កសិករមួយចំនួននៅខេត្តភាគឦសានត្អូញត្អែរអំពីតម្លៃកសិផលធ្លាក់ថ្លៃខ្លាំង និងគ្មានទីផ្សារ ស្របពេលដែលអាជ្ញាធរវៀតណាមប្រកាសបិទច្រកព្រំដែនជាមួយកម្ពុជា ដើម្បីទប់ទល់ជំងឺកូវីដ-១៩។ មន្ត្រីសង្គមស្នើឱ្យរដ្ឋាភិបាល ប្រើកញ្ចប់ថវិកាជាតិ ទិញកសិផលពីប្រជាកសិករ ដើម្បីដោះស្រាយវិបត្តិសេដ្ឋកិច្ច។
កសិកររស់នៅខេត្តស្ទឹងត្រែងថ្លែងថា តម្លៃកសិផលធ្លាក់ថ្លៃទ្វេដង និងគ្មានទីផ្សារផងទៀតនោះ បានរុញច្រានឱ្យជីវភាពរបស់ពួកគេធ្លាក់ចុះខ្លាំង និងគ្មានប្រាក់បង្វិលសងម្ចាស់បំណុល។ ពួកគេសង្កេតឃើញថា នៅគ្រាដែលផ្ទុះជំងឺរលាកផ្លូវដង្ហើមកូវីដ-១៩ ក្នុងរយៈពេលប៉ុន្មានខែក្រោយនេះ ក្រុមឈ្មួញបានបញ្ចុះតម្លៃកសិផល និងផ្អាកទិញ។
កសិកររស់នៅស្រុកថាឡាបរិវ៉ាត់ ខេត្តស្ទឹងត្រែង លោកស្រី គោម សេង ឱ្យដឹងនៅថ្ងៃទី១៩ មីនាថា បច្ចុប្បន្នគ្រាប់ស្វាយចន្ទីចុះថោកខ្លាំងមកនៅតម្លៃ ២.៧០០ ទៅ ៣.០០០រៀល ខណៈតម្លៃធម្មតាចាប់ពី ៦.០០០រៀល ទៅ ៨.០០០រៀល ក្នុងមួយគីឡូក្រាម។ លោកស្រីថា គ្រួសារលោកស្រី បានខ្ចីប្រាក់ពីធនាគារជិត ១ម៉ឺនដុល្លារ ដើម្បីធ្វើដើមទុនដាំដើមស្វាយចន្ទី ១០ហិកតារ ហើយក្នុងមួយខែៗ គ្រួសារលោកស្រី ត្រូវសងប្រាក់ ៤០០ដុល្លារទៅធនាគារវិញ។ លោកស្រីថា នៅគ្រាដែលតម្លៃកសិផលធ្លាក់ថ្លៃបែបនេះ បង្កការប៉ះពាល់ជីវភាពគ្រួសារ និងគ្មានប្រាក់បង្វិលសងធនាគារវិញ ហើយមកទល់ពេលនេះមិនទាន់ឃើញ អាជ្ញាធររដ្ឋាភិបាលណា ចុះជួយដោះស្រាយនៅឡើយទេ៖ «ដូចថា ឈ្មួញកណ្ដាលមាន ៥០នាក់ មានតែ ២ ទៅ ៣នាក់ទិញអ៊ីចឹង ក្រៅពីហ្នឹងគេឈប់ទិញអស់ហើយ។ ប៉ះពាល់បង ដូចខ្ញុំឥឡូវហ្នឹងកំពុងតែខ្វះ ត្រូវបង់ធនាគារទៀត ដល់ពេលលក់អត់ចេញអ៊ីចឹង មិនដឹងធ្វើម៉េច ? នឹងប្រឈមមុខនឹង។ ២.៧០០ហ្នឹងមិនដឹងថា មានអ្នកទិញ ឬអត់ទេ ? ប៉ុន្តែគេដាក់តម្លៃឱ្យទិញ ៣.០០០ តែឈ្មួញកណ្ដាលគេផ្អាកគេអត់ទិញទេ » ។
កសិករម្នាក់ទៀតរស់នៅឃុំស្រះឫស្សី ស្រុកថាឡាបរិវ៉ាត់ ខេត្តស្ទឹងត្រែង លោក ថាន់ វ៉ន ឱ្យដឹងថា ការផ្ទុះជំងឺកូវីដ-១៩ គឺជាមូលហេតុ ធ្វើឱ្យតម្លៃកសិផលកាន់តែធ្លាក់ថ្លៃខ្លាំងៗ បង្កឱ្យប៉ះពាល់ជីវភាព និងកើតមានវិបត្តិសង្គមផ្សេងៗ ដូចជា ធនាគាររឹបអូសទ្រព្យសម្បត្តិ ពលរដ្ឋរត់ចោលស្រុក និងធ្វើចំណាកស្រុកជាដើម។ លោកថា គ្រួសារលោកបានដាំដើមស្វាយចន្ទីទំហំដី ៣ហិកតារ អាចប្រមូលផលគ្រាប់ស្វាយចន្ទីបានជាច្រើនតោនក្នុងមួយឆ្នាំៗ ហើយអាចលក់បានជាច្រើនពាន់ដុល្លារ ក៏ប៉ុន្តែនៅឆ្នាំនេះ គ្រាប់ស្វាយចន្ទីចុះថោកខ្លាំង និងគ្មានទីផ្សារលក់ចេញ ធ្វើឱ្យសេដ្ឋកិច្ចគ្រួសាររបស់លោកជួបការលំបាក៖ «ឥឡូវរអ៊ូគ្រប់គ្នា រអ៊ូទាំងអស់ នរណាក៏រអ៊ូដែរ ឆ្នាំនេះតម្លៃធ្លាក់ចុះហើយ កសិផលវាមិនសូវបានផលហើយ ទៅជាគេបិទទីផ្សារទៀត។ ដែលអាចដោះស្រាយបានទៅរួច រាជរដ្ឋាភិបាលនោះ ឱ្យក្រុមហ៊ុនទិញកសិផលទាំងអស់ក្នុងប្រទេស ទិញស្តុកទុកឱ្យផង កុំឱ្យពលរដ្ឋគ្នាដាច់ជើងដាច់ដៃពេក » ។
អាស៊ីសេរីបានព្យាយាមទាក់ទង មន្ត្រីនាំពាក្យក្រសួងពាណិជ្ជកម្ម លោក ស៊ាង ថៃ និងអ្នកនាំពាក្យក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ លោក គឹម សុភៈ ដើម្បីសុំការបំភ្លឺរឿងនេះ តែទូរសព្ទហៅចូលច្រើនដងគ្មានអ្នកទទួល នៅថ្ងៃទី១៩ មីនា។
ចំណែកអ្នកនាំពាក្យរដ្ឋាភិបាល លោក ផៃ ស៊ីផាន ក៏មិនអាចទាក់ទងបានដែរនៅថ្ងៃដដែលនេះ។
រីឯអ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា លោក សុខ ឥសាន មានប្រសាសន៍ថា រដ្ឋាភិបាលកំពុងយកចិត្តទុកដាក់ដោះស្រាយរឿងនេះ និងបានបោះទុនមួយចំនួនជាមួយនឹងសមាគមស្រូវអង្ករ ដើម្បីទទួលទិញកសិផលពីកសិករមកស្តុកទុក សម្រាប់នាំចេញទៅលក់នៅក្រៅប្រទេស៖ «ខ្ញុំយល់ថា រាជរដ្ឋាភិបាលមានលុយ រាប់សិបលាន ដើម្បីឱ្យក្រុមហ៊ុន ប្រមូលទិញ ដូចជា អង្ករ និងស្រូវផ្សេងៗ មានសមាគមស្រូវអង្ករកម្ពុជាហ្នឹង គេទម្លាក់ពន្ធ ទៅឱ្យដើម្បីប្រមូលយកមកស្តុកទុកនៅឃ្លាំង » ។
ថ្មីៗ នេះ អាជ្ញាធរវៀតណាមបានប្រកាសបិទច្រកព្រំដែនកម្ពុជា-វៀតណាមទាំងអស់ ធ្វើឱ្យរាំងខ្ទប់ទំនិញចេញចូលគ្រប់ប្រភេទរវាងប្រទេសទាំងពីរ។ ប៉ុន្តែខាងភាគីកម្ពុជាបានស្នើឱ្យវៀតណាមសម្រួលដល់ការដឹកជញ្ជូនទំនិញចេញចូលរបស់ប្រទេសទាំងពីរឱ្យនៅដដែល ប៉ុន្តែគេនៅមិនទាន់ឃើញមានចម្លើយពីខាងភាគីវៀតណាមឆ្លើយថាយ៉ាងណានៅឡើយទេ។
ប្រធានសមាគមប្រជាធិបតេយ្យឯករាជ្យ នៃសេដ្ឋកិច្ចក្រៅប្រព័ន្ធ លោក វន់ ពៅ ស្នើឱ្យរដ្ឋាភិបាលគួរបញ្ចេញកញ្ចប់ថវិកាជាតិ ទិញកសិផលពីប្រជាកសិករមកស្តុកទុក ដើម្បីដោះស្រាយវិបត្តិសង្គម និងវិបត្តិសេដ្ឋកិច្ចដែលកំពុងផ្ទុះឡើងនេះ។ លោកថា ប្រជាកសិករកំពុងជួបគ្រោះធំ និងមានវិបត្តិសេដ្ឋកិច្ចធំធេង ទាមទារឱ្យរដ្ឋាភិបាលដោះស្រាយជាបន្ទាន់ ដើម្បីសម្រាលការលំបាករបស់ពួកគេ៖ «ខ្ញុំគិតថា រដ្ឋាភិបាលយើងគួរតែមានកញ្ចប់ថវិកាមួយ សម្រាប់ឧបត្ថម្ភធនដល់ប្រជាកសិករ ក្នុងស្រុកយើងផងដែរ ឧទាហរណ៍គាត់ដាំស្វាយចន្ទី បើផលិតផលធ្លាក់ថ្លៃ គួរតែយកថវិកាហ្នឹង ឧបត្ថម្ភធនចំណាយលើខាតរបស់គាត់ ឬក៏ទិញផលិតរបស់គាត់ ដើម្បីរកទីផ្សារជូនគាត់។ ហ្នឹងជាចំណុចមួយ ជាតួនាទីចាំបាច់ដែលរដ្ឋាភិបាលត្រូវធ្វើដែលខានមិនបាន » ។
កសិករនៅតាមខេត្តផ្សេងទៀត ក៏ប្រឈមវិបត្តិកសិផលធ្លាក់ថ្លៃដូចគ្នានេះដែរ ដូចជា នៅខេត្តក្រចេះ រតនគិរី ព្រះវិហារ មណ្ឌលគិរី និងខេត្តត្បូងឃ្មុំជាដើម។
រដ្ឋធម្មនុញ្ញ មាត្រា៦២ ចែងថា រដ្ឋយកចិត្តដាក់ជួយដោះស្រាយមធ្យោបាយផលិត ការពារថ្លៃផលិតផល ជូនកសិករ សិប្បករ និងជួយរកទីផ្សារលក់កសិផល៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
