ចំនួនភ្ញៀវទេសចរបរទេស មកទស្សនាកម្ពុជា ធ្លាក់ចុះជិត ៦០% ក្នុងអំឡុង ៥ខែដើម ឆ្នាំ២០២០ បើប្រៀបធៀបអំឡុងពេលដូចគ្នា កាលពីឆ្នាំ២០១៩។
ក្រសួងទេសចរណ៍ថា ការធ្លាក់ចុះដ៏គំហុកនេះ ដោយសារតែការរីករាលដាលសកលនៃជំងឺកូវីដ១៩ (Covid-19) និងវិធានការតឹងតែងមួយចំនួន របស់រដ្ឋាភិបាលកម្ពុជា ដែលបានអនុវត្តចាប់ពីខែមីនាមក សម្រាប់ទប់ស្កាត់វិបត្តិកូវីដ១៩ នេះ។ របាយការណ៍ក្រសួងទេសចរណ៍ចេញផ្សាយកាលពីថ្ងៃទី១៥ ខែកក្កដា ឲ្យដឹងថា កម្ពុជាទទួលបានភ្ញៀវទេសចរបរទេស ចំនួន ១លាន ១៧ម៉ឺននាក់ (១.១៧០.០០០) រយៈពេល ៥ខែ ដើមឆ្នាំ២០២០ ប៉ុន្តែអំឡុងពេលដូចគ្នាកាលពីឆ្នាំ២០១៩ មានភ្ញៀវទេសចរបរទេសចំនួន ២លាន ៨៨ម៉ឺននាក់។ ភ្ញៀវទេសចរទាំងនោះ ភាគច្រើន ជាជនជាតិចិន វៀតណាម ថៃ សហរដ្ឋអាមេរិក និងកូរ៉េខាងត្បូង។ របាយការណ៍ដដែលបន្តថា នៅក្នុងអំឡុងខែឧសភា ចំនួនភ្ញៀវទេសចរបរទេសបានធ្លាក់ចុះយ៉ាងគំហុក ជិត ៩៨% ដែលមានភ្ញៀវចំនួន ១ម៉ឺន ៤៧៥នាក់ (១០.៤៧៥) ហើយបើប្រៀបធៀបកាលពីឆ្នាំ២០១៩ គឺមានភ្ញៀវចំនួនជិត កន្លះលាននាក់ (៤៧២.៩៥២)។ រដ្ឋមន្ត្រីក្រសួងទេសចរណ៍លោក ថោង ខុន អះអាងថ្មីៗ នេះថា កម្ពុជាបាត់បង់ប្រាកចំណូលពីវិស័យទេសចរណ៍ ចំនួនប្រមាណ ៣ពាន់លានដុល្លារអាមេរិក ក្នុងឆ្នាំ២០២០ នេះ។ លោកបន្តថា ចំនួនភ្ញៀវទេសចរបរទេស ធ្លាក់ចុះជាង ៧០% តាំងពីដើមឆ្នាំ២០២០ មក។ វិស័យទេសចរណ៍ជាវិស័យចម្បងមួយ ដែលគាំទ្រសេដ្ឋកិច្ចកម្ពុជា ដោយរកបានប្រាក់ចំណូលប្រមាណជិត ៥ពាន់លានដុល្លារ (៤.៩ Billion) ពីភ្ញៀវទេសចរបរទេសចំនួន ៦លាន ៦សែន នាក់ កាលពីអំឡុងឆ្នាំ២០១៩ កន្លងមកនេះ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។