កសិករ​នៅ​ខេត្ត​បាត់ដំបង​ត្អូញត្អែរ​ពី​តម្លៃ​ស្រូវ​ចុះ​ថោក​លក់​មិន​បាន​ប្រាក់​កម្រៃ​ដោះស្រាយ​ជីវភាព

0:00 / 0:00

ប្រជា​កសិករ​​ជា​ច្រើន​គ្រួសារ​នៅ​ខេត្ត​បាត់ដំបង​ត្អូញត្អែរ​អំពី​តម្លៃ​ស្រូវ​ចុះ​ថោក​ខ្លាំង​ធ្វើ​ឱ្យ​ពួក​គាត់​លក់​មិន​បាន​ប្រាក់​កម្រៃ ដើម្បី​ដោះ​ស្រាយ​ជីវភាព​​អំឡុង​ពេល​មាន​វិបត្តិ​ជំងឺ​កូវីដ១៩។ កសិករ​ទាំង​នោះ​អំពាវនាវ​ដល់​រដ្ឋាភិបាល​ឱ្យ​ជួយ​ដោះស្រាយ​តម្លៃ​កសិផល​របស់​ពួក​គាត់​ជា​បន្ទាន់។

ប្រជា​កសិករ​នៅ​ស្រុក​សង្កែ​ ខេត្ត​បាត់ដំបង​ឱ្យ​ដឹង​ថា តម្លៃ​ស្រូវ​ឆ្នាំ​នេះ​ចុះ​ថោក​ខ្លាំង​តាំង​ពី​ដើម​ដៃ​ ក្នុង​ពេល​ដែល​កសិករ​​​​កំពុង​ចាប់​ផ្ដើម​ប្រមូល​ផល​ស្រូវ។

កសិករ​នៅ​ឃុំ​តាប៉ុន ស្រុក​សង្កែ លោក ហម អ៊ាប ប្រាប់​អាស៊ី​សេរី​នៅ​ថ្ងៃ​ទី២៦ កក្កដា​ថា តម្លៃ​ស្រូវ​បាន​ចុះ​ថោក​​ប្រមាណ ១សប្ដាហ៍​មក​ហើយ​ដោយ​ពុំ​ដឹង​ពី​មូលហេតុ​អ្វី។ កសិករ​រូប​នេះ​បន្ត​ថា ​ស្រូវ​ប្រភេទ​ណាំប៉ុង និង​អូអឹម ជា​ប្រភេទ​ស្រូវ​ប្រាំង ដែល​ឈ្មួញ​កំពុង​ប្រមូល​ទិញ​នោះ​ឱ្យ​តម្លៃ ៦៨០រៀល​ក្នុង ១គីឡូក្រាម​ប៉ុណ្ណោះ។ លោក​បញ្ជាក់​ថា ​តម្លៃ​នេះ មិន​បាន​ប្រាក់​កម្រៃ ដើម្បី​ដោះស្រាយ​ជីវភាព​គ្រួសារ​នោះ​ទេ ពី​ព្រោះ​លោក​ចំណាយ​អស់​ដើម​ទុន​ច្រើន​ក្នុង​ការ​ដាំដុះ៖ «វា​ថោក​ពេក យើង​គិត​ទៅ ថ្លៃ​ឈ្នួល​ដឹក និង​ថ្លៃ​ជី​ផង វា​អត់​បាន​ចំណេញ​បណ្ដោយ។ បើ​និយាយ​រឿង​ជី ឡើង​មួយ​ការុង ១២ម៉ឺន​៨ពាន់​រៀល ហើយ​យើង​លក់​ស្រូវ ២០០គីឡូ​បាន​ថ្លៃ​ជី​មួយ​ការុង។ មិន​ដឹង​ធ្វើ​យ៉ាង​ម៉េច បើ​យើង​មិន​លក់​ដល់​ពេល​ច្រូត​ហើយ អីចឹង​មាន​តែ​លក់​តម្លៃ​ប៉ុណ្ណឹង​ទៅ »

ដូច​គ្នា​នេះ​ដែរ កសិករ​នៅ​ភូមិ​បឹង​ទឹម ឃុំ​តាប៉ុន​ម្នាក់​ទៀត លោក អាន តង់ ថ្លែង​ថា គ្រួសារ​លោក​ធ្វើ​ស្រែ​ប្រាំង​ចំនួន ៩ហិកតារ ដោយ​ចំណាយ​អស់​ដើម​ទុន​ជិត ៥ពាន់​ដុល្លារ។ កសិករ​វ័យ ៣៣ឆ្នាំ​រូប​នេះ បញ្ជាក់​ថា ថវិកា​មួយ​ចំនួន​លោក​ខ្ចី​ពី​ធនាគារ និង​មួយ​ចំនួន​ទៀត ជា​ប្រាក់​ដែល​លោក​ខំ​សន្សំ​ក្នុង​ពេល​ធ្វើ​សំណង់​នៅ​ប្រទេស​ថៃ ដើម្បី​យក​មក​ដាំដុះ ដោយ​រំពឹង​ថា នឹង​ធ្វើ​ឱ្យ​ជីវភាព​ប្រសើរ​ឡើង​នៅ​ពេល​ប្រមូល​ផល​ស្រូវ។ ប៉ុន្តែ​អ្វីៗ មិន​បាន​ដូច​ក្ដី​ស្រមៃ​នោះ​ឡើយ ពីព្រោះ​លោក​ថា ដល់​ពេល​វេលា​ប្រមូល​ស្រូវ​ហើយ ស្រាប់​តែ​តម្លៃ​កសិផល​ស្រូវ​បែរ​ជា​ចុះ​ថោក​ខ្លាំង​ទៅ​វិញ៖ «ស្រូវ​វា​ទុំ​ស្អាត​បណ្ដោយ​តែ​វា​អត់​មាន​តម្លៃ​បណ្ដោយ​ បើ​សិន​ជា​បាន​ត្រឹម ១លាន​រៀល​ក្នុង​មួយ​តោន​យើង​អាច​លក់​បាន​កម្រៃ​ខ្លះ​ យើង​អាច​ឈរ​ជើង​នៅ​ស្រុក​ខ្មែរ​បាន ព្រោះ​សព្វ​ថ្ងៃ​កូវីដ១៩ រក​អី ​អត់​បាន​ទេ។ យើង​សង្ឃឹម​លើ​ស្រូវ​ដល់​ស្រូវ​ថោក គឺ​អត់​មាន​អី​សង្ឃឹម​បណ្ដោយ។ បើ​គេ​មាន​ដីស្រែ​ខ្លួន​ឯង គេ​ទូទាត់​បាន​គេ​នៅ​សល់​ខ្លះ ប៉ុន្តែ​ខ្ញុំ​​ជួល​ទាំង​ស្រែ​គេ ទិញ​ជី​ហើយ​ឈ្នួល​ភ្ជួរ​ផង​គឺ​ឡុងចុង​បណ្ដោយ »

កសិករ​ទាំង​នេះ​បន្ត​ថា ​នៅ​តំបន់​ពួក​គាត់​មាន​ដំណាំ​ស្រូវ​ប្រាំង​របស់​កសិករ​ប្រហែល ៣ពាន់​ហិកតារ គឺ​ចាប់​ផ្ដើម​ប្រមូល​ផល​ស្រូវ​បណ្ដើរៗ ហើយ ដោយ​មិន​ទាន់​មាន​អាជ្ញាធរ​ណា​ជួយ​ដោះ​ស្រាយ​ពី​បញ្ហា​តម្លៃ​នេះ​ជួប​ពួកគាត់​នៅ​ឡើយ​ទេ។

ទាក់ទង​នឹង​បញ្ហា​នេះ អនុប្រធាន​មន្ទីរ​កសិកម្ម និង​រុក្ខា​ប្រមាញ់​ខេត្ត​បាត់ដំបង លោក អ៊ិន សុវណ្ណមុន្នី ប្រាប់​អាស៊ី​សេរី​ថា លោក​មិន​ទាន់​ទទួល​ដំណឹង​ពី​តម្លៃ​ស្រូវ​ចុះ​ថោក​នេះ​នៅ​ឡើយ​ទេ។ លោក​បន្ថែម​ថា នៅ​ខេត្ត​បាត់ដំបង​កសិករ​បាន​ដាំដុះ​ស្រូវ​ប្រាំង​ជាង ២ម៉ឺន (២០.០០០) ហិកតារ ត្រៀម​ប្រមូល​ផល​ក្នុង​រយៈ​ពេល​ប្រមាណ​កន្លះ​ខែ​ខាង​មុខ។ លោក​បន្ត​ថា មូលហេតុ​ដែល​តម្លៃ​ស្រូវ​ចុះ​ថោក​​នេះ​ អាច​​ដោយសារ​អំឡុង​ពេល​នេះ​មិន​សូវ​មាន​ឈ្មួញ​ចូល​ទៅ​ទិញ ស្រូវ​របស់​កសិករ បណ្ដាល​មក​ពី​ការ​រាតត្បាត​ជំងឺ​កូវីដ១៩៖ «អ៊ីចឹង​វា​នាំ​ឱ្យ​កត្តា​អីចឹង​វា​អាច​កើត​ឡើង​ដែរ​ ហើយ​ទី២ វា​ទាក់​ទង​នឹង​លំហូរ​ទំនិញ​ចេញ​ចូល វា​មិន​សមប្រកប​ដូច​មុន។ បើ​សិន​ជា​អាច​ឱ្យ​គាត់​សំងួត​ទុក​ខ្លួន​ឯង​ខ្ញុំ​គិត​ថា​វា​ល្អ​កុំ​ឱ្យ​វា​ខូច​ តែ​ទម្លាប់​របស់​គាត់​ដល់​ពេល​ប្រមូល​ផល​លក់​ទាំង​សើម​ឱ្យ​គេ​អា​ហ្នឹង​វា​អត់​ល្អ​ដែរ។ សំខាន់​ការ​ហាល​សំងួត​របស់​គាត់​ធ្វើ​ម៉េច​ឱ្យ​ល្អ ទុក​បាន​យូរ​ហើយ​យើង​អាច​ទាម​ទារ​តម្លៃ​បាន​ទៀត »

កន្លង​ទៅ​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​ប្រកាស​ម្ដង​ហើយ​ម្ដង​ទៀត​ថា វិបត្តិ​ជំងឺ​កូវីដ១៩ នេះ ជា​ឱកាស​មាស​របស់​កសិករ​ខ្មែរ ហើយ​លោក​ថែម​ទាំង​បាន​ជំរុញ​ឱ្យ​ប្រជាកសិករ​បង្កើន​ការ​ដាំដុះ​ឱ្យ​បាន​ច្រើន​បន្ថែម​ទៀត ដើម្បី​ទាញ​យក​ប្រយោជន៍​ពី​វិបត្តិ​ជំងឺ​ដ៏​កាច​សាហាវ​នេះ៖ «គេ​អាច​ផ្អាក​ធ្វើ​ដំណើរ​ដើរ​លែង​អាច​ផ្អាក​ទិញ​សំលៀកបំពាក់​គេ​អាច​ផ្អាក​ទិញ​ឡាន​គេ​អាច​ផ្អាក​ទិញ​ម៉ូតូ ក៏​ប៉ុន្តែ​គេ​មិន​អាច​ផ្អាក​ទិញ​របស់​សម្រាប់​ច្រក​ក្រពះ​បាន​ទេ។ ដូច្នេះ​ប្រទេស​ដែល​មាន​ការ​ផលិត​ស្បៀង គឺ​ជា​ប្រទេស​ដែល​ត្រូវ​ប៉ាន់​គឺ​ឱកាស​វា​បាន​មក​ដល់។ យើង​ត្រូវ​ប្រែក្លាយ​វិបត្តិ​នេះ​​ឱ្យ​ទៅ​ជា​ឱកាស​របស់​កម្ពុជា ដើម្បី​ពង្រីក​ទីផ្សារ​នាំ​ចេញ​នូវ​ប្រភេទ​ស្បៀង​ទាំង​ឡាយ​មិន​មែន​គ្រាន់​តែ​អង្ករ​ទេ យើង​នាំ​ចេញ​ទាំង​ម្សៅមី​ទាំង​ដំឡូងមី នាំ​ចេញ​ទាំង​ស្វាយ​នាំ​ចេញ​ទាំង​ចេក​នាំ​ចេញ​ទាំង​អ្វីៗ ដែល​ជា​ប្រភេទ​ស្បៀង »

ទោះ​ជា​យ៉ាង​ណា នៅ​ពេល​ដែល​ប្រជាពលរដ្ឋ​នាំ​គ្នា​ដាំដុះ​ដំណាំ​តាម​ការ​ណែនាំ​របស់​លោក​នាយក​រដ្ឋ​មន្ត្រី​ហើយ​ ដល់​ពេល​ប្រមូល​ផល ប៉ុន្តែ​បែរ​ជា​រក​គ្មាន​ទីផ្សារ​លក់​កសិផល​ក្នុង​តម្លៃ​សមរម្យ​ទៅ​វិញ។

ជុំ​វិញ​រឿង​នេះ​ប្រធាន​សមាគម​សម្ព័ន្ធ​សហគមន៍​កសិករ​កម្ពុជា លោក ថេង សាវឿន មាន​ប្រសាសន៍​ថា ស្រូវ​ចុះ​ថោក​នេះ ដោយសារ​កម្ពុជា​ពឹង​ផ្អែក​ខ្លាំង​ពេក​ទៅ​លើ​ទីផ្សារ​ប្រទេស​ជិត​ខាង ស្រប​ពេល​ដែល​ប្រទេស​ទាំង​នោះ​កំពុង​តែ​ផ្ទុះ​ការ​រាតត្បាត​ខ្លាំង​នៃ​ជំងឺ​កូវីដ១៩ដែរ។ មន្ត្រី​សង្គម​ស៊ីវិល​រូប​នេះ​ កត់​សំគាល់​ទៀត​ថា កន្លង​ទៅ​រដ្ឋាភិបាល​ច្រើន​បាន​តែ​ទ្រឹស្ដី ឬ​ដាក់​ចេញ​វិធានការ​នៅ​លើ​តែ​ក្រដាស ដោយ​ខ្វះ​ការ​អនុវត្ត​ជាក់​ស្ដែង ដើម្បី​ជួយ​ដោះស្រាយ​ទុក្ខ​លំបាក​របស់​កសិករ៖ «សុំ​អំពាវនាវ​ដល់​រដ្ឋាភិបាល​ពាក់​ព័ន្ធ​ត្រូវ​តែ​គិត​គួរ​បន្ថែម​ទៀត​ទៅ​លើ​វិស័យ​កសិកម្ម​ ពីព្រោះ​ថា វិស័យ​នេះ​ជា​មុខ​របរ​មួយ​ជួយ​ឱ្យ​ប្រជាពលរដ្ឋ ដែល​បាត់​បង់​មុខ​របរ​ក្នុង​វិស័យ​ផ្សេងៗ គាត់​អាច​មក​ជ្រក ឬ​ក៏​មក​ប្រកប​មុខ​របរ​នេះ​ចិញ្ចឹម​ជីវិត។ ប៉ុន្តែ​បើ​សិន​ជា​មិន​បាន​ដោះស្រាយ​វិស័យ​នេះ​វា​រុញ​ឱ្យ​ពួក​គាត់​ហ្នឹង កាន់​តែ​ក្រីក្រ »

លោក ថេង សាវឿន យល់​ថា ដើម្បី​ដោះស្រាយ​បញ្ហា​នេះ រដ្ឋាភិបាល​គួរតែ​បញ្ចេញ​ថវិកា​ជាតិ​ទិញ​ស្រូវ​ពី​កសិករ​ស្តុក​ទុក ដើម្បី​​កុំ​ឱ្យ​ឈ្មួញ​កណ្ដាល​ចេះ​តែ​បញ្ចុះ​តម្លៃ​ស្រូវ​តាម​អំពើ​ចិត្ត​ដូច​សព្វ​ថ្ងៃ​ទៀត។ លោក​បន្ត​ថា ​ប្រសិន​បើ​រដ្ឋាភិបាល​មិន​ឆាប់​ដោះស្រាយ​បញ្ហា​នេះ​ទេ​នោះ នឹង​ធ្វើ​ឱ្យ​ប៉ះពាល់​ធ្ងន់ធ្ងរ​ដល់​ជីវភាព​រស់​នៅ​របស់​កសិករ​ទូទាំង​ប្រទេស ហើយ​ធ្វើ​ឱ្យ​ពួកគាត់​ជំពាក់​ប្រាក់​ធនាគារ​វ័ណ្ឌក​កាន់​តែ​ច្រើន​​ថែម​ទៀត៕



កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។