដោយសារ​ឈ្មួញ​ទិញ​បង្អាប់​ថ្លៃ ដើម្បី​កេង​យក​ចំណេញ​ច្រើន​ពី​កសិករ​នោះ​ទេ៖ «បាទ​សត្វ​មមាច​ត្នោត​ចុះ​មក​ស៊ី​ស្រូវ​របស់​ពួកគាត់ នេះ​ជា​បញ្ហា​ប្រឈម ដូច្នេះ​ហើយ​ធ្វើ​ឲ្យ​ស្រូវ​ខូចគុណភាព​រួច​ទៅ បានជា​គេ​បញ្ចុះតម្លៃ។ ហើយ​ខាង​ខេត្ត​មិន​មាន​លទ្ធភាព​នឹង​ទិញ​ស្រូវ​កសិករ​ស្តុក​ទុក​ទេ»។

អគ្គលេខាធិការ​សម្ពន្ធ​សហគមន៍​កសិករ​កម្ពុជា លោក ថេង សាវឿន មាន​ប្រសាសន៍ថា កសិករ​ខាត​ទុន​ដោយសារ​ស្រូវ​ចុះថោក​បណ្ដាល​មក​ពី​ស្ថាប័នរដ្ឋ​ខ្វះ​ការ​មើលថែ​ដល់​ប្រជាកសិករ ដូច​ជា​ការ​បណ្ដោយ​កសិករ​ដាំ​ដុះ ដោយ​ប្រើ​ធនធាន​ផ្ទាល់ខ្លួន ប្រើ​បច្ចេកទេស​ដោយ​ខ្លួនឯង ហើយ​ដាំ​ដុះ​អាស្រ័យ​ទៅ​លើ​ធម្មជាតិ ដែល​ខុស​ពី​ប្រទេសជិតខាង​ដូច​ប្រទេស​វៀតណាម និង​ថៃ ដែល​រដ្ឋ​របស់​គេ​ផ្ដល់​ទុន​ជួយ​ដល់​កសិករ និង​ជួយ​ផ្នែក​បច្ចេកទេស ហើយ​ជួយ​រក​ទីផ្សារ​សម្រាប់​លក់​កសិផល​ជូន​ប្រជាពលរដ្ឋ​របស់​គេ នៅ​លើ​ពិភពលោក​ទៀត​ផង៖ «ដោយសារតែ​ខ្វះ​ប្រព័ន្ធ​ជួយ​ដល់​កសិករ​នឹង​ហើយ​ដែល​ធ្វើ​ឲ្យ​ប៉ះពាល់​ខ្លាំង​ទៅលើ​ការ​ចំណាយ ឬ​ប៉ះពាល់​វិស័យ​កសិកម្ម​ចុះថោក ព្រោះ​កម្ពុជា​ដាំ​នីមួយៗ​ដាំ​ទៅតាម​រដូវ​កាល ទៅតាម​ធម្មជាតិ​យើង​មិន​ទាន់​មាន​ប្រព័ន្ធ​ធារាសាស្ត្រ​ក្នុង​ការ​ផ្គត់ផ្គង់​គ្រប់គ្រាន់​ដល់​កសិករ។ បញ្ហា​នេះ​បាន​ប៉ះពាល់​ដល់​ទឹកចិត្ត​ការ​ផលិត​របស់​កសិករ​ដែរ ទី​២​គាត់​អាច​ជំពាក់​ហើយ​គាត់​លក់​មិន​ចំណេញ​គាត់​ខាត់​បង់​ត្រូវ​ជំពាក់​គេ»។

មន្ត្រី​សង្គម​ស៊ីវិល​រូប​នេះ​ពន្យល់​ថា ដើម្បី​ដោះស្រាយ​បញ្ហា​នេះ លុះ​ត្រា​អាជ្ញាធរ​របប​លោក ហ៊ុន សែន ត្រូវ​មាន​ទុន​សម្រាប់​ឲ្យ​កសិករ​ខ្ចី​ដែល​មាន​ការប្រាក់​ទាប សម្រាប់​ជួយ​នៅ​ពេល​កសិករ​ខាត​ទុន និង​រៀបចំ​ប្រព័ន្ធ​ធារាសាស្ត្រ​ជួយ​ដល់​កសិករ ដើម្បី​ឲ្យ​ពួកគាត់​មាន​ទឹក​គ្រប់គ្រាន់​សម្រាប់​ដាំ​ដុះ​បាន​គ្រប់​រដូវ។ របាយការណ៍​មេឃុំ​បារាយណ៍​ឲ្យ​ដឹង​ថា កសិករ​នៅ​ក្នុង​ឃុំ​របស់​លោក​ធ្វើស្រែ​ប្រាំង​ឆ្នាំនេះ​មាន​ជាង ២​ពាន់​ហិកតារ ហើយ គិត​ត្រឹម​ថ្ងៃ​ទី​១៧ មករា កសិករ​ទើបតែ​ប្រមូល​ផល​បាន​ប្រមាណ​២០​ភាគរយ​ប៉ុណ្ណោះ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។