កសិករនៅស្រុកសំឡូតខេត្តបាត់ដំបងព្រួយបារម្ភ ដែលដំណាំទុរេនរបស់ពួកគាត់ចេះតែងាប់ជាបន្តបន្ទាប់ដោយមិនដឹងមូលហេតុ ហើយមិនមានអាជ្ញាធរណាជួយពួកគាត់បាននៅឡើយ។
ពួកគាត់ព្រួយបារម្ភខ្លាចទុរេនងាប់អស់ធ្វើឲ្យខាតបង់ដល់ប្រាក់ចំណូលសម្រាប់ដោះស្រាយជីវភាពគ្រួសារ។ មន្ត្រីនៃមន្ទីរកសិកម្មខេត្តបាត់ដំបងថា ខាងមន្ទីរបានចុះអប់រំពលរដ្ឋ ដើម្បីទប់ទល់បញ្ហានេះបានមួយចំនួនហើយ។
កសិករដាំធូរេននៅឃុំសំឡូត លោក ព្រឿង ចាន់ណុយ ថ្លែងប្រាប់អាស៊ីសេរីឲ្យដឹងនៅថ្ងៃទី២៤ កុម្ភៈថា ដំណាំទុរេនរបស់លោកចំនួន ១០០ដើមនៅលើផ្ទៃដីប្រមាណកន្លះហិកតារ ហើយបានជ្រុះស្លឹកងាប់អស់ប្រហែល ៦០ភាគរយហើយ ដោយមិនដឹងមកពីមូលហេតុអីនោះទេ។
លោកបន្តថា កាលពីឆ្នាំកន្លងទៅទុរេនចំនួន ១០០ដើមនេះ លោករកបានប្រាក់ចំណូលបានប្រមាណ៧ពាន់ដុល្លារអាមេរិក ប៉ុន្តែឆ្នាំនេះទុរេនងាប់អស់ជាងពាក់កណ្ដាល ដូច្នេះមិនដឹងបានប្រាក់ចំណូលពីណាដោះស្រាយជីវភាពគ្រួសារនោះទេ ព្រោះគ្រួសាររបស់លោកពឹងផ្អែកទៅលើដំណាំមួយនេះ៖ «ខ្លះគេងាប់តិចទេ តែរបស់ខ្ញុំងាប់ច្រើនជាងគេ។ដល់វាក្រហមស្លឹកដោយសារសត្វដង្កូវដួងវាស៊ីគល់ធូរេនទៅវាចាប់ផ្ដើមក្រហមស្លឹក ហើយយើងប្រឹងស្រោចទឹកក៏មិនបាត់ដែរ ឥឡូវខ្ញុំកាប់ដើមចោលអស់ហើយចំពោះដើមដែលងាប់នោះព្រោះវាជ្រុះស្លឹកអស់ហើយ។ ឆ្នាំនេះកសិករថ្ងូរធូរេនងាប់គ្រប់គ្នា សោកស្ដាយធូរេនខ្លះទើបបានផលមួយឆ្នាំក៏ងាប់ដែរ » ។
កសិករដាំទុរេននៅឃុំសំឡូតម្នាក់ទៀត លោក ម៉ម ម៉ែន ថ្លែងឲ្យដឹងថា ជីវភាពរបស់គ្រួសារលោកច្បាស់ជាលំបាកខ្លាំងជាងមុន ព្រោះទាំងម្រេច និងដំណាំទុរេនចាប់ផ្ដើមងាប់ជាបន្តបន្ទាប់ជិត ១ខែហើយ ដោយពុំមានវិធីជួយសង្គ្រោះបាននោះទេ។ លោកបន្តថា ចាប់តាំងពីទុរេនងាប់មកទល់ថ្ងៃផ្សាយនេះ មិនទាន់មានអាជ្ញាធរណាចុះជួយពួកគាត់នៅឡើយទេ៖ «ខ្ញុំមិនដែលបានរៀនជាមួយមន្ត្រីកសិកម្មផង ខាងអ្នកផ្សេងគេបានរៀនក៏មិនដឹង ខ្ញុំរៀនតពីកសិករគ្នាឯង សួរគេហើយក៏ទៅទិញថ្នាំនៅផ្សារយកមកប្រើខ្លួនឯង បើនិយាយទៅដំណាំរបស់យើងបើយើងមិនមើលថែឲ្យអ្នកណាគេជួយយើង ពេលងាប់ពេលអីខ្ញុំទៅដើរសួរកសិករហើយដោះស្រាយដោយខ្លួនឯង » ។
ឆ្លើយតបនឹងបញ្ហានេះ អនុប្រធានមន្ទីរកសិកម្មរុក្ខ ប្រមាញ់និងនេសាទខេត្តបាត់ដំបង និងជាអ្នកជំនាញខាងកសិកម្ម លោក អ៊ឹម សុវណ្ណមុនី មានប្រសាសន៍ប្រាប់អាស៊ីសេរីថា ដើមទុរេនងាប់បណ្ដាលមកពីកើតជំងឺផ្សិតកើតចេញពីឫសទុរេន ដោយសារកសិករដាក់ទឹកជោកជាំច្រើនហួស និងខ្វះការកាត់សម្អាតមែកទុរេន ដើម្បីមានពន្លឺ និងខ្យល់អាកាសចេញចូលបានល្អ។ លោកអះអាងទៀតថា ខាងមន្ទីរកសិកម្មខេត្តបានចុះអប់រំកសិករ ដើម្បីទប់ទល់បញ្ហានេះបានជាច្រើនគ្រួសាររួចមកហើយ៖ «ភាគច្រើនគាត់ដាំទុកចន្លោះតូចពេក ហើយទី២ គាត់យកផ្លែច្រើនហើយគាត់បានតុបតែងមែកវាហើយអនាម័យចម្ការក៏មិនមាន ហើយបានណែនាំទាំងអស់នេះ។ ទី១ យើងឲ្យគាត់ស្រោចស្រពធ្វើយ៉ាងមិចកុំវាស្រោចស្រពលើសបរិមាណទឹកដែលវាត្រូវការ ទី២ ឲ្យគាត់ជីកប្រព័ន្ធឫសដើម្បីធ្វើការហាលសំងួតវា » ។
លោកបញ្ជាក់ថា ដើម្បីដោះស្រាយបញ្ហានេះ សូមឲ្យកសិករយកថ្នាំ ទ្រីកូឌីម៉ា (Trycodyma) ចាក់នៅលើគល់ទុរេន ដើម្បីសម្រាលជំងឺផ្សិតកុំឲ្យរាលដាលបន្តទៀត ហើយកសិករត្រូវសម្អាតជុំវិញដើមទុរេនឲ្យបានស្រឡះល្អ ដើម្បីជួយឲ្យទុរេន ដែលមិនទាន់ងាប់បានលូតលាស់ឡើងវិញ។
មេឃុំសំឡូត លោក ធឹម ព្រឿង មានប្រសាសន៍ប្រាប់អាស៊ីសេរីថា ដំណាំទុរេនរបស់កសិករក្នុងឃុំដែលលោកគ្រប់គ្រង ចាប់ផ្ដើមងាប់គ្រប់ទីកន្លែងជាបន្តបន្ទាប់ អស់ប្រមាណ ២០ភាគរយនៃដំណាំទុរេនដែលបានដាំដុះ៖ «ទុរេនកន្លែងខ្លះក៏នៅល្អ កន្លែងខ្លះក៏វាបន្តងាប់បន្តទៀត មិនដឹងថា វាកើតជំងឺអី របៀបរោគវាស៊ីពីឫសមក កើតទូទៅ។ ដោយអ្នកខ្លះវាអាចច្រើន មានអ្នកដាំច្រើនវាក៏ងាប់ច្រើនដែរ » ។
របាយការណ៍អភិបាលស្រុកសំឡូត កាលពីឆ្នាំ២០១៨ ឲ្យដឹងថា កសិករក្នុងស្រុកមួយនេះបានដាំដំណាំទុរេនប្រមាណ ៤.០០០ហិកតារ នៅឃុំស៊ុង និងឃុំសំឡូត ក្នុងនោះប្រហែល ២.០០០ហិកតារកំពុងហុចផល៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
