កសិករ​នៅ​ខេត្ត​បាត់ដំបង​កំពុង​ជួប​បញ្ហា​ខាតបង់​ដោយសារ​ស្រូវ​ធ្លាក់​ថ្លៃ

0:00 / 0:00

ប្រជា​កសិករ​នៅ​ខេត្ត​បាត់ដំបង​ប្រឈម​ការខាតបង់​ដោយសារ​ស្រូវ​ដែល​កំពុង​ប្រមូល​ផល​ធ្លាក់​ថ្លៃ​ជា​បន្តបន្ទាប់ ខណៈ​ថ្លៃដើម​សម្រាប់​ធ្វើ​កសិកម្ម​ឡើង​ខ្ពស់។ ប៉ុន្តែ​សម្រាប់​មន្ត្រី​ជាន់ខ្ពស់ ក្រសួង​កសិកម្ម អះអាង​ថា ការ​ធ្លាក់​ថ្លៃ​នៅ​ប៉ុន្មាន​ថ្ងៃ​ចុង​ក្រោយ​នេះ ក៏​ស្រូវ​នៅតែ​ស្ថិតនៅ​ក្នុង​តម្លៃ​ល្អ បើ​ប្រៀបធៀប​ជាមួយ​ឆ្នាំ​២០២២។

ប្រជាកសិករ​នៅក្នុង​ខេត្ត​បាត់ដំបង​អះអាង​ថា នៅ​ប៉ុន្មាន​ថ្ងៃ​ចុង​ក្រោយ​នេះ តម្លៃ​ស្រូវ​ធ្លាក់ចុះ​ជា​បន្ត បន្ទាប់​គួរ​ឱ្យ​ព្រួយបារម្ភ ធ្វើ​ឱ្យ​ពួកគាត់​ខាតបង់​អស់​ប្រមាណ ៣០​ម៉ឺន​រៀល​ក្នុង​ស្រូវ ១​តោន។

កសិករ​នៅ​ស្រុក​ថ្មគោល ខេត្ត​បាត់ដំបង លោក ផាំង ណាម ប្រាប់​អាស៊ីសេរី នៅ​ថ្ងៃទី​៧ ខែ​កញ្ញា​ថា ស្រែ​របស់​លោក​ទំហំ ៣​ហិកតារ នឹង​ប្រមូល​ផល​នៅ​ចុងខែ​កញ្ញា​នេះ។ លោក​បារម្ភ​ពី​ការ​ខាតបង់​បើ តម្លៃ នៅតែ​បន្ត​ធ្លាក់​ចុះ​ទៀត។

លោក ផាំង ណាម៖ «ឆ្នាំនេះ​ក៏​ល្បី​ដែរ​មុន​ដំបូង អូ​!ស្រូវ​បាន​ថ្លៃ ប្រជាពលរដ្ឋ​នាំគ្នា​បង្ខំ​ច្រូត​ដល់ពេល​ច្រូត​បាន​ទៅ ក៏​ដំណើរ​ប្រហែលជា​ឈ្មួញ​គេ​បង្អាប់​គ្មាន​ឡ​ដាក់ ឬ​គ្មាន​ឡ​កម្តៅ​អី​ណា៎​!ចេះតែ​ថា​ទៅ​ប្រជា​ពលរដ្ឋ​យើង ហាល​ទៅ​អី​ទៅ​ទាំង​គេ​ទាំង​ខ្ញុំ​បង្ខំ​ច្រូត ចុះបើ​ស្រូវ​បាន​ថ្លៃ​ហើយ បាន​ថ្លៃ​ឈ្មួញ​កណ្តាល​ទម្លាក់​ភ្លឹប។ បើ​គេ​ទម្លាក់​ទៅ​យើង​មិនដឹង​ធ្វើ​យ៉ាងម៉េច។ គេ​ទម្លាក់​ហើយ​មាន​តែ​ច្រូត​បាន​ហើយ​មាន​តែ​ហាល តែ​ប៉ុណ្ណឹង​ឯង»។

កសិករ​នៅ​ក្នុង​ស្រុក​មោងឫស្សី​លោក ព្រឿង ចាន់​ណាក់ ឱ្យ​ដឹង​ថា នៅ​ប៉ុន្មាន​សប្តាហ៍​មុន ស្រូវ​១ គីឡូក្រាម​ថ្លៃ ១​ពាន់ ៣​រយ ទៅ​១​ពាន់ ៤​រយ​រៀល ប៉ុន្តែ​ដល់​ថ្ងៃទី​៧ ខែ​កញ្ញា តម្លៃ​ស្រូវ​ធ្លាក់ មក​១​គីឡូក្រាម ប្រមាណ ១​ពាន់​រៀល​តែប៉ុណ្ណោះ។ កសិករ​ធ្វើស្រែ​លើ​ផ្ទៃដី​១០​ហិកតារ​រូប​នេះ​ថ្លែង​ថា រូបលោក និង​កសិករ​ផ្សេងៗ​ទៀត​ប្រឈម​ការ​ខាតបង់​បើ​ថ្លៃ​ស្រូវ​មិន​ឡើងវិញ​ទេ ខណៈ​ឆ្នាំ​នេះ ស្រូវ​មួយ ចំនួន​ខូចខាត​ដោយសារ​ខ្វះ​ទឹក។

លោក ព្រឿង ចាន់ណាក់៖ «ធ្លាក់​បង​ធ្លាក់​ច្រើន​ធ្លាក់ ១​តោន បាត់​៣០​ម៉ឺន​ជាង ទៅ​៤០​ម៉ឺន។ បើ​សម្រាប់​អ្នក​ដែល​ជាប់​មាត់​ប្រឡាយ​ធ្វើ​បាន​បួន​ប្រាំ​តោន គេ​ចេះតែ​ចំណេញ ដល់​ពេល​យើង ១​ហិកតារ​ត្រឹម​១​ធុង ២​ធុង ដែល​សល់​ពី​ស្រូវ​អត់​ទឹក​ស្វិត​ហ្នឹង វា​ដឹង​ធ្វើ​អី​រួចខ្លួន បើ​ស្រូវ​ធ្លាក់​ថ្លៃ​វិញ​អ៊ីចឹង។ ប៉ុន្តែ​ឆ្នាំនេះ​ភាគច្រើន​ខាង​ខ្ញុំ​សម្បូរ​អ្នក​ដែល​អត់​ទឹក​ស្រូវ​ស្កក​ច្រើន។ ឥឡូវ​ឮ​ថា ស្រូវ​ចុះ​ទៀត បើ​បាន ១​តោន ២​តោន ក៏​អត់​រួចខ្លួន»។

លោក ចាន់ណាក់ ឱ្យ​ដឹង​ទៀត​ថា បើ​តម្លៃ​ស្រូវ​ឡើង​ត្រឹម ១​គីឡូក្រាម ១​ពាន់ ២​រយ​រៀល កសិករ​អាច បាន​ផល​ចំណេញ​ខ្លះ។

កសិករ​ម្នាក់​ទៀត​ធ្វើស្រែ​លើ​ផ្ទៃដី ១០​ហិកតារ​នៅ​ស្រុក​កំពង់ព្រះ លោក បូ ភាក់ ថ្លែង​ដោយ​ក្តី​បារម្ភ​ថា រយៈពេល​១០​ថ្ងៃ​ចុង​ក្រោយនេះ ស្រូវ​ធ្លាក់​ថ្លៃ​ជា​បន្តបន្ទាប់​។ លោក​បន្ត​ថា រូបលោក និង​កសិករ ផ្សេង​ទៀត កំពុង​បាក់​ទឹកចិត្ត​ហើយ​បារម្ភ​មិន​មាន​លុយ​បង់​សង​ធនាគារ។

លោក បូ ណាក់៖ «ប្រជាពលរដ្ឋ​គាត់​បាក់​ទឹកចិត្ត​បង​ដោយសារ​ពីមុន​មក​វា​ថ្លៃ​ដល់​ថ្នាក់ ១​ពាន់ ៣​រយ​ឥឡូវ​ធ្លាក់​សល់​តែ ១​ពាន់ ១​រយ ឬក៏​១​ពាន់​ហាសិប​បង។ ថ្លៃ​ជី​ថ្លៃ​វា​គ្រាន់តែ​ទូទាត់​ជាមួយនឹង​ថ្លៃ​ប្រេង​វិញ​ស្មើ​ដើម។ ប្រជាពលរដ្ឋ​នៅតែ​បង់​ធនាគារ​ដដែល​មិន​គ្រាន់​ហ្នឹង​ឯង។ បង​អើយ​!បើ​ធ្លាក់​ថែមទៀត​មានតែ​ប្រជាពលរដ្ឋ​រត់ចោលស្រុក​ហើយ​។ មានអី​បង បើ​ធនាគារ​កាន់តែ​រឹប»។

បើ​តាម លោក បូ ណាក់ ស្ថាប័ន​ធនាគារ​ឬ​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​បច្ចុប្បន្ន​រឹត​បន្តឹង​និង​មិន​ចង់​ផ្តល់ កម្ចី​ឱ្យ​កសិករ​យក​ទៅ​ធ្វើស្រែ​ទេ ព្រោះ​ពួកគេ​បារម្ភ​កសិករ​ខាតបង់​មិន​មាន​លុយ​សង​បំណុល។

កសិករ​ថា នៅក្នុង​ខេត្តបាត់ដំបង​មាន​ឈ្មួញ​៣​ក្រុម​ប្រមូល​ទិញ​ស្រូវ​គឺ​ឈ្មួញ​ថៃ ឈ្មួញ វៀតណាម និង​ឈ្មួញ​ខ្មែរ​មាន​រោង​ម៉ាស៊ីន​កិនស្រូវ​នៅក្នុង​ស្រុក។ ពួកគេ​ថា តម្លៃ​ស្រូវ​បាន​ឡើង ដល់ ១​ពាន់ ៤​រយ​រៀល​ក្នុង​១​គីឡូក្រាម​កន្លង​ទៅ គឺ​ឈ្មួញ​វៀតណាម​ជា​អ្នកទិញ។

វិទ្យុ​អាស៊ីសេរី មិនអាច​ទាក់ទង អភិបាល​ខេត្ត​បាត់ដំបង លោក សុខ លូ និង​អ្នកនាំពាក្យ​ក្រសួង​កសិកម្ម កញ្ញា អ៊ឹម រចនា ដើម្បី​សាកសួរ​ជុំវិញ បញ្ហា​នេះ បានទេ​នៅ​ថ្ងៃទី​៧ ខែ​កញ្ញា។

ទោះយ៉ាងណា​រដ្ឋលេខាធិការ​ក្រសួង​កសិកម្ម​លោក យ៉ង សាំងកុមារ សរសេរ​លើ​បណ្ដាញ​តេឡេក្រាម របស់​លោក​នៅ​ថ្ងៃទី​៧ ខែកញ្ញា​ថា តម្លៃ​ស្រូវ​ទោះ​ធ្លាក់ចុះ​បន្តិច​នៅ​ប៉ុន្មាន​ថ្ងៃ​ចុងក្រោយ​នេះ ក៏ នៅតែ​ល្អ​បើ​ប្រៀបធៀប​នឹង​ឆ្នាំ​២០២២ ដែល​ស្រូវ​ទទួល​បាន​តម្លៃ​តែ​៨ រយ​ទៅ​៩​រយ​រៀល​ក្នុង​១​គីឡូក្រាម​។ លោក​បន្ត​ថា ក្រសួង​កសិកម្ម​កំពុង​ផ្សព្វផ្សាយ​ឱ្យ​កសិករ ទុក​ស្រូវ​ឱ្យ​ទុំ​ល្អ​ចាំ ប្រមូល​ផល ហើយ​ទើប​លក់ បាន​តម្លៃ​ខ្ពស់​ទាំង​ឈ្មួញ​ក្នុងស្រុក និង​ឈ្មួញ​បរទេស។

កសិករ​ក្នុង​ខេត្ត​បាត់ដំបង​ឱ្យ​ដឹង​ថា តម្លៃ ជី ក្នុង​១​បេ ១៥​ម៉ឺន​រៀល ប្រេងសាំង ១​លីត្រ​ជិត ៥​ពាន់​រៀល បូក​ទាំង​ថ្លៃ​ភ្ជួរ ថ្លៃ​ថ្នាំ​ជាដើម​នោះ​ក្នុង​១​ហិកតារ ពួកគាត់​ចំណាយ​អស់​ប្រមាណ​២​លាន ៥​សែន​រៀល។

អគ្គលេខាធិការ​នៃ​សហព័ន្ធ​ស្រូវ​អង្ករ​កម្ពុជា​លោក លន់ យ៉េង ពន្យល់​ថា តម្លៃ​ស្រូវ​នៅ​កម្ពុជា ប្រែប្រួល ពាក់ព័ន្ធ​ការ​នាំចេញ​អង្ករ នៅ​ឥណ្ឌា មីយ៉ាន់ម៉ា និង​វៀតណាម។

លោក លន់ យ៉េង៖ «​តម្លៃ​ស្រូវ​ទាំងអស់​នេះ មិនមែន​ផ្អែក​នៅ​លើ​យើង​ទេ ផ្អែក​នៅ​លើ​តម្រូវការ​នៃ​ការទិញ​នៃ​វៀតណាម​ដែរ។ បើ​វៀតណាម​គាត់​អត់​សូវ​សម្បូរ​ទៅ​គាត់​ទិញ​ច្រើន​ទៅ តែ​ទិញ​ច្រើន ច្រើន​ដណ្តើម​គ្នា​ទិញ​ហើយ ធម្មតា​ដណ្តើម​គ្នា​ទិញ​របស់​អី​តែ​ដណ្តើម​គ្នា​វា​រាង​ឡើងថ្លៃ​ហើយ។ ហើយ​សម្រាប់​រោង​ម៉ាស៊ីន​របស់​យើង​នៅ​ស្រុក​ខ្មែរ​នេះ​គាត់​ទិញ​ធម្មតា គាត់​អត់​មាន​អ្នកណា​ទៅ ចាំ​ឱ្យ​ចុះ​បាន​ទិញ​ទេ ព្រោះ​គាត់​ធ្វើ​អាជីវកម្ម​គាត់​វិនិយោគ​ម្នាក់ៗ​ឡ​សម្ងួត​ឡ​អី​ម្នាក់ៗ​អស់​បួន​ដប់​លាន​ដុល្លារ ហើយ​គាត់​ទៅ​ទិញ​បញ្ឈរ​ចោល​ម៉េច​កើត»។

គោលនយោបាយ​យុទ្ធសាស្ត្រ​បញ្ចកោណ​របស់​រដ្ឋាភិបាល​អាណត្តិ​ទី​៧ បាន​លើក​ឡើង​ពី​ការ​លើកស្ទួយ​វិស័យ​កសិកម្ម ផ្តោត​លើ​ការ​អភិវឌ្ឍ​កសិកម្ម​ទំនើប ជំរុញ​ការ​ប្រកួតប្រជែង និង​លើកស្ទួយ ជីវភាព​ប្រជាពលរដ្ឋ​នៅ​តាម​តំបន់​ជនបទ។

ប៉ុន្តែ​បច្ចុប្បន្ន​កសិករ​អះអាង​ថា ពួកគេ​នៅតែ​ជួប​បញ្ហា​បច្ចេកទេស​ដាំ​ដុះ​មិន​មាន​មន្ត្រី​ជំនាញ​ជួយ ហើយ​ពេល​ដាំ​ដុះ​បាន​ផល​លក់​ក្នុង​តម្លៃ​ទាប​នាំ​ឱ្យ​កសិករ​មួយ​ចំនួន​បោះបង់​របរ​កសិកម្ម។របាយការណ៍​រដ្ឋបាល​ខេត្ត​បាត់ដំបង​បង្ហាញ​ថា ខេត្ត​នេះ​មាន​ផ្ទៃដី​កសិកម្ម​សរុប ជាង​៤​សែន​ហិកតារ​(៤១៥.២០០ ហិកតារ) ក្នុង​នោះ​ដី​សម្រាប់​ធ្វើ​ស្រូវ​មាន ជាង​៣​សែន​ហិកតារ (៣១៥.១០០ ហិកតារ)។

ទិន្នផល​ស្រូវ​នៅ​ឆ្នាំ​២០២២​បង្ហាញ​ដោយ​ក្រសួងកសិកម្ម គឺ​ខេត្តបាត់ដំបង​ជា​ខេត្ត​ធំ​ឈរ​លំដាប់​ថ្នាក់ លេខ​៣ ដែល​ប្រមូល​ផល​ស្រូវ​បាន​ច្រើន បន្ទាប់​ពី​ខេត្តព្រៃវែង និង​ខេត្តតាកែវ។ កាល​ពី​ឆ្នាំ​២០១៦ ដោយសារ​តម្លៃ​ស្រូវ​ធ្លាក់ចុះ​ខ្លាំង កសិករ​នៅ​ស្រុក​សង្កែ ខេត្ត​បាត់ដំបង​ប្រមាណ ១​ពាន់​នាក់ នាំគ្នា ចាក់​ស្រូវ​លើ​ផ្លូវ​ជាតិ​លេខ​៥ ដើម្បី​តវ៉ា​ឱ្យ​រដ្ឋាភិបាល ដំឡើងថ្លៃ​ស្រូវ​ស្ដារ​ជីវភាព​របស់​ពួកគេ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។