កសិករដាំម្រេចនៅខេត្តត្បូងឃ្មុំត្អូញត្អែរពីតម្លៃម្រេចចុះថោកខ្លាំងនៅឆ្នាំនេះធ្វើឲ្យពួកគាត់មិនអាចទទួលបានប្រាក់ចំណេញ។ អ្នកជំនាញខាងកសិកម្ម យល់ថា របបក្រុងភ្នំពេញ ត្រូវលូកដៃធ្វើអន្តរាគមន៍រឿងនេះ មិនអាចបណ្ដែតបណ្ដោយ ឬឈរមើលកសិករត្រូវរងការខាតបង់ពីការដាំដុះដំណាំឧស្សាហកម្មម្រេចនេះឡើយ។
នៅឆ្នាំនេះ ក្រុមកសិករដាំម្រេចនៅខេត្តត្បូងឃ្មុំកំពុងជួបប្រទះបញ្ហាធំពីរ គឺការធ្លាក់ចុះទិន្នផលបង្កឡើងដោយការប្រែប្រួលអាកាសធាតុ និងបញ្ហាតម្លៃម្រេចចុះថោកខ្លាំង ពិបាករកទីផ្សារលក់ចេញ។
កសិករដាំម្រេចនៅឃុំទឹកជ្រៅស្រុកតំបែរ ខេត្តត្បូងឃ្មុំ លោក ម៉ៅ ជាម៉េន រៀបរាប់ថា កាលពីឆ្នាំមុនៗ ម្រេចធ្លាប់តែលក់បានយ៉ាងតិចបំផុតក៏ជាង២ម៉ឺនរៀលក្នុងមួយគីឡូក្រាមនោះ ប៉ុន្តែឆ្នាំនេះត្រូវធ្លាក់មកនៅត្រឹមជាង ៧ពាន់រៀលទៅ ៨ពាន់រៀលក្នុងមួយគីឡូក្រាម ហើយស្ទើរតែគ្មានឈ្មួញ ឬក្រុមហ៊ុនបញ្ជាទិញទៅទៀត។ លោក បន្តថា តម្លៃម្រេចចុះថោកយ៉ាងគំហុកនេះគឺធ្វើឲ្យកសិករមិនទទួលបានប្រាក់ចំណេញឡើយ ហើយគ្រាន់តែបានលុយតិចតូចសម្រាប់ចំណាយលើការជួលកម្មករបេះម្រេចប៉ុណ្ណោះ៖ «»
ពេលនេះគឺជារដូវកសិករសម្រុកប្រមូលផលម្រេចបណ្ដើរៗ។ កសិករ ម៉ៅ ជាម៉េន បញ្ជាក់ថា នៅពេលតម្លៃម្រេចចុះថោកខ្លាំងបែបនេះគឺកសិករភាគច្រើន មានបំណងបោះបង់មុខរបរដាំម្រេចនេះចោល។លោកបន្តទៀតបញ្ហាម្រេចចុះថោកនេះ មិនមែនកើតមានតែនៅតំបន់របស់លោកនោះទេ ពោលគឺកសិករអ្នកដាំម្រេចនៅតំបន់ដទៃទៀតក្នុងប្រទេសកម្ពុជាសុទ្ធតែជួបប្រទះបញ្ហាទាំងនេះដូចគ្នា ប៉ុន្តែរដ្ឋាភិបាលហាក់មិនចាប់អារម្មណ៍ស្វែងរកដំណោះស្រាយជូនកសិករឡើយ៖ «»
កសិករមួយរូបទៀតនៅឃុំជាំក្រវៀនស្រុកមេមត់ លោក កាន ឈាង រៀបរាប់ថាឆ្នាំនេះលោកក៏បានដាំម្រេចច្រើនគួរសមដែរប៉ុន្តែលោកបានសម្រេចទុកឲ្យដើមម្រេចទាំងនោះងាប់ខ្ទេចតែម្ដងដោយមិនស្រោចទឹកនិងដាក់ជីថែទាំនោះទេព្រោះដោយសារម្រេចចុះថោកខ្លាំង៖ «»
អ្នកជំនាញឲ្យដឹងថាការដាំម្រេចគឺត្រូវចំណាយដើមទុនច្រើន ចាប់តាំងពីដំណាក់កាលដំបូងរហូតដល់ពេលប្រមូលផលព្រោះម្រេចត្រូវការទឹកនិងថ្នាំសម្រាប់ស្រោចស្រពថែទាំ។
កសិករនៅឃុំជាំក្រវៀនម្នាក់ទៀត អ្នកស្រី ស៊ីណាត ឲ្យដឹងថាឆ្នាំនេះអ្នក ស្រី ដាំម្រេចលើផ្ទៃដីមួយហិកតារនិងកំពុងចុះប្រមូលផលបណ្ដើរៗ។អ្នកស្រីបន្តថាកសិករដែលដាំដុះម្រេចទាំងអស់សុទ្ធសឹងតែកំពុងបារម្ភដូចៗ គ្នាអំពីលទ្ធភាពសងប្រាក់ត្រឡប់ទៅធនាគារបន្ទាប់ពីតម្លៃម្រេចឆ្នាំនេះ ចុះ ថោកខ្លាំងមិនធ្លាប់មាន រហូតនៅត្រឹមតែជាង ៧ពាន់រៀលទៅ ៨ពាន់រៀលក្នុងមួយគីឡូក្រាម។អ្នកស្រីស្នើសុំឲ្យរដ្ឋាភិបាលជួយរកទីផ្សារលក់ម្រេចឲ្យបានតម្លៃយ៉ាងហោចណាស់ត្រឹម ២ម៉ឺនរៀលក្នុងមួយគីឡូ។
មិនខុសគ្នាប៉ុន្មានឡើយ មេឃុំទឹកជ្រៅ លោក ហ៊ឹង ម៉េងហ៊ាង ដែលបានដាំដុះម្រេចជាង ៥ពាន់ជន្លង់លើផ្ទៃជាង ៣ហិកតារដែរនោះរៀបរាប់ថាតម្លៃម្រេចចុះថោកខ្លាំងនេះ បានកើតឡើងពីរឆ្នាំចុងក្រោយនេះដោយមិនដឹងមូលហេតុ។ប៉ុន្តែទោះបីជាឆ្នាំមុនម្រេចចុះថោកក៏ដោយក៏អាចលក់បានក្នុងមួយគីឡូក្រាមតម្លៃជាង១ម៉ឺនរៀលដែរ តែឆ្នាំនេះលក់បានតែជាង ៨ពាន់រៀលប៉ុណ្ណោះ។ លោកបន្តថាតម្លៃម្រេចជាង ៨ពាន់រៀលនេះ បើក្នុងករណីកសិករធ្វើដោយខ្លួនឯង គឺកសិករអាចស្មើដើម ឬអាចទប់ទល់បានតែបើប្រើកម្លាំងពលកម្មជួលគេវិញ គឺពួកគាត់នឹងមិនចំណេញអ្វីឡើយ៖ «»
លោកមេឃុំបន្តថាម្រេចនៅខេត្តត្បូងឃ្មុំសព្វថ្ងៃ គឺមានឈ្មួញកណ្ដាលទិញទៅលក់នៅប្រទេសវៀតណាម និងប្រទេសថៃ។លោកក៏ចង់ឲ្យរដ្ឋាភិបាលជួយអន្តរាគមន៍រឿងតម្លៃម្រេចនេះជូនកសិករដែរ៖ «»
អាស៊ីសេរី បានព្យាយាមទាក់ទងអ្នកនាំពាក្យក្រសួងកសិកម្ម លោក ស្រី វុឌ្ឍី ជាច្រើនលើកនៅថ្ងៃទី៦ខែមីនាប៉ុន្តែទូរស័ព្ទចូលពុំមានអ្នកទទួល។ចំណែកអ្នកនាំពាក្យរដ្ឋាភិបាល លោក ផៃ ស៊ីផាន ក៏មិនទទួលទូរស័ព្ទដែរ ។
អ្នកជំនាញខាងកសិកម្ម និងជាមន្ត្រីជាន់ខ្ពស់គណបក្ស ប្រជាធិបតេយ្យមូលដ្ឋាន បណ្ឌិត យ៉ង សាំងកុមារមើលឃើញថា តម្លៃម្រេចចុះថោកនេះគឺកើតឡើងទូទាំងពិភពលោកប៉ុន្តែកសិករប្រទេសដទៃមិនជួបបញ្ហាលំបាកខ្លាំងដូចកសិករខ្មែរនោះទេ។លោកកត់សម្គាល់ថា ទីផ្សារធំបំផុតរបស់ម្រេចកម្ពុជា គឺវៀតណាម ហើយនៅក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ វៀតណាមផលិតម្រេចលើសពីតម្រូវការ ដូច្នេះវៀតណាមបានកាត់បន្ថយការទិញម្រេចពីកសិករកម្ពុជា ហេតុដូចនេះហើយទើបម្រេចកម្ពុជាជួបប្រទះបញ្ហាទីផ្សារ និងធ្លាក់ថ្លៃយ៉ាងគំហុកដូច្នេះ៖ «»
លោកបន្តថា រដ្ឋាភិបាលមិនត្រូវទុកកសិករចោលនោះទេ គឺត្រូវលូកដៃធ្វើអន្តរាគមន៍រឿងនេះទោះក្នុងកម្រិតណាក៏ដោយ ដើម្បីកុំឱ្យប្រជាកសិករ បាក់ទឹកចិត្តបោះបង់ចោលការដាំដំណាំឧស្សាហកម្មមួយនេះ។ លោកយល់ថាវិធានការនោះគឺរដ្ឋាភិបាលគួរតែផ្ដល់ទុនខ្លះដើម្បីបង្កើតកន្លែងស្តុកម្រេចរបស់កសិករនិងជួយផ្ដល់ថវិកាខ្លះដល់កសិករដើម្បីដោះស្រាយតម្រូវការរបស់ពួកគេក្នុងអំឡុងពេលរង់ចាំតម្លៃម្រេចហក់ឡើងវិញ៖ «»
របាយការណ៍ក្រសួងកសិកម្ម បង្ហាញថា ក្នុងឆ្នាំ២០១៨ ដំណាំម្រេចត្រូវ បានដាំដុះនៅក្នុងខេត្តចំនួន ១៩ លើផ្ទៃដីជាង ៦ពាន់ (៦.៦៧៨) ហិកតា និងផ្ដល់ទិន្នផលប្រហែលជាង ២ម៉ឺនតោន ក្នុងមួយឆ្នាំ។ ប្រភពឲ្យដឹងដែរថា ខេត្តត្បូងឃ្មុំមានទិន្នផលម្រេចប្រមាណ ៦០% នៃទិន្នផលសរុបទូទាំងប្រទេស៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។